ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្វ្រិក​ខាងត្បូង​បដិសេធ​ថា ​ខ្លួន​មិន​បាន​សូកប៉ាន់​មន្ត្រី​ FIFA ​ទេ


រដ្ឋមន្រ្តីកីឡា​អាហ្រ្វិកខាង​ត្បូង លោក Fikile Mbalula និយាយ​នៅ​ក្នុង​សនិ្នសីទមួយ​ក្នុង​ Johannesburg កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥។
រដ្ឋមន្រ្តីកីឡា​អាហ្រ្វិកខាង​ត្បូង លោក Fikile Mbalula និយាយ​នៅ​ក្នុង​សនិ្នសីទមួយ​ក្នុង​ Johannesburg កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

រដ្ឋមន្ត្រី​ក្រសួង​កីឡា​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កំពុង​តែ​ទទូច​ថា ​ប្រទេស​របស់​លោក​ មិន​បាន​សូកប៉ាន់​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ​ឬ​ហៅកាត់​ថា​ FIFA ​ដើម្បី​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១០​នោះ​ទេ។​

លោក​រដ្ឋមន្ត្រី​ក៏​បាន​សសើរផងដែរដល់ប្រធាន​អាជ្ញាធរ​បាល់ទាត់​ពិភព​លោក​ ដែល​បាន​លា​លែង​ពី​តំណែង ​ចំពេល​ដែល​មាន​រឿង​អាស្រូវ​ទាក់ទិន​នឹង​អំពើ​ពុករលួយ​នេះ។​

សេចក្តី​ប្រកាស​របស់​លោក ​Sepp Blatter ​កាលពី​ថ្ងៃ​អង្គារ​ដែល​ថា​ លោក​នឹង​លាលែង​ពី​តំណែងបាន​ធ្វើ​ឡើង​ស្របពេល​ដែល​មន្រ្តី​ពង្រឹង​ច្បាប់​របស់ សហ​រដ្ឋ​អាមេរិក​ថ្លែង​ថា ​លោក​គឺ​ជា​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​របស់​សហ​ព័ន្ធកីឡា​នេះ។​

កាលពី​សប្តាហ៍​មុន ​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បង្ហាញ ​និង​ធ្វើ​ការ​ចាប់​ខ្លួន​មន្រ្តី ​និង​ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​របស់​សហព័ន្ធ ​FIFA ​ចំនួន​១៤​នាក់ ​ដោយ​ចោទ​ប្រកាន់​ថា ​ពួក​គេ​បាន​ទទួល​សំណូក​ជាង​១៥០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ថ្លែង​កាល​ពី​ថ្ងៃពុធ​នៅ​ឯ​ទីក្រុង ​Johannesburg​ ​រដ្ឋមន្រ្តី​ក្រសួង​កីឡា​ប្រទេស​អាហ្វ្រិក​ខាងត្បូង​គឺ​លោក ​Fikile​ Mbalula ​បាន​សសើរ​លោក ​Blatter ​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​មន្រី្ត​កីឡា​បាល់ទាត់​របស់​អាហ្រ្វិក​ជា​យូរ​មក​ហើយ​នោះ។​

លោក ​Sepp Blatter ​ នេះ​មិនមែន​អ្វី​ដែល​យើង​បាន​រំពឹង​ថា ​នឹង​កើត​មាន​ឡើង​នោះ​ទេ។​ ប៉ុន្តែ​វា​ជា​រឿង​ដ៏​សោកសៅ​មួយ ​ដែល​យើង​ត្រូវ​ចែក​ផ្លូវ​គ្នា​បែប​នេះ។ ​ខ្ញុំ​គិត​ថា​ លោក​នឹង​ត្រូវ​បាន​ចងចាំ​ជា​រៀង​រហូត​ ដែល​លោក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​មក​ទ្វីប​អាហ្រ្វិក ​ជា​លើក​ទី​មួយ។​

ប៉ុន្តែ​លោក ​Mbalula ​បន្ត​ប្រឆាំង​នឹង​ដីការ​ចោទ​ប្រកាន់​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ថា ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​សូកប៉ាន់​ដើម្បី​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ដែល​អាច​រក​បាន​ចំណូល​ច្រើន​នេះ។ ​លោក​និយាយ​ថា ​ការ​បង់ប្រាក់​១០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​លុយ​ស្របច្បាប់​ដើម្បី​ជួយ​កម្មវិធី​បាល់ទាត់ ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។

«ពួក​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ពន្យល់​អ្នក​គ្រប់​គ្នា​ រួមទាំង​សហព័ន្ធ​ស៊ើប​អង្កេត FBI​ ថា ​ហេតុអ្វី​បាន​ជា​នេះ​មិនមែន​ជា​សំណូក​សូក​ប៉ាន់​នោះ។ ពួក​គេ​អាច​ហៅ​យើង​បាន​គ្រប់​ពេល។​ ពួកយើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ​ខ្ញុំ​នឹង​ជួប​ជាមួយ​លោក ​Floyd Mayweather​ ដូច្នេះ​ពួកគេ​អាច​រក​ខ្ញុំ​បាន​នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ពន្យល់​ពួក​គេ​ថា ​ថវិកា​នេះ​ត្រូវ​បាន​បែងចែក​យ៉ាង​ដូចម្តេច ​ហើយ​មូលហេតុ​អ្វី​បាន​ជា​វា​បាន​បែងចែក​យ៉ាង​ដូចនេះ។​ ពួក​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ពន្យល់​ដល់​ពួក​គេ​ដើម្បី​កែប្រែ​គំនិត​ពួកគេ​ដែល​ថា ​នេះ​ជា​សំណូក»។​

អគ្គ​នាយក​ទូទៅ​នៃ​ក្រសួង​កីឡា​ និង​កម្សាន្ត​របស់​ប្រទេស​អាហ្រ្វិក​ខាងត្បូង​គឺ​លោក ​Alec Moemi ​និយាយ​ថា ​ទំនាក់​ទំនង​រវាង​ប្រទេស​នេះ​ជាមួយ​នឹង​ សហព័ន្ធ​ FIFA ​គឺ​គ្មាន​អ្វី​កែប្រែ​ទៅ​ជា​ប្រសើរ​ ឬ​អាក្រក់​ជាង​មុននោះ​ទេ​ ខណៈ​ដែល​ លោក​ Blatter​ បាន​លាលែង​ពី​ការងារ​នៅ ​FIFA ​នោះ។​

«នៅ​ខាង​យើង​វិញ ​ទំនាក់ទំនង​នឹង​រក្សា​នៅ​ដដែល។ ​ពួក​យើង​នឹង​ធ្វើការ​ជាមួយ​នឹង​សហព័ន្ធ ​FIFA ​តាម​វិធី​ដដែល​ ដូច​ដែល​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​មក​ហើយ ​ហើយ​លោក​រដ្ឋមន្រ្តី​និយាយ​ត្រូវ។ ការណ៍ពិត​នោះ​គឺថា​ ​បញ្ហា​នេះ​កើត​មាន​ឡើង​មិនមែន​មាន​ន័យ​ថា ​ការ​ចូលរួម​របស់​ពួកយើង​ទៅ​លើ​រឿងអ្វី​ផ្សេង​ទៀត​ រួមមាន​ការ​ទទូច​របស់​រដ្ឋាភិបាល​យើង​នោះ ​មាន​ការ​ពាក់ព័ន្ធ​ជ្រៅ​រហូត​ដល់​កែប្រែ​ការ​ប្រកួត​ ដែល​ពួកយើង​កំពុងតែ​ពិនិត្យ​មើល​នោះ​ទេ។​ ដូច្នេះ​ទំនាក់​ទំនង​គឺ​នៅ​តែ​មាន​សភាព​ដដែល»។​

អាជ្ញាធរ​ប្រទេស​ស្វីស​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ថា ​តើ​សំណូក​នោះ​គឺ​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្តឲ្យ​ប្រទេស​រុស្ស៊ី​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ​និង​ការ​សម្រេច​ចិត្ត​ឲ្យ​ប្រទេស​ Qatar​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​ឬ​យ៉ាង​ណា៕

​ប្រែ​សម្រួល​ដោយ ​ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG