ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​វៀតណាម​ជាង​៤០​នាក់​សម្រុក​ចេញ​ពី​កាស៊ីណូ​នៅ​ខេត្ត​កណ្តាល ខណៈ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក


រូប​ថត​​​នៃ​ការ​សម្រុក​រត់​គេច​ចេញ​ពី​កាស៊ីណូ​ឈ្មោះ Golden Phonix Entertainment ក្នុង​ឃុំ​ជ្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្តាល ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក Viec Lam Campuchia (Cambodia) កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។ (ហ្វេសប៊ុក)
រូប​ថត​​​នៃ​ការ​សម្រុក​រត់​គេច​ចេញ​ពី​កាស៊ីណូ​ឈ្មោះ Golden Phonix Entertainment ក្នុង​ឃុំ​ជ្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្តាល ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក Viec Lam Campuchia (Cambodia) កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។ (ហ្វេសប៊ុក)

វីដេអូ​នៃ​ការ​សម្រុក​រត់​គេច​ចេញ​ពី​កាស៊ីណូ​ក្នុង​ខេត្ត​កណ្តាល មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា​ដោយ​សារ​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​សារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​ថា​ នេះ​ជា​ករណី​បង្ខាំង​ទុក​ជន​ជាតិ​វៀតណាម ដែល​បាន​រង​ការ​កេង​ប្រវ័ញ្ច។

សារព័ត៌មាន​វៀតណាម ​VNEXPRESS ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៨ ខែសីហា ថា ជនជាតិ​វៀតណាម​ចំនួន​ ៤២ ​នាក់ បាន​រត់​ចេញ​ពី​កាស៊ីណូ ដោយ​សារ​ពួក​គេ​ត្រូវ​បាន​រាយការណ៍​ថា ថៅកែ​បាន​ធ្វើ​បាប​តាម​រយៈ​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ហួស​កំណត់​ និង​មិន​ផ្តល់ប្រាក់​ខែ។

បើ​តាម VNEXPRESS ជន​ជាតិ​វៀតណាម​ទាំង​នោះ​បាន​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​បាន​ធ្វើ​ការ​តាម​កាស៊ីណូ​ ពាក់ព័ន្ធ​ហ្គេម​អនឡាញ ខណៈ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​ម៉ោង និង​មិន​ផ្តល់​ប្រាក់​កម្រៃ​ឡើយ។ ហេតុ​ដូចនេះ ពួកគេ​ក៏​បាន​សម្រេច​ចិត្ត​ សម្រុក​រត់​គេច​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

សេចក្តី​រាយការណ៍​របស់ VNEXPRESS បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ជនជាតិ​វៀតណាម​ទាំង​នោះ​បាន​ឆ្លង​កាត់​ផ្លូវ​ទឹក ដើម្បី​ឆ្លង​ទៅ​វៀតណាម ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ទឹក​កួច​យក​ទៅ ដោយ​មិន​ដឹង​ទៅ​ដល់​ណា។ ចំណែក​ម្នាក់​ទៀត​ត្រូវ​បាន​ថៅកែ​ចាប់​ខ្លួន​បាន​។ ប្រជាពលរដ្ឋ​វៀតណាម​ប្រមាណ​ ៤០​ នាក់​ទៀត​ ត្រឡប់​ទៅប្រទេស​វៀតណាម​វិញ។

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​ ១ នាទី និង​ដែល​ត្រូវ​បានបង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​ ១៨ ខែ​សីហា ហើយត្រូវ​បាន​ចែក​រំលែក​ជា​បន្ត​បន្ទាប់ គេ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម ដែល​ត្រូវ​បាន​រាយការណ៍​ថា​ ជា​ជន​ជាតិ​វៀតណាម​ បាន​សម្រុក​គេច​រត់​ចេញ​ពី​កាស៊ីណូ​មួយ​កន្លែង ឈ្មោះ Golden Phonix Entertainment ក្នុង​ឃុំ​ជ្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្តាល។ ​ពួកគេ​បាន​លោត​ចូល​ក្នុង​ទឹក​ទន្លេ ដើម្បី​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ប្រទេស​វៀតណាម។ ក្នុង​វីដេអូ​នោះ គេ​ក៏​ឃើញ​មាន​មនុស្សកាន់​ដំបង​ដេញ​វាយ​ផង​ដែរ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ថា​អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ស្រាវ​ជ្រាវ​ទៅ​ វា​អត់​ឃើញ​អី​ផង កំពុង​នៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​យប់​ទល់​ភ្លឺ​ហើយ»។

ចំណែក​លោក ស៊ឹម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ ប្រាប់​វីអូអេ​ថា​ សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឈឿន សុចិត្ត ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ដែរ។

ជន​ជាតិវៀតណាម​ជា​ច្រើន​នាក់​ត្រូវ​បាន​ឆបោក​ឱ្យ​ធ្វើ​ការ​នៅ​តាម​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​រឿយៗ​ ពួក​គេត្រូវ​បាន​កេង​ប្រវ័ញ្ច​ ហើយ​ប្រសិន​ជា​ពួក​គេ​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ លុះ​ត្រា​ណា​តែ​ពួក​គេ​មាន​លុយ​បង់​ក្នុង​ចំនួន​ ៣ ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​ VNEXPRESS។

សារព័ត៌មាន​ដដែល​នោះ​បាន​ឱ្យ​ដឹង​បន្ថែម​ថា ​នៅ​ត្រឹម​ពាក់​កណ្តាល​ ឆ្នាំ​ ២០២២ ​នេះ ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម បាន​សហការ​គ្នា​ជួយ​សង្គ្រោះ​ជនជាតិ​វៀតណាម​ចំនួន​ជាង ២៥០ ​នាក់​មក​ហើយ​ ពាក់​ព័ន្ធ​ជាមួយ​ករណី​បែប​នេះ។

កាល​ពី​ពេល​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរីភាព​ ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​ជំរិត​ទារ​ប្រាក់​ជាដើម។

គួរ​បញ្ជាក់​ថា ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភព​លោក កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២២។ របាយការណ៍​នោះ​បាន​បង្ហាញ​ថា​ កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ ​(Tier 2) មក​កម្រិត​បី (Tier 3) ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន ​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។ ​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ឬ​ហៅថា​ Scam ​ផង​ដែរ៕

XS
SM
MD
LG