ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ឆ្នាំ​២០២២​កត់​សម្គាល់​ដោយ​ការបង្ក្រាប​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

អង្គការ​តាម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិបាន​វាយ​តម្លៃ​ថា​ ​ឆ្នាំ​២០២២​ ​កន្លង​ទៅ​នេះ​ត្រូវ​បាន​កត់​សម្គាល់​ដោយការបង្ក្រាប​«យ៉ាងចាស់​ដៃ​»​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​គណបក្ស​ប្រឆាំង​និង​សកម្មជន​ដីធ្លី មេដឹកនាំ​សហជីព​ សកម្មជន​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch​ ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា​តុលាការ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ឧបករណ៍​យក​អ្នកដែលមាន​ទស្សនៈ​ផ្ទុយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាត់ទោស​និង​ដាក់​ពន្ធនាគារ​«ជាចង្កោម»។

របាយការណ៍​បាន​បន្ថែម​ថា៖ ​«ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា​បាន​ប្រព្រឹត្ត​បទល្មើស​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​មាន​ស្ថាន​ទម្ងន់ទោស»​ដោយ​គ្រាន់តែ​បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគាត់​ក្នុង​ការសម្តែង​មតិ​ ការបង្កើត​សមាគម​និង​ការជួបជុំ​ជា​សាធារណៈ​ដោយ​សន្តិវិធី»។​

មាន​ប្រទេស​ជិត​១០០​ដែល​អង្គការ​នេះ​ពិនិត្យ​មើល​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​បាន​ចេញ​ផ្សាយ​

នៅក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ ​២០២៣​ ​ដែល​មាន​កម្រាស់​៧១២​ទំព័រ។ ឆ្នាំ​កន្លង​ទៅ​នេះបាន​បង្ហាញ​និន្នាការ​មិនល្អ​នៅ​តំបន់​ជាច្រើន​តាំងពី​អាស៊ី​ មជ្ឈិម​បូព៌ា​ដល់​អឺរ៉ុប​ដោយសារ​មាន​ការកើនឡើង​នូវ​និន្នាការ​នៃ​ការដឹកនាំ​បែប​ផ្តាច់ការ​និយម។ ប្រទេស​មីយ៉ាន់ម៉ា​និង​កម្ពុជា​មាន​កំណត់ត្រា​មិនល្អ​បន្ថែម​ទៅ​នឹង​ប្រវត្តិ​មិន​ល្អ​ស្រាប់។​

អង្គការ​Human Rights Watchបាន​បន្ថែម​ថា៖​

«អាជ្ញាធរ​កម្ពុជា​បាន​លុបបំបាត់​ចោល​នូវ​អ្វី​ដែល​នៅ​សេសសល់​នៃ​សេរីភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ ដោយ​ការយាយី ​គំរាម​កំហែង​ និង​កាត់ទោស​អ្នកនយោបាយ​ និង​សកម្មជន​គណបក្ស​ប្រឆាំង»។

អង្គការ​នេះ​បាន​កត់​សម្គាល់​ដល់ការបន្ត​ការកាត់ក្តី​សកម្មជន​ជាង​១០០ នាក់​ដែល​ជាប់ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ រួម​ទាំង​ជនជាប់ចោទ​២៧​ នាក់​ដែល​កំពុង​និរទេសខ្លួន​ក្រៅ​ប្រទេស​ហើយ​ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំងមុខ។

បញ្ហា​ជាច្រើន​ទៀត​ដែល​អង្គការ​នេះ​សម្តែង​ការព្រួយ​បារម្ភ​មាន​ការបន្ត​កាត់​បន្ថយ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​និង​ការបង្ក្រាប​លើ​កូដកម្ម​របស់​អតីត​កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍ដែល​ឈាន​ទៅ​ដល់​ការចាប់​ខ្លួន​ ឃុំឃាំង​និង​កាត់ទោស​សកម្មជន​សហជីព​រាប់​សិប​នាក់​ពី​បទធ្វើ​កូដកម្ម​«ខុសច្បាប់»។

ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក​ថា​បាន​អនុវត្ត​តាម​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ។

លោក​ ជិន ម៉ាលីន ​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖

«វិធានការ​ច្បាប់​តាម​នីតិវិធីតុលាការ​គឺ​ជា​មធ្យោបាយតែមួយ​គត់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បើ​កាល​ណា​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​និង​ដំណើរការ​នីតិវិធី​តុលាការ​ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់»។

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ម៉ាលីន ​ដែល​ក៏​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរបាន​ហៅ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ​ថា​បាន​ធ្វើ​ឡើង​ដោយ​មាន​«លក្ខណៈ​នយោបាយ»​និង​«សងសឹក»រាជរដ្ឋាភិបាល។​

លោក​បាន​បន្ថែម​ថា៖​

«បើ​មើល​ទៅ​លើ​វិធានការ​ដែល​គាត់​រិះគន់​ទៅលើ​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ន័យ​ការពារ​សកម្មជន​ទាំងអស់​នោះ​គឺ​មិន​មានមូលដ្ឋាន​ផ្លូវច្បាប់​ណា​មួយ​ដើម្បី​ដោះ​បន្ទុក​នោះ​ឡើយ​ក្រៅ​តែពី​អះអាង​ថា​អ្នកទាំងហ្នឹង​ជា​សកម្មជន​នយោបាយ​រីឯ​មូលដ្ឋាន​ដោះបន្ទុក​ផ្លូវច្បាប់​គឺ​អត់​មាន​ទេ»។

គណបក្ស​ប្រឆាំង​ដែល​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​Human Rights Watch ​ថា​មាន​លក្ខណៈ​«ជាក់លាក់»​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ​ចំពោះ​ស្ថានការណ៍​ដែល​បាន​កើត​មាន​នៅ​ប្រទេស​កម្ពុជា។​

លោក​អេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖

«របប​លោក​ហ៊ុន សែន​គាត់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ដើម្បី​មក​បិទ​មាត់​សំឡេង​ប្រឆាំង​ដែល​មិន​សម្រាប់​តែ​នៅ​ក្រៅ​ប្រទេស​ទេ​ ទោះបី​អ្នក​នៅ​ក្នុង​ប្រទេស​ដែល​ខិតខំ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ក៏​លោក​ហ៊ុន សែន​មិន​លើក​លែង​ដែរ»។​

រូបឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/VOA)

លោក​អេង ឆៃអ៊ាង​បាន​លើក​ឡើង​ពី​ករណី​របស់​លោក​គង់ គាំ​ដែល​បច្ចុប្បន្ន​ជា​ឧត្តម​ទីប្រឹក្សា​នៃ​គណបក្ស​ភ្លើងទៀន​បាន​រងការគំរាម​កំហែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​សារ​ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​រិះគន់​គណបក្ស​កាន់​អំណាច។​

លោក​អេង ឆៃអ៊ាង​បាន​បន្ថែម​ថា៖

«ពេលខ្លះ​គាត់​មិន​ត្រឹមតែ​ប្រើ​តុលាការ​ផ្ទាល់​ទេគឺ​គាត់​ប្រើប្រាស់​អំណាច​ដោយផ្ទាល់​តែម្តង​ក្នុង​ការកម្ទេច​អ្នកណា​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពីខ្លួន»។​

លោក​ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC) ​គឺជា​អតីត​អ្នកទោស​ម្នាក់​ដោយសារ​តែ​បាន​តាម​សង្កេតការណ៍​លើ​សកម្មភាព​របស់​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​កាលពី​ដើមឆ្នាំ​២០១៤​នៅ​ជាយ​រាជធានី​ភ្នំពេញ។

លោក​សាវឿនត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​រាជធានី​ភ្នំពេញ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​សប្តាហ៍​នេះ​ពាក់​ព័ន្ធ​នឹង​ការចែក​រំលែក​វីដេអូ​ចម្រៀង​មួយ​ដែល​រំឭក​ដល់​ការបង្ក្រាប​កាលពី​៩​ឆ្នាំ​មុន​នោះ។​ ប៉ុន្តែ​លោក​បាន​លុបចោល​វីដេអូ​នោះ​ដោយសារ​មិន​ចង់​មាន​បញ្ហា​អ្វី​ច្រើន​ជាមួយ​នឹង​អាជ្ញាធរ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖​

«ជា​ជំហរ​របស់​ខ្ញុំ​ការបង្ហោះ​នេះ​មិនមែន​ជា​ចេតនា​ញុះញង់​អ្វី​ទេ​គឺ​យើង​គ្រាន់តែ​ចង់​រំលឹក​អំពី​ស្ថានភាព​៩​ឆ្នាំ​មុន​ហើយ​នឹង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ក៏​ដូចជា​យើង​ជំរុញ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការប្រើប្រាស់​នូវ​អំពើ​ហិង្សា​បន្ត​ទៀត​ពីព្រោះ​យើង​មិន​ចង់​ឃើញ​ហិង្សា​បែប​ហ្នឹង​ទេ»។​

​លោក​សាវឿន​បាន​សម្តែង​ការព្រួយ​បារម្ភ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​មិន​បាន​ប្រសើរ​ឡើង៖

«បើ​រដ្ឋ​នៅ​តែ​ប្រើប្រាស់​ការបង្ក្រាប​ឬ​ក៏​ការធ្វើ​ទុកបុកម្នេញ​ទៅ​លើ​សកម្មជន​សហជីព​ ទៅលើ​សកម្មជន​ដីធ្លី​ហ្នឹង​វា​គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ហើយ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​កាន់​តែ​ដុនដាប​ធ្លាក់​ចុះ​បន្ថែម​ទៀត»។

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ​ហើយ​បរិយាកាស​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watchព្រួយបារម្ភ​ផងដែរ​ដោយសារ​ការយាយី​រំខាន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។​

រាយការណ៍ដោយលោក ម៉ែន គឹមសេង

XS
SM
MD
LG