ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ថា​ទាហាន​កូរ៉េ​ខាងជើង ១.១០០ នាក់​ស្លាប់​ឬ​របួស​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​កូរ៉េ​ខាង​ជើង​ឈរ​លើ​រថពាសដែក​ជាមួយ​នឹង​គ្រាប់​រ៉ុក្កែត ខណៈ​ពួកគេ​ធ្វើ​ព្យុហយាត្រា​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ ទាហាន​កូរ៉េ​ខាង​ជើង​ឈរ​លើ​រថពាសដែក​ជាមួយ​នឹង​គ្រាប់​រ៉ុក្កែត ខណៈ​ពួកគេ​ធ្វើ​ព្យុហយាត្រា​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៥។

ទាហាន​កូរ៉េ​ខាងជើង​ជាង ១.០០០ នាក់​បាន​ស្លាប់​ឬ​របួស​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

តួលេខ​ថ្មី​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ក្រោយពី​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​របាយការណ៍​មួយ​កាលពី​សប្តាហ៍​មុន​ដែល​បាន​បញ្ជាក់​ថា​ទាហាន​កូរ៉េ​ខាងជើង​យ៉ាងតិច ១០០ នាក់ ត្រូវបាន​សម្លាប់​តាំងពី​ចូល​ក្នុង​សមរភូមិ​ប្រយុទ្ធ​កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក។

កូរ៉េ​ខាងជើង​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​ជួយ​យោធា​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​ទាំង​នៅ​តំបន់ Kursk ជាប់​ព្រំដែន​អ៊ុយក្រែន​ផងដែរ ដែល​នៅ​ទីនោះ​កងកម្លាំង​អ៊ុយក្រែន​បាន​ដណ្តើម​បាន​ដែនដី​នោះ​កាលពី​ដើម​ឆ្នាំ​នេះ។

ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «តាមរយៈ​ប្រភព​ព័ត៌មាន​ផ្សេងៗ​និង​ការ​ស៊ើបការណ៍​សម្ងាត់ យើង​វាយតម្លៃ​ថា​កងទ័ព​កូរ៉េ​ខាងជើង​ដែល​បាន​ចូល​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​កងកម្លាំង​អ៊ុយក្រែន បាន​ស្លាប់​ឬ​របួស​ប្រមាណ ១.១០០ នាក់»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា «យើង​ចាប់អារម្មណ៍​ជាពិសេស​លើ​លទ្ធភាព​នៃ​ការ​បញ្ជូន​បន្ថែម» នូវ​ទាហាន​កូរ៉េ​ខាងជើង​ទៅ​ជួយ​រុស្ស៊ី​ក្នុង​ការ​ធ្វើ​សង្គ្រាម។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា ចារកម្ម​បាន​បង្ហាញ​ថា​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ «កំពុង​ផលិត​និង​ផ្តល់​ដ្រូន​ដែល​កម្ទេច​ដោយ​ខ្លួនឯង» ដល់​រុស្ស៊ី​ដើម្បី​ជួយ​រុស្ស៊ី​បន្ថែម​ទៀត​ក្នុងការ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG