ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេសនៅ​អាហ្វ្រិក​ដែល​គាំទ្រ​ដោយ​ចិន​​ជំរុញ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​អនុម័ត​ឲ្យ​សហភាពអាហ្វ្រិក​ដឹកនាំ​បេសកកម្ម​រក្សា​សន្តិភាព


រូបឯកសារ៖ ទាហាន​មក​ពី​ប្រទេស​​អាហ្វ្រិក​ចំនួន​២២ ចូល​រួម​ហាត់​សម​ក្នុង​ផ្នែក​មួយ​នៃ​កង​កម្លាំង​ឈរ​ជើង​​របស់​សហភាព​អាហ្វ្រិក នៅ​ទីលាន​ហាត់​​សម​របស់​​​កម្លាំង​ការពារ​ជាតិ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
រូបឯកសារ៖ ទាហាន​មក​ពី​ប្រទេស​​អាហ្វ្រិក​ចំនួន​២២ ចូល​រួម​ហាត់​សម​ក្នុង​ផ្នែក​មួយ​នៃ​កង​កម្លាំង​ឈរ​ជើង​​របស់​សហភាព​អាហ្វ្រិក នៅ​ទីលាន​ហាត់​​សម​របស់​​​កម្លាំង​ការពារ​ជាតិ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

សេចក្តី​​ព្រៀង​​នៃ​សេចក្តីសម្រេច​មួយ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ខែ​វិច្ឆិកា​ដោយ​ប្រទេស​ចំនួនបី​នៅ​ទ្វីប​អាហ្វ្រិក​ស្នើឲ្យក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ អនុម័តលើ​សំណើរ​ផ្លាស់ប្តូរ​ការទទួលខុសត្រូវ​លើ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ទូទាំងទ្វីប​ទៅឲ្យ​សហភាពអាហ្វ្រិក។

សេចក្តី​សម្រេច​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​ប្រទេស​អេត្យូពី​ ហ្គីណេអេក្វាទ័រ និង​ប្រទេស​កូតឌីវ័រ ​ដោយ​អំពាវ​នាវ​ឲ្យ​អ.ស.ប. ​ផ្ដល់​មូលនិធិ​ផ្អែកតាម​ករណី​ជាក់ស្តែង​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ដែល​ដឹក​នាំ​ដោយ​សហភាព​អាហ្វ្រិក​ ។

អ.ស.ប.​នា​ពេល​បច្ចុប្បន្នកំពុង​ដឹកនាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ទ្វីប​អាហ្វ្រិក​ ដោយ​មាន​កញ្ចប់​ថវិកា​ច្រើនជាង​ថវិកា​របស់​សហភាព​អាហ្វ្រិក។ ប៉ុន្តែ​តួនាទី​ក្នុង​ការ​រក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​មាន​កាន់តែ​ធំ​ជាង​មុន ជា​ពិសេស​នៅ​អាហ្វ្រិកខាង​កើត​ ដែល​បេសកកម្ម​របស់​សហភាព​អាហ្វ្រិក​ហៅ​កាត់​ថា AMISOM បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកបះបោរហិង្សា​ អស់​រយៈ​ពេល​ជាង​មួយ​ទស្សវត្សរ៍​មក​ហើយ។

ប្រ​សិន​បើ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​អនុម័តនោះ​ យ៉ាង​ហោច​ណាស់​វា​នឹង​ផ្តល់​ការទទួល​ខុសត្រូវ​លើបេសកកម្មរក្សាសន្តិភាព​ចំនួន៤ដល់​សហភាព​អាហ្វ្រិក​ដើម្បី​ក្សា​សន្តិភាព​តាមរយៈការផ្ទេរ​អំណាចនិង​ការ​គ្រប់​គ្រង​ទៅ​ឲ្យ​អង្គការ​ក្នុង​ទ្វីប​អាហ្រ្វិក​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានីអាឌីសអាបេបា ​ប្រទេស​អេត្យូពី។

កង​កម្លាំង​ការពារ​ជាតិ​ប្រទេស​កេនយ៉ា​គោរព​ដល់​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កេនយ៉ា​នៅ​ប្រទេស​សូម៉ាលី ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​មួយ កាល​ពី​ឆ្នាំ ​២០១៧។
កង​កម្លាំង​ការពារ​ជាតិ​ប្រទេស​កេនយ៉ា​គោរព​ដល់​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កេនយ៉ា​នៅ​ប្រទេស​សូម៉ាលី ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​មួយ កាល​ពី​ឆ្នាំ ​២០១៧។

តើ​មាន​ចំណាយច្រើន​ជា​ងមុន​ឬ?

