ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាវា​ពិឃាដ​របស់​អាមេរិក​ក្រោម​មេ​បញ្ជាការ​ដើម​កំណើត​ខ្មែរ​បាន​មក​ដល់​កម្ពុជា


មេ​បញ្ជាការ​​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក លោក Michael Vannak Khem Misiewicz ​បញ្ជា​កប៉ាល់​​ពិឃាដ​​​​មាន​ប្រព័ន្ធ​បាញ់​កាំ​ជ្រួច USS Mustin មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​​យ៉ូកូស៊ូកា Yokosuka ប្រទេស​ជប៉ុន។ ទស្សនកិច្ច​លោក​មក​ប្រទេស​កម្ពុជា​ជា​វិល​មក​មាតុភូមិ​

នាវា​ពិឃាដ​អាមេរិកាំង​មួយ​គ្រឿង​ដែល​ស្ថិត​ក្រោម​បញ្ជាការ​របស់​បុរស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​គឺ​លោក​ Michael ​Vannak​ Khem​ Misiewicz​ បាន​ទៅ​ ដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ពង្រឹង​ កិច្ចសហ​ប្រតិបត្តិកាណ៍​បន្ថែម​ទៀត​ រវាង​សហរដ្ឋ​អាមេរិក​ (សរអា) និង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ស្ថាន​ទូត​សរអា​ប្រចាំ​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​ស្ថាន​ទូត​សរអា​បាន​អះអាង​ថា​ លោក​ Michael​ Vannak ​Khem​ Misiewicz​ មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ ដែល​ បញ្ជា​កប៉ាល​ចម្បាំ​ង​សហរដ្ឋ​អាមេរិក​ប្រភេទ USS ​Mustin ​មាន​គម្រោង​ការ​ជា​ច្រើន​ទាក់​ទង​នឹង​កិច្ចការ​មនុស្សធម៌​ពាក់​ព័ន្ធ​នឹង​ ក្មេង​កំព្រា​ សាលា​រៀន​ កម្មវិធី​តាម​ជន​បទ​មួយ​ចំនួន​ បំពេញ​ទស្សនកិច្ច​នៅ​ឯ​ ប្រាសាទ​អង្គរវត្ត​ ខេត្ត​សៀម​រាប​ ក្រៅ​ពី​ការ​ហ្វឹក​ហ្វឺន​ ទាហានជើង​ទឹក​កម្ពុជា​ ក្នុង​អំឡុង​ពេល​ចូល​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ប្រាប់​ VOA ​ខេមរ​ភាសា​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​លោក​មេបញ្ជាការ​ Michael​ Vannak​ Khem ​Misiewicz ​បាន​អះអាង​ថា​ទស្សនកិច្ច​របស់ ​USS​ Mustin​ ទៅ​ កាន់​ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​និង​ជំរុញ​ឱ្យមាន​ការ​រីក​ចម្រើន​ទំនាក់​ទំនង​រវាង​សរអា​និង​កម្ពុជានិង​បណ្តាប្រទេស​ក្នុង​តំបន់​ផង​ដែរ។

មេបញ្ជាការ​នាវាពិឃាដ​សហរដ្ឋ​អាមេរិក USS Mustin គឺ​លោក Michael V. Misiewicz ជួប​បដិសណ្ឋារកិច្ច​ជាមួយ​ក្រុម​គ្រួសារសាច់​ញាតិ​របស់​លោក ខណៈ​ដែល​នាវា​របស់​លោក​បាន​មក​ចូល​សំចត​ដល់​កំពង់​ផៃ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១០។ នេះ​ជា​
មេបញ្ជាការ​នាវាពិឃាដ​សហរដ្ឋ​អាមេរិក USS Mustin គឺ​លោក Michael V. Misiewicz ជួប​បដិសណ្ឋារកិច្ច​ជាមួយ​ក្រុម​គ្រួសារសាច់​ញាតិ​របស់​លោក ខណៈ​ដែល​នាវា​របស់​លោក​បាន​មក​ចូល​សំចត​ដល់​កំពង់​ផៃ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១០។ នេះ​ជា​

«នៅឆ្នាំ​២០០៩និង​ឆ្នាំ​២០១០​ សរអា​ព្យាយាម​បង្កើន​ទស្សនកិច្ច​តាម​រយៈ​កប៉ាល់​ ចម្បាំង​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​រវាង​ យោធា​ សរអា​និង​យោធា​កម្ពុជា​ ហើយ​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ ហើយ​មិន​មែន​ គ្រាន់​តែ​កម្ពុជា​ទេ​គឺ​ជា​មួយ​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ផង​ដែរ​ ដើម្បី​ ធានា​ដល់​ប្រទេស​ក្នុង​តំបន់​ទាំងអស់​ឱ្យ​បាន​ដឹង​ថា​សរអា​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​ ជួយ​ធ្វើ​ឱ្យ​មាន​សន្តិភាព​និង​ស្ថេរភាព»។

កប៉ាល់ USS ​Mustin ​ដែល​ប្រចាំ​នៅ​តំបន់​ Yokosuka​ នៃ​ប្រទេស​ ​ជប៉ុន​ មាន​ ប្រវែង​ ១៥៥​ ម៉ែត្រ​ ទទឹង២០ម៉ែត្រ​ ជម្រៅ​៩ម៉ែត្រ​កន្លះហើយ​មាន​កង​ទាហាន​ ជាង​ ៣០០​ នាក់ ​មាន​ផ្ទុក​កាំ​ជ្រួច​តម្រង់​គោល​ដៅ​ និង​សម្ភារៈសឹក​ផ្សេង​ទៀត​។​ កប៉ាល​ចម្បាំង​សរអា​ជា​ច្រើន​ប្រភេទ​ជា​រឿយៗ​បាន​ចូល​ចត​ក្នុង​ទី​ក្រុង​ព្រះ​សីហនុ​ និង​ បំពេញ​ទស្សនកិច្ចតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ ពេល​កម្ពុជា​និង​សរអា​មាន​ទំនាក់​ទំនង​ល្អ​ឡើងវិញ​ និង​ក្នុង​ពេល​ ដែល​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​មាន​បញ្ហា​តាន​តឹង​ផ្នែក​នយោបាយ​និង​យោធា។

លោក​ Michael ​Vannak ​Khem ​Misiewicz ​អាយុ​៤៣​ឆ្នាំ ​ឈ្មោះ​ដើម​កំណើត ​ខែម​ វណ្ណៈ​ បាន​បញ្ចប់​សាលា​បណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​ សហរដ្ឋ​អាមេរិក​ និង​ បាន​ទទួល​ឋានន្តរ​ស័ក្តិ​ជា​នាយ​ទាហាន​ នៅ​ឆ្នាំ​ ១៩៩២​ ហើយ​លោក​បាន​ចូល​បំពេញ​កិច្ចការ​ជា ​មេបញ្ជាការ​នាវាពិឃាដ ​USS ​Mustin ​នៅ​ឆ្នាំ​២០០៩​។​ ដំណើរ​ទស្សន​កិច្ច​ របស់ ​លោក ​Michael ​Vannak ​Khem Misiewicz​ ​កើត​ឡើង​ក្រោយ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ ការ​បរទេស​ Hillary ​Clinton​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​តុលា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សរអា​បាន​ឱ្យ​ដឹង​ថា​លោក​ Miesiewicz ​បាន​ដឹក​នាំ​នាវា​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កំពង់​ផែ​ជា​ច្រើនហើយ​ ក្នុង​អាជីព​ការងារ​របស់​លោក​ តែ​គ្មាន​ទស្សន​កិច្ច​ណា​ដែល​លោក​ Miesiewicz​ មាន​មនោ​សញ្ចេតនា​រំភើប​ជាង​ពេល​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ទេ​។

«ទស្សន​កិច្ច​នេះ​ធ្វើ​ឱ្យខ្ញុំ​សប្បាយ​រីករាយ​ណាស់​ពីព្រោះ​នៅទី​បំផុត​ខ្ញុំ​ត្រឡប់​ទៅវិញ​ ហើយ​មាន​ក្តី​រន្ធត់​ណាស់​ពីព្រោះ​ខ្ញុំ​មាន​អារម្មណ៍ដ៏​ចម្រុះ»។

លោក ​មេ​បញ្ជាការ​ ​Misiewicz​ ត្រូវ​គេ​រាយការណ៍​មក​ថា​បាន​ជួប​ជា​មួយ​ក្រុម​គ្រួសារ​សាច់​ញាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ដែល​មក​ទទួល​បដិសណ្ឋារ​កិច្ច​លោក​ក្នុង​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។

លោក ​Misiewicz ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ កណ្តាល​ ត្រូវ​ស្រី្ត​ជន​ជាតិ​អាមេរិកាំង​ធ្វើការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​យក​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​ក្នុង​ចុង​ទសវត្សរ៍​១៩៦០​ និង​ដើម​ទសវត្សរ៍​១៩៧០ ​ដែល​ពេល​ នោះ​ហើយ​ធ្វើឱ្យលោក​គេច​ខ្លួន​រួច​ពី​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់​ត្រូវ​គេ​សម្លាប់។​ ឪពុក​បង្កើត​របស់​លោក​ ត្រូវ​ពួក​ ខ្មែរ​ក្រហម​សម្លាប់​នៅ​សម័យ​ខ្មែរ​ក្រហម​ដែរចំណែក​ម្តាយ​បង្កើត​និង​បង​ប្អូនរបស់​លោក​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​ Texas៕

XS
SM
MD
LG