ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ជនបរទេស​សរុប​ជាង​៦០នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​ការបង្ខាំង​មនុស្ស


រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យដែល​ជា​ជន​បរទេស​សរុប​ជាង​៦០​នាក់ នៅ​ក្នុង​ប្រត្តិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស ដែល​ប្រទេស​នានា​បាន​ស្នើ​កម្ពុជា​ឱ្យជួយ​សង្រ្គោះ​ប្រជាជន​របស់​ខ្លួន ដែល​ត្រូវ​បាន​ធ្វើ​បាប​នៅ​លើ​ទឹក​ដី​កម្ពុជា។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​ជួញដូរ​មនុស្ស។

ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ អ្នក​ខ្លះ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។

អ្នកស្រី​ ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្តឹង តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ហ្វេស​ប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាម​ស្ថាន​ទូត​នៃ​បណ្តាប្រទេស​នានា និង​ខ្លះ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​សាច់​ញាតិ។ អ្នកស្រី​បន្ត​ថា​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​បរទេស​បាន​ជាង​ ៦០​ នាក់​ ដោយ​ពួកគេខ្លះត្រូវ​បញ្ជូន​ទៅ​តុលាការ​ និ​ងអ្នក​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស ​តាម​ការស្នើសុំ​របស់​ប្រទេស​សាមី។

​អ្នក​ស្រី ជូ ប៊ុន​អេង មិន​បាន​បញ្ជាក់ថា​តើ​ជន​សង្ស័យ​ទាំង​នោះ​ជា​ជន​ជាតិ​អ្វី​ឡើយ ដោយត្រឹម​តែ​លើក​ឡើង​ថា​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ចម្រុះ​ជាតិ​សាសន៍។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ក៏​បាន​រក​ឃើញ​ជន​ដែល​សង្ស័យ​ ឬ​មួយ​មេការ​ ឬ​មួយ​ស្អីដែល​នៅ​កន្លែងធ្វើ​ការងារ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ដូច​ជា​បាន​ជាង ​៦០ ​នាក់​។ ហើយ​ក៏​បាន​ធ្វើបែប​បទ​បញ្ជូន​ទៅ​តុលាការ ហើយ​ករណី​ខ្លះ​ គឺ​សាមី​ប្រទេស​ គាត់​ស្នើសុំ​យកទៅ​ប្រទេស​គាត់​អ៊ីចឹង​ទៅ»។

ចំណែក​ជន​រង​គ្រោះ​ដែល​អាជ្ញាធរ​ជួយ​សង្គ្រោះ​បាន មាន​ជាង​១២០​នាក់ ​ក្នុង​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ ចំនួន​៥៧ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ប្រមាណ​ ១១៣។ នេះ​បើ​តាម​អ្នកស្រី ជូ ប៊ុនអេង។ ជន​រងគ្រោះទាំង​នោះ ​រួម​មានជន​ជាតិ​ចិន​ច្រើន​ជាង​គេ​ និង​ជនជន​ផ្សេង​ៗទៀត ​ដូច​ជា​តៃវ៉ាន់​ម្នាក់​ ​អាមេ​រិក​ម្នាក់ ហ្វីលី​ពីន ​វៀត​ណាម ​និងបណ្តា​ប្រទេស​មួយ​ចំនួន​ទៀត។

​បើ​តាម​អ្នកស្រី ជូ ប៊ុនអេង ​ករណី​ជួញ​ដូរ​មនុស្ស​មាន​មិន​ដល់​១០​ករណី​នោះ​ទេ ដោយ​ភាគ​ច្រើន គឺ​ជា​ករណី​ចម្រូង​ចម្រាស​កិច្ចសន្យា​ការងារ​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២ ​លោក​ ស ខេង​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រៀម​ចុះ​ពិនិត្យ​អគារ​នានា​នៅ​ទូទាំង​ប្រទេស ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​បច្ចេកវិទ្យា ​ឬ​ហៅ​ថា Scam។

លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​កាល​ពី​ចុងខែសីហា​ថា​ ជន​រង​គ្រោះ​មួយ​ចំនួនដែលជា​ជនជាតិ​ចិន​ បាន​ចាញ់​បោក​មេ​ខ្យល់​ឱ្យ​បម្រើ​ការងារ​អនឡាញ​នៅ​ក្រុម​ហ៊ុន​កាស៊ីណូ ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ក្រុម​ហ៊ុន​បាន​ដក​យក​លិខិត​ឆ្លង​ដែន​និង​ដក​ទូរ​ស័ព្ទ​ដៃ​ទុក ហើយ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​រហូត​ដល់​១៧​ទៅ​១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

វីអូអេមិនទាន់អាច​សុំការ​បញ្ជាក់​ពីលោក ​ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​បាន​នៅ​ឡើយ​ទេ។

ចំណែក​លោក ​ឡុង​ ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​បានប្រាប់ឱ្យ​អ្នកសារ​ព័ត៌​មាន​របស់​វីអូអេ​ទៅ​សួរ​ខាង​អគ្គស្នងការ​នគរបាលជាតិ​ជំនួស​វិញ។

វីអូអេមិនទាន់អាច​សុំ​ការ​បញ្ជាក់ពី​លោក ​ឆាយ គឹមខឿន​ អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​លោក ​កែវ វណ្ណ​ថន អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​នៅ​ឡើយ​ទេ។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​បាន​ជន​បរទេស​ប្រើប្រាស់ ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​បច្ចេក​វិទ្យា ​ដែល​នេះ​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​រង​គ្រោះ​នៃ​អំពើ​ខុស​ច្បាប់​ទាំង​នេះ។ លោកបន្ថែមថា​ប្រជា​ជនកម្ពុជា​មិន​មែន​ជា​មេ​ខ្លោង​ប្រព្រឹត្ត​បទល្មើស​ទេ ដែលបទល្មើស​នេះ កើត​ឡើង​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​

លោក​ថ្លែង​ថា៖ «ជនល្មើស មេក្លោង ជួញដូរ​មនុស្សតាម​ប្រព័ន្ធ​ទូរគមនាគមន៍នេះ កំពុង​យក​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ អ៊ីចឹង​កម្ពុជា​យើង​ជា​កន្លែង​រង​គ្រោះ​ ពីព្រោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ​ជា​មេ​ក្លោង។ ៩៩​,៩​% ​មិន​មែន​ខ្មែរ​»។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ប្រាប់​វីអូអេ​ថា អង្គការ​សង្គមស៊ីវិល​នៅ​តែ​មានការ​ព្រួយបារម្ភ​ពាក់​ព័ន្ធ​ជាមួយ​ការ​ជួញដូរ​មនុស្ស​នៅកម្ពុជា​ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ក្នុង​ការ​បង្រ្កាប​ការ​ជួញដូរ​មនុស្ស​នៅ​ឡើយ។ លោក​បន្ថែមថា​ រដ្ឋាភិ​បាល​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​ការ​តាំង​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ដោះ​បញ្ហា​នេះ​ ដើម្បី កុំ​ឲ្យ​ប៉ះពាល់​មុខ​មាត់​កម្ពុជា ជា​ពិសេស​ជះ​ផល​អាក្រក់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស ។

លោក​បញ្ជាក់​ថា៖ «កម្ពុ​ជាយើ​ងត្រូ​វតែមានការខិត​ខំ​និងការប្រឹង​ប្រែង​ទៅលើ​ការ​បង្រាប​និងការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ពីព្រោះ​បញ្ហា​ទាំង​អស់​នេះ​វា​ជះ​ឥ​ទ្ធិ​ពល​ ប៉ះពាល់​ដល់​កម្ពុជា​ មុខ​មាត់​កម្ពុជា​យើ​ង»។

គួរ​បញ្ជាក់​ថាកម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម ​និង​ជំរិត​ទារ​ប្រាក់​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG