មហាសន្និបាតអ.ស.ប.បន្តការប្រជុំប្រចាំឆ្នាំរបស់ផងខ្លួននៅថ្ងៃពុធនេះជាមួយការថ្លែងសុន្ទរកថារបស់ពួកមេដឹកនាំមកពីប្រទេសអ៊ីរ៉ង់ យេម៉ែន អាហ្វហ្គានីស្ថាន គុយបា និងប្រទេសអង់គ្លេស នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ប្រជុំគ្នានៅខាងក្រៅមហាសន្និបាតនេះដើម្បីពិភាក្សាបញ្ហានានាដោយមានរួមបញ្ចូលបញ្ហាឥទ្ធិពលនៃប្រទេសអ៊ីរ៉ង់ក្នុងភូមិភាគមជ្ឈឹមបូព៌ានិងបញ្ហាផ្សេងៗទាក់ទិនជាមួយការមិនរីកសាយអាវុធប្រល័យលោក។
ការប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នឹងឋិតនៅក្រោមអធិបតីភាពនៃលោកប្រធានាធិបតីស.រ.អា. Donald Trump ដែលបានអំពាវនាវដល់ពួកមេដឹកនាំពិភពលោក នៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអ.ស.ប.កាលពីថ្ងៃអង្គារឱ្យ «ធ្វើឱ្យរបបគ្រប់គ្រងអ៊ីរ៉ង់នៅដាច់ឯកោដរាបណាការឈ្លានពានរបស់អ៊ីរ៉ង់នៅតែមានតទៅទៀត»។
លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បាននិយាយប្រាប់មហាសន្និបាតអ.ស.ប.នៅក្នុងសុន្ទរកថារបស់លោកថាគេមិនអាចនាំយកប្រទេសណាមួយមកកាន់តុចរចាដោយសារការប្រើកម្លាំងបានទេ។ លោក Rouhani ក៏បានសាកសួរដែរថាតើប្រទេសអ៊ីរ៉ង់អាចធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយស.រ.អា.ដោយបែបណាដែលលោកបានថ្លែងថាប្រទេសអាមេរិកបានរំលោភលើគោលនយោបាយរបស់លោក Barack Obama ដែលជាអ្នកកាន់តំណែងមុនលោក Trump។ បន្ថែមពីលើនេះ លោក Rouhani បានចោទប្រកាន់រដ្ឋបាល Trump ថាបានធ្វើឱ្យស្ថាប័នសាកលទាំងអស់គ្មានប្រសិទ្ធិភាព។
នៅក្នុងឆ្នាំដែលលោកបានថ្លែងសុន្ទរកថាដំបូងក្នុងអ.ស.ប. លោក Trump បានកាត់បន្ថយការផ្តល់ប្រាក់កាសដល់អង្គការពិភពលោកនេះ បានដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីធាតុអាកាសនិងចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិកាំងរូបនេះបានដកប្រទេសអាមរិកចេញពីអង្គការនានារបស់អ.ស.ប.ដោយមានរួមបញ្ចូលក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។ លោក Trump ក៏មានការរកាំរកូសនៅក្នុងការប្រជុំនៃពួកមេដឹកនាំក្រុមប្រទេស G-7 និងពួកមេដឹកនាំអង្គការអូតង់ថែមទៀតផង៕