ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​សង្គ្រោះ​ជន​បរទេស​ប្រមាណ​​ ៧០ ​នាក់​ពី​ការ​បង្ខាំង​ទុក


រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញ មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។
រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញ មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បានជួយ​សង្គ្រោះជន​បរទេស​ដែល​បាន​ចាញ់​បោក​មេ​ខ្យល់​មក​ធ្វើការ​នៅ​កម្ពុជា ប្រមាណ ​៧០ នាក់​ ខណៈ​ពួកគេ​ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​អគារ​មិន​ឱ្យ​មាន​សេរី​ភាព​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ជាង ​១០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ឈាន​ទៅ​ជំរិត​ទារ​ប្រាក់​ទៀត​ផង។ នេះ​បើ​តាម​មន្ត្រី​ពាក់ព័ន្ធ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​រដ្ឋបាល​ខេត្តព្រះសីហនុ​ក៏​បាន​ដាក់​ចេញ​វិធានការ​ច្បាប់​លើ​ជនល្មើស និង​បញ្ជា​ឱ្យ​បិទ​អាជីវកម្ម​ទាំង​នោះ​ជា​ដាច់​ខាត និង​នាំ​យក​ជនល្មើស​និង​អ្នក​សមគំនិត ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែសីហា អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​ចិន​ចំនួន ៤០ ​នាក់។ លោក​បន្ថែម​ថា ​ជន​រងគ្រោះ​បាន​ចាញ់​បោក​មេ​ខ្យល់​ឱ្យ​បម្រើការងារ​អនឡាញ​នៅ​ក្រុម​ហ៊ុន​កាស៊ីណូ ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ក្រុមហ៊ុន​បានដក​យក​លិខិត​ឆ្លង​ដែន​និង​ដកទូរស័ព្ទ​ដៃទុក ហើយ​បានបង្ខំ​ឱ្យ​ធ្វើ​ការ​រហូត​ដល់​ ១៧ ​ទៅ​ ១៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ។

បើ​តាម​លោក ខៀវ សុភ័គ ជន​បរទេសទាំង​នោះ​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ​ ១.០០០​ដុល្លារ​អាមេរិក ហើយ​ពួកគេ​បាន​លេង​ល្បែង​នៅ​កន្លែង​ធ្វើ​ការ​អស់​លុយ ​និង​បាន​ជំពាក់​លុយ​ក្រុម​ហ៊ុន​នោះ។ លុះ​ដល់​ពួក​គេ​ចង់​ឈប់​ពី​ក្រុម​ហ៊ុន​ ​ក្រុម​ហ៊ុន​តម្រូវឱ្យ​បង់​សង​ក្រុមហ៊ុន​ចំនួន​ ២ ​ម៉ឺន ​២ ​ពាន់​ដុល្លារ​អាមេរិក។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​អំពីករណី​មួយ​ទៀត​ស្រដៀង​គ្នា​នេះ​ថា​ នៅថ្ងៃទី​ ២៨ ខែ​សីហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ក៏​បាន​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ចំនួន​ ១៩ ​នាក់​ផង​ដែរ ដែល​បាន​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​បង្ខាំងទុកឱ្យ​ធ្វើ​ការ​ផង​ដែរ។ លោក​ថា ​ជនជាតិ​ថៃ​ ១៥​ នាក់​ ក្នុង​ចំណោម​ជនជាតិ​ថៃ​ទាំង​អស់​នេះ ​មានដីកា​តាម​ចាប់​ខ្លួន​របស់​ប្រទេស​ថៃ ពាក​ព័ន្ធបទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ហៅ​ថា​ Scam។

បើ​តាម​លោក ខៀវ សុភ័គ ​ជនរង​គ្រោះ​ទាំង​នោះ​បាន​ចាញ់​បោក​ការ​អូស​ទាញ​របស់​មេខ្យល់​ដែលបានសន្យា​ផ្តល់​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ដែល​ការ​បោក​បញ្ឆោត​នេះ អាច​ក្លាយ​ទៅ​ជា​ការ​ជួញ​ដូរ​មនុស្ស។ ហើយ​ការ​ជួយ​សង្គ្រោះ​ទាំង​នេះ គឺ​ដោយ​សារ​មាន​ការ​ចុះ​ពិនិត្យ​តាម​អគារ​ជន​បរទេស​រស់​នៅ និង​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ជិត​ខាង។

