ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បន្ត​ស្វែង​រក​មនុស្ស​​ក្នុង​គំនរ​អគារ​បាក់នៅ​ក្រុង​ព្រះសីហនុ​ ខណ:ក្រុមគ្រួសារ​​កំពុង​រង់​ចាំដំណឹង


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ប្រមាណ​ម៉ោង​ ១០​។​ ត្រឹមពេល​នេះ​ មនុស្ស​យ៉ាងហោច​ណាស់​ ១៨នាក់​ ត្រូវបានអជ្ញាធរ​បញ្ជាក់​ថា​បាន​ស្លាប់​ ​និង​២៤​នាក់​ បាន​រង​របួស,​ នៅខេត្ត​ព្រះសីហ​នុ​, នៅថ្ងៃទី​
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ប្រមាណ​ម៉ោង​ ១០​។​ ត្រឹមពេល​នេះ​ មនុស្ស​យ៉ាងហោច​ណាស់​ ១៨នាក់​ ត្រូវបានអជ្ញាធរ​បញ្ជាក់​ថា​បាន​ស្លាប់​ ​និង​២៤​នាក់​ បាន​រង​របួស,​ នៅខេត្ត​ព្រះសីហ​នុ​, នៅថ្ងៃទី​

ចំនួន​មនុស្ស​ស្លាប់​បាន​បន្ត​កើន​ឡើង ដែល​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​យ៉ាង​តិច​១៨នាក់ ត្រូវ​បាន​បញ្ជាក់​ដោយ​អាជ្ញាធរ​ថា​បាន​ស្លាប់ និង​២៤​នាក់​​ បាន​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​កំពុង​សាង​សង់​មួយ​​ក្នុង​ខេត្ត​ព្រះ​សីហនុ កាល​ពី​​ថ្ងៃ​សៅរ៍​​។

ក្រុមគ្រួសារ​មួយ​ចំនួន​កំពុង​រង់ចាំ​សាច់ញាតិ​របស់​ពួកគេ ​ដែល​កំពុង​ជាប់​ក្នុង​គំនរ​អគារ​បាក់មួយ ​នៅ​ក្នុងក្រុង​ព្រះសីហនុ ខណ:ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ​កំពុង​បន្ត ហើយ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​១៨នាក់ រហូត​ដល់​ម៉ោង​ជិត​២រសៀល​ថ្ងៃ​អាទិត្យនេះ។

ចំនួន​មនុស្ស​ស្លាប់​បាន​បន្ត​កើន​ឡើង ដែល​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​យ៉ាង​តិច​១៨នាក់ ត្រូវ​បាន​បញ្ជាក់​ដោយ​អាជ្ញាធរ​ថា​បាន​ស្លាប់ និង​២៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​កំពុង​សាង​សង់​មួយក្នុង​ខេត្ត​ព្រះ​សីហនុ កាល​ពីថ្ងៃ​សៅរ៍។

លោក ឯក ថា​ អាយុ​៣៤​ឆ្នាំ​ ជាអ្នក​ម៉ៅការ​សំណង់អគារ​បាក់​រលំនេះ បាន​ថ្លែង​ប្រាប់ ​VOA នៅ​មន្ទីរ​ពេទ្យ កន្លែង​ដែល​សព​ត្រូវបាន​រៀបចំ​ទុក​ថា កម្មកររបស់​លោក​សរុប​ទាំង​អស់ ​មាន​ចំនួន​១៥នាក់ ហើយ​បាន​រួច​ខ្លួន​ចំនួន​៣នាក់ ពេល​មាន​ហេតុការណ៍​កើត​ឡើង។ លោក​បន្តថា​រហូត​មក​ដល់​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក​មិន​ទាន់​ឃើញ​កម្មករ​ទាំង​១២នាក់​នោះ​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ដឹង​ថា​ក្រុម​ខ្ញុំបាត់​១២​នាក់ទៀត អត់​ទាន់​រក​ឃើញ។ គេ​កំពុង​តែ​កាយ​ ដោយសារ​ក្រុម​ខ្ញុំ​ដេក​កណ្តាល​គេ។ ហើយ​ដេក​អគារ​ទីបី ទីបួន។ ឥឡូវ​គេ​កាយ​អត់​ទាន់​ដល់»។ លោក​បន្ថែម​ថា ក្នុង​ចំណោម​មនុស្ស​ដែល​បាត់​នោះ ក៏​មាន​ក្មួយ​ប្រុស​បង្កើតរបស់លោក ចំនួន៣នាក់​ផង​ដែរ។

​រហូត​មក​ដល់​ម៉ោង​ជិត​២រសៀល​ថ្ងៃ​អាទិត្យ​នេះ លោក ឯក ថា​ បាន​ថ្លែង​ប្រាប់​ VOA ថា ក្រុមគ្រួសារបាន​ទទួល​សព​មួយនាក់។

លោក ស៊ឹម ម៉េន អាយុ​៣៥​ឆ្នាំ កំពុង​នៅ​មន្ទីរ​ពេទ្យ ដោយលោក​បាន​បាត់បង​ប្រុស​បង្កើត​របស់លោក ឈ្មោះ ស៊ឹម មន អាយុ​៤៨​ឆ្នាំ ដែល​បាន​ធ្វើ​ការ​ងារ​សំណង់​ជាង​៥​ឆ្នាំ​មក​ហើយ។​ លោក​ថា ​លោក​ក៏​ធ្លាប់​ធ្វើ​ការ​សំណង់​នៅ​កន្លែង​បាក់​រលំដែរ តែដោយសារលោក​មាន​ជំងឺ​គ្រុន​ពោះវៀន កាល​ពី​ពេល​ថ្មីៗ លោក​ក៏​ត្រឡប់​ទៅ​សម្រាក​នៅពេទ្យខេត្ត​ព្រៃវែង ហើយ​មិន​ទាន់​បាន​ត្រឡប់​មកវិញ​ រហូត​ដល់​ថ្ងៃ​គ្រោះ​ថ្នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «អានេះ យើង​ថា​ មក​ពី​អាយុ​មិន​ទាន់​អស់»។

ចំណែក​លោក សួន ភារម្យ អាយុ​៤១​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ លោក​បាត់ប្អូន​ថ្លៃ​ឈ្មោះ រស់ ស៊ីថា អាយុ​៤១​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង។ លោក​បន្ត​ថា​ ប្អូន​ថ្លៃ​របស់​លោក បានមក​ធ្វើ​ការ​នៅ​ទីនេះ ​ប្រមាណ​៦ខែ​មកហើយ តាមរយ:មេការ​សំណង់។

លោកបាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​មិន​សង្ឃឹម​ថា​ គាត់​នៅ​រស់​ទេ។ សំខាន់​ឲ្យ​ថា​ឃើញ​សព​គាត់​ឆាប់ៗ ហើយ​យក​ទៅ​ស្រុក​វិញ»។

លោក​បន្តថា​ ភរិយា​របស់ជន​រងគ្រោះ រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ជាកសិករ​ម្នាក់ ហើយ​ចិញ្ចឹមកូន២នាក់ ម្នាក់​ស្រី ​អាយុ​៧ឆ្នាំ ​និង​ប្រុស អាយុ​១២​ឆ្នាំ។

ចំណែក​អ្នកស្រី ប៉ែន ផាន អាយុ​៤១​ឆ្នាំ ជា​កសិករ​នៅ​ខេត្ត​ព្រៃវែង បាន​បាត់បង់​កូនប្រុស​ឈ្មោះ ឆុន ធាន អាយុ​១៩​ឆ្នាំ ​ដែល​បាន​មក​ធ្វើ​ការសំណង់​ជាមួយ​អ្នក​ម៉ៅការ​សំណង់ លោក ឯក ថា ជិត​២​ឆ្នាំ​មក​ហើយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «មាន​អារម្មណ៍​ថា ​អត់​ទាន់​អស់​ចិត្ត​ អត់​ទាន់​បាន​យក​កូន​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី»។

អ្នកស្រី​បន្ត​ថា កូន​របស់​អ្នកស្រី​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦តែ​ប៉ុណ្ណោះ ហើយ​ជា​អ្នក​រក​ចំណូល​ម្នាក់​ក្នុង​គ្រួសារ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​របស់​អ្នកស្រី និង​ឪពុក​ដែល​ពិការ​ភ្នែក។

អ្នកស្រី ង៉ា មុំ​ អាយុ​៥៨​ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​ VOA ថា ​កូន​របស់​អ្នកស្រី ឈ្មោះ​ ហួង ចាន់​ថា អាយុ​៣៨​ឆ្នាំ និង​កូនប្រសារ បានស្លាប់​នៅ​ក្នុងហេតុការណ៍​នេះ បន្សល់​ទុក​កូន​ប្រុស​៣នាក់។ អ្នកស្រី​បន្ថែម​ថា ​ពួកគេ​បាន​មក​ធ្វើការ​នៅ​ទីនេះ​បាន​តែ​បីថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង។

អ្នកស្រីបាន​ថ្លែងថា៖ «ខ្ញុំ​សោកស្តាយ​កូន​ខ្ញុំ ខំបី​បាច់​ថែរក្សា​ដល់ប៉ុននេះ​ហើយ មក​ស្លាប់ដោយ​អចេតនា ខ្ញុំ​ស្តាយ​តែ​កូនខ្ញុំ។ គ្មាន​អ្នកណា​រក​ស៊ី​ចិញ្ចឹម​ត​ទៅ​ទៀត។ ចៅ​នៅ​កំព្រា។​ បីនាក់​បង​ប្អូន»។

ចំណែក​អ្នកស្រី​ម្នាក់​មក​ពីខេត្ត​កំពត​ អាយុ​៧៥​ឆ្នាំ បាន​នាំចៅ​ពីរ​នាក់មក​ទទួល​សព​ឪពុកម្តាយ​របស់​ពួកគេ​ ដែល​ត្រូវ​ជា​ក្មួយ​របស់​អ្នកស្រី។ ពួកគេជា​ប្តី​ប្រពន្ធ បាន​ស្លាប់​ទាំង​ពីរ​នាក់ បន្សល់ទុក​កូន​ស្រី​អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត ​អាយុ​១១​ឆ្នាំ។

ខណ:​កំពុង​ចាំ​ទទួល​សព​ឪពុកម្តាយ កូនស្រី​ច្បង​របស់សព យុវតី យ័ន លីហ្សា ដែល​រៀន​ថ្នាក់​ទី​៨ បាន​និយាយ​ថា៖ ​«[ពួកគាត់]​មក​ធ្វើ​ការ​សំណង់​ តាំង​ពី​ខ្ញុំ​នៅក្មេង»។

អគារ​បាក់​នេះ​ មាន​កម្ពស់​៧​ជាន់​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ការ​កើនឡើង​យ៉ាងគំហុក​នូវ​សំណង់​ ខណ:មាន​កំណើន​ជនជាតិចិន​មក​រស់​នៅ ​និង​រក​ស៊ី​ក្នុង​ខេត្ត​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត។

សំណង់ដែល​បាក់នេះ ​មាន​ទទឹង​១៥ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ និង​កំពុង​ដំណើរ​ការ​សាងសង់​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ។ អាជ្ញាធរ​បញ្ជាក់​ថា​កំពុង​ស៊ើបអង្កេត​រកមូលហេតុ​នៃ​ការ​បាក់​អគារ​នេះ។

លោក យន់ មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​បាក់​សំណង់​អគារ​កាល​ពី​ថ្ងៃ​សៅរ៍ថា អាជ្ញាធរ​បាន​ឃាត់​សំណង់​នេះ​ ចំនួន​២​ដង​រួច​មក​ហើយ ដោយ​លោក​ថាការ​ធ្វើសំណង់​នេះ​មិន​អនុវត្ត​តាម​បច្ចេកទេស។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​មូលហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​បញ្ឈប់ការដ្ឋាន​សំណង់ រហូត​មក​ដល់​ថ្ងៃ​គ្រោះ​ថ្នាក់​។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​កន្លង​ទៅ ខេត្ត​ធ្លាប់​ឃាត់​ញឹកណាស់​សំណង់​ដទៃ។ ខ្លះ​គាត់ស្តាប់​ទៅ ខ្លះ​គាត់​លួច។ ​អញ្ចឹង​អានេះ ខ្ញុំ​ឃាត់​ពីរ​ដង​ហើយ»។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស៤នាក់ រហូត​មក​ដល់​ពេល​នេះ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៣នាក់ ដែល​ជា​ម្ចាស់​ការ​ដ្ឋានសំណង់​ អ្នក​ម៉ៅការ​សាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ម្ចាស់​ដី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត។

ក្រុង​ព្រះសីហនុ ​កំពុង​រីកដុះដាល​សំណង់​យ៉ាងគំហុក ​ក្នុង​រយ:ពេល​ពីរបីឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​មាន​កំណើន​ជនជាតិ​ចិន​យ៉ាងគំហុក​មក​ក្នុង​ខេត្ត​មួយ​នេះ។ សំណង់​ទាំង​នេះ​មាន​ដូច​ជា​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ​កន្លែង​ស្នាក់​សម្រាប់​ជួល​ និង​សំណង់​ផ្សេងៗ។

លោក ឯក ថា​ អ្នក​ម៉ៅការ​សំណង់​ដែល​មាន​កម្មករ​រង​គ្រោះ​នៅ​កន្លែង​បាក់​អគារ ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះសុវត្ថិភាពការងារ​សំណង់​ ​ ក្រោយ​មាន​អគារ​បាក់​រលំ​បែប​នេះ ដែល​ជា​លើក​ដំបូង​នៅ​កម្ពុជា ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ច្រើន​ជាង​គេ។

លោក​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​ក្រោយ ធ្វើ​ដល់​អញ្ចឹង ខ្ញុំ​ចេះ​តែ​ខ្លាច ​ខ្ញុំ​រអា។ ដល់​អញ្ចឹង​ ខ្ញុំ​ចេះ​តែ​មើល​ដែរ។ មើល​តែ​អគារ​ណា​ មិន​សូវ​ស្រួល​ អត់​ធ្វើ​ដែរ»។

លោក​ក៏​បញ្ជាក់​បន្ថែម​ទៅ​លើ​សំណង់​អគារ​ដែល​បាក់​រំលំ​នេះ​ថា៖ «មើល​ទៅ​អគារ​នេះ ដែក​មើល​ទៅ​ដូច​ស្តើងៗ។ តែ​ដោយសារ​តែ​ខ្ញុំ​វា​អត់​មាន​ជំនាញ​ខាង​ហ្នឹង។ ដល់​អញ្ចឹង​ខ្ញុំ​ចេះ​តែ​ធ្វើ​ហើយ ខ្ញុំ​ធ្វើ​តែ​ខាង​ក្នុង​»៕​

សូមប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​ VOA លម្អិត​បន្លែម​ទៀត​នៅ​ពេល​ខាង​មុខ។

XS
SM
MD
LG