សេចក្តី​សម្រេច​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រទេស​បារាំង ​និង​ចិន ដែល​ជា​ប្រទេស​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​លើក​ជា​សំណួរ​អំពី​ថា​តើ​ការ​ផ្ទេរ​អំណាច​ទៅឲ្យ​សហភាព​អាហ្វ្រិក​អាច​បង្កើន​ការចំណាយ​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ដែរឬទេ ហើយ​ថាតើ​នឹង​អាច​ធ្វើ​ឲ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាន់​តែ​ស្មុគ​ស្មាញជាង​មុន​ឬ​យ៉ាង​ណា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនៅ​ក្នុង​តំបន់​មាន​ជម្លោះ​នានា។

លោក​ Grant Harris​ អតីត​នាយក​ជាន់​ខ្ពស់​ប្រចាំ​សេត​វិមាន​ក្នុង​អាណត្តិ​រដ្ឋ​បាល​លោក អូបាម៉ា​ទទួល​បន្ទុក​កិច្ច​ការ​អាហ្វ្រិក​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ក្តី​កង្វល់​ទាំង​នោះ​ឆ្លុះបញ្ចាំង​អំពី​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិភាព​ ដែល​មាន​ចាប់​តាំង​ពី​រដ្ឋបាល​របស់​លោកប៊ូស (Bush) និង​លោក​ អូបាម៉ា។

លោក​ Harris ​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ក្តី​កង្វល់​ជា​យូរ​មកហើយ​និងមិន​ដែល​ផ្លាស់ប្តូរ​អំពី​ការ​ផ្ទេរអំណាច​ទៅ​ឲ្យភាគី​ខាង​ក្រៅ​ដើម្បី​ដឹកនាំ​បេសកកម្ម​រក្សា​សន្តិភាព និង​គ្មានជំនឿ​ទំនុក​ចិត្តថាការគោរព​សិទ្ធិ​មនុស្ស​ និង​ការ​ទទួលខុសត្រូវ​ផ្សេង​ទៀត​នឹង​ត្រូវ​បានគេ​គោរព​តាមឡើយ។

ការ​ផ្ដល់​មូលនិធិ​ការពារ​សន្តិសុខ​របស់​អង្គកា​សហប្រជាជាតិ​បានមក​ពី​ការ​ចូល​រួម​វិភាគទាន​នៃ​រដ្ឋ​ជាសមាជិក​នានា​ ផ្អែកតាមទំហំ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពួក​គេ។ សហរដ្ឋ​អាមេរិក​និង​ចិនបានបង់​វិភាគទាន​ច្រើន​ជាងគេ​ ប៉ុន្តែ​ប្រទេស​ចិន​ចំណាយ​តិច​ជាង​សហរដ្ឋ​អាមេរិក​១៨​ភាគ​រយ​ នៃវិភាគ​ទាន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំនួន​២​ពាន់លានដុល្លារ។

យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង

លោក Harris និយាយ​បន្ត​ថា ប្រទេស​ចិន​បាន​រៀប​ចំការ​ពិភាក្សា​មួយ​អំពី​សេចក្តី​សម្រេច​នេះ​នៅ​ឯ​ស្នាក់​ការ​កណ្ដាល​របស់​អ.ស.ប.​ក្នុង​បុរី​ញូវយ៉ក។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​យ៉ាង​ច្បាស់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​ ហើយ​ក៏​បញ្ជាក់​អំពី​សាមគ្គីភាព​គ្នា​ជាមួយ​សហភាព​អាហ្វ្រិក​ផងដែរ។

លោក​និយាយ​ថា៖ «ចិន​ពិត​ជា​គាំទ្រ​ និង​មាន​ជំហរ​រឹង​មាំទៅ​លើ​ការ​ផ្ដល់​អាទិភាព​ឲ្យ​សហភាព​អាហ្វ្រិក»។

បើ​យោង​តាម​លោក Harris​ ទីក្រុង​ប៉េកាំង​បាន​ប្រញាប់​ប្រញ៉ាល់​ក្នុង​ការ​វិនិយោគ​ជាមួយ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ ដោយ​គ្មាន​លក្ខខណ្ឌ​លើ​ផ្នែក​អភិបាល​កិច្ច​ ឬ​ប្រកាន់ខ្ជាប់​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​អ្វី​ឡើយ។ ការណ៍​នេះ​ធ្វើ​ឲ្យ​សេចក្តី​សម្រេច​អំពី​សហភាពអាហ្វ្រិក​មាន​ភាពទាក់ទាញ​ខ្លាំង​សម្រាប់​ទីក្រុង​ប៉េកាំង​ជាង​សហរដ្ឋ​អាមេរិក។

លោក Harris និយាយ​ថា៖ «ជាទូទៅ​ពួក​គេមិន​សូវបារម្ភ​អំពី​រឿង​សិទ្ធិមនុស្ស ​និង​កាតព្វកិច្ច​ផ្សេង​ទៀត​ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ជា​ក្តី​បារម្ភនៅក្នុង​ការ​គាំទ្រ​ដល់​បេសកកម្ម​នៅ​ខាងក្រៅ ដែលឧបត្ថម្ភ​ដោយ​មូលនិធិ​របស់​អ.ស.ប.»។

ការ​រក្សា​សន្តិភាព

​ពាក់កណ្តាល​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​មានប្រតិបត្តិការ​ទាំង​១៤ ផ្តោតសំខាន់​លើ​ជម្លោះ​នៅ​ទ្វីប​អាហ្វ្រិក​ ហើយ​អង្គការ​ចម្រុះ​ភាគី​នាពេលថ្មីៗ​នេះ​បាន​ដាក់ពង្រាយ​ទាហាន​រាប់​ម៉ឺន​នាក់នៅក្នុង​ប្រទេស​ចំនួន៧។

ប៉ុន្តែ​ការ​ចោទ​ប្រកាន់ម្ដង​ហើយ​ម្ដង​ទៀតអំពី​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​បំពាននានា​បាន​កាត់បន្ថយ​ជំនឿចិត្ត​លើ​សមត្ថភាព​របស់​អ.ស.ប. ក្នុង​ការដើរតួ​នាទី​ប្រកប​ដោយ​ភាព​វិជ្ជមាន​នៅក្នុង​ទ្វីប​អាហ្វ្រិក​ ដែល​ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​សំណើរផ្ទេរ​ការដឹកនាំ​ទៅ​សហភាពអាហ្វ្រិក​ជំនួសវិញ។

ចាប់​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង រហូត​ដល់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ការ​ស៊ើបអង្កេត​លើ​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទ្វីប​អាហ្វ្រិក​ បាន​បង្ហាញ​ពី​ភ័ស្តុតាងនានា​លើភាព​អសកម្ម​ ភាព​លម្អៀង និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ជាដើម។https://www.voanews.com/a/au-peacekeepers-accused-of-killing-4-somali-civilians/4646975.html

ខណៈ​ដែល​អង្គការ​ចម្រុះ​ភាគីដ៏​ធំបំផុត​មួយនេះ​បានដាក់​មូលដ្ឋាន​នៅ​ក្នុង​ទ្វីបនេះ ធ្វើឲ្យសហភាពអាហ្វ្រិក្លាយជា​ជម្រើស​មួយ​ទៀតដើម្បីដឹកនាំបេសកកម្មនេះ។ ប៉ុន្តែ​សហភាព​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​ចម្រូង​ចម្រាស​ផង​ដែរ ដែល​រួម​មាន​ការ​ចោទ​ប្រកាន់ថា​ ទាហាន​សហភាព​អាហ្រ្វិក​បាន​សម្លាប់​ជន​ស៊ីវិល​ជា​ដើម។

កម្លាំង​ជំរុញ​រវាង​សហរដ្ឋអាមេរិក​និង​ចិន

ដើម្បី​ឲ្យ​ពង្រៀង​នៃ​សេចក្តីសម្រេចនេះ​អាច​បន្ត​ទៅ​មុខ​បាន សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ស្វែង​រក​ចម្លើយ​ជំពោះ​ក្តី​កង្វល់​របស់​ខ្លួន។ ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ សហរដ្ឋ​អាមេរិក​មាន​អំណាច​បដិសេធ ​(វេតូ)​ ទៅ​លើ​សេចក្តីសម្រេច​ថ្មី​ណាមួយ។

ការឆ្ពោះ​ទៅរក​ការប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ទីក្រុង​ប៉េកាំង។

ប៉ុន្តែ លោក Harris ​បាន​ប្រឆាំងដោយប្រុង​ប្រយ័ត្ន​ចំពោះ​ការ​យល់​ឃើញ​ថា​សេចក្តីសម្រេច​នោះ​គឺជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​ចុង​ក្រោយ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ហើយ​ការធ្វើ​ប្រជាមតិ​(ការ​សម្រេច​ដោយ​សំឡេង​ដាច់​ខាត)​ទំនង​ជា​អាច​នឹង​កើត​មាន​ ប្រ​សិន​បើ​ភាគី​ទាំងអស់​សុខ​ចិត្ត​បត់​បែន​តាម​កាលៈទេសៈ។

លោក Harris និយាយ​ថា​ទស្សនៈនានា​ដើម្បី​ធ្វើ​ឲ្យ​បេសកកម្ម​រក្សា​សន្តិភាព​ដំណើរការ​បាន​ល្អ​បំផុត​នោះគឺ​ ត្រូវ​លើ​ផ្តោតសំខាន់​លើ​ការ​ផ្ដល់​អំណាច​ដល់​សហភាពអាហ្វ្រិក។

លោក​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា រដ្ឋបាលលោក​ ត្រាំ ពិត​ជា​កំពុង​ធ្វើ​ការ​លើ​រឿង​ទាំង​នេះ និង​ការ​លើក​ទឹក​ចិត្ត​នានា​ដើម្បី​ស្វែងរក​វិធីសាស្រ្ត​ណាមួយ​ដែល​អាច​ផ្ដល់​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​និង​ស៊ី​សង្វាក់​គ្នា ​រហូតទាល់តែក្តី​កង្វល់របស់​ពួក​គេ​អំពី​ច្បាប់​សិទ្ធិ​មនុស្ស​ និង​ការគ្រប់គ្រង​ហរិញ្ញវត្ថុ​ ត្រូវ​បាន​ដោះ​ស្រាយ»៕

ប្រែសម្រួលដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG