រឿង«តន្រ្តីជីវិត»ជាភាពយន្តខ្នាតវែងមួយដែលរៀបរាប់ពីដំណើរជីវិតរបស់ស្វាមីភរិយាខ្មែរមួយគូ ដែលបានឆ្លងកាត់ភាពផ្អែមល្អែម និងព្យុះជីវិតយ៉ាងវេទនា។ តន្រ្តីគឺជាចំណងស្នេហារបស់គូស្វាមីមួយគូនេះ ហើយតន្ត្រីក៏ជាចំណងស្នេហ៍ភក្តីរបស់ពួកគេដែរ។ ខ្សែភាពយន្តបែបមនោសញ្ចេតនានេះឆ្លុះបញ្ចាំងអំពីជីវិតពិតនៃតួអង្គក្នុងរឿង។
គណៈកម្មការអូស្ការកម្ពុជាបានសម្រេចយករឿងនេះដើម្បីចូលរួមប្រកួតដណ្តើមយកពានរង្វាន់អូស្ការនៅសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ។
គូសង្សារខ្មែរមួយគូឈរប្រកៀកគ្នា សម្លឹងទៅរកឆាកប្រគុំតន្ត្រី ក្នុងពេលរាត្រីមួយនៃទសវត្សរ៍១៩៦០។ បទ«ចម្ប៉ាបាត់ដំបង»បានវេញខ្សែមនោសញ្ចេតនាគូសង្សារទាំងពីរបញ្ចូលគ្នា។
«ខ្ញុំស្រឡាញ់បទនេះ»។
«ខ្ញុំក៏ស្រឡាញ់បទនេះដែរ»។
ការស្រឡាញ់បទចម្រៀងខ្មែរ តន្ត្រីខ្មែរបង្កើតបានជាចំណងជីវិតប្តីប្រពន្ធ។ គូសង្សារនៃទសវត្សរ៍១៩៦០នេះបានចាប់ដៃគ្នាជាប្តីប្រពន្ធ និងបានដឹកដៃគ្នាឆ្លងកាត់ព្យុះជីវិត បង្កើតបានជាសាច់រឿងបីជំនាន់គឺជំនាន់មុនសង្គ្រាម ជំនាន់សង្គ្រាម ដែលប្រទេសកម្ពុជាធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏ប្រល័យ និង បន្ទាប់មកគឺសម័យក្រោយខ្មែរក្រហម។
ប្តីប្រពន្ធដ៏មានមនោសញ្ចេតនាត្របាញ់បញ្ចូលគ្នាយ៉ាងជ្រាលជ្រៅនេះបាននិរាសព្រាត់ប្រាស់ដោយពួកខ្មែរក្រហមនាំប្តីយកទៅសម្លាប់។
ការព្រាត់ប្រាសនោះបានបន្សល់ទុកកូនស្រីម្នាក់ដែលភៀសខ្លួនជាមួយម្តាយទៅរស់នៅឯបរទេស និងបានត្រឡប់មកកម្ពុជាវិញ ស្វែងរកទីកន្លែងដែលឪពុកម្តាយរបស់នាងចាប់ផ្តើមជីវិតគូស្វាមីភរិយាតាមរយៈបទចម្រៀងដែលពួកគេស្រឡាញ់ជក់ចិត្តបំផុត ហើយបង្កើតបានជា«តន្រ្តីជីវិត»។
«តន្ត្រីជីវិត» ឬ «In The Life of Music»គឺជាខ្សែភាពយន្តខ្មែរមួយដែលត្រូវបានគណៈកម្មាធិការអូស្ការប្រចាំកម្ពុជាជ្រើសយកទៅប្រកួតពានរង្វាន់អន្តរជាតិអូស្ការលើកទី៩២ កាលពីសប្តាហ៍មុន។ ការប្រកួតសម្រាប់ពានរង្វាន់អូស្ការនេះគ្រោងធ្វើនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០នៅទីក្រុង Los Angeles រដ្ឋ កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ពានរង្វាន់អូស្ការ ឬ Academy Award គឺជាពានរង្វាន់សម្រាប់សិល្បៈ និងបច្ចេកទេសនៅក្នុងឧស្សាហកម្មភាពយន្ត ដែលបង្ហាញពីការទទួលស្គាល់ជាអន្តរជាតិនូវភាពល្អប្រណីតនៃការផលិតភាពយន្ត។
ក្នុងពិធីប្រកាសលទ្ធផលជ្រើសរើសភាពយន្តដើម្បីប្រកួតប្រជែងពានរង្វាន់អូស្ការពីកម្ពុជា អ្នកស្រី Mariam Arthur ប្រធានគណៈកម្មាធិការអូស្ការប្រចាំកម្ពុជា (COSC) ថ្លែងថា ភាពយន្តតន្ត្រីជីវិតបានទាញយកបេះដូងរបស់អ្នកស្រី តាមរយៈបច្ចេកទេសដឹកនាំ និងការសម្តែង ដោយមានរួមបញ្ចូលជាមួយចម្រៀងល្បីល្បាញរបស់កម្ពុជា។
«គ្រប់ពេលដែលខ្ញុំមើលភាពយន្តនេះគឺខ្ញុំតែងតែយំ។ ហើយនេះគឺជាចំណុចមួយដែលខ្ញុំតែងតែនិយាយប្រាប់អ្នកផលិតភាពយន្តដែលចង់ដាក់ភាពយន្តរបស់ពួកគេប្រកួតប្រជែងអូស្ការថា ភាពយន្តសម្រាប់ពានរង្វាន់អូស្ការមិនមានជារឿងរន្ធត់ មិនមែនជារឿងកំប្លែង មិនមែនជារឿងបាញ់បោះនោះទេ។ រឿងទាំងនោះគឺសម្រាប់ចាក់នៅរោងភាពយន្តក្នុងស្រុក និងអន្តរជាតិប៉ុណ្ណោះ។ តែមិនមែនសម្រាប់ Academy Award ទេ។ ភាពយន្តសម្រាប់ពានរង្វាន់អូស្ការគឺតែងតែជាភាពយន្តដែលអាចធ្វើឲ្យអ្នកយំ»។
ដោយឡែកលោកស្រី សរ កេសរ៉ា សមាជិកគណៈកម្មាធិការអូស្ការកម្ពុជា ថ្លែងពីចំណុចសំខាន់ៗដែលភាពយន្ដតន្ដ្រីជីវិត ត្រូវបានជ្រើសរើសយកទៅចូលរួមប្រកួតពានរង្វាន់អន្ដរជាតិអូស្ការតំណាងកម្ពុជាឆ្នាំ២០២០។ អ្នកស្រីពន្យល់ថា គឺដោយសារតែសាច់រឿងក្នុងភាពយន្ដមួយនេះដកស្រង់ចេញពីបទពិសោធន៍ពិតក្នុងជីវិតពលរដ្ឋខ្មែរម្នាក់ និងឆ្លុះបញ្ចាំងពីជីវិតស្នេហារបស់តួអង្គក្នុងរឿងដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍។
រឿង«តន្ត្រីជីវិត»ផលិតនៅឆ្នាំ២០១៦បានលាតត្រដាងអំពីពួកខ្មែរក្រហមពង្រាត់ប្តីប្រពន្ធដែលជាតួអង្គសំខាន់ក្នុងរឿងនេះ។ រឿងបង្ហាញពីឈុតកាប់សម្លាប់និងអំណាចរបស់កុមារកងឈ្លបខ្មែរក្រហមដែលមានសិទ្ធិបញ្ជាឲ្យសម្លាប់ជនស្លូតត្រង់។
តួឯកប្តីប្រពន្ធក្នុងរឿង ថ្វីបើត្រូវពួកខ្មែរក្រហមបំបែកឲ្យរស់នៅឃ្លាតឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅនឹករឭកគ្នា តាមរយៈចំណងនៃបទចម្រៀង«ចម៉្បាបាត់ដំបង»នេះដែរ។
អ្នកស្រី ខេលី សូ សហផលិតករដឹកនាំការសម្តែងដែលកំពុងរស់នៅសហរដ្ឋអាមេរិក ថ្លែងថា អ្នកស្រីមានមោទនភាពដែលខ្សែភាពយន្តរបស់អ្នកស្រីបានធ្វើជាតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ អ្នកស្រីបន្ថែមថា ខ្សែភាពយន្តនេះផលិតឡើងសម្រាប់បង្ហាញលក្ខណៈជាខ្មែរ ដែលប្លែកពីគេ តែមិនគិតថាសម្រាប់ប្រកួតពានអូស្ការនោះទេ។
«ខ្សែភាពយន្តនេះមិនត្រូវបានបង្កើតឡើងដោយគិតអំពីការប្រកួតយករង្វាន់អូស្ការទេ។ នោះជាកម្រិតមួយដែលខ្ញុំមិនទាន់បានស្រមៃគិតសម្រាប់ខ្លួនខ្ញុំនៅឡើយទេ។ ប៉ុន្តែខ្ញុំគិតថា នៅចុងបញ្ចប់ខ្ញុំចង់ឲ្យមនុស្សកាន់តែច្រើនទទួលបានបទពិសោធន៍ក្នុងរឿង និងចម្រៀង ច្រើនជាងនេះទៅទៀត»។
ប៉ុន្តែលោក សុខ វិសាល សហផលិតករដឹកនាំការសម្តែង ហាក់បីដូចជាមិនសូវមានទំនុកចិត្តប៉ុន្មានទេថាផលិតកម្មរបស់លោកនឹងទទួលបានជោគជ័យនោះ។
«មាន៧០ទៅ៨០ប្រទេសដែលគាត់បញ្ជូនកុនគាត់ហ្នឹងទៅអូស្ការហ្នឹង ហើយខាងអូស្ការហ្នឹងគាត់ទទួលតែប្រាំកុនទេ។ អ៊ីចឹងយើងគិតមើលទៅ វាមិនមែនស្រួលទេ។ អ៊ីចឹងមានន័យថា «តន្រ្តីជីវិត» គាត់បញ្ជូនទៅអូស្ការហើយ គាត់ទទួល ឬអត់ យើងអត់ទាន់ដឹងទេ។ វាអ៊ីចឹង»។
ជារៀងរាល់ឆ្នាំ ពានរង្វាន់អូស្ការត្រូវបានរៀបចំឡើងដោយ Academy of Motion Picture Arts & Sciences នៅហូលីវូដ។ ប្រទេសនីមួយៗអាចបញ្ជូនភាពយន្តបានតែមួយប៉ុណ្ណោះ សម្រាប់ភាពយន្តដែលមានលក្ខណៈអន្តរជាតិល្អបំផុត។
ដើម្បីឱ្យភាពយន្តមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដ៏ចាំបាច់ក្នុងចំណោមតម្រូវការផ្សេងៗគឺភាពយន្តនីមួយៗត្រូវតែបានចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នៅចន្លោះថ្ងៃទី១តុលាដល់ថ្ងៃទី៣០ខែកក្កដានៃឆ្នាំនីមួយៗ។
ខ្សែភាពយន្តដែលត្រូវទទួលស្គាល់ស្ថិតក្រោមការវាយតម្លៃលើសាច់រឿង លើការដឹកនាំសម្ដែង ការសម្ដែង លើផ្នែកសំឡេង ចម្រៀង បច្ចេកទេសថត និងលើប្រធានបទជាសកល។
តន្ត្រីជីវិតគឺជាខ្សែភាពយន្តទី៨របស់កម្ពុជាដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងពានរង្វាន់អូស្ការ។ ភាពយន្តដំបូងដែលត្រូវបានជ្រើសរើសពីកម្ពុជា គឺរឿង«អ្នកស្រែ»របស់លោក រិទ្ធី ប៉ាន់ កាលពីឆ្នាំ១៩៩៤។
គណៈកម្មការពានរង្វាន់អូស្ការនឹងធ្វើការចម្រាញ់យកខ្សែភាពយន្តដែលល្អបំផុតក្នុងចំណោមខ្សែភាពយន្តដែលដាក់ចូលក្នុងការប្រកួតប្រជែងទាំងជាង៧០។ ជាចុងក្រោយ គណៈកម្មការនេះនឹងជ្រើសរើសយកខ្សែភាពយន្តចំនួនត្រឹមតែប្រាំប៉ុណ្ណោះដើម្បីធ្វើការសម្រេចរើសយកភាពយន្តដែលល្អបំផុតចុងក្រោយគេ។
ពិធីប្រគល់ពានរង្វាន់អូស្ការគ្រោងធ្វើនៅថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២០ និងមានការផ្សាយផ្ទាល់នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃច័ន្ទទី១០ខែកុម្ភៈឆ្នាំ២០២០៕