របាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិកបង្ហាញថា កម្ពុជាធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួន ដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិកឲ្យដឹងថា អំពើពុករលួយនៅតែជាឧបសគ្គក្នុងកិច្ចការបង្ក្រាបបទល្មើសជួញដូរមនុស្ស។
របាយការណ៍បញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានបំពេញបទដ្ឋានអប្បបរមា ហើយមិនបានប្រឹងប្រែងជាដុំកំភួននៅក្នុងការលុបបំបាត់ការជួញដូរមនុស្សនោះទេ សូម្បីតែពិចារណាពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ មកលើសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ដូច្នេះ កម្ពុជាត្រូវបានទម្លាក់ចំណាត់ថ្នាក់ចូលក្នុងកម្រិតTier 3»។
កម្រិតបី (Tier 3) បានសេចក្ដីថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋានដូចមានចែងនៅក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA)។ កម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន (Tier 2 Watch List) បានសេចក្ដីថាទោះរដ្ឋាភិបាលម្ចាស់ប្រទេសបានធ្វើកិច្ចការជាច្រើនគួរឱ្យកត់សម្គាល់ តែមិនទាន់បានបំពេញគ្រប់និយាមអប្បបរមាដែលមានចែងក្នុងនិយាមអប្បបរមាអំពីការជួញដូរមនុស្ស ហើយចំនួនជនរងគ្រោះនៅតែច្រើន ខណៈរដ្ឋាភិបាលមិនទាន់ខិតខំដល់កម្រិត និងមិនបង្ហាញភស្ដុតាងជាតឹកតាងគ្រប់គ្រាន់ថាខ្លួនបានព្យាយាម។
របាយការណ៍បន្តថា បើទោះបីមានចំណាត់ការខ្លះពីរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងបង្ក្រាបការជួញដូរមនុស្ស អំពើពុករលួយញាំញី និងកង្វះការស៊ើបអង្កេតនិងចំណាត់ការលើមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅតែបង្កជាចំណោទបញ្ហាចំពោះការអនុវត្តច្បាប់ ការឲ្យជនល្មើសរ៉ាប់រងទោសទណ្ឌរបស់ខ្លួន និងការផ្តល់សេវាផ្សេងៗដល់ជនរងគ្រោះ។ របាយការណ៍បានលើកឡើងអំពីការជួញដូរក្មេងទៅកន្លែងកម្សាន្តសប្បាយ កន្លែងផលិតឥដ្ឋ និងការជួញដូរបោកបញ្ឆោតតាមបច្ចេកវិទ្យា ឬហៅថា Scam។
របាយការណ៍ឆ្នាំ២០២២នេះចងក្រងព្រឹត្តិការណ៍ដែលកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០២១ រហូតដល់ចុងខែមីនា ឆ្នាំ២០២២។
ក្រៅពីកម្ពុជា គេឃើញបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានដូចជាម៉ាឡេស៊ី មីយ៉ាន់ម៉ា ព្រុយណេ និងវៀតណាម ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កម្រិតទាបបំផុត Tier 3 ផងដែរ។
កាលពីកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ឬគេហៅថា Scam ដោយប្រើប្រាស់កម្លាំងបរទេស ក្នុងនោះមានជនជាតិថៃ និងចិន ធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។
អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាធ្លាប់បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងការបង្ខាំងមនុស្សប្រើប្រាស់ក្នុងការងារដែលជាញឹកញាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២២។ ពួកគេស្នើឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញទៅលើករណីនេះ។
ការចេញផ្សាយរបាយការណ៍នេះ ស្របពេលមានការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ Al Jazeera ដែលជាព័ត៌មានស៊ើបអង្កេតស្តីពីការឆបោកតាមបច្ចេកវិទ្យានៅកម្ពុជា។
វីដេអូព័ត៌មានស៊ើបអង្កេតរយៈពេលជាង៤០នាទី ចេញកាលពីថ្ងៃទី១៤ ខែកក្កដា ក្រោមចំណងជើងថា«បង្ខំឲ្យធ្វើការឆបោក៖ ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» (Forced to Scam: Cambodia’s Cyber Slaves) រៀបរាប់ពីសកម្មភាពជួញដូរមនុស្ស និងការធ្វើទាសភាពលើជនជាតិចិន ក្រោមប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញរបស់ឧក្រិដ្ឋជនទាំងនោះជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា។ ទីតាំងមួយចំនួនក្នុងខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ និងប៉ោយប៉ែតត្រូវបានរាយការណ៍ថាត្រូវបានប្រើប្រាស់ ដើម្បីប្រព្រឹត្តអំពើឆបោក និងការវាយដំនៅទីនោះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ឲ្យដឹងថា ប្រហែលក្រសួងការបរទេសអាមេរិកឃើញព័ត៌មានផ្សេងៗដែលរៀបរាប់ពីការជួញដូរមនុស្សនៅកម្ពុជា ទើបមានការចាត់ចំណាត់ថ្នាក់កម្ពុជាបែបនេះ។ យ៉ាងណាក្តី អ្នកស្រីបញ្ជាក់ថា អាជ្ញាធរកម្ពុជាតែងបង្ក្រាបការជួញដូរមនុស្សគ្រប់រូបភាពកាលពីពេលកន្លងមក។
អ្នកស្រីប្រាប់វីអូអេថា៖ «យើងមិនដែលគិតថាខ្លួនយើងហ្នឹងធ្វើការវាសុក្រឹត្យមួយរយភាគរយនោះទេ។ ប៉ុន្តែអ្វីដែលយើងធ្លាប់បានប្តូរផ្តាច់ជាមួយគ្នាកន្លងមកហ្នឹង មានន័យថា សូម្បីស្ថានទូតសហរដ្ឋអាមេរិកថាយើងនឹងធ្វើការសហការគ្នាឲ្យបានជិតស្និទ្ធ។ អ៊ីចឹង រឿងអីក៏ដោយ យើងគួរតែដឹងទាំងអស់គ្នាហើយ ថាវាមានរឿងអីកើតឡើង។ ហើយនៅក្នុងករណីកន្លងមក វាមិនដែលមានរឿងហ្នឹងកើតឡើងនៅកម្ពុជានោះទេ។ ប៉ុន្តែដំណាក់កាលចុងក្រោយ វាលេចឮព័ត៌មាន ហើយយើងក៏បានឆ្លើយតបជាបន្តបន្ទាប់»។
អ្នកស្រីបន្ថែមថាពាក់ព័ន្ធនឹងករណីដូចការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera អាជ្ញាធរកម្ពុជាស្នើសុំការសហការក្នុងការផ្តល់ព័ត៌មានច្បាស់លាស់ពីប្រទេសពាក់ព័ន្ធ ដើម្បីអាចចាត់វិធានការបានប្រកបដោយប្រសិទ្ធភាព។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការធ្លាក់ចុះចំណាត់ថ្នាក់នេះជា«ការព្រួយបារម្ភ»មួយ ចំពោះបញ្ហាជួញដូរមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹង ចំណាត់ថ្នាក់ក្នុងរបាយការណ៍នេះបង្ហាញថាការជួញដូរមនុស្សនៅកម្ពុជាយើងគឺ មិនទាន់មានការថយចុះទេ ប៉ុន្តែផ្ទុយទៅវិញមានការកើនឡើង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា អង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលជំរុញបន្ថែមលើការទប់ស្កាត់ការជួញដូរមនុស្ស តាមរយៈការពង្រឹងយន្តការដែលមានស្រាប់ ការបង្កើនប្រសិទ្ធភាព និងបង្កើតយន្តការបន្ថែមទៀត ការចាត់វិធានការដាច់ខាតលើរាល់បុគ្គលជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស៕