ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ស្នើ​ឱ្យ​កម្ពុជា​ជួយ​សង្គ្រោះ​ជនជាតិ​ខ្លួន​ពី​អំពើ​ជួញ​ដូរ​បោក​បញ្ឆោត​នៅ​ខេត្ត​កោះកុង


រូបថត​កាស៊ីណូ​ឡុងបេ (Long Bay)​ ក្នុង​តំបន់​តារាសាគរ នៃ​ស្រុក​គិរីសាគរ​ក្នុង​ខេត្ត​កោះកុង ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សណ្ឋាគារ​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/Long Bay Dara Sakor)
រូបថត​កាស៊ីណូ​ឡុងបេ (Long Bay)​ ក្នុង​តំបន់​តារាសាគរ នៃ​ស្រុក​គិរីសាគរ​ក្នុង​ខេត្ត​កោះកុង ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សណ្ឋាគារ​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/Long Bay Dara Sakor)

ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ចំនួន​បួន​នាក់ ដែល​ស្ថានទូត​អះអាង​ថា​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​បោក​បញ្ឆោត​តាម​បច្ចេកវិទ្យា​ (Scammer) នៅ​ក្នុង​កាស៊ីណូ​ឡុងបេ (Long Bay)​ ក្នុង​តំបន់​តារាសាគរ នៃ​ស្រុក​គិរីសាគរ​ក្នុង​ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ស្ថានទូត​ហ្វីលីពីន ដែល​បាន​ចុះ​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០២២ ដែល​វីអូអេ​ទទួល​បាន កាល​ពី​ថ្ងៃ​ពុធ។

បើ​តាម​លិខិត​ដដែល​នោះ ប្រជាពលរដ្ឋ​ហ្វីលីពីន​ចំនួន​បួន​នាក់​ ត្រូវ​បាន​ឆបោក ហើយ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​បរិវេណ​អគារ​ដែល​ពួក​គេ​ធ្វើ​ការ​ឡើយ ប្រសិន​បើ​ពួកគេ​មិន​មាន​លុយ​បង់។ លិខិត​បន្ត​ថា​ ទី​តាំង​របស់​ក្រុម​ហ៊ុន​ ស្ថិត​នៅ​ជាន់​ទី​ ៤ បន្ទប់​លេខ​ ៥០៨ នៅក្នុង​អគារ​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ ក្នុង​កាស៊ី​ណូ​ឡុងបេ នៅ​តំបន់​កម្សាន្ត​តារាសាគរ ក្នុង​ស្រុក​គិរីសាគរ នៃ​ខេត្ត​កោះកុង។

លិខិត​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ស្ថាន​ទូត​ស្នើ​ឱ្យ​ស្នង​ការ​នគរ​បាល​ជាតិ​ ជួយ​សម្រប​សម្រួលនៅ​ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋហ្វីលី​ពីន​ចំនួន​បួន​នាក់​ ពី​កន្លែងការងារ​នៅក្នុង​ក្រុមហ៊ុន​ចិន​ ដោយ​ឱ្យ​ប្រគល់​នូវ​លិខិត​ឆ្លង​ដែន ប្រាក់​បៀវត្សរ៍ និង​បញ្ជូន​ពួក​គេ​ទៅ​កាន់​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព»។

លិខិត​សុំ​អន្តរាគមន៍​របស់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​សមត្ថកិច្ច​ខេត្ត​កោះកុង ហើយ​សមត្ថកិច្ចបញ្ជាក់​ថា​ ខ្លួន​ទទួល​បាន​លិខិត​ស្នើ​សុំ​អន្តរាគមន៍​នេះ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​សីហា ឆ្នាំ​ ២០២២។ នេះ​បើ​តាម​លិខិត​របស់​នគរបាល​ខេត្ត​កោះកុង​ ដែល​វីអូអេ​ទទួល​បាន។

លោក ស សារ៉ាត អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ទើប​តែ​ទទួល​បាន​លិខិត​សុំ​អន្តរាគមន៍ កាល​ពី​ថ្ងៃ​ពុធ ហើយ​ក្រុម​ជំនាញ​បាន​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​នេះ។

លោក​ថ្លែង​ថា៖ «យើង​ឲ្យ​ចាត់​ចែ​ង​ទៅ​ខាង​ជំនាញ ហើយ​ជំនាញ​បាន​ចាត់​ចែង​ចុះ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ជន​រងគ្រោះ​ ដែល​បាន​រាយការណ៍​មក​ហ្នឹង។ ហើយ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​បាន​យ៉ាង​ណា​ គឺ​យើង​អត់​ទាន់​បាន​ព័ត៌មាន​មក​វិញ​ទេ ព្រោះ​យើង​ទើប​ទទួល​បាន​ថ្ងៃទី​ ១៧ ​ម្សិលមិញ ហើយ​ឥឡូវ​បាន​និង​កំពុង​ធ្វើ​ការ​ងារហ្នឹង​ហើ​យ»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ពេល​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ឡុងបេ ជនជាតិចិន​ម្នាក់​បាន​លើក​ទូរសព្ទ ហើយ​ឲ្យ​ជួប​ជន​ជាតិ​ខ្មែរ ដែល​ជា​អ្នក​បកប្រែ។ ជនជាតិ​ខ្មែរ​រូប​នោះ​បាន​ស្នើ​ឲ្យ​វីអូអេ​ផ្ញើ​សារ​តាម​អ៊ីមែល​វិញ តាម​ការ​បង្គាប់​របស់​ជនជាតិ​ចិន។

កាល​ពី​ពេល​កន្លង​ទៅ ក៏​មាន​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់ ដែល​បាន​បង្ហាញ​ថា ជនបរទេស ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​តំបន់​ឡុងបេ នៅ​តារាសាគរ​ផង​ដែរ។

លោក ថោង ច័ន្ទដារ៉ា អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​ហាក់​មិន​សូវ​មាន​សិទ្ធិ​ចូល​ទៅ​ពិនិត្យ​នៅ​ក្នុង​តំបន់​តារាសាគរ និង​តំបន់​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ដែល​មាន​អគារ​ខ្ពស់ៗ និង​កាស៊ីណូ​ឡើយ ដោយសារ​ពួកគេ​មាន​ខ្សែ​អ្នក​ធំ។ ដូច្នេះ​ហើយ​រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ខាង​ក្នុង​អគារ កម្រ​ត្រូវ​បាន​សាធារណជន​ដឹង​ណាស់​ លុះ​ត្រា​ណា​មាន​ការ​បែក​ធ្លាយ តាម​រយៈ​ការ​សុំ​អន្តរាគន៍​ពី​សាមី​ខ្លួន​ផ្ទាល់ ឬ​ក៏ក្រុម​គ្រួសារ។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​តួនាទី​របស់​ខ្លួន​ឡើង​វិញ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​កើត​ឡើង។

លោក​ថ្លែង​ថា៖ «កាស៊ីណូ តំបន់​ក្លឹប​កម្សាន្ត​អី អាជ្ញាធរ​គួរ​តែ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ ឬ​មួយ​តាម​ដាន​នូវ​សកម្ម​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ និង​បទ​ល្មើស​ដែល​មិន​ស្រប​ច្បាប់»។

កាល​ពីពេលកន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឲ្យ​មាន​សេរីភាព​ ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​ជំរិត​ទារ​ប្រាក់​ជាដើម។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​ ២០២២ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី ដែល​មក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ជាមួយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ​ដោយ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ការ​បោក​ប្រាស់​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ឬ​ហៅ​ថា ​Scam ​និង​ការ​ជួញ​ដូរ​មនុស្ស ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ ជន​ជាតិ​ឥណ្ឌូណេស៊ី​ក៏​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​លើ​ទឹកដី​កម្ពុជា។

គួរ​បញ្ជាក់​ថា ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភព​លោក កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២២។ របាយការណ៍​នោះ​បាន​បង្ហាញ​ថា​ កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ ​(Tier 2) មក​កម្រិត​បី (Tier 3) ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន ​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។ ​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ឬ​ហៅថា​ Scam ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG