ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល ៣០ ថ្ងៃ​ក្នុង​ប្រទេស​ស៊ីរី


សមាជិក​មក​សរ​ជួយ​សង្រ្គោះ​ប្រជាជន​ពី​ការ​វាយ​ប្រហារ​តាម អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ទីក្រុង​ Damascus ប្រទេស​ស៊ីរី។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ត្រូវតែ​អនុវត្ត​នូវបទឈប់​បាញ់​នៅ​ទូទាំង​ប្រទេស​សម្រាប់​រយៈពេល​យ៉ាង​តិច ៣០ ថ្ងៃ និង​ដក​ការ​ហ៊ុមព័ទ្ធ​ចេញ​ពី​តំបន់​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់ Ghouta ផង​ដែរ។

ការ​ឯកភាព​គ្នា​ជា​រួម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​ចរចា​យ៉ាង​តឹងតែង​ដើម្បី​ស្វែងរក​ពាក្យ​ពេចន៍​ណា​ដែល​ប្រទេស​រុស្ស៊ី​នឹង​គាំទ្រ។ កិច្ច​ប្រឹងប្រែង​ដែល​ដឹក​មុខ​ដោយ​ប្រទេស​ស៊ុយអែត និងកូវ៉ែត​ដែល​ជា​ប្រទេស​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​នេះ បាន​បន្ត​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​មុន​ពេល​ការ​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​ឡើង។

លោក Mansour al-Otaibi ឯក​អគ្គរដ្ឋទូត​កូវ៉ែត​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា៖ «យើង​ខ្ញុំ​មាន​អារម្មណ៍​ថា សេចក្ដី​សម្រេច​នេះ​មិន​អាច​បញ្ចប់​ការ​ឈឺចាប់​បែប​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ភ្លាមៗ​នោះ​ទេ។ ប៉ុន្តែ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ដូច្នេះ ឥឡូវ​នេះ​យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​សម្រេច​នេះ»។

សេចក្ដី​សម្រេច​នេះ​ទាមទារ​ឲ្យ​ភាគី​ជម្លោះ​ទាំង​អស់​បញ្ឈប់​ជម្លោះ «ដោយ​មិន​បង្អង់​យូរ​ឡើយ» សម្រាប់​រយៈពេល​យ៉ាង​តិច ៣០ ថ្ងៃ ជាប់ៗ​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ជម្លោះ និង​ដើម្បី​ជម្លៀស​អ្នក​ជំងឺ និង​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ចេញ​ពី​តំបន់​ជម្លោះ។ សេចក្ដី​សម្រេច​នេះ​មិន​បាន​សំដៅ​លើ​ក្រុម​ភេរវកម្ម​នានា ដែល​មាន​ទាំង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​ក្រុម​រណសិរ្ស Nusra ឬ​ក៏​ក្រុម​អាល់កៃដា​នោះ​ទេ៕

XS
SM
MD
LG