ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​បាក់​អគារ​នៅ​ក្រុង​ព្រះសីហនុ អាជ្ញាធរ​រក​ឃើញ​សំណង់​ខុស​ច្បាប់​ផ្សេងទៀត


រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ ២០១៩។ (ស៊ុន ណារិន/ VOA Khmer)
រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

បន្ទាប់​ពី​ការ​បាក់​អគារ​​កំពុង​សាង់សង់​ចំនួន​៧​ជាន់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន ដែល​បណ្តាល​ឲ្យ​មនុស្ស២៨​នាក់​ស្លាប់ ខេត្ត​ដែល​កំពុង​រីកដុះដាល​យ៉ាង​គំហុក​នៃ​សំណង់​និង​ការ​រកស៊ី​របស់​ចិន បាន​ប្រឈម​នឹង​បញ្ហា​ការ​សាងសង់​សំណង់​ដោយ​មិន​មាន​អាជ្ញាបណ្ណ និង​សំណង់​មិន​មាន​គុណភាព។

រដ្ឋាភិបាលកម្ពុជា​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ពិនិត្យ​មើល​សំណង់​ដែល​កំពុង​សាងសង់ និង​អគារ​ដែល​ត្រូវ​បាន​សាងសង់​រួច​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​វាយ​តម្លៃ​ថា សំណង់​ទាំង​នោះ ត្រូវ​បាន​សាងសង់​ដោយ​មាន​ច្បាប់ និង​មាន​គុណភាព​ឬ​យ៉ាងណា។ កាល​ពី​ថ្ងៃ​ពុធ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា សំណង់​ដែល​កំពុង​សាងសង់​ចំនួន​៥​ក្នុង​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​រក​ឃើញ​ភ្លាមៗ​ថា​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ គ្រោះ​ថ្នាក់​បាក់​អគារ​៧​ជាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​លើ​គុណភាព​សំណង់​អគារ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

បន្ទាប់​ពី​ការ​បាក់​អគារកំពុង​សាង់សង់​ចំនួន​៧​ជាន់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន ដែល​បណ្តាល​ឲ្យ​មនុស្ស២៨​នាក់​ស្លាប់ ខេត្ត​ដែល​កំពុង​រីកដុះដាល​យ៉ាង​គំហុក​នៃ​សំណង់​និង​ការ​រកស៊ី​របស់​ចិន បាន​ប្រឈម​នឹង​បញ្ហា​ការ​សាងសង់​សំណង់​ដោយ​មិន​មាន​អាជ្ញាបណ្ណ និង​សំណង់​មិន​មាន​គុណភាព។

ក្រោយ​គ្រោះ​ថ្នាក់​បាក់​អគារ កាល​ពី​ថ្ងៃ​សោរ៍ ដែល​បណ្តាល​ឲ្យ​កម្មករ​ដែល​ធ្វើ​ការ​នៅ​ទីនោះ​បាន​ស្លាប់ និង​រង​របួស រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​បង្កើត​នូវ​គណៈ​កម្មការ​ពិសេស​មួយ ដើម្បី​ត្រួត​ពិនិត្យ​សំណង់​អគារ​នៅ​ទីនោះ។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​នៅ​ពេល​លោក​ចូលរួម​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​នៅ​ភ្នំពេញ ថា រដ្ឋមន្រ្តី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​រាយការណ៍​មក​លោក​ថា ជា​ដំបូង​រក​ឃើញ​សំណង់​កំពុង​សាងសង់​ចំនួន​៥ មិន​បាន​សុំ​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «គ្រាន់​តែ​យប់មិញ ខ្ញុំ​ទទួល​ព័ត៌មាន​ពី​ឯកឧត្តម​ជា សុផារ៉ា មកថា​ជា​បឋម​មាន​៥​សំណង់ ៥​កន្លែង​ដែល​ថា​កំពុង​សាងសង់ តែ​អត់​មាន​ច្បាប់​ទាំង​អស់ ដូច្នេះ​នេះ​ជា​ហានិភ័យ​មួយ​ធំ ហើយ​យើង​ត្រូវ​ធ្វើអាហ្នឹង​ទាំង​អស់​ឡើង​វិញ»។

លោក​បញ្ជាក់​បន្ថែម​ថា​សំណង់​ទាំងអស់ ទាំង​សង់​រួច និង​មិន​ទាន់​សង់​រួច នឹង​ត្រូវ​ត្រួតពិនិត្យ។

ទាក់ទង​នឹង​អគារ​ដែល​បាក់​នោះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​ប្រកាស​លា​លែង​ពី​តំណែង ក្រោយ​គ្រោះ​ថ្នាក់​មួយ​នេះ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា អគារ​របស់​ចិន​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ឃាត់​ពីរ​ដង​រួច​ទៅ​ហើយ ដោយ​ថា​មិន​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​មូលហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​បញ្ឈប់ការដ្ឋាន​សំណង់ រហូត​មក​ដល់​ថ្ងៃ​គ្រោះ​ថ្នាក់។

លោក​មាន​ប្រសាសន៍​ថា៖

«ជាក់​ស្តែង​ក្រុម​ការងារ​របស់​យើង បាន​មក​ឃាត់​ពីរ​ដង​ដែរ​ហើយ»។ លោក​បន្ថែម​ថា៖ «ហើយ​កន្លង​ទៅ ខេត្ត​ធ្លាប់​ឃាត់​ញឹកណាស់​សំណង់​ដទៃ។ ខ្លះ​គាត់ស្តាប់​ទៅ ខ្លះ​គាត់​លួច»។

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ការ​ដែល​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​លាលែង​ពី​តំណែង«ការល្អ​មួយ» ​តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​មាន​ចំណាត់​ការ​អ្វី​បន្ត​ទៀត​លើ​អភិបាល​ខេត្ត​នោះ​ទេ។ លោកគ្រាន់​តែ​មាន​ប្រសាសន៍​ថា លោក​កំពុងពិនិត្យ​មើល​ឯកសារ​ថា​តើ​មន្រ្តី​ណា​ខ្លះ​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

បើ​តាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សាលា​ខេត្ត​ព្រះសីហនុ លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី កាល​ពី​ថ្ងៃ​អង្គារ បាន​ជួប​ជាមួយ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន មួយ​ថ្ងៃ​ក្រោយ​បញ្ចប់​ការ​ជួយ​សង្រ្គោះ​មនុស្ស​ដែល​ជាប់​ក្នុង​គំនរ​អគារ​បាក់​រលំ។

បើ​តាម​ការ​ដក​ស្រង់​សម្តី លោក ជា សុផារ៉ា បាន​ព្រមាន​ថា ​សំណង់​ដែល​គ្មាន​ច្បាប់ នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ ដើម្បី​ដោះ​ស្រាយ។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​បន្ត​ថា៖ «គណៈកម្មការ​នឹង​ចុះ​ធ្វើ​ការងារ នេះ​ដោយ​ប្រាកដ​ប្រជាបំផុត​និង​ព្រម​ទាំង​បាន​រំឭក​ដល់​ម្ចាស់​សំណង់​ទាំង​អស់​ឲ្យ​ត្រៀម​ឯកសារ​ទាក់​ទិន​នឹង​សំណង់​របស់​ខ្លួននិង​កុំ​មាន​ទម្លាប់​ពេល​គណៈកម្មការ​ចុះ​ទៅ​ហុច​ស្រោម​សំបុត្រ»។

លោក ​សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​ថ្លែង​ថា​សំណង់​អគារ​ផ្សេង​ទៀត ក៏​នឹង​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​រឿង​សំណង់​ខុស​ច្បាប់ វា​មិន​មែន​តែ​សំណង់​ដែល​ដួល​រលំ​ហ្នឹង​ទេ។ វា​អាច​មាន​ផ្សេង​ទៀត ហើយ​យល់​ល្អ​អាជ្ញាធរ​គួរ​តែ​ពិនិត្យ ហើយ​សំណង់​ខ្លះ​ ខ្ញុំ​សង្ស័យ​តែប្រឈម​នឹង​ការ​រុះរើ ​ឬ​ក៏វាយ​ចោល​ទេ។ ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ហ្នឹងត្រូវ​សុំ​ច្បាប់​ឡើង​វិញ»។

របាយការណ៍​របស់​ក្រុម​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដែល​និយាយ​អំពី«ឆ្ពោះ​ទៅ​សម្រេច​សក្តានុពល​នគរូបនីយកម្ម» បាន​បញ្ជាក់​ថា​ខេត្ត​ព្រះសីហនុ បាន​ប្រឈម​នឹង​«​គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន ​និង​កង្វះហេដ្ឋារចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន​»។ របាយការណ៍​បាន​បញ្ជាក់​បន្ថែមថា ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជាបញ្ហា​ត្រង់​ថា ​«សង់​សិន អាជ្ញា​បណ្ណ​តាម​ក្រោយ»។

របាយការណ៍​បាន​បញ្ជាក់​ថា៖ «នៅ​មាន​ការ​អនុញ្ញាត​ការ​សាង​សង់​ត្រូវ​បាន​ផ្តល់​លើ​មូលដ្ឋាន​មួយ​ករណី​ម្តងៗ ដែល​នៅ​ទីនោះ​គេ​ច្រើន​ស្គាល់​ថា​ជាវិធី ​«សង់​សិន អាជ្ញា​បណ្ណ​តាម​ក្រោយ»។ សិទ្ធិ​អំណាច​ក្នុង​ការ​ចេញ​អាជ្ញា​បណ្ណ​សាង​សង់​និង​ការ​ត្រួតត្រា​សំណង់​ស្ថិត​នៅ​ហួស​ពី​សមត្ថ​កិច្ច​របស់​មន្ទីរ​ខេត្ត​នីមួយៗ ឬ​របស់​អាជ្ញាធរ​ក្រុង​ទៅទៀត»។

នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ចំនួន​១៧​ក្រុម ដែល​មាន​សមាជិក​សរុប​ទាំង​អស់​ជិត​១០០​នាក់។ សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា ក្រុមការងារ​នឹង​ចុះ​ពិនិត្យ​ការ​អនុវត្ត​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារសុវត្ថិភាព និង​គុណភាព​សំណង់ នៅ​តាម​ការ​ដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​ពិនិត្យ​មើល​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​តាម​ការដ្ឋាន​សំណង់។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ឡៅ ទិព្វសីហា ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​អ្នក​នាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​នៅ​ឡើយ​ទេ។

ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ​អ្នក​ជាប់​ក្នុង​គំនរ​អគារ​កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ខ្លាំង​ៗ​ថា​នឹង​ចាត់​វិធានការ​សំណង់​ខុស​ច្បាប់ និង​ថា​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ហ៊ាន​ចាត់​វិធាន​ការ​ទាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «គ្មានច្បាប់ សាងសង់ ក៏​ត្រូវ​បាន​សាងសង់​គេ​សាងសង់​ហើយ ទៅ​ប្រាប់​គេ គេ​មិនស្តាប់។ ខ្ញុំគួរតែ​ប្រាប់​ថា​តើ​អំណាច​រដ្ឋ​វា​នៅ​កន្លែងណា? ទុក​ឲ្យ​អ្នក​សាងសង់​មក​ធ្វើ​ចៅហ្វាយ​ខេត្ត មក​ធ្វើ​ចៅហ្វា​យ​ក្រុង មក​ធ្វើ​រដ្ឋមន្រ្តី​វា​ល្អ​ជាង។ ដូច្នេះពី​ថ្ងៃ​នេះ​ទៅ គ្មាន​ការ​លើក​លែង​ណាមួយ​បាន​ទេ»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គណៈ​កម្មការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នឹងវាយ​តម្លៃ​ពិត​ប្រាកដ​ទៅ​លើ​សំណង់​ទាំង​អស់។

ខណៈ​ដែល​ខេត្ត​ព្រះសីហនុ មាន​ការ​រីកដុះដាល​សំណង់​អគារ និង​ជនជាតិ​ចិន​នៅ​ទីនោះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រីកចម្រើន​នេះ ក៏​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ក្នុង​ខេត្ត​មួយ​នេះ និង​ធ្វើ​ឲ្យ​តម្លៃ​កន្លែង​ស្នាក់​នៅ ការ​ហូប​ចុក​នៅ​ទី​នោះ​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​ទៅ​លេង​ក្នុង​ខេត្ត​មួយ​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ថា ផ្លូវ​ថ្នល់ និង​បរិស្ថាន​នៅ​ទីនោះ នឹង​មាន​ភាព​ល្អ​ប្រសើរ នៅ​ពេល​សំណង់​អគារ​ត្រូវ​បាន​សាងសង់​រួច​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ពិត​មែន​ហើយ​នៅ​ពេល​ដែល​ការ​ចាប់​ផ្តើម​សាងសង់​ មាន​ការ​ខូច​ផ្លូវ​ ប៉ុន្តែ​នៅ​ពេល​មាន​ការ​សាងសង់​រួច​ហើយ ទីក្រុង​ព្រះសីហនុ វា​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​នៃ​ឆ្នេរ​សមុទ្រ​មួយ​ដ៏ធំ ដែល​មិន​តូចតាច​ទេ»។ លោក​បាន​ការ​ពារ​ថា ដោយសារ​ការ​វិនិយោគរបស់​ចិន ​ទើប​ធ្វើ​ឲ្យ​មាន​សំណង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បាន​បញ្ជាក់​ថា៖ «ឥឡូវ​បើ​សិន​ក្រុង​ព្រះសីហនុ​គ្មាន​អ្នក​វិនិយោគ​ចិន​ទេ សួរ​ថា​តើ​យើង​មាន​សំណង់​អគារ​ធំៗ​ខ្ពស់ៗ យ៉ាង​ដូច្នេះ​ទេ»។

ការ​បាក់​អគារ​នេះធ្វើ​ឲ្យ​សាធារជន និង​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ធ្វើ​ការ​ និង​គុណភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អំពើ​ពុករលួយ​ត្រូវ​បាន​មើល​ឃើញ​ថា​ធ្វើ​ឲ្យ​សំណង់​មួយ​ចំនួន​សាងសង់​ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ។

លោក សឿង សារ៉ន ប្រធាន​សមាគម​ធាង​ត្នោត​ដែលជា​អង្គការ​ធ្វើ​ការ​លើ​ការ​អភិវឌ្ឍទីក្រុង មាន​ប្រសាសន៍​ថា ការ​ដែល​សាងសង់​អគារ​ដោយ​មិន​មាន​ការ​សុំ​ច្បាប់ ឬ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​មើល គឺ​ជា​ភាព​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​និយាយ​មែន​ទែន​ទៅ​ដោយសារ​តែ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្រ្តី​ពាក់ព័ន្ធ ព្រោះ​បើ​សាង​សង់​អគារ​មួយៗ សាងសង់​ដោយ​មិន​មាន​ច្បាប់​ហើយ​អាច​រីក​លូតលាស់​ធំ​បាន អញ្ចឹង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ដើរ​តួ​នេះ​ហើយ។ ដើរតួនាទី​ជា​អ្នក​រៀបចំ​សណ្តាប់ធ្នាប់​យ៉ាង​ម៉េច បើ​សិន​ការ​សាងសង់ គ្មាន​ការ​អនុញ្ញាត»។

លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​វាយ​កម្ទេច​ចោល​សំណង់​ដែល​កំពុង​សាងសង់​ពុំ​មាន​ច្បាប់ និង​សង់​រួច​ទៅ​ហើយ តែ​គ្មាន​គុណភាព​ស្តង់ដារ​ត្រឹមត្រូវ ដើម្បីទុក​ជា​ការ​ព្រមាន​ដល់​អ្នក​វិនិយោគ​មួយ​ចំនួន។

លោក រស់ ស៊ី​ថា អាយុ​៤០​ឆ្នាំ ដែល​ជា​កម្មករ​ម្នាក់​រង​គ្រោះ​ថា្នក់​បាក់អគារ ហើយ​ជាប់​ក្នុង​គំនរ​អគារ​ជិត​២​ថ្ងៃ​កន្លះ បាន​ថ្លែង​ថា លោក​នឹង​មិន​ទៅ​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​ទៀត​ទេ ដោយសារ​លោក​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​គ្រោះ​ថ្នាក់​ការងារ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឈប់​ហើយ អត់​ចង់​ចំណាក​ស្រុក​ ខ្ញុំ​ចង់​ដាំ​ដំណាំ​ ដាំ​បន្លែ​អី​លក់​អញ្ចឹង។ ដល់​អញ្ចឹង​ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាចដែរ​ ខ្លាច​បង​ប្អូន​ប្រជាពលរដ្ឋ​យើងក្រោយ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀត»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG