ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ព្រមាន​ប្តឹង​បក្ស​ជំទាស់​ភ្លើង​ទៀន​ចំពោះការ​ចោទ​ប្រកាន់​ថា បក្ស​កាន់​អំណាច​កំពុង​គាប​សង្កត់​គូប្រជែង​ខ្លួន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ថ្លែង​ការពារ​ចំណាត់ការតុលា​ការ​ចំពោះ​ករណី​ចាប់​ខ្លួន​បុគ្គល​ចេញ​សែក​គ្មាន​សាច់​ប្រាក់ ដែល​សំដៅ​លើ​អ្នក​នយោ​បាយ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​ជា​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ហើយ​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ប្តឹង​គណបក្ស​ជំទាស់​មួយ​នេះ​ចំពោះ​ការ​ចោទ​ថា​គណបក្ស​កាន់​អំណាច​កំពុង​គាប​សង្កត់​គូ​ប្រជែង​របស់​ខ្លួន។

លោក​ ហ៊ុន សែន​ដែល​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាមិនបាន​បញ្ចេញ​ឈ្មោះ​បុគ្គល​នោះ​ចំៗទេ​ តែ​កាលពី​ពេល​ថ្មីៗ​នេះ​ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ម្នាក់​គឺ​លោក​ ថាច់ សេដ្ឋា​ ពី​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរបាន​ ដែល​អាច​ទទួលការ​ដាក់​ទោស​បាន​តាម​មាត្រា​២៣១​នៃច្បាប់​ស្តីពី​ឧបករ​ណ៍​អាចជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

នៅ​ឯពិធី​ពិនិត្យ​វឌ្ឍន​ភាព​នៃការ​សាងសង់​មន្ទីរ​ពេទ្យ​មួយ​ នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ លោក​ហ៊ុន សែន​ ថ្លែង​ថា​ការ​ចេញ​ឧបរកណ៍​ទូទាត់​សាច់​ប្រាក់​ដែល​មិនអាច​ប្រើការ​បាន​គឺ​ជា​ទង្វើខុស​ច្បាប់​។

លោក​ថ្លែង​ថា​៖ «ហើយ​រឿង​ជាប់​ខ្នោះ​ទាំង​អស់​មិន​មែន​ជា​រឿង​នយោបាយ​ឯណា! អារឿង​អាណា​ជាប់​ខ្នោះ​មួយនោះ​ អាហ្នឹង​រឿង​អ្នក​ឯង​រក​ស៊ី​ជំពាក់​លុយ​គេ​ ហើយ​ចេញ​សែក​ ហើយ​អាហ្នឹង​គឺវាធម្មតា​ មិនថា​ អ្នកណា​ទេ​ ចេញ​សែក​អត់​លុយ​ ត្រូវ​ជាប់​គុក​ហើយ​ ត្រូវ​ជាប់​ខ្នោះ​ចឹង​តាហ្មង។ អាហ្នឹង​គេហៅ​ឧបករណ៍​ជួញដូរ​បាន​នោះ​។ គេ​មាន​ច្បាប់​ មាន​ទម្លាប់​របស់​គេ»។ ​

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ថ្លែងទៅកាន់កម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ថ្លែងទៅកាន់កម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក​ហ៊ុន សែន បន្តព្រមានប្តឹង​បុគ្គល​ណា​ដែល​និយាយ​មាក់​ងាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​គ្រប់​គ្រងប្រទេសកម្ពុជា​ជាង៤០​ឆ្នាំ។ លោក​ក៏​បាន​បរិហារ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចោទ​ត្រង់​ៗ​ថា​គណបក្ស​កាន់​អំណាច​ កំពុង​គាប​សង្កត់​គូ​ប្រជែង​ និង​ព្រមាន​ប្តឹង​តាម​ផ្លូវ​ច្បាប់បើ​មិន​មាន​ការ​សុំ​អភ័យ​ទោស។

លោក​ហ៊ុន សែន ​ថ្លែង​ថា៖«​ម្សិល​មិញ​ដូច​ជា​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ គណបក្ស​កាន់​អំណាច​គាប​សង្កត់​។ ឥឡូវ​ខ្ញុំចង់​ឲ្យ​មេធាវី​របស់​ មេធាវីគណបក្ស​ប្រជាជនសិក្សា​អា​សេចក្តី​ថ្លែង​ការណ៍​ពីម្សិល​ហ្នឹង​ទៀតឲ្យ​ហ្ហែង​សុំទោស​ មិន​សុំ​ទោស​ប្តឹង​ឯង​ទៀត។ ខ្ញុំ​មើល​ឃើញ​អាហ្នឹង​តែ​ខ្ញុំ​មិន​ទាន់​បាន​នេះទេ។ ខ្ញុំប្រាប់​ទៅ​មេធាវី​របស់​គណបក្ស​ប្រជាជន​ មើល​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​។ គណបក្ស​កាន់​អំណាច​វា​មាន​តែ​គណបក្ស​ប្រជាជន​។ គំរាមហ្ហែង​ពី​អង្កាល់​ គំរាម​នៅ​ណា!​ និយាយ​គ្នា​ឲ្យ​ច្បាស់​មើល​!​ បើ​ហ្ហែង​មិន​ដក​ពាក្យ​ហ្នឹង​ទេ​ ប្តឹង​មួយ​ទៀត​ ប្តឹង​ទៀត​»។

