ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្វែង​រកផ្លូវ​មួយ​ឆ្ពោះទៅមុខ​សម្រាប់ ​FIFA


រូបថតឯកសារ៖ លោក Chuck Balzer សមាជិក​ប្រតិបត្តិ​របស់ FIFA ចូលរួម​ក្នុង​សមាជ​របស់​ FIFA កាលពីឆ្នាំ២០១១។
រូបថតឯកសារ៖ លោក Chuck Balzer សមាជិក​ប្រតិបត្តិ​របស់ FIFA ចូលរួម​ក្នុង​សមាជ​របស់​ FIFA កាលពីឆ្នាំ២០១១។

នៅ​ខណៈពេល​ដែល​អាជ្ញាធរ​អាមេរិក​ និង​ស្វីស​បាន​បន្ត​ការ​ស៊ើបអង្កេត​បទព្រហ្មទណ្ឌ​ទៅ​លើ​ក្រុមមន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពកលោក​ (FIFA) ​នោះ​ អនាគត​នៃ​សហព័ន្ធ​នេះ​ និង​ថ្នាក់​ដឹកនាំរបស់​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំងនៅឡើយ។ ក្រុម​អ្នក​ជំនាញ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​ប្រាប់​ VOA​ អំពី​ជំហានដែល​ពួក​គេ​គិត​ថា​ចាំបាច់​សម្រាប់​សហព័ន្ធនេះ​ ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ឡើង​វិញ​ពី​សំណាក់​មនុស្ស​នៅ​ទូទាំង​ពិភពលោក។

ករណី​មួយ​ក្នុង​ចំណោម​ករណី​សូកប៉ាន់​នៅ​ឯក្រៅ​ប្រទេស​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ គឺ​ចាប់​ផ្តើមឡើង​ពី​កិច្ច​ព្រមព្រៀង​សម្ងាត់​របស់​លោក ​Chuck​ Blazer​ អតីត​នាយក​ប្រតិបត្តិ​របស់​ FIFA​ នៅ​ក្នុង​ឆ្នាំ២០១៣។ បន្ទាប់​មក​ បញ្ហា​នេះ​បាន​បន្ត​ពីក្រោយ​ដោយ​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ FIFA​ ចំនួន​១៤នាក់​ផ្សេង​ទៀត​នៅ​ខែ​ឧសភា កន្លង​ទៅ​ថ្មីៗនេះ។

លោកស្រី​ Jennifer​ Arlene​ សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ញូវយ៉ក ​បាន​មាន​ប្រសាសន៍​ថា​ ព្រះ​រាជអាជ្ញា​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេតលើ​បញ្ហា​នេះ​ រហូត​ដល់​ថ្នាក់​កំពូល​របស់ ​FIFA។

«វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ព្រះ​រាជ​អាជ្ញាចាប់​ផ្តើម​ការ​ស៊ើបអង្កេត​មួយ​ និង​ចោទ​ប្រកាន់​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ដំបូង​នោះ។ នេះ​ជា​មធ្យោបាយ​មួយផ្នែក​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ពី​មនុស្ស​ផ្សេងៗ​ទៀត។ ដូច្នេះ​ ប្រសិន​បើ​ពួកគេ​មាន​សាក្សី​មួយ​ចំនួន​ហើយ​មិន​ចង់​សហ​ការ​នោះ​ វា​គ្មានប្រយោជន៍អ្វី​ទេ ​គឺ​ស្មើ​នឹង​ការ​ឈរ​មើល​មនុស្ស​ផ្សេង​ទៀត​រងការ​ចោទ​ប្រកាន់​ រួច​ទើប​ពួគ​គេ​ចូលខ្លួនមក​សហការ»។

បើ​យោង​តាម​ការ​ផ្តល់​ចំណាត់​ថ្នាក់​យ៉ាង​ខ្ពស់​មួយ​តាម​ទូរទស្សន៍​សម្រាប់​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ផ្នែក​ស្រី ​អនាគត​នៃ​កីឡា​បាល់ទាត់​នៅ​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​មាន​អំណោយ​ផល​ច្រើន។ ក៏​ប៉ុន្តែ អនាគតរបស់​ FIFA​ វិញ មាន​ភាព​មិនប្រាកដ​ប្រជា​កាន់​តែខ្លាំង​ទៅៗ។

លោក​ Jeff​ Thinnes​ ​អ្នក​ជំនាញ​ខាង​ការ​អនុវត្តន៍​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ហៅ​ FIFA​ ថា​ជា​ «សង្គម​សម្ងាត់​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ» និង​បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​សមាជិក​ចំនួន​២០៩នាក់​របស់​ FIFA​ មាន​ទំនាក់ទំនង​យ៉ាង​យូរ​អង្វែង​ជា​មួយ​នឹង​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នានា។

«ច្បាស់​ណាស់​ ការ​ស៊ើបអង្កេត​មុនពេល​ចុះ​កិច្ចសន្យាត្រូវ​តែ​ធ្វើ​ឡើង​ទៅលើ​បុគ្គល​ទាំង​នោះ​ និង​ធ្វើ​ឡើង​ចំពោះរាល់​បុគ្គល​ណា​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ FIFA​ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ដូចជា​អ្វី​ដែល​គេ​បាន​ចែង​សារជា​ថ្មី​ ដើម្បី​ឲ្យ​ពិភពលោក​ទាំង​មូល​មាន​ភាព​ប្រាកដ​ប្រជា​ថា​ ពួក​យើង​ពិត​ជា​កំពុង​ចាប់​ផ្ដើម​ដោយ​ភាព​ស្អាតស្អំ»។

លោក​ស្រី Alexandra​ Wrage​ អតីត​សមាជិក​គណៈកម្មាធិការអភិបាលកិច្ច​ឯករាជ្យ​របស់​ FIFA​ បាន​និយាយ​ថា​ កង្វះ​តម្លាភាព​គឺ​ផ្ទុយ​ពីឆន្ទៈ​របស់​មនុស្ស​«ល្អ​ និង​ប្រកប​ដោយ​ក្រម​សីលធម៌» ដែល​បម្រើការ​នៅក្នុង​អង្គភាព​នេះ។

«FIFA​ ជា​សហព័ន្ធ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ។ ពួកគេ​គួរ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​សាធារណជន។ ពួកគេ​កំពុង​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​លក្ខខណ្ឌ​មួយ​ដែល​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ ហើយ​តម្លៃ​ដែល​ពួក​គេ​គួរ​ផ្តល់​មក​វិញ​ គឺ​ធ្វើ​ឲ្យ​មានតម្លាភាព​កាន់​តែ​ប្រសើរ​ឡើង។ នៅ​ពេល​ដែល​អង្គភាពមិន​រក​ប្រាក់​ចំណេញ​មួយ​មាន​ទំហំ​ធំ​ដូចជា ​FIFA​ និង​មាន​ទុន​បម្រុង​ច្រើន​ដូច​ FIFA តែ​បែរ​ជា​មាន​តម្លាភាព​តិចតួច​ជាង​សាជីវកម្ម​សាធារណៈ​នោះ​ វា​ពិត​ជា​មាន​អ្វី​មួយ​ដែល​ខុស​នៅ​ក្នុង​ប្រព័ន្ធ​នេះ​ហើយ»។

សហព័ន្ធ​ CONCACAF​ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​មួយ​របស់​ FIFA​ ទទួល​បន្ទុក​តំបន់​អាមេរិក​ខាងជើង​ អាមេរិក​កណ្តាល​ និងប្រជុំ​កោះ​ការីប៊ីន ​(Caribbean)​ ថ្មីៗ​នេះ​ បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន។ ក្នុង​ចំណោម​កំណែ​ទម្រង់​នោះ​ រួម​មាន​ការ​កំណត់​រយៈពេល​កាន់​តំណែង​សម្រាប់​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ ការត្រួត​ពិនិត្យឥណទាន​និង​ជីវប្រវត្តិ​សម្រាប់​អ្នក​ទិញលក់​ និង​ការ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ឲ្យ​សាធារណជន​អាច​ចូល​មើល​បាន៕

ប្រែសម្រួល​ដោយ​ ហង្ស វុទ្ធិកា

XS
SM
MD
LG