រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ បានជួបជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាការបោកប្រាស់កេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណិត ឬហៅថា Scam និងការជួញដូរមនុស្ស ខណៈមានសេចក្តីរាយការណ៍ថា ជនជាតិឥណ្ឌូណេស៊ីក្លាយជាជនរងគ្រោះលើទឹកដីកម្ពុជា។
រដ្ឋមន្ត្រីមន្ត្រីការបរទេសឥណ្ឌូណេស៊ី អ្នកស្រី Retno Marsudi ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ក្នុងសប្តាហ៍នេះ ក៏បានឆ្លៀតពេលជួបពិភាក្សាជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃអង្គារ អំពីកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាកេងប្រវ័ញ្ចប្រជាជនឥណ្ឌូណេស៊ី ដោយសារក្រុមហ៊ុនបោកប្រាស់តាមអ៊ីនធើណិត និងចាត់វិធានការបង្ការការជួញដូរមនុស្ស។ នេះបើតាមសាររបស់អ្នកស្រី Retno Marsudi នៅលើប្រព័ន្ធTwitter កាលពីថ្ងៃទី២ ខែសីហា។
អ្នកស្រី Retno Marsudi បានបញ្ជាក់ថា៖ «យើងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយការកេងប្រវ័ញ្ចប្រជាជនឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណិត និងវិធានការបង្ការការជួញដូរមនុស្ស»។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌូណេស៊ីជាង៦០នាក់ ទាក់ទងការចាញ់បោកតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជាផងដែរ។
សារព័ត៌មានTEMPO.CO ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចេញផ្សាយព័ត៌មានកាលពីថ្ងៃទី២ខែសីហានេះឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ជនជាតិឥណ្ឌូណេស៊ីទាំង៦២នាក់ ត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ ដែលជាជនរងគ្រោះនៃការជួញដូរក្នុងអំពើបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត។ សារព័ត៌មាននេះឲ្យដឹងថាជនជាតិឥណ្ឌូណេស៊ីជាង១០០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ក្រោយត្រូវបានជួយសង្រ្គោះក្នុងប្រទេសកម្ពុជា។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្នុងជំនួបនោះ កម្ពុជានិងភាគីឥណ្ឌូណេស៊ីបានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលនឹងធ្វើឡើងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការបើកវគ្គសិក្សា និងសិក្ខាសាលាក្នុងការដកពិសោធន៍ ការផ្លាស់ប្តូរព័ត៌មាន និងការស្នើសុំស្រាវជ្រាវស៊ើបអង្កេតជាដើម។
លោកថ្លែងថា៖ «យើងជជែកគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងឥណ្ឌូណេស៊ី។ យើងរៀបចំឱ្យមានយន្តការ[ទំនាក់ទំនង]ក្នុងការផ្លាស់ប្តូរព័ត៌មាន...ក្នុងការបង្ក្រាបបទឧក្រិដ្ឋ [គឺមាន]តែប៉ុណ្ណឹងទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅទីក្រុងភ្នំពេញបាននៅឡើយទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ មើលឃើញថា បញ្ហាប្រឈមនៃការកេងប្រវ័ញ្ច និងការជួញដូរមនុស្សតាមប្រព័ន្ធអ៊ឺនធើណិតនេះ គឺជាបញ្ហាមួយដែលគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ពីព្រោះសហរដ្ឋអាមេរិកបានដាក់ចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់មិនល្អសម្រាប់កម្ពុជា។
លោកកត់សម្គាល់ថា មិនមែនមានតែជនជាតិឥណ្ឌូណេស៊ីទេដែលរងគ្រោះ គឺមានជនជាតិផ្សេងទៀត ដូចជាថៃ វៀតណាម ហ្វីលីពីន ចិនជាដើម។ នេះបើយោងទៅតាមការចេញផ្សាយតាមរយៈសារព័ត៌មាននានា។
លោកថ្លែងថា៖ «បញ្ហាទាំងអស់នេះ យើងមើលឃើញថា វាជារឿងមួយ ភាគគ្រោះថ្នាក់ និងធ្ងន់ធ្ងរទាក់ទងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ អ៊ីចឹងហើយបានយើងឃើញថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់កម្ពុជាយើងក្នុងបញ្ជីមួយមិនល្អ ចំពោះការជួញដូរមនុស្ស ហើយដាក់ចំណាត់ថ្នាក់លេខ៣ទៅទៀត»។
លោក អំ សំអាត បន្ថែមថាកម្ពុជាត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ ក្រមព្រហ្មទណ្ឌ និងច្បាប់នានាឱ្យមានប្រសិទ្ធភាព និងត្រូវបន្ថែមយន្តការក្នុងការទប់ស្កាត់បទល្មើសនានា និងត្រូវសហការគ្នាឱ្យបានល្អជាមួយប្រទេសជិតខាង ដើម្បីធ្វើឱ្យកម្ពុជាអាចចៀសផុតពីចំណាត់ថ្នាក់នៃបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក និងអាចត្រឡប់ទៅទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបានឡើងវិញ។
កាលពីខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សនៅលើពិភពលោក ដោយក្នុងនោះបានបង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួន ដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមាដូចដែលបានកំណត់។ របាយការណ៍នេះក៏បានលើកឡើងអំពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណិត ឬហៅថាScam។
គួរបញ្ជាក់ថាកាលពីកន្លងទៅ មានសេចក្តីរាយការណ៍ថាកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត ដោយប្រើប្រាស់កម្លាំងបរទេស ធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឲ្យមានសេរីភាព ការធ្វើទារុណកម្មនិងការជំរិតទារប្រាក់ជាដើម៕