ការ​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋ​មន្ត្រី​យ៉ាងដូច្នេះ​ កើត​ឡើង​ បន្ទាប់​ពី​គណបក្ស​ភ្លើង​ទៀន​ ចេញ​សេចក្តីថ្លែងការណ៍​មួយ​ចុះថ្ងៃទី​១៨ ខែមករានេះ ដោយ​លើកឡើង​តាម​ន័យ​ដើម​ថា៖ «គណបក្ស​ភ្លើង​ទៀន​ ប្រឆាំង​ដាច់​ខាត​លើការ​គាប​សង្កត់​ ការ​គំរាម​កំហែង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ផ្នែក​នយោបាយ​គ្រប់​រូបភាព​ពីគណបក្ស​កាន់​អំណាច​ ដោយ​ទាមទារ​ឲ្យបញ្ឈប់​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់​»។

វីអូអេ​មិន​អាច​ទាក់​ទង​អនុប្រធាន​គណបក្សភ្លើង​ទៀន លោក ​សុន ឆ័យ​ ដើម្បី​សុំការ​អត្ថា​ធិប្បាយ​បាន​នៅ​ឡើយ​ទេ។

ដោយឡែក​មេធាវីការ​ពារ​ក្តី​លោកថាច់ សេដ្ឋា​ គឺ​លោក​សំ សុគង់ អះអាង​ថា​សំណុំរឿង​កូនក្តី​លោក​អាច​មាន​ទំនាក់​ទំនង​នឹង​រឿងនយោបាយ​ ក្រោម​ហេតុផល​ថា​បញ្ហា​ខ្ចីប្រាក់​គឺ​ជា​រឿង​រដ្ឋប្បវេណី​ ដែល​មិន​ត្រូវ​មាន​ការ​ចាប់​ចង​ទេ ហើយ​ថា​រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០​១៩​មក​ម្ល៉េះ តែ​បែរ​ជា​តុលាការ​មាន​វិធាន​ការ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ។

លោក​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «សំណុំ​រឿង​រដ្ឋ​ប្បវេណី​ទាក់​ទង​នឹង​ការ​ខ្ចី​ប្រាក់​ ខ្ចីប្រាក់​បរិភោគ​ អាហ្នឹង​ចំណុច​ទីមួយ​។ ចំណុច​ទីពីរ​ ដែល​ខ្ញុំយល់​ថា​ វាអាច​នឹង​មានការ​ពាក់​ព័ន្ធ​នយោបាយ​ដោយ​សារ​លោក​ថាច់ សេដ្ឋា​ គាត់​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ហើយ​មួយ​ទៀត​គឺ​សំណុំរឿង​ក្តី​នេះ​ គឺ​ដើមបណ្តឹង​ប្តឹង​តាំង​ពី​ឆ្នាំ​២០១៩​ហេតុអី​បាន​ទើប​តែ​យក​មក​អនុវត្ត​នៅ​ពេល​២០២៣​នេះ​ អា​នេះ​ជាចំណុច​ដែល​យើង​ពិនិត្យ»។

អ្នកវិភាគ​នយោបាយ លោក​ សេង​ សារី យល់​ថា​គណបក្ស​ភ្លើង​ទៀន​គួរ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើសារ​នយោបាយ​ ខណៈ​ថា្នក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​កំពុង​រង​ការ​ប្តឹង​ផ្តល់ និង​ព្រមានជា​បន្ត​បន្ទាប់​ មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​គណបក្ស​ភ្លើង​ទៀន​អាច​ធ្វើ​បាន​ ទីមួយ​គឺ​ឈរ​លើ​ភាព​អត់​ធ្មត់​ឲ្យ​បាន​ខ្ពស់​ ពិនិត្យ​មើល​រាល់​សារ​នយោបាយរបស់​ខ្លួន​ឡើង​វិញ​ ព្យាយាម​ធ្វើ​ម៉េច​ ឃោស​នា​ទៅ​លើ​សារ​នយោ​បាយ​របស់​ខ្លួន​ ឲ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន​ កាត់​បន្ថយ​ការ​ចោទ​ កាត់​បន្ថយ​ការ​ជេរ​ប្រមាថ​ កាត់​បន្ថយ​ការ​លាប​ពណ៌​អី​ជា​ដើម។ ដូច្នេះ​ ខ្ញុំ​មិន​ដឹង​ថា​មាន​មធ្យោបាយ​ណា​ល្អ​ជាង​ហ្នឹងទេ​ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ភាព​អត់​ធ្មត់​ខ្ពស់​ គឺ​ជា​មធ្យោ​បាយ​តែ​មួយ​គត់​ដែល​អាច​ឆ្លង​ដំណាក់​កាល​ដ៏​លំបាក​នេះ»។​

គួរ​រំឭក​ថា​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​គណ​បក្ស​នេះផ្ទាល់​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទទួល​រងការ​ព្រមាន​ខាង​ផ្លូវ​ច្បាប់​ជា​ញឹក​ញាប់​ពី​គណបក្ស​កាន់​អំណាច​ ក្នុង​នោះ​មាន​លោក គង់ គាំ ទី​ប្រឹក្សា​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ព្រម​ប្រគល់​ផ្ទះ​ និង​ដី ​មាន​ទំហំ​ជាង​កន្លះ​ហិកតា ​ក្នុង​ខណ្ឌ​ចំការ​មន ​ឱ្យ​ក្រសួង​ការ​បរទេស​ ទៅតាម​ការ​ស្នើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG