ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ល្ខោនខោល​ត្រូវ​បាន​​​ដាក់​សម្ដែង​ជា​លើក​ទី​មួយ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន


ក្មេងប្រុស​​ Jayden Meas សម្តែងជាតួអង្គហនុមានតូច​​ក្នុងការសម្ដែង​ល្ខោន​ខោល​រឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ​​ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)
ក្មេងប្រុស​​ Jayden Meas សម្តែងជាតួអង្គហនុមានតូច​​ក្នុងការសម្ដែង​ល្ខោន​ខោល​រឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ​​ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)

ល្ខោនខោល ដែល​ជា​ទម្រង់​ល្ខោន​ពាក់​របាំង​មុខ ត្រូវ​បាន​ដាក់​សម្ដែង​ជា​សាធារណៈ​ជា​លើក​ដំបូងក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។

អ្នក​ស្រី ជូ គឹមហុង ស្ថាបនិក​ក្រុម​សិល្បៈ​ «ខេមរសាមគ្គី» នៅទីក្រុង Seattle ​រដ្ឋ Washington បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ ហើយ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការសម្ដែង​ល្ខោន​ខោល​រឿងរាមកេរ្ត៍​នេះ។ អ្នក​ស្រី ជូ គឹមហុង និយាយ​ថា៖

«តាម​ដែល​ខ្ញុំ​ដឹង ទើប​តែលើក​ទី​មួយ​ទេ ដែល​ល្ខោន​ខោល​បាន​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក នៅ​នេះ​គេ​រក្សា​នូវ​វប្បធម៌​ខ្មែរ​ អរិយធម៌​ខ្មែរ លើក​តម្កើង​សិល្បៈ​ខ្មែរ ទៅ​ដល់​ប្រទេស​ណា​ក៏​គេ​លើក​តម្កើង​សិល្បៈ​ខ្មែរ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់‍»។

លោក បាវ បេន ប្រធាន​នៃ​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំដោយ​មាន​ការ​សម្ដែង​ល្ខោន​ខោល​នេះ​និយាយ​ថា នេះ​ជា​មោទនភាព​ដ៏​ធំ​មួយ ពី​ព្រោះ​ល្ខោន​ខោល​របស់​ខ្មែរ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ។ លោក បាវ បេន ថ្លែង​ថា៖

«ល្ខោន​ខោល​ជា​សិល្បៈ​ម្យ៉ាង​ដែល​ហាក់​ដូច​ជា​បាត់​បង់​ទៅ​ហើយ ទើប​តែ​ថ្មីៗ​នេះ UNESCO គេ​បាន​ដាក់​ចូល​បញ្ជី​មួយ​ដែល​ថា​យើង​ត្រូវ​តែ​ការពារ លើក​យក​មក​ឲ្យ​វា​មាន​ជីវិត​ឡើង​វិញ។ នេះ​គឺ​ជា​ផលិតកម្ម​ធំ​បំផុត​មួយ​ដែល​សមាគម​ទិវា​សហគមន៍​ខ្មែរ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ ១៩ឆ្នាំ​មក​នេះ។

លោក បាវ បេន ជាប្រធាន​នៃ​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំដោយ​មាន​ការ​សម្ដែង​ល្ខោន​ខោលរឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)
លោក បាវ បេន ជាប្រធាន​នៃ​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំដោយ​មាន​ការ​សម្ដែង​ល្ខោន​ខោលរឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)

អង្គការ UNESCO បាន​ដាក់​ល្ខោន​ខោល​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការ​ការ​ពារ​ជា​បន្ទាន់ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៨។ ពាក្យ (ខោល) គឺ​បំលែង​ចេញ​ពី​ពាក្យ​ (ខែល) ដែល​មាន​ន័យ​ថា​ របាំង​ការពារ​អាវុធ។ ដូច្នេះ ​ល្ខោនខោល ​ដែល​ វិវត្ត​ចេញពី​ល្ខោន​ស្បែក​ធំ​នៅ​សតវត្ស​ទី៩ ក្នុង​សម័យ​អង្គរ​នេះ គឺ​សំដៅ​លើ​ទម្រង់​ល្ខោន​ខ្មែរ ដែល​អ្នក​សម្ដែង​ទាំង​អស់​សុទ្ធ​តែ​ជា​បុរស​ត្រូវ​ពាក់​របាំង​មុខ។

លោក ម៉ន សាមឿក វ័យ​៦៤ឆ្នាំ ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង ដែល​សម្ដែង​ជា​តួ​យក្សពន្យល់​ថា ការ​សម្ដែង​ល្ខោន​ខោល​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ទម្រង់​ល្ខោន​ផ្សេងៗ ដូចជា​ល្ខោន​យីកេ និង​ល្ខោន​បាសាក់​ជា​ដើម។ លោក ម៉ន សាមឿក ថ្លែង​ថា៖

‍«ការ​សម្ដែង​ហ្នឹង តួអង្គ​នីមួយៗ​មិន​បាន​និយាយ​ខ្លួន​ឯង​ទេ គេ​បញ្ចូល​សំឡេង​ឲ្យ ឬ​ក៏​គេ​ពោល​នៅ​នឹង​កន្លែង​តែ​ម្ដង។ ល្ខោន​ខោល​នេះ​ កាយ​វិការ​គឺ​មិន​ដូច​ជា​មនុស្ស​សាមញ្ញ​ទេ ដូច្នេះ​គេ​បង្ហាញ​តាម​កាយ​វិការ​ តាំង​ខឹង​តាំង​ពី​ស្រលាញ់​។ បើ​ល្ខោន​យីកេ ល្ខោន​បាសាក់​ គេ​បង្ហាញ​ដោយ​កាយ​វិការ​ដែរ តែ​បញ្ចូល​ជាមួយ​ពាក្យ​សម្ដី​ដែល​យើង​អាច​និយាយ​បាន​ដោយ​ខ្លួន​ឯង»។

គ្រូ​របាំ​ដែល​ដឹក​នាំ​ការ​សម្ដែង​ល្ខោន​ខោល​នេះ គឺ​លោក អ៊ឹង សុជាតា វ័យ​៦៦ឆ្នាំ ដែល​lលោកមាន​ដើម​កំណើត​មកពី​ខេត្ត​បាត់ដំបង ហើយ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាង​៤០​ឆ្នាំ​មក​ហើយ។ លោក​មាន​ប្រសាសន៍​ថា ការ​រៀបចំជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន រាប់​បញ្ចូល​តាំង​ពី​ការ​ទិញ​សំលៀក​បំពាក់​និង​គ្រឿង​អលង្ការ​ពី​ប្រទេស​កម្ពុជា ការ​ដំឡើងភ្លេង​បុរាណ និង​ជា​ពិសេស​ការ​បង្ហាត់ក្បាច់​របាំ​ដល់​ក្រុម​អ្នក​សម្ដែង​ស្ម័គ្រ​ចិត្តជា​៣០​នាក់​ ដែល​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​រាំ​ឬសិល្បករ​អាជីព។

‍«នៅ​ស្រុក​នេះ​បើ​យើង​ចង់​បាន​អ្នក​ចេះ​រាំ​មែន​ទែន​ គឺ​ពិបាក​រក។ អ្នក​ខ្លះ​គេ​អត់​ចង់​មក​ធ្វើ​ជា​ល្ខោន​ខោល។​ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​តែ​មនុស្ស​ណា​ដែល​គេ​ចូល​ចិត្ត។ ដូច្នេះ គេ​ចេះ​មិន​ចេះ​ក៏​ដោយ​ ខ្ញុំ​សុខ​ចិត្ត​បង្ហាត់​គេ ចំណាយ​ពេល​វេលា​ដើម្បី​បង្ហាត់​ឲ្យ​គេ​ចេះ។​ បើ​ថា​ក្បាច់​យើង​ណា​ពិបាក យើង​រក​ក្បាច់​ណា​ដែល​ស្រួល​បន្តិច​ដើម្បី​ឲ្យ​គេយល់‍»។

លោក អ៊ឹង សុជាតា ជាគ្រូ​របាំ​ដែល​ដឹក​នាំ​ការ​សម្ដែង​ល្ខោន​ខោលរឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)
លោក អ៊ឹង សុជាតា ជាគ្រូ​របាំ​ដែល​ដឹក​នាំ​ការ​សម្ដែង​ល្ខោន​ខោលរឿងរាមកេរ្ត៍​ នៅ​មហោស្រព​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ ២៥​ សីហា ២០១៩ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។​ (ចាប ចិត្រា/VOA)

យ៉ាង​ណា​ក្តី លោក​គ្រូ អ៊ឹង សុជាតា ពេញ​ចិត្ត​នឹង​ការ​សម្ដែង​យ៉ាង​ខ្លាំង។ លោក​ថ្លែង​បន្ត​ថា៖

«ខ្ញុំ​សប្បាយ​ចិត្ត​ពីព្រោះ​កូន​សិស្ស​ទាំង​អស់​សម្ដែង​បាន​ល្អ ហើយ​ខ្ញុំ​អរគុណ​ដែល​មាន​កូន​សិស្ស ៥​នាក់ ​មក​ពី​ស្រុក​ក្រៅ គឺ​បី​នាក់​មក​ពី​ទីក្រុង​ Lowell រដ្ឋ Massachusetts ម្នាក់​មក​ពី​ទីក្រុង Atlanta រដ្ឋ Georgia និង​ម្នាក់​ទៀត​មក​ពី​ទីក្រុង Seattleរដ្ឋ Washington។

ហើយ​ប្រជាជន​ដែល​មក​ចូល​ទស្សនាក៏​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​ល្ខោន​ខោល​នេះ​ផង​ដែរ។ លោក អែម ចំណាន អាយុ ២៤​ឆ្នំា​ ដែល​មាន​ដើម​កំណើត​មក​ពី​ទីក្រុង​ភ្នំពេញ​និយាយ​ថា៖

«ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ដែល​ជន​ជាតិ​ខ្មែរ​នៅ​នេះ (សហរដ្ឋ​អាមេរិក) អាច​បង្កើត​ល្ខោន​ខោល​នេះ​បាន‍»។

XS
SM
MD
LG