ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​លោក ថាច់ សេដ្ឋា ការពារ​កូនក្តី​ថា​មិន​ដែល​បាន​ទទួល​ដីកា​កោះ​ហៅ​របស់​តុលាការ​ឡើយ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

មេធាវី​ការពារ​ក្តី​ឱ្យលោក ថាច់ សេដ្ឋា អះអាង​ថា ​កូនក្តី​របស់​លោក​មិន​ដែល​បាន​ទទួល​ដីកា​កោះ​ហៅ​របស់​តុលាការ​ឡើយ ដោយ​លោក​ចាត់​ទុក​នេះ​ជា​កំហុស​របស់​តុលាការ។

ការ​អះអាង​របស់​លោក សំ សុគង់ ​មេធាវី​ការពារ​ក្តីរបស់​លោក ​ថាច់ សេដ្ឋា ​ក្រោយ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ទិត ដាលីន កាល​ពីយប់​ថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា​ អនុ​ប្រធាន ​និង​ជាអ្នក​នាំពាក្យ​របស់​គណបក្ស​ភ្លើង​ទៀន ជា​បណ្តោះ​អាសន្ន ក្រោយ​ការ​សាក​សួរ​ចោទ​ពី​បទ​ល្មើស​ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​លុយ។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​សាក​សួរ ​នៅ​គ្រា​ដែល​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ចាប់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នេះ។

លោក សំ សុគង់ ថ្លែង​ការពារ​កូនក្តី​របស់​លោក​ថា ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន មិន​ដែល​បាន​ទទួល​ដីកា​កោះ​របស់​តុលាការនោះ​ទេ។ លោក​បន្ថែម​ថា ​ក្រុម​ហ៊ុន​ រិន ឆាយ ផនសប (Rin Chhay Pawn Shop)​ ដែល​ជា​ដើម​បណ្តឹង ​ធ្លាប់​ប្តឹងលោក ថាច់ សេដ្ឋា ​ម្តង​រួច​មក​ហើយ ​ប៉ុន្តែ​ចាញ់​ក្តី​រឿង​នេះ ​នៅពេល​នោះ​។ លុះ​មក​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​ក្រុមហ៊ុ​នបាន​ប្តឹង​ម្តង​ទៀត ពី​បទ​ចេញ​សែក​អត់​លុយ ដែ​ល​លោក សំ សុគង់ ថា​ ការ​ប្តឹង​នេះ​គឺ​ខុស​នីតិ​វិធី ហើយ​ក្នុង​សំណុំ​រឿង​មួយ​ គឺ​មិន​អាច​ប្តឹង​ឡើង​វិញ​បាន​ទេ។

លោក​បញ្ជាក់​ថា៖ ​«​យោង​តាម​ពាក្យ​បណ្តឹង​ គឺ​ប្តឹង​តាំង​ពីឆ្នាំ​២០១៩​ ហើយ​មក​ទើប​តែ​មក​អនុវត្ត​នៅឆ្នាំ​២០២៣ គឺ​មាន​រយៈ​ពេល​យូរ​ឆ្នាំ បើ​សិន​ជាតុ​លាការ​អនុវត្ត​ច្បាប់​មែន គួរ​តែ​អនុវត្ត​មាន​ការ​ប្តឹង​ភ្លាម​ៗ។ ​ហើយ​ទី២ ​ខុស​នីតិ​វិធី ​ត្រង់​ចេញ​ដីកា​កោះកូន​ក្តី​អត់​បាន​ទទួល​ដីកា​កោះហ្នឹង​...​ហើយ​មួយ​ទៀត​នៅ​ពេល​ដែ​ល​ចាប់​ខ្លួន​ គឺនៅ​ពេល​ល្ងាច​ ហើយ​នីតិវិធី​នៃ​ការ​សួរសាកសួ​រ ក្រោយ​ការ​ចាប់​ខ្លួន គឺ​សួរ​នៅ​ពេល​យប់​»។

លោក​មេធាវី​ ​សំ សុគង់ ​ថា ​ការ​ចាប់​ខ្លួន​លោក ​ថាច់ ​សេដ្ឋា​ ​ជា​កំហុសបណ្តាល​មក​ពីការ​ភ័ន្ត​ច្រឡំ​របស់​តុលាការ​លើ​អង្គ​ហេតុ។ ម្យ៉ាង​ទៀត ​លោក​ថា ​ដើម​បណ្តឹង​បាន​យក​សែក​ចាស់ ដែល​ធ្លាប់​ប្តឹង​ផ្តល់ កាល​ពី​កន្លង​ទៅ យក​មក​បំពេញ​ដោយ​ខ្លួន​ឯង ​ដែល​មិន​មែន​លោក ថាច់ សេដ្ឋា​ ជា​អ្នក​បំពេញ​នោះ​ទេ។

លោក​បន្ត​ថា៖ ​«ការ​ចាប់​ខ្លួន​នេះ ​គឺ​មាន​កា​រ​ភ័ន្ត​ច្រឡំទៅ​លើ​អង្គហេតុ​ ត្រង់​ថា​ទាក់​ទ​ង​ហ្នឹង​សែក​ហ្នឹង​គឺសែក​ហ្នឹង​មាន​ហើយ ​ប៉ុន្តែ​ជា​សែក​ចាស់ ហើយ​គាត់​មិន​បាន​បំពេញ​នូវ​ចំនួន​ទឹក​លុយ ហើយ​ក៏​មិន​បាន​បំពេញ​នូវ​ថ្ងៃ​បរិច្ឆេទ​នៃ​ការ​បើក​លុយ​ដែរ​។ ប៉ុន​សែក​នេះ ជា​សែក​ចាស់ ហើយ​ជា​រឿង​មួយ​ដែល​កើ​ត​មាន​យូរ​ហើយ​ ទើប​យក​មក​អនុវត្ត​»។ ​

​លោក សំ សុ​គង់ បន្ថែមថា ​ក្រុម​មេធាវីរ​បស់​លោក ថាច់ សេដ្ឋា កំពុងរក​ភស្តុតាងដោះ​បន្ទុកដើម្បី​ទាម​ទារ​ឱ្យតុលា​ការ​ដោះ​លែងលោក ថាច់ សេដ្ឋា​ ឱ្យមាន​សេរីភាព​វិញ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិនេះ។ លោក​បញ្ជាក់​ថា​ ក្រុម​មេធាវីគ្រោង​រៀប​ចំ​ពាក្យ​ស្នើ​សុំ​ទៅចៅក្រម​ស៊ើប​សួរក្នុង​ការ​រៀប​ចំ​បំពេញ​កិច្ច​ទាក់​ទង​ការ​ធ្វើ​កោសល្យ​វិច្ច័យ​ទៅ​លើ​សែកអត់​លុយ​នោះ ​ថា​ជា​របស់​អ្នក​ណា​ឱ្យពិត​ប្រាកដ​ និង​គ្រោងប្តឹង​ទៅ​សភា​ស៊ើប​សួរសាលា​ឧទ្ធរណ៍ផង​ដែរ​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន រិន ឆាយ ផនសប បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ លោក អ៊ី រិន្ទ ​អ្នកនាំ​ពាក្យ​តុលាការ ​ប្រាប់​វីអូអេ​ថា​ លោក ថាច់ សេដ្ឋា ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ពីបទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរបាន​ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្តីពី​ឧបករ​ណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

បើ​តាម​ច្បាប់​នេះ ប្រសិន​បើ​រក​ឃើញ​កំហុស​ លោក ​ថាច់ សេដ្ឋា ​អាច​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ។

ក្រោយ​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ ថាច់ សេដ្ឋា ​តុលា​ការ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​លើក​ឡើង​ថា​ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន ​រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែល​ប្តឹង​លោក ​ថាច់ សេដ្ឋា ​ពី​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៥​សន្លឹក។ តុលាការ​បញ្ជាក់​ថា ​លោក​ ថាច់ សេដ្ឋា ​មិន​បាន​ចូល​ខ្លួនបំភ្លឺ​តាម​ដីកា​ចំនួន​២លើក ​ដោយ​ពុំ​មាន​មូល​ហេតុ។

តុលាការ​បញ្ជាក់​ថា៖ «រហូត​មក​ដល់​ថ្ងៃទី​១៦ ខែ​មករា ​ឆ្នាំ​២០២៣ ​ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់នាំ​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ ថាច់ សេដ្ឋា ​ដើម្បី​ស្តាប់​ចម្លើយ​តាម​នីតិវិធី។ ក្រោយ​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​លើ​ភស្តុតាង​នានា ចៅ​ក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ​ថាច់ សេដ្ឋា...»។

បើ​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ​ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​ឈ្មោះ ទិត ដាលីន ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ«មិន​បាន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​អំឡុង​ឆ្នាំ​២០១៩ តាម​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និងប្រតិបត្តិ​ការ​ទូទាត់​សង។ បើ​តាម​ដីកា សំណុំ​រឿង​នេះ ចុះ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​មាន​ដីកា​បង្គាប់​ចូល​ខ្លួន ចំនួន​ពីរ​លើក​ ដែល​ទីមួយ​ចុះ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ២០២១​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ និង​ទីពីរ​ចុះ​ថ្ងៃទី​២២ ខែ​មិថុនា ​ឆ្នាំ២០២១។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​ទើប​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​លោក​ ថាច់ សេដ្ឋា ​នា​ពេល​នេះ ខណៈ​លោក​បាន​រស់​នៅ​ក្នុង​ប្រទេស និង​មិន​បាន​គេច​ខ្លួន​ទៅ​ណា​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​អង្គារ​នេះ។

អ្នក​ស្រី ថាច់ សុខ​បុផា ​អាយុ​៤៨ឆ្នាំ ជា​ភរិយា​របស់​លោក ​ថាច់ ​សេដ្ឋា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ​អ្នកស្រី​ស្នើ​ឱ្យតុលាការ​ដោះ​លែង​ស្វាមី​ខ្លួនឱ្យមាន​សេរី​ភាព​វិញ។

អ្នក​ស្រី​បញ្ជាក់​ថា៖​ «​អារឿង​ហ្នឹង​យូរ​ហើយ ​ហើយ​តុលាការ​ ​កាត់​ក្តី​ឱ្យគាត់​ឈ្នះ​ហើយ​។ ឥឡូវ​យក​រឿង​ហ្នឹង​មក ​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ​។ អ៊ីចឹង​ខ្ញុំ​សូម​សំណូម​ពរ​ឱ្យតុលាការ​ដោះលែងគាត់​ឆាប់​ៗ»។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មានមួយទាក់ទិន​នឹងការចាប់ខ្លួនលោក ថាច់ សេដ្ឋា នៅទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មានមួយទាក់ទិន​នឹងការចាប់ខ្លួនលោក ថាច់ សេដ្ឋា នៅទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ និង​ជា​រូបភាព​គំរាម​កំហែង ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ធ្វើ​ឱ្យបរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត រឹត​តែ​មាន​ភាព​អាប់​អួរ។ គណបក្ស​អំពាវនាវ​ឱ្យដោះ​លែង​លោក ថាច់ សេដ្ឋា ជា​បន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ។

លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេ​ថា​ គណ​បក្ស​ភ្លើង​ទៀន​នឹង​ដោះ​ស្រាយ​សម្រួល​គ្រប់​វិធី​ ដើម្បី​អាច​ឱ្យលោក ថាច់ សេដ្ឋា មក​បំពេញ​ការងារ​បាន​ជា​ធម្មតាឡើង​វិញ។

លោក​ថ្លែង​ថា៖ ​«​យើង​នឹង​ឱ្យ​ថ្នាក់​ដឹក​នាំ​យើង​ ទៅ​តាម​ដាន​រឿង​ហ្នឹង អាច​ជួប​ជាមួយ​ម្ចាស់​បំណុល។ ហើ​យ​មេធាវីអាច​ពិនិត្យ​លើ​លក្ខណៈ​ផ្លូវ​ច្បាប់​ផង ថា​តើ​ករណី​ហ្នឹង​អាច​នឹង​ដោះ​ស្រាយ​ យ៉ាង​ម៉េច​ទាំង​ក្រៅប្រព័ន្ធ​តុលាការ​ និង​តាម​រយៈ​តុលាការ​នោះ»។

លោក ថាច់ សេដ្ឋា អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ ហើយ​លោក​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ធ្វើ​នយោ​បាយ​ឡើង​វិញ កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ២០២១។ លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។

លោក សេង សារី អ្នក​វិភាគ​នយោ​បាយ​មួយ​រូប​ថ្លែង​ថា​ ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា គឺ​ជា«ការ​បេះ»​មេដឹកនាំ​គណ​បក្ស​ភ្លើង​ទៀន ដើម្បី​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ចុះ​ខ្សោយ និង​អាច​គ្រប់គ្រង​បាន។ លោក​បញ្ជាក់​ថា​ នេះ​ជា​«យុទ្ធ​សាស្រ្ត​បំបែក ដើម្បី​គ្រប់​គ្រង»។

លោក​ថ្លែង​ថា៖ «ការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា ​គឺជា​ការ​បេះ​មេដឹកនាំ​សំខាន់រ​បស់​គណបក្ស​ភ្លើង​ទៀន​ សម្រាប់​ធ្វើ​ម៉េច​ឱ្យ​ភ្លើង​ទៀន​ចុះ​ខ្សោយ​ ហើយ​អា​ច​គ្រប់​គ្រង​ភ្លើង​ទៀន​បាន ​ជា​យុទ្ធ​សាស្ត្រ​ DIFID ​ដែល​ខ្ញុំ​បាន​បង្ហាញ​កន្លង​មក​ហើយ​ដែរ​ គឺ​បំបែក​ដើម្បី​គ្រប់​គ្រង ប៉ុន្តែ​ដើម្បី​គ្រប់គ្រង​បាន​ហ្នឹង​គឺ​ធ្វើ​ឱ្យ​ភ្លើង​ទៀន​ខ្សោយ ដោយ​ចាប់មេដឹកនាំ​សំខាន់​ៗរ​បស់​គណ​បក្ស​ភ្លើង​ទៀន»។

លោក​បន្ថែម​ថា​ គណបក្ស​ភ្លើងទៀន​ត្រូវ​មាន​យុទ្ធសាស្រ្ត​ច្បាស់​លាស់ រក្សា​ភាព​អត់ធ្មត់​បាន​ខ្ពស់​ និង​ត្រូវ​បន្ត​ចូលរួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ៕

XS
SM
MD
LG