ចៅក្រមជំនុំជម្រះនៃតុលាការរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បានសម្រេចបំបែកសំណុំរឿងព្រហ្មទណ្ឌមួយទៅជា ៥ ផ្សេងគ្នា ដែលបានចោទបុគ្គល ៣៧ នាក់ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការនិយាយរិះគន់អំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម ឬហៅថា CLV-DTA តាមបណ្តាញសង្គម កាលពីខែកក្កដា ឆ្នាំ ២០២៤។ ការសម្រេចរបស់ចៅក្រមធ្វើឡើងទៅតាមស្នើសុំរបស់តំណាងអយ្យការ។
ជនជាប់ចោទទាំង ៣៧ នាក់ ដែលស្ថិតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ រួមមានសកម្មជនផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៊ានមុន្នី និងលោក សាន សិទ្ធ និងពលរដ្ឋមួយចំនួនផ្សេងទៀតដូចជាលោក ធែល ធីលែន អ្នកស្រី សែម សុផល លោក ជិន ប៊ុណ្ណារ័ត្ន និងលោក ហៃ វណ្ណនិត ជាដើម។
នៅក្នុងសាលសវនាការ កាលពីព្រឹកថ្ងៃអង្គារ ចៅក្រមជំនុំជម្រះបានផ្តល់ឱកាសឲ្យមេធាវីការពារក្តីនិងតំណាងអយ្យការជជែកដេញដោលអំពីការស្នើសុំបំបែកសំណុំរឿងព្រហ្មទណ្ឌមួយទៅជា ៥ ផ្សេងគ្នានោះ ដោយមេធាវីការពារក្តីបានជំទាស់នឹងការស្នើសុំបំបែកសំណុំរឿងដោយអះអាងថា ការធ្វើដូច្នេះអាចប៉ះពាល់សិទ្ធិកូនក្តីរបស់ខ្លួន។ ក្រុមមេធាវីការពារក្តីក៏បានលើកឡើងថា ពួកគេមិនទទួលបានព័ត៌មានជាក់លាក់អ្វីទាល់តែសោះជុំវិញការស្នើសុំនេះ ហើយទើបតែដឹងនៅក្នុងពេលបើកសវនាការ។
សវនាការដែលមានរយៈពេលជាង ២ ម៉ោង បានប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់ជនជាប់ចោទនោះទេ ដោយចៅក្រមបានពន្យល់ថា សវនាការជជែកដេញដោលលើការស្នើឲ្យមានការបំបែកសំណុំរឿងយ៉ាងដូច្នេះ មិនចាំបាច់មានវត្តមានរបស់ជនជាប់ចោទឡើយ។
បន្ទាប់ពីការបិទបញ្ចប់សវនាការ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក ជិន ប៊ុណ្ណារ័ត្ន ប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញថា ការបំបែកសំណុំរឿងនេះមិនគួរកើតមាននោះទេ។ លោកបានលើកហេតុផលថា សំណុំរឿងនេះផ្តើមចេញពីអង្គហេតុតែមួយ ដែលពាក់ព័ន្ធនឹងការឡាយ (Live) វីដេអូរបស់លោក ស៊្រុន ស្រ៊ន និយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការដាក់ខេត្តចំនួន ៤ របស់កម្ពុជា ដើម្បីអភិវឌ្ឍរួមគ្នាជាមួយវៀតណាម ឡាវ ដែលហៅថា CLV -DTA នោះ។
លោក ជូង ជូងី ថ្លែងថា៖ «រឿងក្តីនេះគឺជាហេតុដែលធ្វើឲ្យមានការចោទប្រកាន់ គឺករណីដែលលោក ស៊្រុន ស្រ៊ន បានឡាយវីដេអូ និយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការដាក់ ៤ ខេត្ត[របស់កម្ពុជា]អភិវឌ្ឍជាមួយវៀតណាម ឡាវ អ៊ីចឹងជាអង្គហេតុតែមួយ ដែលមានជនត្រូវចោទ ៣៧ រូប។ អ៊ីចឹងជនត្រូវចោទ ៣៧ រូបច្រើនមែន ប៉ុន្តែវាអង្គហេតុតែមួយ។ ហើយរឿងមួយទៀត គឺខ្ញុំជាមេធាវីសង្កេតឃើញថា រឿងនេះអត់ស្មុគស្មាញពេកទេ។ អ៊ីចឹងការដែលបំបែកសំណុំរឿងអាចធ្វើឲ្យពន្យារពេលវែងទៅទៀត»។
ទោះជាយ៉ាងណាក្តី ក៏លោកមេធាវីរូបនេះថ្លែងថា ក្រុមមេធាវីការពារក្តីនឹងពិនិត្យមើលសាលក្រមបន្ថែមទៀត ដើម្បីសម្រេចថាតើការបំបែកសំណុំរឿងបែបនេះមានប្រយោជន៍ ឬប៉ះពាល់សិទ្ធិកូនក្តីរបស់លោកបែបណានោះ។
លោក ជូង ជូងី ប្រាប់អ្នកកាសែតថា៖ «ទាល់តែយើងបានសាលក្រមមក យើងពិចារណាពីលក្ខណៈនៃការបំបែកហ្នឹង ទើបយើងអាចក្តាប់បានថា តើវាមានប្រយោជន៍ដល់ការរកយុត្តិធម៌ដល់កូនក្តីយើងដែរឬទេ? បើវាមានប្រយោជន៍ក្នុងការរកយុត្តិធម៌ដល់កូនក្តីយើង គឺយើងទទួលយក។ ប៉ុន្តែបើសិនជាមិនមាន ឬប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីយើង [គឺ]យើងហ្នឹងពន្យល់កូនក្តីយើងអំពីផលប៉ះពាល់ហ្នឹង ហើយក្នុងការតវ៉ា ឬមិនតវ៉ាយ៉ាងណា គឺជាសិទ្ធិរបស់កូនក្តីយើង»។
ក៏ប៉ុន្តែ លោក សេង ហៀង តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានអះអាងក្នុងសាលសវនាការថា ការស្នើសុំបំបែកសំណុំរឿង គឺដោយសារសំណុំរឿងនោះមានជនជាប់ចោទច្រើននាក់ ដែលមានភាពស្មុគស្មាញក្នុងការពិនិត្យអង្គហេតុ និងភស្តុតាង និងដើម្បីធ្វើឲ្យការជំនុំជម្រះមានប្រសិទ្ធភាព។
ការលើកឡើងរបស់តំណាងអយ្យការបែបនេះរងការជំទាស់ពីក្រុមមេធាវីការពារក្តី ដោយក្នុងនោះក្រុមមេធាវីជនជាប់ចោទបានស្នើសុំចៅក្រមមិនឲ្យបំបែកសំណុំរឿងផ្សេងគ្នា ដោយពួកគេអះអាងថា សំណុំរឿងដែលចោទប្រកាន់ពីបទ «ញុះញង់» នេះ គឺពាក់ព័ន្ធអង្គហេតុតែមួយ ដែលនិយាយអំពីគម្រោង CLV និងមិនមានភាពស្មុគស្មាញអ្វីដល់ដំណើរការសួរដេញដោល និងនីតិវិធីតុលាការនោះទេ។
មេធាវីទាំងនោះបានស្នើសុំចៅក្រមឲ្យបែងចែកកាលវិភាគសវនាការជាក់លាក់ ជាជាងការបំបែកសំណុំរឿង ដែលអាចប៉ះពាល់សិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។
យ៉ាងណាមិញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានសម្រេចបំបែកសំណុំរឿងចំនួន ៥ ផ្សេងគ្នា ទៅតាមការស្នើរបស់ភាគីអយ្យការ។
លោក ស៊ឺន ជុំជួន មេធាវីការពារក្តីរបស់សកម្មជន ២៣ តុលា ដែលរួមមានលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៊ានមុន្នី លោក សាន សិទ្ធ និងអ្នកស្រី សែម សុផល ជាដើម ប្រាប់អ្នកសារព័ត៌មានក្រៅរបងតុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារថា ក្រុមមេធាវីនឹងពិចារណាប្តឹងទាស់នឹងការសម្រេចរបស់ចៅក្រមជំនុំជម្រះ ក្នុងករណីដែលរកឃើញថា ការបំបែកសំណុំរឿងនេះប៉ះពាល់ធ្ងន់ធ្ងរលើសិទ្ធិរបស់កូនក្តី។
លោក ស៊ឺន ជុំជួន ថ្លែងថា៖ «ក្នុងករណីនេះ បើយើងដើរទៅតាមនិតិវិធី វាជារឿងមួយល្អ ប៉ុន្តែកាលណានីតិវិធីយើងដើរកាន់តែវែងអន្លាយទៅ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទដែលកំពុងស្ថិតនៅក្នុងការឃុំឃាំង។ អ៊ីចឹងយើងខ្ញុំក្នុងនាមជាមេធាវីនិងសហមេធាវី យើងនឹងពិចារណាថាតើយើងគួរដាក់បណ្ដឹងទៅឧទ្ធរណ៍ ដើម្បីជំទាស់ទៅនឹងសាលក្រមមិនអស់សេចក្តីព្រឹកមិញនេះឬយ៉ាងណា? យើងនឹងពិចារណា ពីព្រោះដូចខ្ញុំបានកត់សម្គាល់ វាបានប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ»។
បើតាមលោក ស៊ឺន ជុំជួន ការមិននាំយកកូនក្តីរបស់លោកមកកាន់សវនាការ គឺប៉ះពាល់សិទ្ធិដឹងឮរបស់កូនក្តីរបស់លោកផងដែរ។ លោកសង្ឃឹមថា តុលាការនឹងដំណើរការនីតិវិធីជំនុំជម្រះតាមកាលកំណត់ ដោយមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តី។
ភរិយារបស់លោក ស្រ៊ុន ស្រ៊ន គឺអ្នកស្រី ស៊ឹម សុភីណា ដែលបានមកតាមដានសវនាការ ងឿងឆ្ងល់ជុំវិញការបំបែកសំណុំរឿងនេះ។
អ្នកស្រីថ្លែងបន្ថែមថា៖ «គ្រាន់តែសំណូមពរថា តុលាការគួរពិចារណានូវអំពើល្អរបស់គ្រួសារខ្ញុំ»។
កាលពីកន្លងទៅ ប្រជាពលរដ្ឋបាននាំគ្នាជជែកផុសផុលអំពីបញ្ហា CLV-DTA តាមបណ្តាញសង្គមនានា រួមមានទាំងហ្វេសប៊ុក Tiktok និងតេឡេក្រាម ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងនេះ ព្រោះពួកគេព្រួយបារម្ភខ្លាចបាត់បង់ទឹកដីកម្ពុជាទៅឲ្យប្រទេសវៀតណាម។ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្សជាច្រើននាក់ជាបន្តបន្ទាប់ និងបានចោទប្រកាន់ពួកគេពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ដោយឡែក មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងថា ប្រទេសកម្ពុជាគឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលគួរតែផ្តល់សិទ្ធិឲ្យពលរដ្ឋក្នុងការបញ្ចេញមតិអំពីបញ្ហា CLV ដោយមិនគួរចោទប្រកាន់ពីបទ «ញុះញង់» នោះទេ៕
វេទិកាបញ្ចេញមតិ