ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ារីនអាមេរិកទៅដល់កម្ពុជា ធ្វើសមយុទ្ធរួម


ដើម្បីស្តាប់ព័ត៌មាននេះ

នាវាចម្បាំង USS Patriot របស់សហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែក្រុង
ព្រះសីហនុនៅថ្ងៃច័ន្ទនេះដើម្បីធ្វើលំហាត់សមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹក
កម្ពុជាសម្រាប់បង្កើនសមត្ថភាពការពារសន្តិសុខ និង ជួយសង្គ្រោះជនស៊ីវិលពី
គ្រោះមហន្តរាយផ្សេងៗនៅក្នុងលំហសមុទ្រ។នាវាសហរដ្ឋអាមេរិកមកពីអង្គភាព
នាវាទី៧របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ ដែលជាប្រភេទ
នាវាជួយសង្គ្រោះនិងប្រឆាំងគ្រាប់មីនក្នុងទឹកនោះបានចូលចតនៅកំពង់ផែក្រុង
ព្រះសីហនុ នៅថ្ងៃច័ន្ទនេះដើម្បីចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍ ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីថ្លែង
ការណ៍ថា «លំហាត់សមយុទ្ធបណ្តុះបណ្តាលទ្វេភាគីនេះផ្តោតទៅលើការគ្រប់
គ្រងការខូចខាត ការស៊ើបអង្កេត ការចាប់ឃាត់ទុកនិងបច្ចេកទេសជួយសង្គ្រោះ
លើផ្ទៃសមុទ្រ»។

សេចក្តីថ្លែងការណ៍នេះបានបន្តថា «អ្នកវាស់ស្ទង់កងទ័ពជើងទឹកអាមេរិក ដែល
មានវត្តមាននៅលើនាវានោះជួយបណ្តុះបណ្តាលសមភាគីកម្ពុជាក្នុងការវាស់ស្ទង់
នៃផ្នែកសងខាងរបស់តំបន់កំពង់ ផែដើម្បីរកមើលឧបសគ្គ ដែលអាចកើតមាន
សម្រាប់ទីកន្លែងដឹកជញ្ជូនផ្នែកពាណិជ្ជកម្ម»។

លំហាត់សមយុទ្ធបណ្តុះបណ្តាលទ្វេភាគី និង ការវាស់ស្ទង់ត្រូវបានបង្កើតឡើង
តាមការស្នើសុំរបស់កងទ័ពជើងទឹក និង អាជ្ញាធរកំពង់ផែកម្ពុជា។ លោកឧត្តម
សេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ
បានថ្លែងប្រាប់VOAថា នាវាសហរដ្ឋអាមេរិកUSS Patriotនិងនាវឹកជាង៨០នាក់
ធ្វើលំហាត់សមយុទ្ធបណ្តុះបណ្តាលជាមួយកងទ័ពជើងទឹកកម្ពុជាសំដៅជួយលើក
កម្ពស់សមត្ថភាពជំនាញការពារសន្តិសុខលំហសមុទ្រ និង ការជួយសង្គ្រោះជន
ស៊ីវិល ពីគ្រោះមហន្តរាយនៅក្នុងលំហសមុទ្រ។

«យើងឃើញថា ការចូលចតទស្សនកិច្ច និងការចូលរួមហ្វឹកហ្វឺនជាមួយកងទ័ព
ជើងទឹកកម្ពុជារបស់យើងនេះ បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងមិត្ត
ភាពល្អប្រសើរថែមទៀតរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹក
នៃកងយោធពលខេមរភូមិន្ទរបស់យើងក្នុងការរួមចំណែកការពារសន្តិសុខលំហ
សមុទ្រ និងសកម្មភាពមនុស្សធម៌ក្នុងតំបន់ដូចជាការជួយសគ្រោះប្រជាជនដែល
មានគ្រោះអាសន្នជាដើម»។

ក្រៅពីនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនេះ មាននាវាចម្បាំងរបស់ប្រទេសចិន
បារាំង អូស្ត្រាលី និង ឥណ្ឌាបានមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាបន្ត
បន្ទាប់ សំដៅពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងកង
ទ័ពកម្ពុជា និងបណ្តាប្រទេសទាំងនេះ។ លោកឧត្តមសេនីយ៍ឯកឈុំសុជាតិបាន
បញ្ជាក់ថា លំហាត់សមយុទ្ធបណ្តុះបណ្តាលនេះផ្តល់បទពិសោធន៍ ចំណេះដឹង
និងសមត្ថភាពជំនាញទាំងវិស័យការពារសន្តិសុខ និងវិស័យមនុស្សធម៌ដល់កង
ទ័ពជើងទឹកកម្ពុជា។

«ខ្ញុំសង្ឃឹមថា ឆ្លងតាមការហ្វឹកហ្វឺន ដែលសហរដ្ឋអាមេរិកបានសហការជាមួយ
កងទ័ពជើងទឹករបស់យើងនេះ។ វាពិតជាបង្កើននូវចំណេះដឹងថែមទៀត បច្ចេក
ទេសការងារជំនាញនិងសមត្ថភាពដល់កងទ័ពជើងទឹករបស់យើងឱ្យមានសមត្ថ
ភាពការពារសន្តិសុខក្នុងលំហសមុទ្រ ក៏ដូចជាការជួយសង្គ្រោះប្រជាជននានា
ដែលមានគ្រោះមហន្តរាយនៅក្នុងសំហសមុទ្រនោះ ហើយខ្ញុំជឿថា ក្រៅពីការ
ងារបច្ចេកទេសនេះ សំខាន់យើងមានការពង្រឹងមិត្តភាពល្អប្រសើររវាងកងទ័ព
របស់យើងទាំង ២ ថែមទៀត»។

នាវាចម្បាំងសហរដ្ឋអាមេរិកលើកទី៥បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ចាប់តាំងពីការបន្តឡើងវិញនូវទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និង ប្រ-
ទេសកម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញបានបញ្ជាក់ថា ដំណើរទស្សនកិច្ច
និមួយៗរបស់នាវាអាមេរិកនេះបានបង្ហាញពីជំហានសំខាន់មួយទៀតក្នុងទំនាក់
ទំនងដែលកំពុងតែមានការវិវឌ្ឍទៅមុខ ក៏ដូចជាការផ្តល់ឱកាសផងដែរសម្រាប់
បុគ្គលិកយោធានៃប្រទេសទាំង២ ផ្លាស់ប្តូរបទពិសោធន៍ វិធីសាស្ត្រ និង បច្ចេក
ទេសផ្សេងៗ ដែលអាចជួយដល់ការងាររបស់ពួកគេក្នុងពេលអនាគត។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG