ការងារនៅក្នុងពិភពលោកនេះនៅបន្តបង្រៀនស្រ្តីពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលបានជោគជ័យនៅក្នុងបរិយាកាសពាណិជ្ជកម្ម ដែលមានការប្រកួតប្រជែងខ្លាំង។ ក៏ប៉ុន្តែស្រ្តីមួយចំនួនធុញទ្រាន់នឹងការណ៍ដែលត្រូវចាំគេបង្រៀនឲ្យសម្របខ្លួនតាមការងារ ហើយជាក់ស្តែងស្រ្តីវៀតណាមនាពេលបច្ចុប្បន្នកំពុងប្រឆាំងនឹងទស្សនៈទាំងនោះ។
ពួកគេនិយាយថា វប្បធម៌ការងារនាពេលបច្ចុប្បន្ននេះបង្កើតឡើងដោយពួកបុរស ដែលជាវប្បធម៌មួយបង្ខំឲ្យស្រ្តីត្រូវសម្របខ្លួនតាមការងារ។ ក្នុងស្ថានភាពបែបនេះស្រ្តីប្រឹងរៀនជំនាញថ្មីៗដូចជា ការស្តាប់ឬយកចិត្តទុកដាក់លើក្រុមស្រ្តីណាដែលពួកគេយល់ថា មិនបានទទួលការយកចិត្តទុកដាក់គ្រប់គ្រាន់ពីនិយោជករបស់ពួកគេ។
អ្នកស្រី Ha Thu Thanh ប្រធានក្រុមហ៊ុនគណនេយ្យ Deloitte Vietnam បាននិយាយថា៖ «ខ្ញុំចង់ក្លាយជាអ្នកដឹកនាំម្នាក់ដូចម្តាយខ្ញុំដែរ។ ម្តាយខ្ញុំជាស្ត្រីម្នាក់ដែលចេញទៅធ្វើការនៅខាងក្រៅហើយ ថែមទាំងជាអ្នកមើលថែទាំគ្រួសារដែលមានកូន៥នាក់ក្នុងបន្ទុកទៀតផង»។
ប្រវត្តិនៃការងារដែលគ្រប់គ្រងដោយបុរស
អ្នកស្រី Angie Lau ស្ថាបនិកសារព័ត៌មាន Forkast News បានថ្លែងថា មានជំនាញមួយចំនួនដែលស្រ្តីមានជាពិសេស ប៉ុន្តែជំនាញទាំងនោះគួរតែត្រូវបានលើកទឹកចិត្តឲ្យបុរសមានដែរ។ អ្នកស្រី Angie Lau បានថ្លែងនៅក្នុងសន្និសីទស្តីពីស្រ្តីរៀបចំឡើងដោយទស្សនាវដ្តី Forbes ក្នុងទីក្រុងហូជីម៉ិញ ប្រទេសវៀតណាមថា៖
«ស្រ្តីវៀតណាមមានជំនាញផ្សេងៗ ដែលគេត្រូវការចាំបាច់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចទៅអនាគត។ ជំនាញទាំងនោះមានដូចជា ការចេះយល់ចិត្ត ភាពទន់ភ្លន់ ភាពបត់បែន ការអាណិតអាសូរ ភាពសប្បុរស និងការយកចិត្តទុកដាក់ជាដើម។ ទាំងនេះជាជំនាញដែលយើងមិនមែនកើតមកមានជាមួយនោះទេ ប៉ុន្តែជាជំនាញដែលត្រូវបានលើកទឹកចិត្ត និងត្រូវបានបណ្តុះឲ្យមាននៅក្នុងផ្នត់គំនិតរបស់ស្រ្តី»។
ភាពទន់ភ្លន់ និងភាពសប្បុរសមិនមែនជាអ្វីដែលគេមើលឃើញជាក់ស្តែង ដើម្បីឈានមុខគេនៅក្នុងអាជីពការងារទេ។ ប៉ុន្តែវាជាជំនាញដែលគេមិនបានគិតដល់នៅក្នុងប្រវត្តិសាស្រ្ត ដោយសារតែវប្បធម៌ធ្វើការនៅតាមការិយាល័យភាគច្រើនត្រូវបានបង្កើតឡើងតាំងពីរាប់ទសវត្សរ៍មុនមកម៉្លេះ គឺនៅពេលដែលស្រ្តីត្រូវបានគេផាត់ចេញពីការងារវិជ្ជាជីវៈជាច្រើន ដែលបានធ្វើឲ្យបុរសជាអ្នកជាបង្កើតឲ្យមាននូវវប្បធម៌ទាំងនោះ។
អ្នកស្រី Lau បានគូសបញ្ជាក់ថា ទាំងបុរសនិងស្រ្តីត្រូវបានសង្គមចាត់ទុកថាជាភេទដែលត្រូវបានធម្មជាតិបង្កើតមកឲ្យមានលក្ខណៈផ្សេងគ្នា ដោយបុរសមានលក្ខណៈរឹងមាំអាចពឹងផ្អែកបាន ហើយស្រ្តីមានលក្ខណៈទន់ជ្រាយ។ ដោយសារតែបុរសបានគ្រប់គ្រងវប្បធម៌ធ្វើការរបៀបនេះជាយូរមកហើយ ហេតុដូច្នេះហើយ វាមិនមែនជាការភ្ញាក់ផ្អើលអ្វីទេ ដែលនៅតាមការិយាល័យធ្វើការ គេឲ្យតម្លៃលើបុរស ថាជាអ្នកដែលមានការប្រកួតប្រជែង និងជាអ្នកដែលមានមោទនភាពពីភាពជោគជ័យខ្លួន។
ការចុះដាក់ខ្លួន និងការចេះសហការ
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើក្រុមហ៊ុនឲ្យតម្លៃដល់បុគ្គលិកដែលចេះដាក់ខ្លួន ព្រមទាំងបុគ្គលិកដែលមានមោទនភាព? ក៏ដូចជាបុគ្គលិកដែលចូលចិត្តប្រកួតប្រជែង រួមទាំងបុគ្គលិកដែលចេះសហការនោះ?
ស្រ្តីកំពុងប្រឆាំងទៅនឹងទស្សនៈចាស់គំរិល អំពីការទទួលបានជោគជ័យនៅក្នុងអាជីពការងារ។ ជាជាងផ្លាស់ប្តូរខ្លួនពួកគេសម្របទៅតាមបរិយាកាសការងារ ក្រុមស្ត្រីទាំងនោះកំពុងផ្លាស់ប្តូរបរិយាកាសការងារឲ្យសម្របតាមពួកគេវិញ ដើម្បីផ្តល់តម្លៃដល់ជំនាញនានាដ៏ទូលំទូលាយជាងនេះ។
អ្នកស្រី Amanda Rasmussen នាយកប្រតិបត្តិក្រុមហ៊ុន ITL Corp ដែលជាក្រុមហ៊ុនភស្តុភារនៅប្រទេសវៀតណាមបាននិយាយថា៖
«គោលដៅរបស់ពួកយើងគឺមិនត្រូវប្រៀបធៀបខ្លួនពួកយើងទៅនឹងពួកបុរស។ គោលដៅរបស់យើងគឺមិនមែនធ្វើឲ្យប្រសើរជាង ឬក៏អន់ជាងនោះទេ។ យើងត្រូវប្រើជំនាញដែលធ្វើឲ្យខ្លួនយើងក្លាយជាមនុស្សពិសេស មិនថាជាការសហការគ្នា ឬ ការយល់យោគគ្នា ឬដោយសមត្ថភាពពិតប្រាកដរបស់យើង ឬការខ្វាយខ្វល់ចំពោះមនុស្សនៅជុំវិញខ្លួនអ្នកនោះទេ»។
ការទទួលខុសត្រូវរបស់បុរស
ដំបូន្មានមួយចំនួន «ភាពមុះមុត» ឬក៏ «ភាពរឹងមាំ»បានដាក់ការទទួលខុសត្រូវលើស្ត្រី ឲ្យចេះសម្របខ្លួនទៅតាមស្ថានភាព ដែលបានរៀបចំរួចហើយ។ ក៏ប៉ុន្តែអ្នកស្រី Lau និងអ្នកផ្សេងទៀតបាននិយាយថា បុរសក៏ត្រូវចាំបាច់បំពេញផ្នែករបស់ពួកគេផងដែរ។ យោងតាមការស្ទង់មតិរបស់មហាវិទ្យាល័យ Murray Edwards ស្រ្តីរាប់រយនាក់បានរាយការណ៍ស្រដៀងគ្នាអំពីការប្រឈមរបស់ពួកគេនៅកន្លែងធ្វើការ។
ការប្រឈមទាំងនោះមានដូចជា ត្រូវបានគេរំខាននៅពេលប្រជុំ ឬត្រូវគេបំភេ្លចចោលនៅពេលមានការពិភាក្សាការងារនៅកន្លែងវាយកូនហ្គោលជាដើម។ ទោះបីជាស្រ្តីត្រូវតែហ៊ាននិយាយអំពីបញ្ហានេះក៏ដោយ ក៏ពួកបុរសគួរតែដឹងអំពើទង្វើររបស់ពួកគេ ដែលមិនអើពើពីស្រ្តីនៅអំឡុងពេលប្រជុំ ហើយគួរតែជួយតវ៉ាឲ្យស្រ្តីផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Barbara Stocking នាយកមហាវិទ្យាល័យ Murray Edwards នៅក្នុងទស្សនាវដ្តី Financial Times ។
ប្រទេសវៀតណាមមានលក្ខណៈពិសេសអំពីការពិភាក្សាការងារនៅពេលលេងកីឡាវាយកូនហ្គោល។ ពួកដៃគូអាជីវកម្មនានាតែងតែសម្រេចបានកិច្ចព្រមព្រៀងអាជីវកម្មនៅតាមរង្គសាលដោយជួលឲ្យពួកស្រ្តីអង្គុយហែរហមជាមួយ។ បុគ្គលិកនៅតាមកន្លែងធ្វើចូលចិត្តនាំគ្នាចេញទៅផឹកស្រាបៀជាមួយគ្នា ដើម្បីអាចឲ្យពួកគេស្គាល់គ្នាកាន់តែជិតស្និទ។ សកម្មភាពទាំងពីរនេះជាទូទៅមិនរាប់បញ្ជូលស្រ្តីទេ។
អ្នកស្រី Nguyen Thi Mai Thanh នាយកក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក REE Corp បាននិយាយថា៖ «ស្រ្តីត្រូវប្រឈមនឹងឧបសគ្គច្រើនជាងបុរសដើម្បីអាចក្លាយជាមេដឹកនាំល្អ»។
អ្នកស្រីបានលើកឧទាហរណ៍អំពីការកំណត់នៅតាមគ្រួសារនីមួយៗ គឺស្ត្រីមិនត្រឹមតែតម្រូវឲ្យមើលថែរក្សាកូនៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវដាក់កំហិតមិនឲ្យធ្វើការផងដែរ ប្រសិនបើស្វាមី ឬសមាជិកគ្រួសារណាផ្សេងទៀតប្រឆាំងនឹងទស្សនៈ «ស្រ្តីចេញទៅធ្វើការខាងក្រៅ»។
ការបង្រៀនក្មេងប្រុស
ប្រសិនបើការពង្រឹងអំណាចដល់ស្ត្រីនេះមានការផ្លាស់ប្តូរ នោះវានឹងផ្លាស់ប្តូរនៅទូទាំងសកលលោកនៅក្នុងវិស័យផ្សេងៗទៀតបន្ថែមទៅនឹងវិស័យអាជីវកម្ម។ មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកឆ្ងល់ថា តើការប្រកួតប្រជែងយកមួយឈ្នះដៃបានធ្វើឲ្យពួកអ្នកនយោបាយបែកបាក់គ្នា និងគ្មានឆន្ទៈសម្រុះសម្រួលគ្នាដែរឬក៏យ៉ាងណានោះ។ នៅប្រទេសនូវែលហេ្សឡង់ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern គឺជាអ្នកនាំមុខនូវនយោបាយប្រកបដោយក្តីមេត្តាជំនួសឲ្យការធ្វើនយោបាយដែលមានការប្រកួតប្រជែងខ្លាំង។
អ្នកស្រី Lau បាននិយាយថាដើម្បីមានបរិយាកាសការងារដែលមានការចូលរួមឲ្យបានស្មើគ្នា យើងត្រូវគិតអំពីអ្វីដែលមនុស្សជំនាន់ក្រោយកំពុងរៀន។ អ្នកស្រី Lau កំពុងបង្រៀនឲ្យកូនប្រុសអ្នកស្រីកុំមានការរើសអើងយេនឌ័រ ដែលជាទស្សនៈចាស់គំរិល។
អ្នកស្រីបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ក្នុងនាមជាម្តាយម្នាក់ ខ្ញុំត្រូវតែពង្រឹងសមត្ថភាពដល់កូនប្រុសរបស់ខ្ញុំ។ ត្រូវពន្យល់គាត់ឲ្យយល់ពីអំណាចនៃក្តីមេត្តា ការអាណិតអាសូរ ភាពត្រឹមត្រូវ និងភាពសប្បុរស។ ទាំងនេះគឺជាជំនាញដែលគេត្រូវការនៅក្នុងសតវត្សទី២១នេះ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា