ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កម្ពុជា​ប្រារព្ធ​ខួបទី​៣០​នៃ​ការ​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​កម្ពុជា


គម្រោងជួសជុល​ប្រាសាទ​បាក់ខែង​​កំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
គម្រោងជួសជុល​ប្រាសាទ​បាក់ខែង​​កំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

នា​ពេល​បច្ចុប្បន្ន​ គម្រោង​ទ្រទ្រង់​ប្រាសាទ​បាក់ខែង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទី​ ០៥ ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧។​ នៅ​ក្នុង​ដំណាក់កាល​ទី០៥ គម្រោង​នេះ​ទទួល​បាន​ថវិកា​ចំនួន ៣ សែន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជាបាន​ចូលរួម​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​នៅ​ប្រាសាទ​បាក់ខែង​ ក្នុង​តំបន់​អង្គរ ​ខេត្ត​សៀមរាប​ ដើម្បី​អបអរ​សាទរការ​ចូលរួម​ចំណែក​ក្នុង​វិស័យ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ និង​ការ​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​មាន​ការ​ចូលរួម​ពី​លោកភារធារី​ Michael Newbill​ នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈលោកស្រី ភឿង សកុណា ​និង​តំណាង​មួយ​រូបមក​ពី​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF)​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ក្រោម​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាមេរិកាំង។

មក​ទល់​ពេល​នេះ​ សហរដ្ឋអាមេរិក​បាន​ផ្គត់ផ្គង់​ថវិកា​សរុប​ ដែល​មាន​ចំនួន​ ៣,២២៥,០០០ ដុល្លារ​សហរដ្ឋ​អាមេរិកលើ​គម្រោង​របស់​មូលនិធិ​ប្រាសាទ​ពិភពលោក​ដែល​ផ្តោត​ជាពិសេស​លើ​គម្រោង​ស្តារ​ប្រាសាទ​បាក់ខែង​ឡើងវិញ​ ដែល​គម្រោង​នេះ​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០០៤ ​មក​ម្ល៉េះ។ លើស​ពី​នេះ​ទៀត​ មូលនិធិ​ប្រាសាទ​ពិភពលោក​ក៏​បាន​បណ្តុះ​បណ្តាល​ពលរដ្ឋ​កម្ពុជា​ជាង ​១០០​នាក់ ​តាម​ជំនាញ​ផ្សេងៗ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌។

(ទី​បី​ពី​ខាង​ឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោកស្រី​ភឿង​ សកុណា តំណាង​មួយ​រូប​មក​ពី​មូលនិធិ​វប្បធម៌​ពិភពលោក (WMF) និង​លោក​ភារធារី​ Michael Newbill នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៣០​ នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
(ទី​បី​ពី​ខាង​ឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោកស្រី​ភឿង​ សកុណា តំណាង​មួយ​រូប​មក​ពី​មូលនិធិ​វប្បធម៌​ពិភពលោក (WMF) និង​លោក​ភារធារី​ Michael Newbill នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៣០​ នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ដោយ​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា លោក​ភារធារី​ Michael Newbill បាន​និយាយ​ថា លោក​មាន៖​ «មោទនភាព​យ៉ាង​ខ្លាំង​ដែល​គម្រោង​ជួសជុល​ភ្នំ​បាខែង​គឺ​ជា​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​ដ៏​ធំ​បំផុត​ជាង​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក»។

យ៉ាងណា​ក្តី​ លោក​ភារធារី Newbill ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នា​ពេល​អតីត​កាល​ដែល​កម្ពុជា​បាន​ប្រឈម​មុខ​នៅ​ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌។

លោក​បាន​បញ្ជាក់​ថា៖

«នៅ​ពេល​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF) ​បាន​មក​ដល់​តំបន់​អង្គរ​នៅ​ឆ្នាំ១៩៨៩ ​ពួកគេ​បាន​រក​ឃើញ​ថា​ ទោះបីជា​មាន​ជម្លោះ​ស៊ីវិល​និង​ភាព​ឯកា​ពី​អន្តរជាតិ​ក៏​ដោយ ​ក៏​ប្រាសាទ​ទាំង​នោះ​មិន​ទទួល​រង​ឥទ្ធិពល​ឡើយ។ គួរ​ឲ្យ​សោកស្តាយ​ ទោះ​យ៉ាង​ណា ប្រទេស​នេះបាន​បាត់បង់​អ្នក​ជំនាញ​បេតិកភណ្ឌ​មួយ​ជំនាន់ ​រួម​មាន​អ្នក​ថែរក្សា​អង្គរ​ ស្ថាបត្យករ និង​អ្នក​ជំនាញ​ដទៃទៀត»។

​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោកស្រី​ ភឿង សកុណា បានលើកឡើង​ពី​បទពិសោធន៍ទេពកោសល្យ​ និង​ចំណេះដឹង​ដែល​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ច្រើន​ជាង​មុន​ក្នុង​ការ​អភិរក្ស​ និង​សិក្សា​ស្រាវជ្រាវ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌។

គម្រោងជួសជុល​ប្រាសាទ​បាក់ខែងកំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
គម្រោងជួសជុល​ប្រាសាទ​បាក់ខែងកំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ដោយ​សង្កត់​ធ្ងន់​ពី​កិច្ច​សហប្រតិបត្តិការពី​ប្រទេស​ភាគី​ពាក់ព័ន្ធ​ និង​អង្គការ​ដៃគូ​នានា​ ក៏ដូចជា​ជំនួយ​ផ្សេងៗ​ដែល​មាន​ចំនួន​សរុប​ជាង ៥០០ ​លាន​ដុល្លារ​ដើម្បី​អភិរក្ស និង​ជួសជុល​សម្បត្តិ​វប្បធម៌​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​ ​ចុង​ក្រោយនេះ លោក​ស្រី​ ភឿង សកុណា​ បាន​មាន​ប្រសាសន៍​ថា៖

«ដូច្នេះ​ជា​កម្លាំង​រួម​គ្នា​ជាតិ​ និង​អន្តរជាតិ គឺ​ជា​យន្តការ​មួយ​ដែល​អាច​ចាត់​ទុក​ជា​គំរូ​សម្រាប់​ពិភពលោកទាំងមូល​តែ​ម្តង​នៅ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌។ ដូច្នេះ​គឺ​ថា​បំណង​រួម​គ្នា​ហើយ ហើយ​និយាយ​ទៅ​ប្រាសាទ​ខ្មែរ​ត្រូវការ​ជួសជុល​ច្រើន​ណាស់​ ពីព្រោះ​យើង​រាប់​ពាន់​ឆ្នាំ​មក​ហើយ»។

លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ពលរដ្ឋកម្ពុជា​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ទាំង​រូបិយ និង​អរូបិយ​ម្រាប់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។

នា​ពេល​បច្ចុប្បន្ន​ គម្រោង​ទ្រទ្រង់​ប្រាសាទ​បាក់ខែង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទី​ ០៥ ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧។​ នៅ​ក្នុង​ដំណាក់កាល​ទី០៥ គម្រោង​នេះ​ទទួល​បាន​ថវិកា​ចំនួន ៣ សែន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុម​ការងារ​គម្រោង​នឹង​បញ្ចប់​ការ​ជួសជុស​ផ្នែក​នៅ​ទិសខាង​កើត​នៃ​ប្រាសាទ​បាក់ខែង ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុងសតវត្សរ៍​ទី១០៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG