សម្លៀកបំពាក់បែបលោកខាងលិចចំនួន១៧៥ម៉ូត ដែលច្នៃប្រឌិតដោយស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងរបស់កម្ពុជាចំនួន១២រូប ត្រូវបានបង្ហាញឡើងលើកម្រាលព្រំពណ៌ប្រផេះ ដើម្បីធ្វើការប្រកួតប្រជែងមួយក្នុងកម្មវិធី Fashion Function នៅរាជធានីភ្នំពេញ។
Fashion Function គឺជាគម្រោងរួមគ្នានៃពិព័រណ៍ពាណិជ្ជកម្មប៊ែរឡាំង និងរដ្ឋាភិបាលអាល្លឺម៉ង់។ គម្រោងនេះទទួលបានជោគជ័យ ដោយបានបណ្តុះបណ្តាលអ្នកច្នៃម៉ូត វ័យក្មេងកម្ពុជា កាលពីឆ្នាំសិក្សា២០១៧ និង២០១៨ កន្លងទៅ។
ស្ត្រីអ្នកច្នៃម៉ូតដែលជាជ័យលាភីចំនួនប្រាំនាក់ក្នុងការប្រកួតនេះ នឹងត្រូវទៅប្រកួតបន្តក្នុងកម្មវិធី Bazaar Berlin ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
ស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងកម្ពុជាទាំង១២រូប ទទួលបានការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center)។ ហើយពួកគេត្រូវធ្វើការប្រកួតប្រជែងនៅកម្ពុជា មុននឹងត្រូវចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសអាល្លឺម៉ង់។
នេះគឺជាការប្រកួតលើការច្នៃម៉ូតដែលផ្តោតជាសំខាន់លើការឲ្យតម្លៃលើស្នាដៃ ដែលមានការច្នៃប្រឌិតខ្ពស់ ដែលសម្លៀកបំពាក់នីមួយៗត្រូវតែបង្កប់នូវគំនិតវប្បធម៌បែបខ្មែរ សិល្បៈខ្មែរ និងបង្កប់នូវគំនិតច្នៃប្រឌិតដើម្បីទ្រទ្រង់ការការពារផ្នែកបរិស្ថាន តាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានដូចជាក្រមាខ្មែរ វត្ថុធាតុដែលគេបោះចោលដូចជាត្រឡោកដូង និងសូត្រជាដើម។
ការច្នៃប្រឌិតទាំងនេះដែលបង្ហាញពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរហើយក៏ជាចំណាប់អារម្មណ៍សម្រាប់អតិថិជននៅអឺរ៉ុបផងដែរ។
កញ្ញា ហ៊ីលឡារី ហប់មែន (Hilary Hoffmann) ប្រធានផ្នែកច្នៃម៉ូតសម្លៀកបំពាក់នៅមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center) និយាយក្រោយពីការប្រកួតប្រជែងស្នាដៃច្នៃម៉ូតកាលពីថ្ងៃទី១០ ខែសីហាថា សម្លៀកបំពាក់ទាំងអស់បានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ហើយអ្នកច្នៃម៉ូតម្នាក់ៗមានសមាគមផ្គត់ផ្គង់ក្រណាត់រៀងៗខ្លួននៅកម្ពុជា។ ជាពិសេសទៅទៀតការច្នៃប្រឌិតទាំងអស់គឺធ្វើឡើងដោយដៃ មិនមែនដោយគ្រឿងម៉ាស៊ីនទេ។
«ពួកគេក៏ប្រើក្រណាត់បែបធម្មជាតិ អ្វីៗគ្រប់យ៉ាងធ្វើឡើងដោយដៃ។ នៅពេលដែលវាមិនត្រូវបានផលិតដោយម៉ាស៊ីន វាគឺមិនមែនជាម៉ូតដែលយើងចេញបានលឿនៗ ដូចមនុស្សអង្គុយកាត់ដេរសម្លៀកបំពាក់ក្នុងរោងចក្រធំនោះទេ។ អ្នករចនាម៉ូតម្នាក់ៗមានអ្នកផលិត ឬជាងកាត់ដេររបស់ពួកគេ ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដារពាណិជ្ជកម្មត្រឹមត្រូវ។នេះក៏ជាមូលហេតុដែលយើងធ្វើគម្រោងនេះឡើង ពីព្រោះយើងផ្តោតសំខាន់លើពាណិជ្ជកម្មដោយស្មើភាព និងម៉ូតចេញថ្មីដែលមិនសូវប្រដេញគ្នាលឿន»។
កញ្ញា សេង សុវណ្ណរចនា គឺជាអ្នកច្នៃម៉ូតវ័យ១៩ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរបស់កម្មវិធីFashion Functionនេះ។ នាងសំឡឹងមើលអនាគតនៃការច្នៃម៉ូតរបស់នាងទាំងសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់ក្នុងពេលខាងមុខ ទាំងការច្នៃម៉ូតសម្រាប់ការនាំចេញ។
