ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ចក្រភព​អង់​គ្លេស​ដើរ​តួនាទី​អ្វី​បន្ទាប់​ពី​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប?


ទង់ជាតិ​អង់គ្លេស និង​ទង់ជាតិ​ផ្សេងៗ​ទៀត​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​សភា​អឺរ៉ុប នៅ​ក្នុង​ក្រុង Strasbourg ប្រទេស​បារាំង កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ខណៈ​ដែល​ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​គ្រោង​នៅ​ឆ្នាំ​ ២០១៩​ ខិត​ជិត​មក​ដល់​ ចក្រភព​អង់​គ្លេស​កំពុង​ស្វែង​រក​តួនាទី​​ថ្មី​មួយ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។​ អ្នក​វិភាគ​ជា​ច្រើន​និយាយថា​ ចក្រភព​អង់​គ្លេស​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ ព្រោះ​មហា​អំណាច​ពិភពលោក​ឯទៀត​ ទាម​ទារ​ចង់​បាន​ឥទ្ធិពល​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អង្គភាព​ធំៗ​​ ដូច​ជា​អង្គការ​សហប្រជាជាតិ​ជា​ដើម។​

​រដ្ឋាភិបាល​អង់គ្លេស​ទទូច​កសាង​សម្ព័ន្ធ​មិត្ត​ជាមួយ​សកល​លោក​ លើស​ពី​អឺរ៉ុប​ទៅ​ទៀត។​

«ដាល់​ឲ្យ​លើស​ពី​ទម្ងន់​របស់​ខ្លួន» ​ជា​ឃ្លា​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់​គ្លេស​ធ្លាប់​យក​មក​ពិពណ៌នា​តួនាទី​របស់​ប្រទេស​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។​ ឥឡូវ​ គេ​បាន​យក​ឃ្លា​នេះ​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត។​ ប៉ុន្តែ​ ការ​ដាល់​នេះ​ អាច​នឹង​បាត់​បង់​កម្លាំង។

លោក​ LUKE MCDONAGH​ នៃ​សកលវិទ្យាល័យ​ទី​ក្រុង​ឡុងដ៍​បាន​ថ្លែង​ថា៖

«ការ​ចាក​ចេញ​ពី​សហភាព​អឺ​រ៉ុប​ មាន​ន័យ​ថា​ចក្រភព​អង់​គ្លេស​អាច​នឹង​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ សេដ្ឋកិច្ច​ទំហំ​មធ្យម​នៅ​ក្នុង​ពិភពលោក​ ដែល​មាន​ការ​បែក​ខ្ញែក​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​សារ​មាន​ប្លុក (bloc) សេដ្ឋកិច្ច​ធំៗ។​ យើង​មាន​សហរដ្ឋ​អាមេរិក​ ចិន​ និង​សហភាព​អឺរ៉ុប។ នៅ​សតវត្សរ៍​ខាង​មុខ​ យើង​នឹង​មាន​ឥណ្ឌា​ ការ​កើន​ឡើង​នៃ​អាមេរិក​ខាង​ត្បូង​ និង​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ប្រកួត​ប្រជែង​គ្នា​បន្ថែម​ទៀត​។​ ដូច្នេះ​ តើ​ចក្រភព​អង់​គ្លេស​នឹង​នៅ​លំដាប់​ទី​ប៉ុន្មាន?»។

លោក​ McDonagh​ បាន​បន្ថែម​ថា​ ឥទ្ធិពល​របស់​ចក្រភព​អង់​គ្លេស​បាន​ថយ​ចុះ​ នៅ​ពេល​បាត់​បង់​ចៅ​ក្រម​ម្នាក់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (International Court of Justice)​ កាល​ពី​ខែ​វិច្ឆិកា​ ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ដក​បេក្ខជន​របស់​ខ្លួន​ចេញ។​ ចៅ​ក្រម​ពី​ប្រទេស​ឥណ្ឌា​ បាន​ជំនួស​តំណែង​នោះ​ ដែលចក្រភព​អង់គ្លេស​ធ្លាប់​កាន់​ ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៤៦​ មក។

លោក​ LUKE MCDONAGH​ បាន​បន្ត​ថា៖

«ល្បែង​មហា​អំណាច​បច្ចុប្បន្ន​ មិន​ដូច​កាល​ពី​ឆ្នាំ១៩៤៥​ទេ​ ហើយ​យើង​ត្រូវ​ចោទ​ជា​សំនួរ​ថា​តើ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ (U.N. Security Council)​ នឹង​បន្ត​ទម្រង់​បែប​នេះ​យូរ​ប៉ុណ្ណា?»។

ប៉ុន្តែ​ អ្នក​វិភាគ​ភាគ​ច្រើន​បាន​និយាយ​ថា​ ចក្រភព​អង់គ្លេស​ប្រហែល​ជា​មិន​បាត់​បង់​អាសនៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ (U.N. Security Council)​ នៅ​ពេល​ឆាប់ៗ​នោះ​ទេ។

លោក​ RICHARD GOWAN​ នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ផ្នែក​ទំនាក់​ទំនង​បរទេស​បាន​ថ្លែង​ថា៖

«មហា​អំណាច​ភាគច្រើន​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ រួម​មាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ មិន​ចង់​ឃើញ​កំណែ​ទម្រង់​ក្នុង​អនាគត​ដ៏​ខ្លី​នោះ​ទេ»។

ចក្រភព​អង់គ្លេស​ ទទូច​ថា​មហិច្ឆិតា​របស់​ខ្លួន​បន្ទាប់​ពី​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ គឺ​បង្កើត​ «ចក្រភព​អង់​គ្លេស​សកលលោក» មួយ។

លោក​ RICHARD GOWAN​ បាន​បន្ថែម​ថា៖

«សេវាកម្ម​បរទេស​របស់​ចក្រភព​អង់​គ្លេស​ អាច​នឹង​មាន​លទ្ធិភាព​វិនិយោគ​ធនធាន​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ក្នុង​កិច្ច​ការ​អង្គការ​សហប្រជាជាតិ​ ពីព្រោះ​ចក្រភព​អង់​គ្លេស​នឹង​លែង​សូវ​ផ្តោត​លើ​សហភាព​អឺរ៉ុប។​ ប៉ុន្តែ​ ដោយ​គ្មាន​ការ​គាំ​ទ្រ​ពី​ប្រទេស​ទាំង​ ២៧​ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះ​ ចក្រភព​អង់​គ្លេស​អាច​នឹង​ពិបាក​ក្នុង​ការ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ពិភាក្សារ​អំពី​កិច្ច​ការ​មនុស្ស​ធម៌​ ការ​អភិវឌ្ឍន៍​ ឬ​សន្តិសុខ​តាម​រយៈ​អង្គការ​សហប្រជាជាតិ»។

ការ​ដែល​អាច​មើល​ឃើញ​ពី​បញ្ហា​នេះ​ គឺ​នៅ​ពេល​ប្រទេស​សមាជិក​សហភាព​អឺ​រ៉ុប​ជា​ច្រើន​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​ចក្រភព​អង់​គ្លេស​លើ​សេចក្តី​សម្រេច​មួយ​ ចំ​ពោះ​ការ​ទាមទារ​របស់​ខ្លួន​ទៅ​លើ​ប្រជុំ​កោះ​ Chagos Islands​ នៅ​សមុទ្រ​ឥណ្ឌា​នោះ។

លោក​ Gowan​ បាន​ថ្លែង​ថា​ ចក្រភព​អង់​គ្លេស​ត្រូវ​តែ​នៅ​ជា​មួយ​អឺរ៉ុប។

លោក​ Gowan​ បាន​បន្ថែម​ថា​៖

«បើ​សិន​ចក្រភព​អង់​គ្លេស​ចង់​ស្និទ្ធស្នាល​ជា​មួយ​អាមេរិក​ ពួក​គេ​នឹង​បាត់​បង់​សុច្ឆន្ទៈ​ពី​ដៃ​គូរ​អឺរ៉ុប​យ៉ាង​លឿន»។

ក្នុង​ការ​ស្វែង​រក​តួនាទី​ថ្មី​មួយ​នៅ​លើ​ឆាក​អន្តរជាតិ​ អ្នក​វិភាគ​និយាយ​ថា​ ចក្រភព​អង់​គ្លេស​នឹង​ត្រូវ​បង្កើត​សម្ព័ន្ធ​មិត្ត​ថ្មី​ ហើយ​រក្សា​សម្ព័ន្ធ​មិត្ត​ចាស់​ៗ​ឲ្យ​ជិត​ស្និទ្ធ​ និង​ព្យា​យាម​គ្រប់​គ្រងភាព​ចលចល​នៅ​ប្រទេស​របស់​ខ្លួន៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG