ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​និយាយ​ថា ​ម្ចាស់​សំណង់​អគារ​បាក់​​​ត្រូវ​ការកម្មករ​ដើម្បី​សង់​ពីរ​ជាន់​បន្ថែម​ក្រោយ​ផ្អាក​មួយ​រយ:


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុង​គំនរ​អគារ​បាក់បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ប្រមាណ​ម៉ោង ១០ នៅ​ខេត្ត​ព្រះសីហនុ​, នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។ (ស៊ុន ណារិន/VOA Khmer)
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុង​គំនរ​អគារ​បាក់បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ប្រមាណ​ម៉ោង ១០ នៅ​ខេត្ត​ព្រះសីហនុ​, នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។ (ស៊ុន ណារិន/VOA Khmer)

ក្រោយ​មាន​គ្រោះ​ថ្នាក់ កម្មករ​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ទីនោះ​ បាន​អះអាង​ថា​សំណង់​នេះ បាន​បន្ត​សង់​ថែម​ពីរ​ជាន់​ទៀត។ ពួកគេ​ថា​កន្លង​ទៅ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ត្រួតពិនិត្យ​ការ​ដ្ឋាន​សំណង់​ផង​ដែរ។

កម្មករ​ដែល​ធ្វើ​ការ​នៅ​សំណង់​អគារ​ដែល​បាន​បាក់រលំ ​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ក្រុង​ព្រះ​សីហនុ​ បាន​ថ្លែង​ថា​ពួកគេ​ធ្លាប់​ឃើញ​អាជ្ញាធរ​ចុះ​មក​កន្លែង​ធ្វើ​សំណង់ ហើយ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​ស្នើឲ្យ​ឈប់​ធ្វើ​ការមួយ​រយ:។ ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន​បានចាប់​ផ្តើម​សាងសង់​បន្ត​ទៀត។

ទីតាំង​សំណង់​ដែល​បាក់​រលំ​នេះ​ត្រូវ​គេ​ដឹង​ថា​ បាន​ចាប់ផ្ដើម​ការ​សាង​សង់​កាលពី​ឆ្នាំ២០១៨។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ ញ៉រ ស្រី​អូន អាយុ​៣២​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​មួយ​នេះ​បាន​ជិត​៧ខែ។​ ប៉ុន្តែ​អ្នកស្រី​ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​ មក​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ដែល​កំពុង​មាន​កំណើន​ជនជាតិ​ចិន​យ៉ាងគំហុក​នេះ ​មិន​រងគ្រោះ​ថ្នាក់​ពីការបាក់​អគារ​នោះ​ទេ ដោយសារ​អ្នកស្រី​មិន​បានស្នាក់​នៅ​កន្លែង​នោះ​នា​ពេល​យប់​កើត​ហេតុ។

អ្នកស្រី ញ៉រ ស្រីអូន អាយុ​៣២ឆ្នាំ និង​លោក ញ៉រ ចាន់ណេត ប្អូនប្រុស​របស់​អ្នកស្រី ជា​កម្មករ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់ ដែល​បាន​បាក់​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អ្នកស្រី មិន​បាន​រងគ្រោះថ្នាក់​នោះ​ទេ ដោយសារ​អ្នកស្រី​មិន​ស្នាក់នៅ​កន្លែង​កើតហេតុ។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី ញ៉រ ស្រីអូន អាយុ​៣២ឆ្នាំ និង​លោក ញ៉រ ចាន់ណេត ប្អូនប្រុស​របស់​អ្នកស្រី ជា​កម្មករ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់ ដែល​បាន​បាក់​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អ្នកស្រី មិន​បាន​រងគ្រោះថ្នាក់​នោះ​ទេ ដោយសារ​អ្នកស្រី​មិន​ស្នាក់នៅ​កន្លែង​កើតហេតុ។ (ស៊ុន ណារិន/VOA Khmer)

អ្នកស្រី ញ៉រ ស្រី​អូន​ ដែល​មាន​កូន​ពីរ​នាក់​បាន​ថ្លែង​ថា អ្នកស្រី​និង​កម្មករ​ផ្សេង​ទៀត ​ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​ឈប់​ធ្វើការ​ក្នុង​ខែមីនា ពេល​ដែល​អគារ​សម្រេច​ការសាងសង់​បាន​ប្រាំជាន់​ ហើយ​ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ​ក្នុងខែមេសា ទើប​ក្រុមហ៊ុន​ហៅអ្នកស្រី​មក​ធ្វើ​ការងារ​បន្ត​ទៀត ហើយ​ត្រូវ​ការ​កម្លាំងកម្មករ​ផ្សេង​ទៀត។ ការងារ​នោះ អ្នកស្រី​ថា​គឺ​សង់​អគារ​ពីរជាន់​បន្ថែម​ទៀត។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​ នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត​ព្រះសីហនុ ពេល​នៅ​មើលថែ​ប្អូន​ប្រុស​ថា៖

«ពេល​ចូល​ឆ្នាំ​ទៅ​ផ្ទះ យើងមក​វិញ។ មក​វិញ​គាត់​តេ​ប្រាប់​យើងថា​ការងារ​មាន​ហើយ​ ឲ្យ​យើង​ហៅ​គេ​ហៅ​ឯង ​បង​ប្អូន​មក​ធ្វើ​ការ​អី​ចឹង។ ពី​ដើម​ឡើយ ប្រាប់​ថា​៥​ជាន់​ទេ ដល់​ពេល​ធ្វើ​ការ​បោស​សម្អាត​ចង​ដែក ចងអី។ ដល់​ពេល​ហើយ​ទៅ ​គាត់​ថា[ប្រធាន​ជា​ជន​ជាតិ​ចិន]​ ធ្វើ​ពីរ​ជាន់​ទៀត»។

អ្នកស្រី​បាន​បន្ថែម​ថា​កន្លង​ទៅ​ អាជ្ញាធរ​រួម​មាន​កងកម្លាំង​នគរបាល​ផង​ ក៏​ធ្លាប់​បាន​មក​ពិនិត្យ​ការដ្ឋាន​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​ថា​មាន​រឿង​អ្វី​ច្បាស់​ដែរ។ ប៉ុន្តែ​អ្នកស្រី​ថា​ក្រោយ​ការ​មក​ពិនិត្យ​មើល ពេល​ខ្លះ​ ថៅកែ​បាន​ប្រាប់​ឲ្យ​សម្រាក​ធ្វើ​ការងារ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ ឬ​បី​ថ្ងៃ​ភ្លាមៗ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖

«ប៉ូលីស​មក និយាយ​ចុះ​និយាយ​ឡើង​ទៅ​បាត់​អញ្ចឹង​ទៅ។ ប្រហែលជា​បួន​ដប់​ថ្ងៃ​កន្លះ​ខែ មាន​ចុះ​មក​ទៀត។ ចុះ​ឡើង​ៗ គេ​និយាយ​តែ​គ្នា​គេ គេ​មិន​ដែល​ឲ្យ​យើង​ឮ»។

អ្នកស្រី​ដែល​ធ្វើ​ការ​ភាគ​ច្រើន​ផ្នែក​ចង​ដែក ដែល​អាច​រក​កម្រៃ​បាន​១១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ បន្ថែម​ទៀត​ថា៖

«អីវ៉ែ អីវ៉ាន់​អី គាត់​ជញ្ជូន​យក​តែ​ទៅ​លើ​ទាំង​អស់។ សម្រុក​មុន​នឹង​កើត​ហេតុ​ហ្នឹង។ បួន​ប្រាំ​ថ្ងៃ​ហ្នឹង​ ជាងការ៉ូ ជាង​រៀប​ឥដ្ឋ គឺ​ថែម​ម៉ោង​យប់​ថ្ងៃៗ ជញ្ជូនអី​វ៉ាន់​ឡើង​លើ។ ស្អី​ក៏​គាត់​ជញ្ជូន​ឡើង​លើ​ដែរ។ ការ៉ូ​រាប់​ពាន់កេស ​គឺ​ជញ្ជូន​ឡើង​លើ​ទាំង​អស់។ ខ្សាច់ដឹក​មក​ប៉ុន្មាន​ឡាន គឺ​សម្រុក​ជញ្ជូន​ឡើង​លើ​តែ​ម្តង។ អញ្ចឹង​វា​ធ្ងន់​លើ»។

