លោក ខៀវ ឆាយ៉ា អាយុ៣៩ឆ្នាំ និងភរិយារបស់លោក នឹងឈប់ពីការងារសំណង់នៅថ្ងៃអង្គារនេះ ក្រោយបានឃើញគ្រោះថ្នាក់បាក់អគារ៧ជាន់ នៅក្នុងក្រុងព្រះសីហនុ ក្បែរកន្លែងពួកគេធ្វើការ។
លោក ឆាយ៉ា ដែលទើបធ្វើការជាកម្មករសំណង់ឲ្យក្រុមហ៊ុនចិន បានរយ:ពេល២៥ថ្ងៃ មានប្រសាសន៍ថា ក្រោយមានហេតុការណ៍បាក់អគារ លោកបារម្ភអំពីសុវត្ថិភាពរបស់លោក ភរិយា និងកូនស្រីអាយុ១៤ឆ្នាំ ដែលស្នាក់នៅកន្លែងធ្វើការជាមួយគ្នា បើទោះជាលោកលើកឡើងថា សំណង់១១ជាន់ ដែលលោកកំពុងបំពេញការងារ ហាក់មានភាពរឹងមាំក៏ដោយ។
លោក ឆាយ៉ា ដែលពីមុនធ្វើការជាអ្នកបោកគក់នៅសណ្ឋាគារមួយ បានថ្លែងប្រាប់VOAនៅកន្លែងការងាររបស់លោកថា៖
«ណាស់តែខ្ញុំមិនទុកចិត្ត ចង់សម្រាកពីការងារ។ ខ្លាច ព្រោះអីខ្ញុំមិនដែលជួបហេតុការណ៍អញ្ចឹង។ អគារតែខ្ពស់ រឹតតែខ្លាច»។
លោកមានប្រសាសន៍ថា លោកមានការព្រួយបារម្ភជាងគេ ជាពិសេសការគេងនាពេលយប់នៅកន្លែងការងារ ដោយសារលោកបានឃើញគ្រោះថ្នាក់បាក់អគារកាលពីសប្តាហ៍មុន។
លោក ឆាយ៉ា ដែលមានបងប្អូន១២នាក់ និងមកពីខេត្តកំពង់ស្ពឺ បានរៀបរាប់ថ្ងៃបាក់អគារថា៖ «មុនដំបូងខ្ញុំសម្រាន្តសុខៗ មានសំឡេងខ្លាំងដូចជាខ្យល់ព្យុះលាន់ខ្លាំងៗហើយដាច់ខ្សែភ្លើង។ សំឡេងហ្នឹងធ្វើឲ្យខ្ញុំភ្ញាក់ដូចដាស់ខ្ញុំអញ្ចឹង។ ធ្វើឲ្យខ្ញុំស្ទុះឡើងស្រឡាំងកាំង ចង់ស្ទះបេះដូង។ ហើយសំឡេងបុកខ្ទរដល់ដី ឡើងញាក់ដី។ ធ្វើឲ្យខ្ញុំរឹតតែភ័យ»។
ការបាក់អគារនោះបានកើតឡើងនៅម៉ោងប្រមាណ៤ព្រឹកថ្ងៃសៅរ៍។ លុះព្រឹកឡើងម៉ោង៦ ទើបលោក ឆាយ៉ា បានដឹងថាបាក់អគារ។
ការងារសំណង់នេះ លោករកបានចំណូលបាន៣៥០០០រៀលក្នុងមួយថ្ងៃ ខាងផ្នែកលើកឥដ្ឋ ហើយភរិយារបស់លោក បានចំនួន៣ម៉ឺនរៀល ខាងផ្នែកយោងកំបោរ។
កូនស្រីរបស់លោក អាយុ១៤ឆ្នាំ ក៏ស្នាក់នៅជាមួយលោកផងដែរនាពេលនេះ ដោយទុកកូនមួយស្រីម្នាក់ទៀត អាយុ១៣ឆ្នាំនៅផ្ទះជាមួយយាយក្នុងខេត្តកំពង់ស្ពឺ។
លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការ មានប្រសាសន៍ថាកម្មករនៅទីនេះមានប្រមាណ៣០នាក់ ហើយសុទ្ធតែអ្នកមកពីខេត្តផ្សេង មិនមែននៅក្នុងក្រុងព្រះសីហនុនោះទេ។
ពួកគេអាចរកចំណូលបានចន្លោះពី៣ម៉ឺនទៅជាង៤ម៉ឺនរៀលក្នុងមួយថ្ងៃ តាមជំនាញរបស់ពួកគេ។
លោក សារឹទ្ធ ដែលទើបមកធ្វើជាមេការនៅសំណង់ខុនដូ១១ជាន់របស់ចិន បានជាង២ខែ តែធ្វើការក្នុងវិស័យសំណង់ជាង៥ឆ្នាំមកហើយ មានប្រសាសន៍ថាក្រោយមានហេតុការណ៍នេះ កម្មករមានភាពភ័យខ្លាចក្នុងការធ្វើការងារ។ ប៉ុន្តែលោកមានប្រសាសន៍ថាអគារដែលលោកកំពុងធ្វើនេះមានភាពរឹងមាំ មិនដូចអគារដែលបាក់នោះទេ។
កម្មករសំណង់ស្នាក់នៅកន្លែងធ្វើការជារឿងធម្មតា ដោយសារពួកគេមិនមានថវិកាគ្រប់គ្រាន់ក្នុងការជួលកន្លែងស្នាក់នៅ។
ក្រុងព្រះសីហនុ កំពុងរីកដុះដាលសំណង់យ៉ាងគំហុក ក្នុងរយ:ពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយមានកំណើនជនជាតិចិនក្នុងខេត្តមួយនេះ។ សំណង់ទាំងនេះមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងស្នាក់សម្រាប់ជួល និងសំណង់ផ្សេងៗ។
របាយការណ៍របស់ក្រុមធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ដែលនិយាយអំពី«ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម» បានបញ្ជាក់ថាខេត្តព្រះសីហនុ បានប្រឈមនឹង«គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបញ្ជាក់បន្ថែមថា ការផ្តល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាត្រង់ថា «សង់សិន អាជ្ញាបណ្ណតាមក្រោយ»។
របាយការណ៍បានបញ្ជាក់ថា៖ «នៅមានការអនុញ្ញាតការសាងសង់ត្រូវបានផ្តល់លើមូលដ្ឋានមួយករណីម្តងៗ ដែលនៅទីនោះគេច្រើនស្គាល់ថាជាវិធី«សង់សិន អាជ្ញាបណ្ណតាមក្រោយ»។ សិទ្ធិអំណាចក្នុងការចេញអាជ្ញាបណ្ណសាងសង់និងការត្រួតត្រាសំណង់ស្ថិតនៅហួសពីសមត្ថកិច្ចរបស់មន្ទីរខេត្តនីមួយៗ ឬរបស់អាជ្ញាធរក្រុងទៅទៀត»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថាសំណង់អគារផ្សេងទៀត ក៏នឹងអាចប្រឈមនឹងផ្លូវច្បាប់ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថារឿងសំណង់ខុសច្បាប់ វាមិនមែនតែសំណង់ដែលដួលរលំហ្នឹងទេ។ វាអាចមានផ្សេងទៀត ហើយយល់ល្អអាជ្ញាធរគួរតែពិនិត្យ ហើយសំណង់ខ្លះ ខ្ញុំសង្ស័យតែប្រឈមនឹងការរុះរើ ឬក៏វាយចោលទេ។ ហើយតម្រូវឲ្យក្រុមហ៊ុនចិនហ្នឹងត្រូវសុំច្បាប់ឡើងវិញ»។
ក្រោយមានគ្រោះថ្នាក់បាក់អគារនេះ រដ្ឋាភិបាលបានសម្រេចបង្កើតគណ:កម្មការចម្រុះមួយ ដើម្បីត្រួតពិនិត្យបទដ្ឋានផ្នែកបច្ចេកទេស និងច្បាប់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានព្រមានថានឹងមិនមានការលើកលែងនោះទេចំពោះការសាងសង់អគារដោយខុសច្បាប់ ហើយលោកចាត់ទុកគ្រោះថ្នាក់បាក់អគារនេះជាមេរៀនមួយ។ លោកថ្លែងបែបនេះ ខណ:លោកចុះពិនិត្យការស្វែងរកមនុស្សដែលជាប់គាំងក្នុងគំនរអគារ។
លោក ផាត សុផល អាយុ៣៧ឆ្នាំ ជាកម្មករម្នាក់ ដែលត្រូវបានជួយសង្រ្គោះពីគ្រោះថ្នាក់ ក្រោយជាប់ជិត៦ម៉ោង។ លោកបានថ្លែងថាលោកនៅតែបន្តការងារជាកម្មករសំណង់ តែលោកនឹងគិតពីសុវត្ថិភាពនៅកន្លែងការងារ។
លោកមានប្រសាសន៍ថា៖ «បាទ ទៅថ្ងៃមុខ ខ្ញុំធ្វើសំណង់ តែទោះម៉េចក៏រើសក្រុមហ៊ុន ពិនិត្យមើលក្រុមហ៊ុនណាល្អ កុំឲ្យមានគ្រោះថ្នាក់ដូចពេលអញ្ចឹងទៀត»។
ជនរងគ្រោះម្នាក់ទៀត លោក រី ប្រុស អាយុ២០ឆ្នាំ មកពីខេត្តស្ទឹងត្រែង ធ្វើការសំណង់នៅខេត្តព្រះសីហនុ បានរយ:ពេល៨ថ្ងៃ មុនថ្ងៃគ្រោះថា្នក់កើតឡើង បានថ្លែងប្រាប់VOAនៅមន្ទីរពេទ្យខេត្ត កន្លែងលោកទទួលការព្យាបាលថា លោកនឹងត្រឡប់ទៅរកការងារធ្វើនៅខេត្តវិញ ហើយលោកមិនធ្វើការងារសំណង់ទៀតទេ។
លោកបានថ្លែងថា៖ «ធ្វើខាងសំណង់ វាហត់ផង ហើយវាគ្រោះថ្នាក់ច្រើន ហើយគ្រោះថ្នាក់ផ្សេងៗទៀត ក៏មើលមិនឃើញដែរ ហើយណាមួយឡើងខ្ពស់ៗ»។
យោងតាមក្រសួងការងារ ក្នុងឆ្នាំ២០១៨ គ្រោះថា្នក់ការងារសរុបមានចំនួន២៥,២០៦ករណី ហើយកម្មករ២០០នាក់ បានស្លាប់ និង២,៧១១ រងរបួសធ្ងន់ ដោយសារបញ្ហាគ្រោះថ្នាក់ និងជំងឺ។
ក្រោយហេតុការណ៍បាក់អគារនេះ អង្គការពលកម្មអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ដោយបានជំរុញឲ្យមានការពិនិត្យច្បាប់ ការពង្រឹងច្បាប់នៅក្នុងផ្នែកសំណង់ ការបង្ហាញអំពីសុវត្ថិភាពការងារ និងស្តង់ដារសុខភាព ស្តង់ដារសុវត្ថិភាពសំណង់ និងបង្កើនការត្រួតពិនិត្យជាដើម។
លោក ខៀវ ឆាយ៉ា ដែលបានឈប់ពីការងារនៅថ្ងៃនេះ មានប្រសាសន៍ថាលោក និងភរិយារបស់លោក នឹងប្រកបរបរនេសាទ ដោយទៅរស់នៅជាមួយម្តាយក្មេងរបស់លោក៕