ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ត្រៀម​ចុះ​ពិនិត្យ​អគារ​ដែល​សង្ស័យ​ថា​ ប្រើប្រាស់​ដើម្បី​ជួញ​ដូរ​មនុស្ស​ក្នុង​បណ្តាញ ​Scam


រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។

អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រៀម​ចុះ​ពិនិត្យ​អគារ​នានា​នៅ​ទូទាំង​ប្រទេស ​ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ជួញ​ដូរ​មនុស្ស ​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​បច្ចេក​វិទ្យា ​ឬ​ហៅ​ថា​ Scam។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ក្រោយ​មាន​បញ្ជា​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ ឱ្យ​បើ​ក​ប្រតិ​បត្តិការ​ត្រួត​ពិនិត្យ​នៅ​ទី​កន្លែង​ដែល​មាន​ជន​បរទេស​ស្នាក់​នៅ។ ​

លោក ​ស ខេង ​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា៖ ​«ក្រៅ​ពី​នេះ​ យើង​ក៏​រៀបចំ​នូវ​ផែន​ការ ​ប្រតិ​បត្តិ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ជាក់​ស្តែង​មួយ​ទៀត ​ហើយ​នឹង​ត្រៀម​សម្រាប់​ការ​ប្រជុំជាមួយ​នឹង​ដៃ​គូ​អន្តរ​ជាតិ​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ»។​

លោក ​ឡុង​ ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អាជ្ញាធរ​ខេត្ត​បាន​កំពុងសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​មើល​ទីកន្លែង​ អគារ​នានា​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​សម្បូរ​អគារ​ខ្ពស់ ​និង​កាស៊ីណូ។​

លោក​ថ្លែង​ថា៖​«សព្វ​ថ្ងៃ​ហ្នឹង​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ទៅ​តាម​អគារ​ ក៏​ដូចជា​សហគ្រាស​នីមួយៗ​គឺ​មាន​ការ​សហការ​គ្នា​រវាង​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ជាមួយ​នឹង​ស្នងការ​នគរបាល​ខេត្ត​ ហើយ​នឹង​មន្ទីរ​ការងារ​របស់​ខេត្ត​ដើម្បី​ត្រួត​ពិនិត្យ​ការ​ស្នាក់​នៅ»។​

អ្នក​ស្រី​ ជូ ប៊ុនអេង ​អនុ​ប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រដ្ឋាភិបា​ល​កំពុង​តែ​រៀបចំ​រចនា​សម្ព័ន្ធ​ដើម្បី​ចាត់​ការ​លើ​ករណី​នេះ​ ខណៈ​អ្នក​ស្រី​ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​អំពើ​ឆបោក​តាម​បច្ចេក​វិទ្យា​នៅ​កម្ពុជា។ ​

ទោះ​ជាយ៉ា​ង​ណា ​ អ្នក​ស្រីថា ​មិន​មែនរាល់​ការ​ឆបោក​ទាំង​អស់​សុទ្ធ​តែ​ជា​អំពើ​ជួញ​ដូរ​មនុស្ស​ឡើ​យ ​ហេតុ​នេះ​ហើយ​ការ​យក​ករណី​ទាំង​អស់​នេះ​មក​លើក​ឡើង​ថា​ ជា​អំពើជួញ​ដូរ​មនុស្ស​ និង​វាយ​តម្លៃ​កម្ពុជា ​វា​មិន​សម​ហេ​តុ​ផល​ឡើយ។​

អ្នក​ស្រី​ថ្លែង​ថា៖​«បើ​និយាយ​ពី​រឿង​បោក​បញ្ឆោត​តាម​បច្ចេក​វិទ្យា​ ជា​ការណ៍ពិត​ហើយ ​ពី​ព្រោះ​អ្នក​ដែល​សង្គ្រោះ​បាន​ ពួក​គាត់​ថា ​ពួក​គាត់​ចាញ់​បោក​តាម​បច្ចេក​វិទ្យា​ហ្នឹង​ហើយ។​ ប៉ុន្តែ​បើ​សិន​និយាយ​ថា​ ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​ជា​អំពើ​ជួញ​ដូរ​មនុស្ស​ ថា ​មិន​មែន​ទេ»។​

កាល​ពី​ថ្ងៃទី​២០​ ខែ​សីហា ​សារព័ត៌មាន​ Taipei Times​ បាន​ចុះផ្សាយ​ថា​ មនុស្ស​ចំនួន​១៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​ប៉ូលិស​ដាក់​ការ​សង្ស័យ​ថា ​ពួក​គេ​រួម​គំនិត​ជាមួយ​អង្គ​ការ​ឧក្រិដ្ឋកម្ម​បរទេស​ដើម្បី​ទាក់​ទាញ​ប្រជាជន​តៃវ៉ាន់​ទៅ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​កា​រសន្យា​ផ្តល់​ឱ្យ​នូវ​ប្រាក់ខែ​ខ្ពស់។​

បើ​តាម​ Taipei Times ​ជនជាតិ​តៃវ៉ាន់​ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​រាយ​ការណ៍​ថា​ ពួក​គេ​រង​ការ​វាយ​ធ្វើ​បាប​លើ​រូប​រាង​កាយ​តាម​មធ្យោ​បាយ​ផ្សេងៗ​ដោយ​ឧក្រិដ្ឋជន​ជួញ​ដូរ​មនុ​ស្ស​នៅ​ក្នុង​សណ្ឋាគារ​នានា​ ក្នុង​ខេត្ត​ព្រះ​សីហនុ។​

​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​លោក ​វិទិត មុនតាប៊ន​(Vitit Muntarbhorn)​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ​ដើម្បី​ពិភាក្សា ​ដូច​ជា​សួរនាំ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​បច្ចេក​វិទ្យា​ផង​ដែរ។​

លោក ​ឡុង ឌីម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះសីហនុ ​ប្រាប់​វីអូអេ​ថា​ អ្នក​រាយ​ការណ៍​ពិសេស​បាន​ទទួល​ដំណឹង​ថា ​ខេត្ត​ព្រះសីហនុ​បើក​ចំហ​ឱ្យ​មាន​បទ​ល្មើស ​ដូច​ជា​ការ​បង្ខាំង​មនុស្ស​ដោយខុស​ច្បាប់​ ឬ​ក៏​ជួញ​ដូរ​កម្លាំង​ពល​កម្ម ​និង​ជួញដូរ​មនុស្ស​ជាដើម។​ លោក​បន្ថែម​ថា​ នៅ​ក្នុង​ជំនួប​នោះ ​លោក​ គួច ចំរើន​ អភិបាល​ខេត្ត​ព្រះ​សីហនុ ​បាន​ប្រាប់​អ្នក​រាយ​ការណ៍​ពិសេស​ថា រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​ហើយ​ខិត​ខំប្រឹង​ប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ ដែល​បាន​កើត​ឡើង​ ជា​ពិសេស​នៅ​ពេលដឹង​ថា​ មាន​អំពើ​ជួញ​ដូរ​មនុស្សនៅ​កន្លែង​ណា​មួយ​គឺ​អាជ្ញាធរ​តែង​តែ​ចុះ​បង្ក្រាប។​

លោក​ថ្លែង​ថា៖​ «គឺ​ថា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ស្រាវជ្រាវ ​ទប់​ស្កាត់​បទ​ល្មើស​ ហើយ​ជា​ពិសេស​គឺ​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​អំពី​បទ​ល្មើស​ជាក់​ស្តែង​ណាមួយ​គឺ​ថា​ កម្លាំង​របស់​យើង​តែង​តែ​ស្រាវ​ជ្រាវ​ ដើម្បី​វែក​មុខ​ហើយ​បង្ក្រាប»។​

កាល​ពី​ពេល​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព​ ​ធ្វើ​ទារុណ​កម្ម​ និងជំរិត​ទារ​ប្រាក់​ជា​ដើម។​

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភព​លោក​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០២២។ ​របាយ​ការណ៍​នោះ​បាន​បង្ហាញ​ថា​ កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ​ (Tier 2)​មក​កម្រិត​បី ​(Tier 3) ​ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។​ ​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធើណិត ​ឬ​ហៅថា​ Scam ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG