មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២២ ដល់ទី២៩ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរបានជួយសង្រ្គោះជនបរទេសជាង១០០នាក់ ដែលជាជនរងគ្រោះនៃការបង្ខាំងទុក និងការជួញដូរ តាមរយៈការដាក់ពាក្យបណ្តឹងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីចំនួន៤០ ដែលបានប្តឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយករណីទាំងនោះត្រូវបានអាជ្ញាធរបាននិងកំពុងចាត់វិធានការ។ លោកបន្តថា ជនរងគ្រោះទាំងនោះមានចម្រុះជនជាតិសាសន៍ ដូចជាជនជាតិអាមេរិក២នាក់ ឥណ្ឌូណេស៊ី១នាក់ ជនជាតិចិន៣៨នាក់ ម៉ាឡេស៊ី៥៣នាក់ វៀតណាម៥នាក់ ចិនតៃវ៉ាន់៣នាក់ និងខ្មែរចំនួន១នាក់។
អ្នកនាំពាក្យរូបនេះអះអាងទៀតថា ជនបរទេសទាំងនោះមកកាន់ប្រទេសកម្ពុជាតាមរយៈបណ្តាញដែលមាននៅក្រៅប្រទេស និងក្នុងប្រទេស ដោយការសន្យាថា នឹងផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែជាក់ស្តែងមិនបានចំណូលខ្ពស់ឡើយ។ អ្នកខ្លះចូលមកកម្ពុជាដោយមានលិខិតឆ្លងដែន ចំណែកអ្នកផ្សេងទៀតមិនមានឡើយ។
បើតាមលោក ខៀវ សុភ័គ ពេលមកដល់កម្ពុជា ជនបរទេសទាំងនោះលេងល្បែងអស់លុយពីខ្លួន ក៏ជំពាក់ថៅកែរហូតដល់អត់មានលុយសង ដែលនាំឱ្យថៅកែបង្ខំពួកគេឱ្យធ្វើការដោយបាត់បង់សេរីភាពដើរហើរ។
លោក ខៀវ សុភ័គ ថ្លែងថា៖ «មេការដកលិខិតឆ្លងដែនទុកទៅដើម្បីធ្វើការកាត់សងទៅ ហើយមិនឱ្យចេញទៅណា។ ហ្នឹងបាត់បង់សេរីភាពមួយហើយ។ អានេះជាការជួញដូរ»។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។
អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា អ្នកស្រីមិនទាន់មានទិន្នន័យសរុបនៃជនរងគ្រោះដែលត្រូវបានសង្រ្គោះនៅឡើយទេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំក្តាប់មិនបានជុំដោយសារខ្ញុំត្រូវចេញធ្វើទៅទស្សនកិច្ចនៅវៀតណាម»។
កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់តាំងពីដើមខែមករារហូតដល់ចុងខែសីហា ឆ្នាំ ២០២២ នេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនបរទេស ដែលត្រូវបានរាយការណ៍ថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្សជាង ៩០០នាក់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ស្ថានទូតបរទេសមួយចំនួនបានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា ក្នុងនោះមានពលរដ្ឋបង់ក្លាដែស ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។
លោកបន្ថែមថា ក្រសួងការបរទេសបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថា រងគ្រោះដោយអំពើជួញដូរមនុស្ស។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា លោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ខណៈកម្ពុជាពិតជាក្លាយជាកន្លែងប្រព្រឹត្តជួញដូរមនុស្សដោយផ្អែកទៅលើអ្វីដែលអាជ្ញាធររកឃើញ។ លោកជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការខ្លាំងៗទៅលើអ្នកប្រព្រឹត្តអំពើជួញដូរ បើទោះជាពួកគេមានខ្នងធំក៏ដោយ។ លោកបញ្ជាក់ថា ចំណាត់ការនេះតម្រូវឱ្យមានប្រតិបត្តិការទៀងទាត់ មិនធ្វើតែមួយថ្ងៃនោះទេ។
លោកថ្លែងថា៖ «ដោយមិនថា អ្នកនោះជាអ្នកមាន ឬអ្នកមានបក្សពួក ឬក៏មានខ្សែប៉ុណ្ណាទេ យើងចង់ឱ្យមានការអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាទៅលើគ្រប់ករណីទាំងអស់ ដោយមិនមានការលើកលែង»។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម៕