ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ FIFA ប្រឈម​នឹង​​អនាគត​​មិន​ប្រាកដ​ប្រជា


លោក Jerome Valcke អគ្គលេខាធិការ​របស់​សហព័ន្ធ FIFA និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​កំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុង Samara ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
លោក Jerome Valcke អគ្គលេខាធិការ​របស់​សហព័ន្ធ FIFA និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​កំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុង Samara ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

អង្គភាព​គ្រប់គ្រង​បាល់ទាត់ពិភពលោក ​បាន​ពន្យារពេល​ការ​ដាក់ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ (World Cup) នា​ឆ្នាំ២០២៦ បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ដោយ​ក្រសួង​យុត្តិធម៌​របស់​ស.រ.អា​ពី​បទ​ពុករលួយ​ និង​ការ​ទទួល​សំណូក​កាលពី​ខែ​មុននេះ​ ​ទៅ​លើ​មន្រ្តី​របស់​សហព័ន្ធ​បាល់​ទាត់​ FIFA ចំនួន​៩រូប និង​នាយក​ប្រតិបត្តិ​សាជីវកម្ម​ចំនួន​៥រូប។ ប្រតិកម្ម​របស់​ពិភពលោក​ចំពោះ​រឿង​អាស្រូវ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន ដោយ​អ្នក​ខ្លះ​មិន​ត្រឹម​តែ​និយាយ​អំពី​ការ​ប្រព្រឹត្តិ​ល្មើស​របស់​សហព័ន្ធ​ FIFA ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ ​ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​បាន​និយាយ​អំពី​តួនាទី​របស់​ស.រ.អា​ក្នុង​ការ​បង្ហាញ​រឿង​នេះ​ឲ្យ​ដឹង​ជា​សាធារណៈ។

នៅ​ពេល​ដែល​ស.រ.អា​ចោទ​ប្រកាន់​បទល្មើស​កម្រិត​ព្រហ្មទណ្ឌ​ទៅ​លើ​នាយក​ប្រតិបត្តិ​កំពូល​របស់​ ​សហព័ន្ធ​ FIFA រឿង​នេះ​ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​ទ្វីប​អឺរ៉ុប​ និង​នៅ​ជុំវិញ​ពិភពលោក​ស្វាគមន៍​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​លោក​ Keir Radnedge អ្នក​និពន្ធ​ផ្នែក​កីឡា​បាល់​ទាត់​ជនជាតិ​អង់គ្លេស ដែល​បាន​និយាយ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype។

«សម្រាប់​មនុស្ស​ភាគច្រើន វា​ច្បាស់​ណាស់​គឺ​ ពួក​គេ​គាំ​ទ្រ។ ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​៥ ឬ៧ឆ្នាំ​ចុងក្រោយ​នេះ រឿង​នេះ​គួរ​តែ​ត្រូវ​បាន​កើត​ឡើង​ជា​យូរ​ណាស់​មក​ហើយ។ មាន​ការ​ខឹង​សម្បារ​ដោយសារ​ដំណើរការ​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​លឿន​ជាង​នេះ ហើយ​អ្នក​ទាំង​នោះ​មិន​ត្រូវ​ចាប់​ខ្លួន​ឲ្យ​បាន​ឆាប់​ជាង​នេះ។ ក៏ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​បញ្ហា​នេះ​ គឺ​ពិតជា​ដោយសារ​តែ​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ធំ​ទូលាយរបស់ FIFA​ ផង​ដែរ»។

រឿង​អាស្រូវពុករលួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​លាលែង​ពី​តំណែង​របស់​លោក​ Sepp Blatter ប្រធានសហព័ន្ធ ​FIFA មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​លោក​បាន​ជាប់​ឆ្នោត​ធ្វើជា​ប្រធានសហព័ន្ធ​សារ​ជា​ថ្មី។

លោក ​David Larkin គឺ​ជា​មេធាវី​ផ្នែក​កីឡា​របស់​ស.រ.អា។ លោក​និយាយ​ថា ​ប្រតិបត្តិការ​របស់​ FIFA មិន​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព​ទេ។

«ដូច្នេះ​ខ្ញុំ​គិត​ថា បញ្ហា​ឥឡូវ​នេះ​គឺ​ អំពី​ការ​រៀបចំ ហើយ​ខ្ញុំ​គិត​ថា​ វា​មាន​សារៈសំខាន់​ក្នុង​ការ​និយាយ​ពី​រចនាសម្ព័ន្ធ​ និង​ជជែក​ដេញ​ដោល​គ្នា​ថា​តើ​អ្វីទៅ​ជា​ FIFA។ ខ្ញុំ​ចង់​អះអាងថា ជា​មូលដ្ឋាន​មាន​មនុស្ស​ចំនួន​២៥នាក់​ អាច​ច្រើន​ជាង​ឬ​តិចជាង​នេះ​ ដែល​សម្រេច​ចិត្ត​រួមគ្នា​ធ្វើ​ឲ្យ​មាន​រឿង​បែប​នេះ​ឡើង ហើយ​ជា​គោលការណ៍​ ពួក​គេ​បាន​ធ្វើ​ឲ្យ​រឿង​នេះ​មាន​ដំណើរ​ការ​យ៉ាង​សម្ងាត់​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ»។

ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​លាត​ត្រដាង​កាលពី​ខែ​មុន បាន​បង្ហាញឲ្យ​ឃើញ​អំពើ​ពុករលួយ និង​ការ​សូក​ប៉ាន់​របស់​សហព័ន្ធ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​មួយ​នេះ ដែល​ជា​អង្គភាព​រៀបចំ​ការ​ប្រកួត​ World Cup និង​ការ​ប្រកួត​សំខាន់ៗ​ដទៃ​ទៀត។ លោក​ David Francis អ្នក​និពន្ធ​នៃ​ទស្សនាវដ្តី​«គោល​នយោបាយ​បរទេស»​ បង្ហាញ​ពី​ទស្សនៈ​របស់​លោក​អំពីគោលបំណង​របស់​អាមេរិក​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​នេះ​ថា៖

«អ្នក​ចាប់​បាន​អ្នក​ពាក់ព័ន្ធ​តូចតាច គឺ​បាន​អ្នក​តូច​តាច​មក​និយាយ​អំពី​រឿង​នោះ ហើយ​វា​នឹង​នាំ​ដល់​ការ​ចាប់​បាន​អ្នក​ដែល​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ តែ​ឥឡូវ​នេះ តើ​អ្វី​ទៅ​ដែល​ជំរុញឲ្យ​ស.រ.អា​ធ្វើ​បែប​នេះ? ខ្ញុំ​ពិត​ជា​ឆ្ងល់​ថា តើ​ការ​ស៊ើប​អង្កេត​នេះ​ នៅ​តែ​បន្ត​ទៀត​ឬទេ បន្ទាប់​ពី​មានការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ពីព្រោះ​ថា​ ស.រ.អានឹង​មិន​អាច​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ២០២២​ទេ ទោះ​បីជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ»។

ទោះ​ជា​មនុស្ស​មួយ​ចំនួន​អាច​មិន​យល់​ស្រប​ក៏​ដោយ លោក​ David Larkin និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ​ កិត្តិនាម​របស់​របស់​ FIFA ​នៅ​តែ​មាន​ភាព​ស្អាត​ស្អំ ​និង​មាន​ស្វយ័ត​ភាព​នៅ​ឡើយ​ ក៏ប៉ុន្តែ​កិត្តិនាម​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​អំពី​រឿង​ពុក​រលួយ​នោះ។ តែ​ទោះ​បី​ជា​យ៉ាង​ណា Keir Radnedge ចង្អុល​បង្ហាញ​ថា​ FIFA នៅ​តែ​មាន​បុគ្គលិក​ដែល​មាន​គំនិត​ល្អៗ​រាប់រយ​នាក់​ទៀត​ ដែល​ប្រើប្រាស់​បាល់ទាត់​ដើម្បី​ជា​ការ​អភិវឌ្ឍ​ដល់​យុវជន​ សុខភាព និង​ដើម្បី​ការ​អប់រំ។

«ការងារ​ដែល​ពួកគេ​កំពុង​ធ្វើ​ ត្រូវ​បានបំផ្លាញ​ដោយ​មនុស្ស​មួយ​ក្រុម​នេះ​នៅ​ថា្នក់​កំពូលដែល​គិត​តែ​ពី​ការ​រក​លុយ​ជា​ធំ»។

ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ World Cup ឆ្នាំ២០២៦ នឹង​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​របស់​ FIFA ​នៅ​ក្នុង​ពេល​ប្រជុំ​សភា​របស់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ២០១៧។ ក៏ប៉ុន្តែ​ សហព័ន្ធ​ FIFA និយាយ​ថា ​ខ្លួន​អាច​នឹង​ពន្យារពេល​ការ​សម្រេច​ចិត្ត​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG