ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ចំពោះ​ការបាក់​អាគារ​ក្នុង​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ ​លោក​ កឹម សុខា​ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។
រូបឯកសារ៖ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ ​លោក​ កឹម សុខា​ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។

អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ ​លោក​ កឹម សុខា​ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​ នៅ​សប្តាហ៍​នេះ បាន​ផ្ញើសារ​រំលែក​ទុក្ខ​និង​បង្ហាញ​ការ​សោក​ស្តាយ​ដល់​ជនរង​គ្រោះ​រាប់​សិប​នាក់​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​ ​រលំ​អគារ​កម្ពស់​ប្រាំពីរ​ជាន់​នៅ​ខេត្ត​ព្រះ​សីហនុ។

នៅ​ក្នុង​សារមួយ​ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី២៣ ខែមិថុនា លើ​គេហទំព័រ​ហ្វេសប៊ុក​ដែល​គេ​ជឿ​ថា​ជា​របស់​លោក​ ​កឹម សុខា​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ កឹម សុខា​ និង​ភរិយា​មាន​សេចក្តី​រន្ធត់​និង​សោកស្តាយ​យ៉ាង​ខ្លាំង​ក្រៃលែង​ចំពោះ​កម្មករ​សំណង់​ខ្មែរក្រីក្រ​ដែល​ទទួល​រងគ្រោះ ស្លាប់​និង​រង​របួស​យ៉ាងច្រើន​ដោយ​បណ្តាល​មក​ពី​ការ​រលំ​បាក់​អាគារ​សំណង់​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​នាព្រឹក​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ២០១៩​នេះ។ ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ជនរង​គ្រោះ​និង​ក្រុម​គ្រួសារ​សព​ទាំងអស់​ដោយ​ក្តី​ក្រៀម​ក្រំ​បំផុត។​ ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ឲ្យ​មាន​ការផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយ​ផ្តល់​សំណង​និង​ផ្តន្ទា​ទោស​ចំពោះ​អ្នក​ទទួល​ខុសត្រូវ​ទាំងឡាយ​ដែល​ពាក់ពន្ធ័​ឲ្យ​បាន​សមរម្យ​ ហើយ​ក៏សូម​ឲ្យ​រក​មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ និង​មាន​វិធានការ​បង្ការ​ទប់ស្កាត់​កុំឲ្យ​ហេតុការណ៍​បែបនេះ​កើត​មាន​ដដែលៗ​តទៅ​ទៀត»។​

លោក រស់ ស៊ីថា អាយុ​៤០​ឆ្នាំ ជា​ជន​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត ក្រោយពី​ជាប់​ក្នុង​គំនរ​ថ្ម​ជាង​២ថ្ងៃ​កន្លះ ហើយ​ត្រូវ​បាន​រកឃើញ​នៅ​រសៀល​ថ្ងៃចន្ទ​នេះ។ (ស៊ុន ណារិន/VOA Khmer)
លោក រស់ ស៊ីថា អាយុ​៤០​ឆ្នាំ ជា​ជន​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត ក្រោយពី​ជាប់​ក្នុង​គំនរ​ថ្ម​ជាង​២ថ្ងៃ​កន្លះ ហើយ​ត្រូវ​បាន​រកឃើញ​នៅ​រសៀល​ថ្ងៃចន្ទ​នេះ។ (ស៊ុន ណារិន/VOA Khmer)

​គិត​ត្រឹម​ព្រឹក​ថ្ងៃចន្ទ​នេះ​ ក្រុម​អាជ្ញាធរ​អះអាង​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៨ ​នាក់​បាន​ស្លាប់​និង២៤​នាក់​ផ្សេង​ទៀត​បាន​រងរបួសក្រោយ​អាគារ​មួយ​កម្ពស់​៧ជាន់​បាក់​ស្រុត​នៅ​មុនថ្ងៃ​រះ​ ថ្ងៃ​សៅរ៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ​ប្រតិបត្តិការ​មួយ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ដើម្បី​រកជន​រងគ្រោះ​ដែល​ជាប់​ក្នុង​គំនរ​អាគារ​បាក់​បែក​នោះ។​ ​គេដឹង​ថា​អាគារ​ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នេះ​ ​មាន​ម្ចាស់​ជនជាតិចិន​ ​ហើយ​ជនរង​គ្រោះ​ភាគច្រើន​ជា​កម្មករ​សំណង់​ជនជាតិ​ខ្មែរ។​

លោក កាក់ គា អាយុ១៨ឆ្នាំ ជា​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ក្រោយពី​ជាប់​ក្នុង​គំនរ​ថ្ម​ជាង​២ថ្ងៃ​កន្លះ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​រសៀល​ថ្ងៃចន្ទ​នេះ។ (ស៊ុន ណារិន/VOA Khmer)
លោក កាក់ គា អាយុ១៨ឆ្នាំ ជា​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ក្រោយពី​ជាប់​ក្នុង​គំនរ​ថ្ម​ជាង​២ថ្ងៃ​កន្លះ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​រសៀល​ថ្ងៃចន្ទ​នេះ។ (ស៊ុន ណារិន/VOA Khmer)

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ផងដែរ។​ ​ស្ថាន​ទូតចិន​បន្ថែម​ថា​ ​«ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុ​លើក​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន»​ ហើយ​ ​ចិន​គាំទ្រ​ដល់​ការ​ស៊ើប​អង្កេត​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​នា​នា​លើ​ជនល្មើស​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ឧប​ទ្ទវ​ហេតុ​នេះ។​

​មេដឹក​នាំ​កម្ពុជា​ជា​ច្រើន​រូប​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​សោដនា​ដកម្មដ៏​កម្រ​មួយ​នេះ។​ ​លំហូរ​នៃ​ជន​ជាតិ​ចិន​ បនល្បែង​ និង​វិនិយោគ​នា​នា​កំពុង​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​និង​បាន​ធ្វើ​ឱ្យ​ខេត្ត​ដែល​ជាប់​មាត់​សមុទ្រ​របស់​ខ្មែរ​មួយ​នេះ​ក្លាយ​ជាបណ្តុំ​នៃ​បញ្ហា​មួយ​ចំនួន​ រួម​ទាំង​ឧក្រិដ្ឋ​កម្ម​ ជា​ដើម៕​

XS
SM
MD
LG