ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មភាព​មេ​បញ្ជាការ​យោធា​អាមេរិក​កំណើត​ខ្មែរ​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ

  • សុខ ខេមរា

នៅ​ក្នុង​រូបថត​ថ្ងៃ​ ០៣ ធ្នូ ២០១០ នេះ មេបញ្ជាការ​នាវា​ចម្បាំង​ស.រ.អា.​ លោក​ម៉ៃខល វណ្ណៈ ​ខឹម​ មីសីវីក ​(Michael Vannak Khem Misiewicz)​ បង្ហាញ​​​អារម្មណ៍​ក្តុកក្តួល​នៅ​ពេល​ឱប​ម្តាយ​មីង Samrith Sokha អាយុ​៧២​ឆ្នាំ​ នៅ​​ក្រុង​ព្រះសីហនុ។
មន្ត្រី​យោធា​ជាន់ខ្ពស់​អាមរិកាំង​ពីរ​នាក់​មាន​ដើម​កំណើត​ខ្មែរ​ ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និងផ្ផ្តល់​ឯកសារ​យោធា​ស.រ.អា.​ដល់​រដ្ឋាភិបាល​កម្ពុជា។​

ទង្វើ​នេះ​ត្រូវ​មន្ត្រី​អាមេរិកាំង​ចាត់ទុក​ថា​ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​ទប់ស្តាត់។​

មេ​បញ្ជាការ​យោធា​ជើងទឹក​កំពូល​របស់​ស.រ.អា.​គឺ​ឧត្តម​នាវី​សាំញ៉ូអែល ឡុកគ្លៀ​ (Samuel J. Locklear III) បាន​ហៅ​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​យោធា​ពីរ​នាក់​ថា​ ជា​បញ្ហា​ដែល​ត្រូវតែ​មាន​ វិធានការ​ទប់ស្កាត់​ កុំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ស.រ.អា.។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ផ្នែក​ខេមរភាសា​ក្នុង​ពេល​សន្និសីទ​កាសែត​ មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​កាលពី​ថ្ងៃ​អង្គារ ​ឧត្តមនាវី​សាំញ៉ូអែល ឡុកគ្លៀ​ មេ​បញ្ជាការ​យោធា​ជើង​ទឹក​ស.រ.អា.​ បាន​អះអាង​បញ្ហា​ទាំង​នេះ​ជា​រឿង​ដែល​ត្រូវ​ ទប់ស្កាត់​ផល​ប៉ះពាល់​របស់វា៖​
«ទិដ្ឋភាព​នៃ​ការ​ប្រឆាំង​ចារកម្ម​ក្នុង​អង្គភាព​យោធា​គឺ​ជា​រឿង​ដែល​តែងតែ​បង្ក​បញ្ហា ហើយ​តែងតែ​ត្រូវ​ស៊ើប​អង្កេត​ប្រសិន​បើ​កើតមាន​ឡើង។ ​វាក៏​ជា​រឿង​ ដែល​គ្រប់​ប្រទេសទាំងអស់​ យើង​ត្រូវតែ​ធ្វើការ​យ៉ាងខ្លាំងដើម្បីធានា​ថា​ ផល​ប៉ះពាល់​ពី​រឿងរ៉ាវ​របៀប​នេះ​ត្រូវ​បាន​ទប់ស្កាត់»។​

លោក​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទៅ​លើ​បទចោទ​របស់​មន្ត្រីយោធា​អាមេរិកាំង​ដែលមាន​ដើម​កំណើត​ខ្មែរ​ទាំងពីរ​នោះ​ទេ។ តែ​របាយ​ការណ៍​ព័ត៌មាន​នានា ​និង​របាយ​ការណ៍​ពីតុលាការ​ស.រ.អា.​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​យោធា​សហ​រដ្ឋ​អាមេរិក​ពីរ​នាក់​គឺ​មេបញ្ជាការ​នាវា​ចម្បាំង​ស.រ.អា.​ លោក​ម៉ៃខល វណ្ណៈ ​ខឹម​ មីសីវីក ​(Michael Vannak Khem Misiewicz)​ ដែល​ធ្លាប់​ដឹកនាំ​នាវា​ស.រ.អា.​ទៅកាន់​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​ជាច្រើន​ ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ទទួល​សំណូក ​បេស្យាកម្ម​ ផ្តល់​ព័ត៌មាន​ សម្ងាត់​ដល់​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​សឹង្ហបូរី ​ហើយ​សវនាកា​រសំណុំ​រឿង​របស់​លោក​នៅ​ថ្ងៃ​៨​ខែវិច្ឆិកា​អាច​នឹង​កំណត់​ថ្ងៃ​កាត់ទោស។

​ដោយ​ឡែក​មន្ត្រី​យោធា​អាមេរិក​ដើម​កំណើត​ខ្មែរ​ម្នាក់​ទៀត​គឺ​វរៈសេនីត្រី​ ស៊ីវីរៈ អ៊ីនសុន (Maj. Seivirak Inson)​ ជា​មន្ត្រី​យោធា​ផ្នែក​ចារកិច្ច​របស់​ស.រ.អា.​ ត្រូវ​តុលាការ​ស.រ.អា.​មួយ​កាត់​ ទោស​ឲ្យ​ជាប់គុក​១០​ឆ្នាំ​កាលពី​ខែ​មិថុនា​ ពី​បទ​ផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១២។ ​ក្រុម​មន្ត្រី​ស.រ.អា.​បាន​ចាត់​ទុក​ថា​ បញ្ហា​ ទាំងពីរ​នេះ​បាន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ​របស់​ស.រ.អា.​ដ៏​ធ្ងន់ធ្ងរ។​

ឧត្តមនាវី​ សាំញ៉ូអែល ឡុកគ្លៀ​ (Samuel J. Locklear III) មេ​បញ្ជាការ​យោធា​ជើងទឹក​កំពូល​របស់​ស.រ.អា.​ ថ្លែង​អំពី​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ឯ​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣។ (សុខ ខេមរា/វីអូអេ)
ឧត្តមនាវី​ សាំញ៉ូអែល ឡុកគ្លៀ​ (Samuel J. Locklear III) មេ​បញ្ជាការ​យោធា​ជើងទឹក​កំពូល​របស់​ស.រ.អា.​ ថ្លែង​អំពី​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ឯ​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣។ (សុខ ខេមរា/វីអូអេ)
​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា​ គ្មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​ផ្តល់​ឯកសារ​ពី​ទាហាន​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នោះ​ទេ ។​

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​អត់​មាន​ផង។ ​ខ្ញុំ​ដូច​ជា​អត់​ដឹង​ព័ត៌មាន​ហ្នឹង​ផង»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ មន្ត្រី​នាំ​ពាក្យ​យោធា​ស.រ.អា. ​រួម​ទាំង​លោក​វីរៈសេនីទោ ​Jeffrey Pool ​អ្នក​នាំពាក្យ​មួយ​រូប​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ បាន​អះអាង​ ប្រាប់​វីអូអេ​តាម​រយៈ​សារ​អេឡិចត្រូនិច​អ៊ីមេល​យ៉ាង​ខ្លី​អំពី​ទោសទណ្ឌ​របស់​លោក​វីរៈសេនីត្រី​សីវីរៈ អ៊ីនសុន​ ដែល​មាន​ទោស​ពីបទ​ចោទ​ប្រកាន់​ជា​ច្រើន​ រួមទាំង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ផង​ដែរ។​

«វីរៈសេនីត្រី ​អ៊ីនសុន​ត្រូវរក​ឃើញ​ថា​ មានទោស ​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ ជាប់​គុក​រយៈពេល​១០​ឆ្នាំ។ ​បន្ទាប់ពី​លោក​បាន​រួចខ្លួន​ពីគុក ​លោក​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​យោធា​ហើយ»។​

អ្នក​នាំពាក្យ​ដដែល​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​រឿង​នេះ​ទេ ​ហើយ​ បង្វែរ​សំណួរ​អំពី​ជន​ជាប់ចោទ​ម្នាក់ទៀត​គឺ​លោក​ម៉ៃខល វណ្ណៈ​ខឹម​ មីសីវីក​ទៅ​ផ្នែក​យោធា​ជើងទឹក។ ​តែ​នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ មន្ត្រី​យោធា​ ជើងទឹក​រូបនោះ​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ។​

លោក​ខឹម វណ្ណៈ​ត្រូវគេ​ដឹង​ថា​ ជា​មេបញ្ជាការ​កងនាវា​ចម្បាំង ​USS Mustin​ ហើយ​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជាការ​នាវា​ជើងទឹក​ទី៧​របស់​ស.រ.អា.​មុន​ត្រូវ​ចាប់​ខ្លួន។ ​លោក​ត្រូវ​គេ​ដឹង​ថា​ បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ទសវត្សរ៍​១៩៧០។​ មន្ត្រី​មួយ​ចំនួន​ រួមទាំង​ក្រុមហ៊ុន​នៃ​ប្រទេស​សឹង្ហបូរី​ ដែល​មាន​កិច្ចសន្យា​ជាមួយ​យោធា​ស.រ.អា. ​ក៏​ត្រូវ​ជាប់​ចោទ​និង​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ។​

លោក​គុជ ច័ន្ទលី ​អ្នក​វិភាគ​ម្នាក់​នៅ​រដ្ឋម៉ារីឡែន​ស.រ.អា. ​បាន​អះអាង​ថា​ ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​យើង​បាន​ធ្វើ​កិច្ចការ​ធំដុំ​ហើយ​ បែរជា​មាន​ ទោស​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ។​ លោក​ថ្លែង​ថា​ ស.រ.អា.​គេ​នឹង​មិន​អត់ឱន​ ឬ​យល់យោគ​ចំពោះ​បុណ្យ​សក្តិ ​និង​ឋានៈ​ទេ​ ពេល​បុគ្គល​បាន​ធ្វើ​ខុស​នឹង​ច្បាប់។​

«បើ​សិន​ជា​មាន​បុគ្គល​ណា​មួយ ​មិន​ថា​ ជាដើម​កំណើត​ខ្មែរ​ចូល​សញ្ជាតិ​អាមេរិកាំង ​ឬ​ដើម​កំណើត​អាមេរិកាំង​ ឬ​ក៏ដើម​កំណើត​អ្វី​ផ្សេងៗ​នោះ​ទេ​ បើ​ធ្វើ​អ្វី​មួយ​ប្រាសចាក​នឹង​វិន័យ​ និង​ក្រិត្យ​ក្រមច្បាប់​ស.រ.អា.​ គឺ​គេ​នឹង​ត្រូវ​តែ​ផ្តន្ទាទោស»។​

ពលរដ្ឋ​ខ្មែរ​ជាច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​ត្រូវ​ជាប់ចោទ​ពី​បទ​ពុក​រលួយ​និង​ចារកម្ម​នេះ​ដែរ​ ដោយ​អះអាង​ថា​ បញ្ហា​នេះ​ធ្វើឲ្យ​ខូចខាត​ដល់​មុខមាត់​ប្រទេស​កំណើត​ និង​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រជាជន​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG