នៅក្នុងបន្ទប់មួយនៃអាគារ The Factory Phnom Penh ក្នុងសង្កាត់ចាក់អង្រែ រូបថតនៃសំណង់ចាស់ៗរួមមានចំនួន៥៥ផ្ទាំងត្រូវព្យួរនឹងជញ្ជាំងក្នុងការតាំងពិព័រណ៍មួយដើម្បីរំឭកដល់សំណង់ទាំងនេះដែលកំពុងប្រឈមនឹងការបាត់បង់ក្នុងពេលខាងមុខ។
ពិព័រណ៍រូបថតដែលមានឈ្មោះថា «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» បានបង្ហាញផ្ទះឈើបុរាណខ្មែរ ប្រក់ក្បឿងស្រកាលិញស្លែកាន់ឡើងខ្មៅ ផ្ទះថ្មសង់បែបរចនាបទសម័យអាណានិគមបារាំងដែលមានស្នាមទឹកភ្លៀងហូរកាត់ជញ្ជាំងឡើងពណ៌ស្រអាប់ រូបថតពីខ្លោងទ្វារ រូបអគារនិងព្រះវិហារ។
លោក ស្រ៊ិន សុខមាន បានចំណាយពេលដប់ឆ្នាំដើម្បីថតប្រមូលយកទិដ្ឋភាពសំណង់វ័យចំណាស់ទាំងនេះ។ គ្រូបង្រៀនភាសាអង់គ្លេស អាយុ២៦ឆ្នាំរូបនេះ បានឲ្យដឹងថាការរៀបចំពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នេះធ្វើឡើងដោយសារលោកចង់ឲ្យពលរដ្ឋខ្មែរដឹង និងស្គាល់ពីរចនាបថស្ថាបត្យកម្មអគារ ឬសំណង់កាលពីបុរាណ ដែលអាចប្រឈមនឹងការបាត់បង់នាថ្ងៃអនាគត។
«ស្ថាបត្យកម្មដែលយកមកបង្ហាញហ្នឹង គឺមានរឿងរ៉ាវច្រើន។ ទីមួយ ខ្ញុំស្រឡាញ់។ ទីពីរ អគារខ្លះគេកំពុងវាយចោល ឬវាយចោលថ្មីៗ ឬគ្រោងនឹងវាយចោល។ អញ្ចឹងយើងដឹងទាន់ យើងទៅថតឲ្យហើយ។ ថតឲ្យហើយទៅ យើងចងក្រងជាឯកសារអញ្ចឹងទៅ»។
នៅពីក្រោមរូបថតទាំង៥៥ផ្ទាំង មានការសរសេររៀបរាប់ពីឈ្មោះ ទីតាំង ឆ្នាំសាងសង់ និងស្ថានភាពនាពេលបច្ចុប្បន្នផងដែរ។
លោក ស្រ៊ិន សុខមាន បន្ថែមថា លោកមានគោលបំណងផ្តល់ចំណេះដឹងបន្ថែមពីរចនាបថស្ថាបត្យកម្មកាលពីពេលអតីតកាលនៅប្រទេសកម្ពុជា។
ក្នុងពេលនេះសំណង់ចាស់ៗមួយចំនួនក្នុងរូបថតរបស់លោក ត្រូវជំនួសវិញដោយអគារធំៗ ហើយភាគច្រើនសម្រាប់ហេតុផលពាណិជ្ជកម្ម។
លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានធ្វើជាធិបតីក្នុងការបើកសម្ភោធពិព័រណ៍រូបថតនេះបានលើកទឹកចិត្តដល់ក្រុមយុវជនឲ្យព្យាយាមធ្វើការស្រាវជ្រាវដូចគ្នានេះ។
«ប៉ុន្តែការយល់ពីរចនាបថនេះ គឺការសំខាន់។ ខ្ញុំចង់ឃើញយុវជនខ្មែរយើងចេះគិត ចេះគូរ ហើយគឺអាចចំណាយពេលមួយចំនួនរបស់ខ្លួនហ្នឹងធ្វើការស្រាវជ្រាវអំពីអ្វីដែលជាការសំខាន់។ ប៉ុន្តែគេមិនចាប់ភ្លឹកទេ ប៉ុន្តែការទាំងអស់នេះហើយធ្វើឲ្យយើងយល់ថា ម៉េចហៅថា ខ្មែរ? ខ្មែរខុសគេកន្លែងណាខ្លះ?» ។
លោក ហ៊ុន ចាន់សាន ស្ថាបត្យករ និងស្ថាបនិកក្រុមហ៊ុន Re-Edge Architecture កត់សម្គាល់ថារូបថតទាំងនេះមានលក្ខណៈជាកេរ្តិ៍ដំណែលនិងប្រវត្តិសាស្ត្រ។
«បើសិនជាយើងនិយាយអំពីអគារ Heritage ហ្នឹង បើយើងនិយាយថា វាមានតម្លៃគឺវាមានតម្លៃហើយ ពីព្រោះ វាឆ្លុះបញ្ចាំង។ វាមិនត្រឹមតែប្រាប់ជនបរទេសឲ្យដឹងថា ប្រទេសកម្ពុជារីកចម្រើនប៉ុណ្ណា រីកចម្រើនអ្វីខ្លះ មានស្រទាប់នៃប្រវត្តិសាស្រ្ត»។
ពិព័រណ៍រូបថតរយៈពេលបីថ្ងៃដែលទើបតែបញ្ចប់កាលពីថ្ងៃទី១២ខែសីហានេះ បានទាក់ទាញអ្នកចូលទស្សនាជាច្រើន។
លោក Pawel Szewczyk ជនជាតិប៉ូឡូញ និងជាអ្នកជំនាញផ្នែកថតរូបម្នាក់ ចាប់អារម្មណ៍ទៅលើរចនាបថចម្រុះនៃស្ថាបត្យកម្មនៅកម្ពុជា ដោយសារតែកម្ពុជាធ្លាប់ឆ្លងកាត់របបអាណានិគម និងទទួលឥទ្ធិពលពីបរទេសកាលពីអតីតកាល។
«វាកំពុងតែកើតឡើងហើយ។ ខ្ញុំមិនដឹងថា វាជារឿងល្អ ឬអាក្រក់ទេ។ ខ្ញុំគិតថា គួរតែរក្សាកន្លែងទាំងនោះ ឬប្រហែលផ្លាស់ប្តូរទៅជាអ្វីមួយផ្សេង ដូចជា កន្លែង Factory នេះ»។
សំណង់បុរាណខ្មែរធ្វើអំពីឈើ សំណង់រឹងធ្វើអំពីស៊ីម៉ង់ក្នុងរួបថតទាំង៥៥ផ្ទាំងនេះ ភាគច្រើនត្រូវសាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០។ លោក ស្រ៊ិន សុខមាន បានថតរូបសំណង់វ័យចំណាស់ទាំងនេះនៅរាជធានីភ្នំពេញ នៅខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងខេត្តមួយចំនួនផ្សេងទៀត។
កញ្ញា Anna Blandlord គ្រូបង្រៀនម្នាក់នៅសាលាអន្តរជាតិភ្នំពេញ ISPP បានប្រាប់ VOA ថា ការតាំងពិព័រណ៍នេះធ្វើឲ្យកញ្ញាយល់ដឹងពីផ្នែកមួយនៃប្រទេសកម្ពុជា។
កញ្ញាបានបន្ថែមដោយភាពងឿយឆ្ងល់ថាតើនាថ្ងៃខាងមុខ «សំណង់ថ្មីៗនឹងលុបពីលើសំណង់ទាំងនោះឬទេ»។ កញ្ញាបានបន្តថា «សំណង់ថ្មីមានលក្ខណៈធំ ប៉ុន្តែសំណង់ចាស់មានលក្ខណៈស្រស់ស្អាត»។
កញ្ញា ស៊ុន សុម៉ាលី និស្សិតផ្នែកសា្ថបត្យកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ បាននិយាយថា រចនាបថស្ថាបត្យកម្មនៃសំណង់ និងអគារ ដែលត្រូវបានយកតាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ បានទាក់ទាញចំណាប់អារម្មណ៍កញ្ញាយ៉ាងខ្លាំង។
«ពីមុនគឺ ការសាងសង់មួយគឺ វាច្បាស់លាស់។ ហើយសំណង់រឹងមាំល្អ។ ឥឡូវដូចយើង ដឹងថា អត់ដឹងថា អត់ធានាដូចមុនអញ្ចឹង»។
និស្សិតអាយុ២៤ឆ្នាំរូបនេះក៏បានសំណូមពរឲ្យមានការជួយផ្សព្វផ្សាយពីស្នាដៃស្ថាបត្យកម្មពីបុរាណ ដើម្បីឲ្យពលរដ្ឋខ្មែរជាទូទៅយល់ដឹងបន្ថែមផងដែរ។
ជាមួយគ្នានេះលោក ស្រ៊ិន សុខមាន អ្នករៀបចំការតាំងពិព័រណ៍រូបថតសំណង់បុរាណ គ្រោងនឹងចងក្រងរូបថតដែលលោកថតសន្សំបានក្នុងរយៈពេល១០ឆ្នាំមកនេះដើម្បីបោះពុម្ពជាសៀវភៅកម្រងរូបថតអគារចាស់ៗទាំងនេះផងដែរ៕