មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនគ្រោងសុំជួបជាមួយគណបក្សកាន់អំណាច ដើម្បីសម្របសម្រួល និងជជែកគ្នាអំពីបរិយាកាសនយោបាយនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការចង់ជួបជជែកគ្នានេះ គឺជាសិទ្ធិរបស់គណបក្សប្រឆាំង ប៉ុន្តែថា វាមិនចាំបាច់នោះទេ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃពុធនេះថាដើម្បីបង្កបរិយាកាសនយោបាយល្អនៅកម្ពុជា និងកាត់បន្ថយឧបសគ្គនានា ដែលគណបក្សភ្លើងទៀនជួបប្រទះ គណបក្សភ្លើងទៀនចង់មានការជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបច្ចុប្បន្ននេះ សិទ្ធិអំណាចស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សមួយនេះ។
លោកថ្លែងថា៖ «ព្រោះយើងយល់ថាមានតែវិធីដោះស្រាយ ដោយមានការយោគយល់គ្នា ទើបបរិយាកាសនយោបាយល្អប្រសើរ ហើយការបោះឆ្នោតក៏អាចប្រព្រឹត្តទៅបានល្អប្រើសើរជាងអ្វីដែលកើតមានកន្លងទៅដែរ »។
លោក សុន ឆ័យ បានឲ្យដឹងថា មុនពេលលោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួន គឺលោក ថាច់ សេដ្ឋា ទើបតែបានជួបជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីជជែកអំពីបរិយាកាសនយោបាយ ដែលការណ៍នេះ លោកចង់ឲ្យមានកិច្ចសន្ទនាបែបនេះបន្តទៀត។
ដោយឡែកចំពោះករណីរបស់លោក ថាច់ សេដ្ឋា ដែលកំពុងជាប់នៅពន្ធនាគារ គឺលោក សុន ឆ័យថាមេធាវីការពារក្តីឲ្យលោក ថាច់ សេដ្ឋា កំពុងពិនិត្យ និងដំណើរការតាមនីតិវិធីច្បាប់ ហើយបើសិនជាករណីនេះអាចដោះស្រាយបានជាមួយដើមបណ្តឹង នោះគណបក្សមិនដាក់ពាក្យសុំជួបជាមួយគណបក្សកាន់អំណាចទេ។ លោកបន្ថែមថានៅពេលករណីដោះស្រាយមិនបានជាមួយដើមបណ្តឹង នោះគណបក្សនឹងពិចារណាដាក់ពាក្យសុំជួបជាមួយគណបក្សកាន់អំណាច ដើម្បីជជែកគ្នាអំពីបញ្ហានេះ។
លោក សំ សុគង់ ប្រាប់វីអូអេនៅថ្ងៃអង្គារថាក្រុមមេធាវីរបស់លោក ថាច់ សេដ្ឋា កំពុងរកភស្តុតាងដោះបន្ទុកដើម្បីទាមទារឱ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញមុនការបោះឆ្នោតថ្នាក់ជាតិនេះ។ លោកបញ្ជាក់ថា ក្រុមមេធាវីគ្រោងរៀបចំពាក្យស្នើសុំទៅចៅក្រមស៊ើបសួរក្នុងការរៀបចំបំពេញកិច្ចទាក់ទងការធ្វើកោសល្យវិច្ច័យទៅលើសែកអត់លុយនោះ ថាជារបស់អ្នកណាឱ្យពិតប្រាកដ និងគ្រោងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាកាលដែល គណបក្សភ្លើងទៀនចង់ជួបជាមួយគណបក្សប្រជាជនកម្ពុជានិយាយអំពីបរិយាកាសនយោបាយ គឺមិនចាំបាច់នោះទេ ព្រោះលោកថាសព្វថ្ងៃ សង្គមកម្ពុជាពោរពេញទៅដោយសុខសន្តិភាព រស់នៅដោយមិនមានការភ័យខ្លាច មិនមានការគំរាមកំហែង និងមិនមានការជាប់គាំងនយោបាយ ដែលត្រូវជជែកគ្នានោះទេ។ ប៉ុន្តែលោកថាបើគណបក្សភ្លើងទៀនចង់ដាក់លិខិតសុំជួបថ្នាក់ដឹកនាំគណបក្សប្រជាជន គឺជាសិទ្ធិរបស់គណបក្សនោះ ដោយលោកមិនអាចសម្រេចអន្តោម័តជំនួសថ្នាក់ដឹកនាំបានទេ។
លោកថ្លែងថា៖«អ៊ីចឹងខ្ញុំយល់ថាការស្នើសុំឲ្យមានការជួបជជែកគ្នាអំពីបញ្ហានយោបាយនៅកម្ពុជា វាជាការមិនចាំបាច់ទាល់តែសោះ ព្រោះឥឡូវគណបក្សនយោបាយដែលមានជិត៥០គណបក្ស កំពុងតែធ្វើសកម្មភាពយ៉ាងស្រស្រាក់ស្រស្រាំ ស្របទៅតាមគោលកាណ៍ច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត»។
លោកបន្ថែមថា៖ «ដូច្នេះការស្នើសុំ យើងយល់ថាជាសិទ្ធិរបស់គាត់ ស្នើសុំឲ្យមានការជួបចរចាគ្នា ក៏ប៉ុន្តែខ្ញុំយល់ថាគណបក្សប្រជាជនជាពិសេសថ្នាក់ដឹកនាំរបស់គណបក្សប្រជាជននេះ មិនមានកិច្ចការអ្វីដែលត្រូវជជែកគ្នា ត្រូវពិភាក្សាគ្នាទេ»។
លោក សុខ ឥសាន បន្ថែមថាអ្នកនយោបាយ គឺមិនមានតួនាទី និងភារកិច្ច ដើម្បីដោះស្រាយបញ្ហាបុគ្គល ដែលជាប់ក្តីក្តាំងនៅតុលាការនោះទេ ហើយលោកថាទាក់ទងករណីលោកថាច់ សេដ្ឋា គឺគណបក្សភ្លើងទៀនត្រូវតែរកមេធាវីពូកែៗ ដើម្បីការពារ និងអនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីតុលាការ។
លោកបន្ថែមថា៖ «គណបក្សនយោបាយ អត់មានតួនាទី ភារកិច្ចជម្រះរឿងក្តីទេ...ទោះបីអង្គុយទល់មុខគ្នា និយាយគ្នាក៏អត់បានការដែរ ពីព្រោះមិនមែនជាតួនាទី ភារកិច្ចរបស់គណបក្សនយោបាយ។ គណបក្សនយោបាយមានតួនាទីដោយឃោសនាអំពីកម្មវិធីនយោបាយជូនប្រជាពលរដ្ឋឱ្យយល់ដឹង ឱ្យជឿជាក់ ហើយបោះឆ្នោតជូនខ្លួនរៀងៗខ្លួន»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលយល់ថា ដោយសារតែបច្ចុប្បន្ន គឺក្នុងរដ្ឋសភាមិនមានសមាសភាពមកពីគណបក្សក្រៅរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យទៅលើអង្គនីតិប្រតិបត្តិ ដែលការណ៍នេះអាចមានការខ្វះចន្លោះក្នុងការសួរដេញដោល និងការពិនិត្យមើលលើស្ថានភាពផ្សេងៗ ដូច្នេះលោកថាការជជែកគ្នាដោយសន្តិវិធី រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច គឺជារឿងមួយល្អបំផុត នៅក្នុងដំណើរការប្រកួតប្រជែងផ្នែកនយោបាយ ដោយគណបក្សនយោបាយត្រូវតែមានភាពចាស់ទុំ និងអត់ធ្មត់ឱ្យបានច្រើន។
លោកថ្លែងថា៖ «គណបក្សគួរតែមានលក្ខណៈចាស់ទុំផ្នែកនយោបាយ មានន័យថាធ្វើកិច្ចការងារអត់អោន ផ្នែកនយោបាយហ្នឹងឱ្យបានខ្ពស់ ជាពិសេសបើកទូលាយពីខាង គណបក្សកាន់អំណាចហ្នឹងតែម្តង ព្រោះខ្លួនមានអំណាចក្នុងការគ្រប់គ្រងរដ្ឋ និងរួមទាំងអំណាច ដែលស្ថិតក្នុងអំណាចនីតិបញ្ញត្តិថែមទៀត។ អ៊ីចឹងការបើកផ្លូវទូលំទូលាយ ការជជែកស្តាប់បញ្ហា វាជារឿងមួយល្អ»។
គណបក្សភ្លើងទៀនបានលើកឡើងថាខ្លួនប្រឆាំងដាច់ខាតចំពោះការគាប់សង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាច ដោយបានទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចេញផ្សាយនៅថ្ងៃពុធនេះ៕