លោក​ថ្លែង​ថា៖ ​«មាន​ករណី​អ៊ីចឹង​មែន មិនខុស​គ្នាទេ​ គឺការ​ស្វែង​រក​ដើម្បី​ប្រាក់​ឈ្នួល​ខ្ពស់​ មាន​មេខ្យល់​អូស​ទា​ញមក ទាំង​មេ​ខ្យល់​ក្នុង​ស្រុក​ផង ហើយ​មេខ្យល់​ប្រទេស​សាមី​ផង​ ទាក់​ទាញ​យក​មក ចូលធ្វើ​ការ​ដោយខុស​ច្បាប់ ចូល ​[មក​កម្ពុជា] ដោយ​ខុស​ច្បាប់​ [ហើយ] យក​មក​សន្យា​ថា​ មាន​ប្រាក់​ខែ​ខ្ពស់​អ៊ីចឹង​ទៅ​ ដល់​ហើយ​ក៏​ជាប់​នៅ​ហ្នឹង​ទៅ»។

លោក​បន្ថែម​ថា៖ «ដល់​មក​ធ្វើ​ការ​ជាមួយ​បើក​ប្រាក់​ខែ​ឱ្យ ក៏​លេង​ល្បែង​អ៊ីចឹងទៅ ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ជំពាក់​លុយ​ថៅ​កែ​វិញ ព្រោះ​ចូល​ល្បែង​ស៊ីសង ​អាហ្នឹង​កាស៊ីណូ។ ​លេង​ចុះ​លេង​ឡើង​ ចាញ់​ជំពាក់​លុយ​ថៅកែ ថៅកែ​ឱ្យ​សង​លុយ​ [ហើយ] សង​លុយ​មិន​បាន​ [ឬ] រក​លុយ​សង​មិន​បាន [គឺ]​ ធ្វើការ។ ហើយ​ការ​ការ​សងលុយ​ចេះ​តែ​មាន​បន្តៗ​ទៀត​ទៅ ហើ​យ​ថៅ​កែ​បង្ខាំង​មិន​ឱ្យ​ចេញ ​ចេះ​តែ​ឱ្យ​រក​លុយ​សង​ឱ្យ​គ្រប់​ ឬថៅ​កែ​ជួន​កាល​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ណាមាន​លុយអ៊ីចឹង​ទៅ។ វា​អាច​អ៊ីចឹង ដូច​ជា​ការ​ជួញ​ដូរ​ [មនុស្ស]​ វិញ»។

ដោយ​ឡែក​ចាប់​ពី​ថ្ងៃ​ទី ​២៣ ​ដល់​ថ្ងៃ​ទី ​២៦​ ខែ​សីហា​នេះ អាជ្ញាធរ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ ក៏​បានជួ​យ​សង្គ្រោះ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​ ៩ ​នាក់​ ពី​ការបង្ខាំងមិន​ឱ្យ​ចេញ​ពី​ក្រុមហ៊ុន ការ​បង្ខាំង​ដោយ​ខុស​ច្បាប់​និង​ប្រើ​ហិង្សា ការ​កំហែង​យក​ និង​ជួញដូរកម្លាំង​ពលកម្ម និង​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់​ជាដើម​។ នេះ​បើ​តាមព័ត៌​មានបង្ហោះ​លើ​ហ្វេសប៊ុក​របស់រដ្ឋបាល​ខេត្តព្រះសីហនុ កាល​ពី​ថ្ងៃ​ទី ២៧ ខែសីហា។


បើ​យោង​តាម​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ ការ​ជួយ​សង្គ្រោះ​នេះ គឺនៅ​ទីតាំង​ ៣ កន្លែង​ផ្សេង​គ្នា​ ដោយ​បញ្ជាក់​តែ​ទីតាំង ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះ​ទេ តែ​អាជ្ញាធរបានឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ ៣ ​ទីតាំង​ សរុប​ចំនួន​ ១៣ ​នាក់​ មក​ធ្វើការ​សាកសួរ ​ដែល​រួម​មា​ន​ជន​ជាតិ​ចិន​ ៩ ​នាក់ និង​ជន​ជាតិខ្មែរ​ ២ ​នាក់ និង​អ្នក​គ្រប់​គ្រង​ជន​ជាតិ​ម៉ាឡេស៊ី​ ២ ​នាក់។

លោក ​ឃាង ភារម្យ ​ អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ បញ្ជាក់​បន្ថែម​ថា​ ករណី​បង្ក្រាប​កន្លង​មក គឺ​អាជ្ញាធរកំពុង​តែ​ដំណើរ​ការ​តាម​នីតិវិធី​ច្បាប់។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​ម្ចាស់​ទីតាំង​ដែល​ចូល​រួម​សម​គំនិត​នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ ទិញ​លក់​កម្លាំង​ពល​កម្ម​ ការ​ជួញដូរ​ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ រដ្ឋបាល​ខេត្ត​នឹង​បិទ​ទីតាំង​ បិទ​អាជីវកម្ម​ និង​នាំ​យក​ម្ចាស់​ទីតាំង​ទាំង​នោះ​ ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។ អ៊ីចឹង​ចំពោះ​ករណី​បង្ក្រាបកន្លង​មក​ យើង​កំពុង​តែ​ដំណើរការ​ក្នុង​នីតិវិធី។ ហើយ​បើ​សិន​ជា​យើង​រក​ឃើញ យើង​នឹង​អនុវត្តតាម​ច្បាប់»។

លោក​ ហេង សួរ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ ប្រាប់វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ករណី​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​នេះ ​គឺ​ជា​ការ​ជួញ​ដូរ​មនុស្ស ហើយ​ក្រសួង​ការងារ​កំពុង​ធ្វើការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ។

លោក​បញ្ជាក់​ជា​អក្សរតាម​បណ្តាញតេឡេក្រាម​ថា៖ «នេះ​គឺ​ជា​ករណី​ជួញ​ដូរ​មនុស្ស។ ក្រសួង​កំពុង​ធ្វើការ​សហការជាមួយគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស»។

កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធើណិត (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។

ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា ចាប់តាំង​ពី​ដើម​ខែមករា ​រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ ២០២២ ​នេះ ​អាជ្ញា​ធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​បរទេស ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ជា​ជនរង​គ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​ជាង​ ៩០០​ នាក់។

លោក​ ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កត់​សម្គាល់​ថា​ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នេះ​ផង​ដែរ។ ក៏​ប៉ុន្តែ​លោក​ថា ​ការ​អនុវត្ត​ច្បាប់ និង​ការ​ចាត់​វិធាន​ការ​ មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ ដូច្នេះ​លោក​ថា​ អាជ្ញាធរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​អនុវត្ត​ចំណាត់​ការ និង​វិធាន​ការ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បញ្ជាក់​អំពី​មន្ទិល​សង្ស័យ​របស់​សហគមន៍​អន្តរ​ជាតិ។ ​

​លោក​ថ្លែង​ថា៖ «បើ​សិន​ជា​ចំណាត់ការ​ណា​មួយ​ធ្វើ​ឡើង​ដោយ​មា​នការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ ក៏​យើង​អាច​លាង​ជម្រះ​មន្ទិល​សង្ស័យ និង​ផ្តល់​នូវ​ជំនឿ​ចិត្ត​ពី​សហគមន៍អន្តរ​ជាតិ​វិញ​ដែរ។ ប៉ុន្តែ​បើសិន​ជា​ការ​អនុវត្ត​ និង​ចំណាត់​ការ ឬ​វិធាន​ការ​របស់​ប្រទេស​កម្ពុជា​យើង​មិន​អាចធ្វើ​បាន​ដោយ​មាន​ការ​ជឿ​ទុក​ចិត្ត​បាន​ពី​សហគមន៍​អន្តរជាតិទេ យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ដែល​ប្រទេស​កម្ពុជា​អាច​រងនូវ​វិធាន​ការ​ផ្សេងៗ​ពីសហគមន៍​អន្តរជាតិ​បន្ត​ទៀត»។

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វីអូអេ​ថា​ បទ​ល្មើស​ជួញ​ដូរមនុស្ស​គឺជា​ឧក្រិដ្ឋ​កម្មឆ្លង​ដែន ដែល​កំពុង​កើត​មាន​ឡើង​នៅ​គ្រប់​តំបន់ និង​បាន​រីកសាយ​ភាយ «ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ស្មុគ​ស្មាញ »។ ដូចនេះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​កា​រជួញ​ដូរ​មនុស្ស ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​បណ្តា​ប្រទេស​ជាច្រើន​។

លោក​បន្ថែម​ថា ​ក្រសួង​ការបរទេស​តែង​តែ​សម្រប​សម្រួល បញ្ជូន​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ស្ថាន​តំណាង​បរទេស ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ បាន​យ៉ា​ងឆាប់​រហ័ស ដើម្បី​ពិនិត្យ និង​ធ្វើ​កិច្ច​អន្តរាគមន៍៕

XS
SM
MD
LG