កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តនូវសេចក្ដីសម្រេចមួយ ដែលជំរុញឡើងដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងដកហូតនូវប្រាក់ចំណូលដែលជួយបង្កើននូវកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងចំនួន ១ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
វិធានការដាក់ទណ្ឌកម្មបន្ថែមនេះ គឺជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ៣ និងថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះ ដែលការបាញ់គ្រាប់មីស៊ីលទាំងនោះ បានបង្ហាញថា កូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ ប្រហែលជាអាចមានសមត្ថភាពវាយប្រហារដែនដីសហរដ្ឋអាមេរិក និងភាគច្រើននៃដែនដីនៅទ្វីបអឺរ៉ុបបាន។
សេចក្ដីសម្រេចនេះបដិសេធប្រាក់ចំណូលរបស់កូរ៉េខាងជើងចំនួន ១ ភាគ ៣ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រទេសនេះចំនួន ៣ ពាន់លានដុល្លារអាមេរិក ដែលទទួលបានពីការនាំចេញ។ សេចក្ដីសម្រេចនេះសំដៅដល់ការនាំចេញចំនួន ៤ ផ្នែក គឺធ្យូងថ្ម ដែក និងរ៉ែដែក សំណ និងរ៉ែសំណ និងអាហារសមុទ្រ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកសាទរចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន និងរុស្ស៊ី នៅក្នុងការធ្វើឲ្យសេចក្ដីសម្រេចនេះលេចចេញជារូបរាងឡើង។ សេចក្ដីប្រកាសរបស់សេតវិមានបានបន្ថែមថា លោក Trump នឹងបន្តធ្វើការជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង ដើម្បីបញ្ចប់នូវឥរិយាបថគំរាមកំហែង និងបំផ្លិចបំផ្លាញរបស់ប្រទេសនេះ។
នៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីរលើកកាលពីខែមិនា និងវិច្ឆិកា ឆ្នាំមុន ក្រុមប្រឹក្សានេះបានដាក់ទណ្ឌកម្មលើការនាំចេញធ្យូងថ្មរបស់ប្រទេសកូរ៉េខាងជើង ដែលជាការនាំចេញដ៏ធំបំផុតតែមួយគត់របស់ប្រទេសនេះ៕