ការ​អះអាង​របស់​អ្នកស្រី ញ៉រ ស្រី​អូន ស្រដៀងគ្នា​នឹង​ការ​ថ្លែង​របស់​អភិបាល​ខេត្ត លោក យន្ត មីន ដែល​លោក​ថា​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ហាមឃាត់​សំណង់​នេះ​ពីរ​ដង​រួច​មក​ហើយ។

លោក​អភិបាល​ខេត្ត​ដែល​ទើប​នឹង​លាលែង​រូប​នេះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​បាក់​សំណង់​អគារ​កាល​ពី​ថ្ងៃ​សៅរ៍ថា អាជ្ញាធរ​បាន​ឃាត់​សំណង់​នេះ​ ចំនួន​២​ដង​រួច​មក​ហើយ ដោយ​លោក​ថាការ​ធ្វើសំណង់​នេះ​មិន​អនុវត្ត​តាម​បច្ចេកទេស។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​មូលហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​បញ្ឈប់ការដ្ឋាន​សំណង់ រហូត​មក​ដល់​ថ្ងៃ​គ្រោះ​ថ្នាក់​។

លោក​មាន​ប្រសាសន៍​ថា៖

«ជាក់​ស្តែង​ក្រុម​ការងារ​របស់​យើង បាន​មក​ឃាត់​ពីរ​ដង​ដែរ​ហើយ»។ លោក​បន្ថែម​ថា៖ «ហើយ​កន្លង​ទៅ ខេត្ត​ធ្លាប់​ឃាត់​ញឹកណាស់​សំណង់​ដទៃ។ ខ្លះ​គាត់ស្តាប់​ទៅ ខ្លះ​គាត់​លួច»។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ យន្ត មីន បាន​ស្នើ​សុំ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លាលែង​ពី​អភិបាល​ខេត្ត ហើយ​លោក ហ៊ុន សែន ក៏​បាន​យល់​ព្រម។ លោក​អភិបាល​ខេត្តរូប​នោះ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ជួប​នាយករដ្ឋមន្រ្តី «ដើម្បី​សុំ​ការ​អភ័យ​ទោស​ពី​លោក»។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​ តើ​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្រ្តី​ណាមួយ​នៅ​ឡើយទេ។

VOAមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្រ្តី​រដ្ឋបាល​និង​នគរបាល​ខេត្ត​បាន​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ដើម្បី​បំពេញ​តាម​ការ​ត្រូវ​ការ​កម្លាំង​ពលកម្ម​មក​ធ្វើ​ការ​នៅ​សំណង់​ដែល​បាក់​នេះ អ្នកស្រី​ ញ៉រ ស្រី​អូន បាន​នាំ​ប្អូនប្រុស​ពីរនាក់​ និង​ប្អូនថ្លៃ​ម្នាក់​មក​ធ្វើ​ការ។ ប្អូន​ប្រុស​របស់​អ្នកស្រី​ម្នាក់​អាយុ​១៨​ឆ្នាំ​ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ ហើយ​ប្អូនប្រុស​ម្នាក់​ទៀត និង​ប្អូនថ្លៃ បាន​រងរបួសធ្ងន់។

ប្អូនប្រុស​របស់អ្នកស្រី គឺ​លោក ញ៉រ ចាន់ណេត ​ត្រូវបាន​ជួយ​សង្រ្គោះ​ទាន់​ពេល​ ក្រោយ​ជាប់​ក្នុង​នោះ​ជិត​១២​ម៉ោង។ ភរិយា​របស់​លោក​បាន​បាក់​ជើង​ម្ខាង​ ហើយ​កំពុង​សម្រាកព្យាបាល​នៅ​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា៖

«ភឹងៗមក​ រក​ផ្លូវ​ចេញ​អត់​ឃើញ​ហ្មង។ ពិបាក​ដក​ដង្ហើម ព្រោះ​យើង​អត់​មាន​ខ្យល់​អុកស៊ីសែន បើ​សង្កត់​ពី​ជាន់​ទី​៨ដល់​ជាន់​ទី​២ រាប​ស្មើដី ហើយ​អា​អ៊ិច​គេ​កាយ ធ្លាក់​ថ្ម​គរៗ​ពី​លើ ហើយ​យើង​ខំ​ប្រឹង​ស្រែក​ហៅ​គេ គេ​ម៉េច​ឮ»។

លោក ផាត សុផល វ័យ៣៧ ឆ្នាំ ជា​កម្មករ​ម្នាក់ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​គ្រោះថ្នាក់​ ក្រោយ​ជាប់​ជិត​៦ម៉ោង ហើយ​លោក​បាន​រស់រាន​មាន​ជីវិត។ (ស៊ុន ណារិន/VOA Khmer)
លោក ផាត សុផល វ័យ៣៧ ឆ្នាំ ជា​កម្មករ​ម្នាក់ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​គ្រោះថ្នាក់​ ក្រោយ​ជាប់​ជិត​៦ម៉ោង ហើយ​លោក​បាន​រស់រាន​មាន​ជីវិត។ (ស៊ុន ណារិន/VOA Khmer)

ចំណែក​លោក ផាត សុផល ជា​កម្មករ​ម្នាក់ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​គ្រោះ​ថ្នាក់ ​ក្រោយ​ជាប់​ជិត​៦ម៉ោង បាន​ថ្លែង​ថា លោក​បាន​គេង​នៅ​ម៉ោង​៨​យប់ ហើយ​ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ជិត​៤​ទៀប​ភ្លឺ។ លោក​ថា​បង​ថ្លៃ និង​ក្មួយ​របស់​លោក​បាន​ជាប់​នៅ​ទីនោះ។

លោក សុផល ដែល​មក​ពី​ខេត្ត​ព្រៃវែង​មាន​ប្រសាសន៍​ថា៖«កំពុង​កាយ​ហ្នឹង​ឃើញ​មាន​គ្នា​ខ្ញុំ​បី​នាក់ មាន​បង​ថ្លៃ​ខ្ញុំ​មួយ ក្មួយ​ខ្ញុំ​មួយ។ ពេល​បាក់​ភ្លាម​ ក្មួយ​ខ្ញុំ​ក៏​ដូច​ជា​នៅ​រស់​ដែរ​ ព្រោះ​អី​គាត់​យំ​រហូត។ គាត់​យំ គាត់​សួរ​ខ្ញុំ​ពូ​អើយ​ជួយ​ផង ហើយ​បង​ថ្លៃ​ខ្ញុំ​ក៏​ឮ​មាត់​ដែរ ហើយ​ក្រោយ​ទៅ ក៏​បាត់​មាត់​ទៅ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ​រហូត​ទៅ»។

នៅ​ម៉ោង​ជាង​៤រសៀល​ថ្ងៃ​ចន្ទ​នេះ បង​ថ្លៃ​ និង​ក្មួយ​របស់​លោក ត្រូវបាន​ក្រុមជួយ​សង្រ្គោះ​កាយ​រកឃើញ ហើយ​ពួកគេ​នៅរស់រាន​មានជីវិត ក្រោយ​ជាប់​ក្នុង​គំនរ​អគារ​រយ:ពេល​ជាង​២ថ្ងៃ​កន្លះ។

កម្មករ​វ័យ៣៧ឆ្នាំរូបនេះ​ ​បន្តថា​ លោកក៏​ធ្លាប់​និយាយ​ជាមួយ​កម្មករ​ផ្សេង​ទៀត​ថា ​ជណ្តើរ​យន្ត​របស់អគារ​ ​ហាក់​មិន​រឹង​មាំនោះទេ។

លោក​មាន​ប្រសាសន៍​ថា៖«មិន​សូវ​សង្កេត​ដែរ​ តែ​គ្រាន់​នាំ​គ្នា​និយាយ​លេង​រឿង​ជណ្តើរ​យន្ត។ ជណ្តើរ​យន្ត​រាង​ទន់ៗ ក្រែង​លោ​មាន​ថ្ងៃ​ណា​បាក់។ ដល់​ពេល​វា​មាន​បាក់​អាហ្នឹង​ណា វា​បាក់​អគារ​តែ​ម្តង»។

អគារ​បាក់​នេះ​ មាន​កម្ពស់​៧​ជាន់​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ការ​កើនឡើង​យ៉ាងគំហុក​នូវ​សំណង់​ ខណ:មាន​កំណើន​ជនជាតិចិន​មក​រស់​នៅ ​និង​រក​ស៊ី​ក្នុង​ខេត្ត​មួយ​នេះ។

សំណង់ដែល​បាក់នេះ ​មាន​ទទឹង​១៥ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ និងដំណើរ​ការ​សាងសង់​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ។ អាជ្ញាធរ​បញ្ជាក់​ថា​កំពុង​ស៊ើបអង្កេត​រកមូលហេតុ​នៃ​ការ​បាក់​អគារ​នេះ។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស៤នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៣នាក់ ដែល​ជា​ម្ចាស់​ការ​ដ្ឋានសំណង់​ អ្នក​ម៉ៅការ​សាងសង់ អ្នកម៉ៅការ​បូក​ជញ្ជាំង​អគារ​និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ម្ចាស់​ដី។

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ប្រកាសគាំទ្រ​អាជ្ញាធរ​កម្ពុជា​បើ​ក​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់​លើ​បញ្ហា​នេះ។

លោក ​សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​ថ្លែង​ថាករណី​នេះ​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ថា​តើ​ម្ចាស់​សំណង់​ជា​ជន​ជាតិ​ចិន​នោះ​មាន​មន្រ្តី​ជា​ខ្នង​បង្អែក​ឬ​យ៉ាងណា។

លោក​មាន​ប្រសាសន៍​ថា៖

«វា​ជា​រឿង​មួយ យើង​មាន​ការ​សង្ស័យ​ទៅ​លើ​ឥទ្ធិពល​នៃ​ខ្នង​បង្អែក​របស់​ចិន ពី​ព្រោះ​អី​បើ​សិន​ជា​គ្មាន​ខ្នង​បង្អែក​ទេ ខ្ញុំ​គិត​ថា​ចិន​ទំនង​ជា​ស្តាប់​អាជ្ញាធរ​សមត្ថ​កិច្ច​ក្នុង​ខេត្ត​នោះ។ ចំណុច​នេះ​យើង​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នៅ​ពី​ក្រោយចិន​នៅ​តែ​រំលោភ​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន»។

លោក​បន្ត​ថា​លោក​សង្កេត​ឃើញ​សំណង់​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មិន​មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់។ លោក​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​វិស័យ​សំណង់ និងបញ្ជៀស​អំពើ​ពុករលួយ​ក្នុង​វិស័យ​នេះ។

ក្រុង​ព្រះសីហនុ ​កំពុង​រីកដុះដាល​សំណង់​យ៉ាងគំហុក ​ក្នុង​រយ:ពេល​ពីរបីឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​មាន​កំណើន​ជនជាតិ​ចិន​ក្នុង​ខេត្ត​មួយ​នេះ។ សំណង់​ទាំង​នេះ​មាន​ដូច​ជា​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ​កន្លែង​ស្នាក់​សម្រាប់​ជួល​ និង​សំណង់​ផ្សេងៗ។

អ្នកស្រី ញ៉រ ស្រី​អូន ដែល​ប្អូន​ស្លាប់​ក្នុង​សំណង់​បាក់​រលំ​នេះ មាន​ប្រសាសន៍​ថា ​អ្នកស្រី​មាន​ការ​សោកស្តាយ​មិន​គួរហៅ​ប្អូន​មក​ធ្វើការ​នៅ​ទីនេះ​នោះទេ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖«ប្រហែល​ជា​ឈប់​ហៅ​បងប្អូន​អី​ហើយ។ រៀង​ហើយ! ចង់​ឈប់​ធ្វើ ខ្លាច»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG