ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​បាញ់​សាកល្បង​កាំជ្រួច ​BM 21 ​ជាលើក​ទីពីរ​

  • ហេង រស្មី

ទាហាន​កម្ពុជា​ធ្វើ​ការ​បាញ់​សាកល្បង​កាំជ្រួច​ហ្វូង​ប្រតិកម្ម​ប្រភេទ BM-21 នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៣។
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ថា​ប្រទេស​កម្ពុជា​បាន​បាញ់​សាកល្បង​កាំជ្រួច​ហ្វូង​ប្រតិកម្ម​ប្រភេទ​BM២១​និង​កាំភ្លើង​ធំ​១៣០​មីលីម៉ែត្រ​ប្រកប​ដោយជោគ​ជ័យ​និង​ធ្លាក់ចំ​គោលដៅ​១០០%​ក៏​ប៉ុន្តែ​បាន​អះអាង​ថា​ការ​បាញ់​សាកល្បង​នេះ​មិន​មាន​គោល​បំណង​ទៅគំរាម​កំហែង​ប្រទេស​ជិត​ខាង​កម្ពុជា​ទេ។​
ការ​បាញ់​សាកល្បង​កាំជ្រួច​ហ្វូង​ប្រតិកម្ម​ប្រភេទ​BM​២១​និង​កាំភ្លើង​ធំ​១៣០​មីលីម៉ែត្រ​បាន​ធ្វើឡើង​នៅស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ ដោយបាញ់​ឆ្លងកាត់​កំណាត់ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​ភ្នំចង្កោមធំ​ជាប់ព្រំប្រទល់​បីស្រុក​ គឺស្រុកបសេដ្ឋ​ ស្រុកភ្នំស្រួច​និង​ស្រុក​សំរោងទង។​
គ្រាប់​កាំជ្រួច​បាន​ហោះ​ចេញ​ពី​រថយន្ត​ដែលមាន​ទំរ ​បាន​ហោះជ្រែក​ដូចគេ​ហែក​មេឃ​ចេញពី​ទីតាំង​បាញ់​សាក​ល្បង​ឆ្ពោះ​ទៅ​គោល​ដៅ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។​នេះ​បើតាម​ការ​បញ្ជាក់​ពីមន្ត្រី​ក្រសួង​ការពារ​ជាតិ។​
លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិបានថ្លែង​ក្នុង​អង្គសន្និសីទ​កាសែត​ប៉ុន្មាន​នាទី​ក្រោយ​ពី​ការ​បាញ់​សាកល្បង​ថា​លទ្ធផល​នៃការ​បាញ់​សាល្បងនេះ​គឺបាន​បាញ់​ចំគោល​ដៅ​១០០%។​

លោក​បាន​និយាយ​ថា​ការ​បាញ់​សាកល្បង​ជាលើក​ទីពីរ​នេះ​មិន​មាន​គោល​បំណង​ដើម្បី​គំរាម​កំហែង​ប្រទេស​ជិត​ខាង​កម្ពុជា​ទេ​គឺគ្រាន់​តែជា​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ថា​តើ​ការការពារ​អធិបតេយ្យភាព​របស់​យើង​វាមាន​ប្រសិទ្ធភាព​យ៉ាងណា។​
លោក​ទៀ បាញ់​បញ្ជាក់​បន្ថែម​ថា៖

«ការហ្វឹកហ្វឺន​ចប់​មេរៀន​ហើយ​យើង​ត្រូវតែ​យក​មក​សាកល្បង​អនុវត្ត​ជាក់​ស្តែង។ ដូច្នេះ​គឺថា​ក្នុង​ថ្ងៃនេះ​គឺ​ថា​បើ​និយាយ​ពីសាច់ដុំ​សាច់អ្វី​នោះ​គឺ​វារឿង​ផ្សេង​ទេ​ យើង​ឃើញ​ច្បាស់​ហើយ​រឿង​ហ្នឹង​គឺវា​អញ្ចឹង»។
លោក Leon Panetta រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​លោក ទា បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា នៅក្នុង​ក្រុង​សៀមរាប។ (១៦ វិច្ឆិកា ២០១២)
លោក Leon Panetta រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​លោក ទា បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា នៅក្នុង​ក្រុង​សៀមរាប។ (១៦ វិច្ឆិកា ២០១២)
មន្ត្រី​យោធា​ដែល​បាន​ចូល​រួម​បាញ់​សាកល្បង​គ្រាប់​ពិត​នេះ​មាន​ចំនួន​ជាង​១.៤០០​នាក់​ មកពី​កង​ឯកភាព​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ កងទ័ព​ជើងទឹក​ បញ្ជាការ​ដ្ឋាន​រថក្រោះ​ កងពលតូច​លេខ៧០​ កងពលតូច​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​ និង​បញ្ជាការដ្ឋាន​វិស្វកម្ម​បញ្ជូន​សារ។​
លោក​អ៊ិត សារ៉ាត់​ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​និយាយ​ថា​លំហាត់​បាញ់គ្រាប់​ពិត​ទាំង​អស់​នេះ​មាន​ចំនួន​៩២​គ្រឿង​ហើយ​ជា​លទ្ធផល​គឺបាន​បាញ់ចំគោល​ដៅទាំង​អស់។​
«លទ្ធផល​បាញ់​កាំភ្លើង​ធំ​១៣០មម​និង​BM២១​បាញ់​ថ្ងៃនេះ​ទាំង​បាញ់​លើក​ទីមួយ​និង​លើក​ទីពីរ​គឺ​បាញ់​ចូល​គោល​ដៅ​ទាំង​១០០%​ សូម​អបអរសារទរ»។​
មុន​ពេល​បាញ់​សាកល្បង​គ្រាប់​ពិត​ក្រសួង​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​សំឡេង​និង​ស្នូរ​របស់​គ្រាប់​កាំភ្លើង។​
ដើរ​កាត់​កណ្តាល​តាម​ផ្លូវ​ដែល​មាន​ដី​ហុយ​ទ្រលោម​ក្រោយ​ពី​រថយន្ត​បរកាត់​អ្នក​ស្រី​ សោម យឺន​អាយុ​៧០ឆ្នាំ​រស់​នៅភូមិ​សំរោងបាក់ ​ឃុំមហាសាំង​ ស្រុក​ភ្នំស្រួច​ ​បាន​និយាយ​ថា​អ្នក​ស្រីនៅ​តែមាន​ការ​ភិតភ័យ​បើទោះបី​ជា​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ដឹង​ជាមុន​ក៏ដោយ។​
អ្នក​ស្រី​បាន​និយាយ​ថា​សមាជិក​ក្រុម​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​មុន​ពេល​បាញ់​សាកល្បង​មក​ដល់។​

«ភ័យ​ណាស់​លោក​ក្មួយ​ ភ្ញាក់​ដែរ​ហ្នឹងណ៎ា​ ដោយសារ​សុខភាព​វាមិន​សូវ​ល្អ»។​
ប្រទេស​កម្ពុជា​បាន​បាញ់​សាក​ល្បង​កាំជ្រួច​ហ្វូង​ប្រតិកម្ម​លើកទី​មួយ​កាលពី​ឆ្នាំ​២០១០​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ភាគ​ខាង​លិច​នៃ​ប្រទេស​ចំណែក​ឯការ​បាញ់​សាកល្បង​លើកទី​ពីរ​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ដោយ​តម្រង់​ទៅ​ទិស​ភាគ​ខាង​កើត​នៃប្រទេស​វិញ​ម្តង៕​
XS
SM
MD
LG