ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េ​ខាងត្បូង​ដោយ​ផ្ដោត​លើ​វិបត្តិ​នយោបាយ​នៅ​ទីនោះ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ស៊ូដង់កាលពីថ្ងៃទី​១៩ ធ្នូ ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ស៊ូដង់កាលពីថ្ងៃទី​១៩ ធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ជាប់​ផុង​នៅក្នុង​ភាព​ចលាចល​នយោបាយ​ដោយសារតែ​ប្រធានាធិបតី​ទម្លាក់ពី​តំណែង​លោក Yoon Suk Yeol បាន​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រទេស​កូរ៉េ​ខាងត្បូង​គឺជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ប្រទេស​នេះ​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​មិន​ជោគជ័យ​របស់​លោក Yoon កាលពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ​កន្លង​ទៅ​នេះ។

លោក Blinken នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul នៅ​ថ្ងៃ​ចន្ទ​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា៖ «លោក​ទាំងពីរ​គ្រោង​នឹង​ពិភាក្សា​អំពី​សម្ព័ន្ធភាព​រវាង​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ខាងត្បូង សហរដ្ឋ​អាមេរិក និង​ជប៉ុន បញ្ហា​កូរ៉េ​ខាងជើង និង​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​លើ​ពិភពលោក»។

ក្រុម​អ្នក​ស៊ើបអង្កេត​ដែល​កំពុង​ស៊ើបអង្កេត​លើ​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​របស់​លោក Yoon បាន​ព្យាយាម​អនុវត្ត​ដីកា​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ត្រូវបាន​រុញចេញ​ដោយ​កង​អង្គរក្ស​ប្រធានាធិបតី។

ដីកា​ចាប់ខ្លួន​នោះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៦ ខែ​មករា​ខាងមុខ ដែល​ជា​ថ្ងៃ​ដែល​លោក Blinken គ្រោង​ជួប​ជាមួយ​នឹង​លោក Cho។

កាលពី​ខែ​មុន សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង «និយាយ» ជាមួយ​កូរ៉េ​ខាងត្បូង​ឲ្យ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​បន្ទាប់ពី​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​មិន​ជោគជ័យ​របស់​លោក Yoon។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​និយាយ​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​របស់​កូរ៉េ​ខាងត្បូង​គឺ​រឹងមាំ​និង​ធន់ ហើយ​យើង​នឹង​បន្ត​និយាយ​ជា​សាធារណៈ​និង​ប្រឡូក​ជា​លក្ខណៈ​ឯកជន​ជាមួយ​សមភាគី​កូរ៉េ​ខាងត្បូង​ដើម្បី​ពង្រឹង​សារៈសំខាន់​នៃ​ការ​បន្តទៅមុខ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG