តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) សហរដ្ឋអាមេរិកបានប្រកាសការគាំទ្រថ្មីមួយ ដែលមានគោលបំណងប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតមួយ ហើយរដ្ឋាភិបាលមិនបានខិតខំជាដុំកំភួនដើម្បីកែលម្អ។
សេចក្តីប្រកាសនេះបញ្ជាក់ថា ជំនួយនេះ«គាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស»។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិមិនបានបញ្ជាក់ទំហំទឹកប្រាក់នៃជំនួយនេះទេ។
គំនិតផ្តួចផ្តើមថ្មីនេះនឹងគ្រប់គ្រងដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission - IJM) ដែលជាផ្នែកមួយនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons - CTIP) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ដែលអនុវត្តដោយអង្គការ វីនរ៉ក់អន្តរជាតិ (Winrock International)។ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិលដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងភាពជាដៃគូជាមួយនឹងអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិនឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។ យើងមានមោទនភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស»។
សហរដ្ឋអាមេរិកបន្តសហការជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលសូចនាករនៃអំពើជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករ ក៏ដូចជាកាត់ទោសឧក្រិដ្ឋជន ការពារជនរងគ្រោះ និងទប់ស្កាត់អំពើជួញដូរមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននោះ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកស្តីពីការជួញដូរមនុស្សនៅលើពិភពលោក ដែលចេញផ្សាយកាលពីខែកក្កដា បង្ហាញថា កម្ពុជាធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំជាដុំកំភួនដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ ក្រសួងការបរទេសអាមេរិកឲ្យដឹងថា អំពើពុករលួយនៅតែជាឧបសគ្គក្នុងកិច្ចការបង្ក្រាបបទល្មើសជួញដូរមនុស្ស៕