ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ចាត់វិធាន​ការ​បឋមៗ​ចំពោះ​ការបាក់​អគារ​នៅខេត្ត​ព្រះសីហនុ


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

នៅពេល​ការស៊ើប​អង្កេត​កំពុង​ដំណើរការ​បន្ត​ វិធានការ​ដំបូងៗ​របស់​រដ្ឋាភិបាល​កម្ពុជា ក្រៅពី​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ក្នុង​គំនរ​បាក់​បែក​ និង​ទប់ស្កាត់​កំហឹង​និង​ការរិះ​គន់ របស់​ពលរដ្ឋ​តាម​ប្រព័ន្ធ​សង្គម​នោះ​គឺគេ​ឃើញថា​មានការ​បណ្តេញ​ចេញ​សមាជិក​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់ ​គឺលោក ​ញឹម វណ្ណដា ​និង​ចាប់ខ្លួន​មនុស្ស​៤នាក់ ​មាន​ជនជាតិចិន​ផងដែរ ​ក្រោយ​ពីការ​បាក់​អគារ​៧ ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែលធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ចំនួន​២៨​នាក់​ស្លាប់ ​និង ​របួស ​២៦នាក់ ​និង​៣នាក់​ ត្រូវបាន​រួច​ជីវិត​ពី​គំនរ​បាក់​បែក។​

លោក​ទេសរដ្ឋមន្ត្រី​ ញឹម វណ្ណដា ​ជា​អនុប្រធាន​គណៈកម្មាការ​គ្រប់គ្រង គ្រោះ​មហន្តរាយ ​ត្រូវ​ព្រះ​មហាក្សត្រ​កម្ពុជា ​បាន​ឡាយ​ព្រហស្ថ​លេខា​ដកមុខ​តំណែង ហើយ​ដាក់​ជំនួស​ដោយ​ លោក​នាយ​ឧត្តមសេនីយ៍ ​គន់ គីម ​ជាអតីត​អគ្គមេបញ្ជាការ​រង កងទ័ព ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារ​លោក​នាយកដ្ឋមន្ត្រី​ អះអាង​ថា​លោក​មិន​បាន​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ពលរដ្ឋ​នៅ​កន្លែង​បាក់​អគារ ​តែបាន​ភូតភរ​លោក។​

នៅក្នុង​ពេល​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​យប់​ នៅឯ​កន្លែង​បាក់​រលំ​អគារ​ដែល​លោក​ចុះត្រួត​ពិនិត្យ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ក្នុង​ពេល​បិទ​បញ្ចប់​ប្រតិបត្តិការ​ស្វែងរក​ជន​រងគ្រោះ​នោះ​ លោក​ ហ៊ុន សែន​បាន​អះអាង​ថា លោកនឹង​មិន​ទុក​មន្ត្រី​ភូតកុហក ​គ្មានការ​ទទួល​ខុសត្រូវ​ក្នុង​រដ្ឋាភិបាល​របស់​លោក ទេ។​ គេមិន​ទាន់ឃើញ​មាន​សេចក្តី​អត្ថាធិប្បាយ​ពី​លោក​ញឹម វណ្ណដា​នៅ​ឡើយ​ទេ​ចំពោះការ​ដកមុខ​តំណែង​នេះ។ ​

ក្រុមអ្នក​លេង​ហ្វេប៊ុក ​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ រដ្ឋាភិបាល​ឲ្យមាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​មនុស្ស​ស្លាប់​និង​របួស​ ក្រោយ​ពីមាន​ការដួល​រលំ​អគារ​សង់​គ្មាន​ច្បាប់​នៅខេត្ត​ព្រះសីហនុ ​ដែលមាន​ជនជាតិ​ចិន​វិនិយោគ យ៉ាងច្រើន ​ប្រកប​ដោយក្តី​បារម្ភ​ពីគុណភាព​និង​សុវត្ថិភាព​នៃការ​សាងសង់​នោះ។ លោក​អភិបាល​ខេត្ត យន្ត មីន ​បាន​ប្រកាស​លាឈប់​ពី​មុខតំណែង ​ហើយត្រូវ​បាន នាយក​រដ្ឋមន្ត្រី​យល់ព្រម ​និង​ផ្ទេរលោក​អភិបាល​ខេត្ត ​គួច ចំរើន​ពីខេត្ត​កំពង់​ចាម ទៅ​ជំនួស​វិញ។​នេះបើតាម​ព្រះរាជក្រឹត​របស់​ព្រះមហាក្សត្រ។ ​

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន ប្រកាស​អំពី​តម្លាភាព​នៃ​ការ​ជួយ​ថវិកា​ជាច្រើន​ម៉ឺនដុល្លារ​ដល់​គ្រួសារ​អ្នកស្លាប់​ និង​អ្នក​របួស​ផងដែរ​ ដោយ​ធ្វើ​សៀវភៅ​ធនាគារ ​ហើយ​តំណាង​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ជូន​ដល់​ផ្ទះ​ដោយ​ផ្ទាល់ដៃ។ ​មាន​អ្នកជំនួញ​ និង​ មហាសេដ្ឋី​ជាច្រើន​បាន​បរិច្ចាក​ថវិកា​ជួយជន​រងគ្រោះ ​និង​ក្រុម​គ្រួសារ​ ក្រៅពី​ថវិកា​រដ្ឋាភិបាល។

XS
SM
MD
LG