ដោយកងរក្សាសន្តិភាពអង្គការសហប្រជាជាតិទាំង ១ សែននាក់ ប្រឈមនឹងស្ថានការណ៍ផ្លាស់ប្ដូរ និងលំបាកជាងមុន ប្រទេសចំនួន ១៤៥ បានសម្រេចគាំទ្រលើផែនការសកម្មភាពមួយកាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅនេះ ដើម្បីធ្វើឲ្យប្រតិបត្តិការរក្សាសន្តិភាពនេះកាន់តែរឹងមាំ និងអាចបត់បែនបានជាងមុន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយអំពីការរក្សាសន្តិភាព បន្ថែមទៅនឹងកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិយ៉ាងដូច្នេះថា៖ «កងរក្សាសន្តិភាពមួកខៀវរបស់អង្គការសហប្រជាជាតិត្រូវប្រឈមនឹងការកើនឡើងនូវជម្លោះស្មុគស្មាញនានា ដោយមានសត្រូវគ្រប់ប្រភេទ ដំណើរការនយោបាយជាប់គាំង អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរៀបចំទុកជាមុន។ ប៉ុន្តែ ខ្ញុំយល់ថា ពួកគេក៏ប្រឈមផងដែរនឹងបញ្ហាខ្លាំងក្លាជាងមុន ដែលនោះគឺភាពខុសគ្នារវាងសេចក្ដីប៉ងប្រាថ្នា និងភាពពិតជាក់ស្ដែង»។
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវគេស្គាល់ថាកងកម្លាំង «មួកខៀវ» ដោយសារតែពណ៌របស់មួករបស់ពួកគេ។
ចាប់តាំងពីពេលដែលកងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវបានបញ្ជូនដំបូងទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីឆ្នាំ ១៩៤៨ ដើម្បីត្រួតពិនិត្យមើលកិច្ចឈប់វាយប្រយុទ្ធគ្នារវាងប្រទេសអ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាបជិតខាងមក អង្គការសហប្រជាជាតិមានបេសកកម្មរក្សាសន្តិភាពជាង ៧០ ដងរួចមកហើយនៅលើពិភពលោក។
ប៉ុន្តែ ស្ថានភាពនៃជម្លោះតែងតែផ្លាស់ប្ដូរ ហើយប្រតិបត្តិការរក្សាសន្តិភាពកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយព្យាយាមធ្វើកុំឲ្យមានចំនួនអ្នកស្លាប់ច្រើន និងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការឲ្យបានប្រសើរជាងមុន។
លោក Gutteres បាននិយាយថា៖ «ផ្នែកសន្តិសុខ និងរចនាសម្ព័ន្ធនៃការដឹកនាំរបស់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកំពុងត្រូវបានធ្វើឲ្យប្រសើរឡើង។ ផ្នែកនៃការទទួលខុសត្រូវក៏ត្រូវបានពង្រឹង ហើយការបរាជ័យនៃការអនុវត្តប្រតិបត្តិការនេះក៏ត្រូវបានដោះស្រាយផងដែរ»។
លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយថា៖ «ការរក្សាសន្តិភាពនៅតែជាមធ្យោបាយដ៏សំខាន់ និងមិនអាចខ្វះបានមួយសម្រាប់សង្គមជារួមរបស់យើង។ ការថែរក្សាសន្តិភាពនាពេលបច្ចុប្បន្ននេះ ដូចដែលបានបង្កើត អនុវត្ត និងគោរពតាម គឺបានឈានមកដល់ចុងបញ្ចប់នៃវដ្ដរបស់វាហើយ»។
លោក Macron បាននិយាយថា ឥឡូវនេះដល់ពេលដែលត្រូវកែសម្រួលទម្រង់នៃការរក្សាសន្តិភាពនេះឡើងវិញហើយ ដោយយើងត្រូវមានភាពប្រាកដនិយមអំពីអ្វីដែលវាអាចនិងមិនអាចសម្រេចបាន។
ទិដ្ឋភាពផ្លាស់ប្ដូរ
ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមនឹងជម្លោះកាន់តែច្រើនឡើងដែលអូសបន្លាយអស់រយៈពេលរាប់ឆ្នាំ និងពិបាកដោះស្រាយ។ ជារឿយៗ កងរក្សាសន្តិភាពត្រូវបានដាក់ពង្រាយនៅតាមបណ្ដាប្រទេសណាដែលមានកិច្ចព្រមព្រៀងនយោបាយទន់ខ្សោយ ដែលកិច្ចព្រមព្រៀងនយោបាយទន់ខ្សោយនេះបានធ្វើឲ្យស្មុគស្មាញដល់កិច្ចការថែរក្សាសន្តិភាព និងជំរុញឲ្យកងរក្សាសន្តិភាពបន្តវត្តមានរបស់ពួកគេបន្ថែមទៀតនៅប្រទេសទាំងនោះ។
បន្ថែមពីលើនេះទៀត កងរក្សាសន្តិភាពខ្លួនឯងផ្ទាល់បានក្លាយទៅជាគោលដៅនៃការវាយប្រហារនៅក្នុងជម្លោះទាំងនោះ ដោយនៅក្នុងឆ្នាំ ២០១៨ នេះ មានកងកម្លាំងរក្សាសន្តិភាពប្រហែល ៦៤ នាក់ហើយបានស្លាប់។
ប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាឧទាហរណ៍ដូចនេះចំនួន ២ ករណី ដោយនៅក្នុងប្រទេសទាំងនោះ អង្គការសហប្រជាជាតិបានដាក់ពង្រាយកងកម្លាំងរាប់ម៉ឺននាក់ ដើម្បីរក្សាសន្តិភាពសម្រាប់ជម្លោះដែលអូសបន្លាយរយៈពេលយូរនៅក្នុងស្ថានការណ៍ដ៏លំបាក។ ជោគជ័យនៃការរក្សាសន្តិភាពនេះគឺត្រូវបានសម្រេចបានដោយអន្លើៗតែប៉ុណ្ណោះ ហើយបេសកកម្មរក្សាសន្តិភាពនីមួយៗចំណាយអស់ថវិកាប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារអាមេរិក។
លោក Paul Kagame ប្រធានាធិបតីប្រទេសរ៉្វាន់ដា ដែលជាប្រទេសបញ្ជូនយោធានិងប៉ូលិសជាច្រើនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា៖ «យើងចង់បានពិភពលោកមួយដែលមិនគួរមានកងកម្លាំងរក្សាសន្តិភាព» ។
ប៉ុន្តែប្រសិនបើយើងត្រូវតែមានកងរក្សាសន្តិភាព គឺត្រូវតែធ្វើឲ្យប្រាកដថា កងកម្លាំងរក្សាសន្តិភាពទាំងនោះត្រូវបានដាក់ពង្រាយដើម្បីជួយដល់ដំណើរការនយោបាយច្បាស់លាស់មួយ។ ចំណុចនេះមានន័យថា យើងត្រូវមានបេសកកម្មមួយដ៏ត្រឹមត្រូវដោយមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងនានា ក៏ដូចជាមិនប៉ះពាល់ដល់ធនធាន និងមធ្យោបាយនានា ដែលត្រូវការចាំបាច់ដើម្បីសម្រេចឲ្យបាននូវកិច្ចការនេះ»។
នាពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមានបេសកកម្មរក្សាសន្តិភាពចំនួន ១៤ នៅទ្វីបចំនួន ៤ នៅលើពិភពលោក ដោយមានថវិកាប្រចាំឆ្នាំសម្រាប់បេសកកម្មទាំងនេះចំនួនជិត ៧ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែបេសកកម្មរបស់ខ្លួនជារឿយៗខ្វះនូវឧបករណ៍សំខាន់ៗដូចជាឧទ្ធម្ភាគចក្រជាដើម ហើយទាហានរក្សាសន្តិភាពមានសមត្ថភាព និងទទួលបានការបណ្ដុះបណ្ដាលមិនស្មើគ្នា។
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនពាក់កណ្ដាលគឺធ្វើឡើងនៅទ្វីបអាហ្វ្រិក ហើយគេឃើញមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក។ មួយផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ រួមបញ្ចូលទាំងវិធានការជំរុញឲ្យសហភាពអាហ្វ្រិករួមចំណែកជាថវិកាដល់បេសកកម្មរក្សាសន្តិភាពនៅលើទ្វីបនេះផងដែរ។
លោក Moussa Faki Mahamat ប្រធានគណៈកម្មការសហភាពអាហ្វ្រិក មានប្រសាសន៍ដូច្នេះថា៖ «សហភាពអាហ្វ្រិកស្នើអង្គការសហប្រជាជាតិឲ្យទទួលខុសត្រូវសម្រាប់ការចំណាយភាគច្រើននៃប្រតិបត្តិការរក្សាសន្តិភាព ដែលខ្លួនបានធ្វើដោយមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយទ្វីបអាហ្វ្រិកគួរតែរួមចំណែកថវិកាចំនួនតែ ២៥ ភាគរយតែប៉ុណ្ណោះ។ នេះមានន័យថា វាជាជំហានថ្មីមួយឆ្ពោះទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងដើម្បីថែរក្សាសន្តិភាព»។
ស្វែងរកភាពជោគជ័យ
ប្រសិនបើគោលដៅនៃផែនការសកម្មភាពនេះអាចសម្រេចបាន នោះអង្គការសហប្រជាជាតិសង្ឃឹមថា ខ្លួនអាចមានរឿងរ៉ាវជោគជ័យជាច្រើនទៀត ដូចទៅនឹងរឿងរ៉ាវជោគជ័យនៃបេសកកម្ម UNMIL របស់ខ្លួននៅក្នុងប្រទេសលីបេរីយ៉ាជាដើម។ បេសកកម្មនោះត្រូវបានបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃទី ៣០ ខែមិនាកន្លងទៅនេះ បន្ទាប់ពីមានវត្តមានជិត ១៥ ឆ្នាំមកនៅក្នុងប្រទេសលីបេរីយ៉ា ក្រោយពីប្រទេសនេះមានសង្គ្រាមស៊ីវិលអស់រយៈពេល ៤ ឆ្នាំមក។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលីបេរីយ៉ាលោក Gbehzonar Milton Findley បានបញ្ជាក់ថា៖ «ក្នុងរយៈពេលនោះ បេសកកម្ម UNMIL បានដាក់ពង្រាយកងរក្សាសន្តិភាពជាង ១ សែន ៨ ម៉ឺននាក់ ដកហូតអាវុធពីអតីតយុទ្ធជនជាង ១ សែននាក់ សម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនចំនួន ២ ម៉ឺន ៦ ពាន់ ៥២៣ នាក់ និងជួយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងរដ្ឋសភា តាមបែបប្រជាធិបតេយ្យចំនួន ៣ លើករួចមកហើយ»។
បេសកកម្មនេះចំណាយអស់ថវិកាចំនួន ៧ ពាន់ ៥ រយលានដុល្លារអាមេរិក ហើយកងកម្លាំងរក្សាសន្តិភាពជាង ២ រយនាក់បានស្លាប់នៅក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រទេសលីបេរីយ៉ាទទួលបានស្ថិរភាព ហើយកំពុងធ្វើដំណើរវិវឌ្ឍទៅមុខ។ លោកFindley បានបន្ថែមថា៖ «ការរក្សាសន្តិភាពគឺល្អបំផុត ប្រសិនបើវាមិនមែនជាវដ្ដមួយដែលគ្មានទីបញ្ចប់នោះ»៕
ប្រែសម្រួលដោយ ហេង រស្មី