«ខ្ញុំនឹងខំប្រឹង Design [រចនា] ម៉ូតដែលស្អាត ហើយវប្បធម៌ខ្មែរក៏មាន វាលេចធ្លោ ដែលធ្វើឲ្យគេស្គាល់ពីខ្មែរ ហើយនិងគាំទ្រផលិតផលរបស់ខ្មែរ។ ដូច្នេះហើយផលិតផលរបស់ខ្មែរអាចនាំចេញទៅស្រុកក្រៅបានច្រើន ហើយផ្តល់ទៅជាប្រាក់កម្រៃដល់ប្រជាជន អ្នកដែលធ្វើជាសាច់ក្រណាត់កាតុង សូត្រអីហ្នឹង»។
ចំណែក កញ្ញា ស សាន អ្នកច្នៃម៉ូតម្នាក់ទៀតដែលទទួលបានចំណាត់ថ្នាក់លេខ៥ និងមានពិការភាពផងនោះ លើកឡើងថា តាមរយៈការប្រកួតប្រជែងច្នៃម៉ូតនេះ កញ្ញានឹងអាចនាំយកសម្លៀកបំពាក់ដែលច្នៃដោយកញ្ញា ទៅដាក់លក់នៅប្រទេសអាល្លឺម៉ង់។ អ្នកច្នៃម៉ូតវ័យ២៥ឆ្នាំរូបនេះបន្ថែមថា ម៉ូតសម្លៀកបំពាក់របស់កញ្ញា ធ្វើឡើងដោយផ្តោតលើការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ តាមរយៈការប្រើប្រាស់អំបោះសុទ្ធ ឡេវត្រឡោក និងការប្រើក្រមាមកច្នៃជាដើម។។
«អ្វីដែលពិសេសសម្រាប់ខ្ញុំគឺគេចង់ឲ្យសិស្សដែលដាក់ពាក្យប្រឡងហ្នឹង គឺធ្វើអ្វីដែលជារបស់ប្រទេសកម្ពុជាយើង ហើយធ្វើអីដែលត្បាញពីដៃ ឬក៏របស់ដែលធ្វើចេញពីវត្ថុធាតុដើមនៅស្រុកខ្មែរយើង»។
ក្នុងរយៈពេលជាងពីរខែខាងមុខនេះ ជ័យលាភីច្នៃម៉ូតទាំងប្រាំរូបពីគម្រោងនេះ ត្រូវបានផ្តល់ឱកាសឲ្យទៅចូលរួមបង្ហាញសមិទ្ធផលរបស់ខ្លួន ក្នុងកម្មវិធីតាំងពិព័រណ៍ដ៏ធំមួយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ឈ្មោះថា បាហ្សារ ប៊ែរឡាំង ( Bazaar Berlin)។
បាហ្សារ ប៊ែរឡាំង គឺជាកន្លែងពាណិជ្ជកម្មសេរីធំបំផុតក្នុងប្រទេសអាល្លឺម៉ង់ ដែលផ្តោតសំខាន់លើផលិតផលសិប្បកម្មខ្នាតតូច។ សម្លៀកបំពាក់របស់អ្នកច្នៃម៉ូដទាំង៥រូបនេះ នឹងត្រូវបានតាំងលក់នៅកន្លែងពាណិជ្ជកម្មសេរីនោះផងដែរ។
លោក សាសចា រីប (Sascha Reebs) តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីប្រកួតម៉ូតFashion Function ថា កម្ពុជាគឺជាប្រទេសដែលមានឈ្មោះល្បីផ្នែកឧស្សាហកម្មវាយនភណ្ឌខ្នាតធំ ប៉ុន្តែសក្តានុពលដ៏ធំនៃសិប្បកម្មច្នៃម៉ូតខ្នាតតូចបែបចីរភាពតែងត្រូវបានគេមើលរំលង។ លោកបន្តថា មជ្ឈមណ្ឌលរចនាបែបទំនើប ដែលបង្រៀនយុវជនកម្ពុជាឲ្យកា្លយជាអ្នកច្នៃម៉ូត ដោយប្រើប្រាស់វត្ថុធាតុដើមពីកម្ពុជា ដែលបង្ហាញពីវប្បធម៌ និងមិនប៉ះពាល់បរិស្ថាន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជននៅទីជនបទ។
«ពួកយើងមិនចង់បានវត្ថុធាតុដើមផលិតចេញពីរោងចក្រធំៗនោះទេ ប៉ុន្តែយើងចង់ឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីសម្ភារៈដែលផលិតក្នុងការច្នៃម៉ូតនេះ។ ខ្ញុំគិតថានេះគឺជាភាពខុសគ្នាតែមួយគត់ (ប្លែកពីគេ) នៃការច្នៃម៉ូត(ដោយដៃ)នោះ បើធៀបជាមួយនឹងវិស័យកាត់ដេរបែបបុរាណ»។
គួរបញ្ជាក់ថាស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងកម្ពុជាទាំងប្រាំរូប បានទទួលការបណ្តុះបណ្តាលដោយមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺសម្រាប់អ្នកច្នៃម៉ូតក្នុងស្រុក។
មជ្ឈមណ្ឌលរចនាបែបទំនើប ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយ បាហ្សារ ប៊ែរឡាំង រួមជាមួយវិទ្យាស្ថានរចនាម៉ូតមកពីអាល្លឺម៉ង់ និងមហាវិទ្យាល័យអន្តរជាតិរ៉ាហ្វល (Raffles International College) នៅកម្ពុជា។ គម្រោងនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអាល្លឺម៉ង់ និងសហការជាមួយក្រុមហ៊ុន suPPPort Itd៕