ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាងជើង


សមាជិក​ក្រុម​ប្រឹក្សា​អ.ស.ប.បោះ​ឆ្នោត​លើ​សេចក្តី​ព្រៀង​ច្បាប់​អេហ្ស៊ីប​។
សមាជិក​ក្រុម​ប្រឹក្សា​អ.ស.ប.បោះ​ឆ្នោត​លើ​សេចក្តី​ព្រៀង​ច្បាប់​អេហ្ស៊ីប​។

កាល​ពី​ថ្ងៃ​សុក្រ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.បាន​យល់ស្រប​គ្នា​ជា​ឯកច្ឆន្ទ​ដាក់ កំហិត​ការ​ដាក់ទណ្ឌកម្ម​មួយ​លើក​ទៀត​លើ​ប្រទេសកូរ៉េខាង​ជើងដោយ​យក​ជា​ទី​ដៅ​នូវ​វិស័យ​ដែល​ជំរុញ​កម្មវិធី​អាវុធ​ខុសច្បាប់​របស់ប្រទេសនេះ។

លោកស្រី​ Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​អ.ស.ប.បាននិយាយ​ថា «ដូច​ដែល​យើង​បានធ្វើកាល​ពី​អតីតកាលដែរ យើងនឹង​បន្តប្រឆាំង​នឹង​ជម្រើស​របស់​របបគ្រប់គ្រង​ Kim នៃ​ការ​ធ្វើសកម្មភាព​គឃ្លើនជាមួយ​សកម្មភាពនៃ​ការដាក់ទណ្ឌកម្មអន្តរជាតិ»។ ​លោកស្រី​បាននិយាយយោង​ដល់​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un។

ការ​ដាក់ទណ្ឌកម្មថ្មី​នេះ​មានធ្វើ​បន្ថែមលើ​ការ​ដាក់ទណ្ឌកម្មតឹង​តែង​បី​កាល​ពី​ពេល​មុន​នេះដែល​បាន​ត្រូវ​ដាក់កំហិត​លើ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ក្នុង​ឆ្នាំនេះ។

ប្រសិន​បើ​ត្រូវ​អនុវត្តពេញ​លេញ​ ការ​ដាក់ទណ្ឌកម្មនេះ​នឹង​កម្រិត​ការ​ដឹក​ជញ្ជូន​ប្រចាំ​ឆ្នាំចូល​ក្នុង​ប្រទេសកូរ៉េខាង​ជើង​នូវ​ផលិតផល​ប្រេងកាត​ចំរាញ់ដូច​ជា​សាំង​និង​ប្រេងម៉ាស៊ូត​ជា​ដើមឱ្យ​មក​នៅ​ត្រឹម​តែ​៥សែន​ធុង​ដោយ​ចុះ​ថយ​ពី៤​លាន​៥សែន​ធុងក្នុង​ឆ្នាំ២០១៦។ ការ​លើកលែង​អំពីករណីយនេះ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​តាមមូលដ្ឋាន​នៃករណី​មួយៗដោយមានការយល់ព្រមពីក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។

វិធានការ​ទាំង​នេះ​ក៏​ស្វះ​ស្វែង​ដែរ​ឱ្យមាន​ការ​កាត់​ផ្តាច់ប្រាក់ចំណូល​ពី​ក្រុមពលករ​កូរ៉េ​ខាង​ជើង​ដែល​បានត្រូវ​បញ្ចូនឱ្យ​ទៅ​ធ្វើការ​នៅឯ​ប្រទេស​ក្រៅ។​

ប្រាក់​បៀវត្សរ៍របស់​ក្រុមពលករ​ទាំង​នេះ​ ជាញឹកញយ បាន​ត្រូវរឹបយក​ជា​ផ្នែក​ឬ​ទាំង​ស្រុង​ដោយ​របបគ្រប់គ្រង​កូរ៉េខាង​ជើង​ដើម្បី​ប្រើប្រាស់​ក្នុង​កម្មវិធី​ខុសច្បាប់​របស់​ផង​ខ្លួន។​ តាម​រយៈសេចក្តី​សម្រេច​ចិត្ត​ថ្មីនេះ​ ក្រុម​ពលករ​កូរ៉េខាង​ជើងទាំងអស់​ត្រូវវិល​ត្រឡប់​មក​ប្រទេស​ពួក​គេ​វិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ។​

ស.រ.អា.​ដែល​បានព្រាង​អត្ថបទ​នៃ​សេចក្តី​សម្រេច​ចិត្ត​នេះ​បានស្ទង់​ប្រមាណថា​មាន​ជន​ជាតិកូរ៉េខាង​ជើង​ពី៥ម៉ឺន​ទៅ​៨ម៉ឺន​នាក់ធ្វើការក្នុង​ប្រទេស​ចិន​ហើយ​ប្រមាណ​៣ម៉ឺន​នាក់ទៀត​ធ្វើការ​ក្នុង​ប្រទេសរុស្សី។​

ប្រធានាធិបតី​ស.រ.អា. Donald Trump បាន Tweet កាលពី​ថ្ងៃ​សុក្រ​ថា​ «ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​ទើប​តែ​បាន​បោះ​ឆ្នោត​១៥សំឡេង​ទល់នឹង​សូន្យគាំទ្រ​ដល់​ការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ប្រទេស​កូរ៉េខាងជើង។ ពិភព​លោក​ចង់​បាន​សន្តិភាព មិនមែន​ចង់បាន​ការ​ស្លាប់ទេ»!៕

XS
SM
MD
LG