ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Vo Van Thuong ផ្ដើម​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​ដោយ​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស


ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong មុន​នឹង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោកប្រាក់​ សុខុន នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី២១​ មីនា ឆ្នាំ២០២៣។(AP Photo/Hau Dinh)
ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong មុន​នឹង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោកប្រាក់​ សុខុន នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី២១​ មីនា ឆ្នាំ២០២៣។(AP Photo/Hau Dinh)

លោក Vo Van Thuong ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ទី ២ ខែ​មីនា​កន្លង​ទៅ​នេះ បាន​ចាប់ផ្តើម​បំពេញ​តួនាទី​របស់​លោក​ដោយ​ការ​ធ្វើ​ទស្សនកិច្ច​ការទូត​មួយ​ចំនួន​ទៅ​ក្រៅ​ប្រទេស។

តំណែង​ជា​ប្រធានាធិបតី​វៀតណាម​ជា​ទូទៅ​គ្រាន់តែ​ជា​តួនាទី​បែប​ពិធីការ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក Thuong ត្រូវ​គេ​មើល​ឃើញ​ថា​ជា​មនុស្ស​ជំនិត​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ហើយ​លោក​អាច​ស្នង​តំណែង​នេះ​បន្ទាប់ពី​លោក Trong បញ្ចប់​អាណត្តិ​របស់​លោក​ក្នុង​ឆ្នាំ ២០២៦ ខាង​មុខ។


លោក​ Thuong បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​ឡាវ​ដែល​មាន​រយៈពេល ២ ថ្ងៃ​កាលពី​ខែ​មេសា​កន្លង​ទៅ​នេះ។ ប្រទេស​ឡាវ​និង​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កុម្មុយនីស្ត​ចំនួន ៥ នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​ប្រទេស​ឡាវ លោក Thuong បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ១ លាន​ដុល្លារ​ដល់​ប្រទេស​នេះ បាន​យល់ព្រម​បង្កើន​សន្តិសុខ​និង​ការ​ការពារ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្របត្តិការ​មួយ​ចំនួន​លើ​ផ្នែក​វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ​របស់​ប្រធានាធិបតី​វៀតណាម​រូប​នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ​ដែល​បាន​ត្រៀម​ទុក។

កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​កន្លង​ទៅ​នេះ លោក Thuong បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេសដើម្បី​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ឡើង​សោយរាជ្យ​របស់​ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស។

លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ខែ​កក្កដា និង​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ហើយ​ក៏​នឹង​អាច​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Ha Hoang Hop នៅ​ទីក្រុង​ហាណូយ ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak របស់​ប្រទេស​សិង្ហបុរី។

លោក Hop បាន​និយាយ​ថា៖ «លោក Thuong មាន​ឱកាស​ធំ​ក្នុង​ការ​អាច​បាន​កាន់​តួនាទី​កំពូលៗ​ទាំង ៤ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តួនាទី​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត [វៀតណាម] ផង​ដែរ»។ លោក Hop លើកឡើង​ដូច្នេះ​ចង់​សំដៅ​លើ «សសរ​ស្តម» ទាំង ៤ របស់​ប្រទេស​វៀតណាម ដែល​នោះ​គឺ​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម តំណែង​ជា​ប្រធានាធិបតី តំណែង​ជា​នាយករដ្ឋមន្ត្រី និង​តំណែង​ជា​ប្រធាន​រដ្ឋសភា​ជាតិ។

លោកThuong ជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់​លោក Trong ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​តាំងពី​ឆ្នាំ ២០១១ មក។ ក្នុង​វ័យ​ជិត ៨០ ឆ្នាំ លោក Trong បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​លើស​អាណត្តិ​កំណត់ ដែល​ជា​ទូទៅ​ត្រូវ​កំណត់​ត្រឹម​តែ ២ អាណត្តិ​ប៉ុណ្ណោះ និង​បាន​កាន់​តំណែង​ហួស​អាយុ​កំណត់ ដែល​ត្រូវ​បាន​កំណត់​ត្រឹម ៦៥ ឆ្នាំ ដោយសារ​លោក​នៅ​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​មួយ​អាណត្តិ​ទៀត​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៦។ លោក Trong បាន​ដឹកនាំ​ការ​បង្ក្រាប​នា​ពេល​បច្ចុប្បន្ន​លើ​អំពើ​ពុករលួយ និង​បាន​លើក​កម្ពស់​ទ្រឹស្តី​កុម្មុយនីស្ត​នៅ​ពេល​លោក​ដឹកនាំ​ប្រទេស។

ដោយ​ធ្លាប់​ជា​អ្នក​ដែល​មាន​ជំនឿ​ងប់ងុល​លើ​មនោគមន៍​វិជ្ជា​របស់​បក្ស​ដែល​ស្រប​ជាមួយ​នឹង​បេសកកម្ម​របស់​លោក Trong លោក Thuong ត្រូវ​បាន​គេ​ជឿ​ថា​ជា​បេក្ខជន​ម្នាក់​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ចម្បង ៣ រូប​សម្រាប់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ក្នុង​មហា​សន្និបាត​របស់​គណបក្ស​នេះ​នៅ​ឆ្នាំ ២០២៦ ខាង​មុខ។

បើ​ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​អនាគត​របស់​លោក Thuong នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ ដោយ​មួយ​ផ្នែក​គឺ​ដោយសារតែ​លោក​ធ្លាប់​បាន​បំពេញ​អាជីព​ការងារ​ដ៏​លំបាក​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។ ទីក្រុង​នេះ​បាន​ក្លាយជា​ចំណុច​កណ្តាល​នៃ​ការ​បង្ក្រាប​អំពើ​ពុករលួយ​ខ្លាំងក្លា ហើយ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ជាមួយ​នឹង​ទីក្រុង​នេះ​អាច​ប៉ះពាល់​ដល់​ការ​ឈរ​ឈ្មោះ​របស់​លោក​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម។ រឿង​នេះ បូក​រួម​ជាមួយ​នឹង​កង្វះ​ប្រជាប្រិយភាព​របស់​លោក​ឬ​ក៏​កង្វះ​បណ្តាញ​ទំនាក់ទំនង​ធំៗ​នៅ​ខាង​ក្រៅ​ទីក្រុង​ហូជីមិញ អាច​ជា​ឧបសគ្គ​រារាំង​ដល់​ជោគ​វាសនា​នយោបាយ​របស់​លោក។

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​របស់​លោក Thuong នេះ​គឺ​ជា​ការ​ខក​ចិត្ត​មួយ។

សកម្មជន​ម្នាក់​បាន​បញ្ជាក់​ថា លោក Thuong ជា​មនុស្ស​ដែល​មិន​ស័ក្ដិសម​នឹង​កាន់​តំណែង​ជំនួស​លោក Trong នោះ​ទេ ដោយសារ​លោក​ធ្លាប់​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ដែល​ជា​ទីក្រុង​មាន​ភាព​មមាញឹក​រស់រវើក។ សកម្មជន​រូប​នេះ​បាន​បន្ថែម​ថា លោក Thuong ជា​អ្នក​គាប​សង្កត់​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​មេដឹកនាំ​នានា​ហាក់​សម្រប​ទៅ​តាម​ទ្រឹស្តី​ផ្តាច់ការ​កុម្មុយនីស្ត​ជាង​រឿង​ដែល​អាច​ប្រតិបត្តិ​ជាក់ស្តែង។

សកម្មជន​រូប​នេះ​បាន​បញ្ជាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ខ្លាច​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ខ្លួន​សម្រាប់​ការ​និយាយ​រឿង​នយោបាយ​ថា៖ «ខ្ញុំ​មិន​ជឿ​ថា លោក Thuong អាច​ធ្វើ​អ្វី​ដែល​អស្ចារ្យ​នោះ​ទេ។ គាត់​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​មិន​មាន​ឥទ្ធិពល​ដូច​លោក Nguyen Phu Trong នោះ​ឡើយ»។

សកម្មជន​រូប​នេះ​បាន​បន្ថែម​ថា៖ «ពេញ​មួយ​ជីវិត​របស់​ពួកគេ ពួកគេ​ឃោសនា​តែ​គោលការណ៍​កុម្មុយនីស្ដ​និង​សង្គម​និយម បង្រៀន​ក្រម​សីលធម៌​បដិវត្តន៍ ហើយ​មិន​ដឹង​អ្វី​ជា​មូលដ្ឋាន​ដែល​អ្នក​នយោបាយ​ត្រូវ​ដឹង​នោះ​ឡើយ ដូចជា​បញ្ហា​ម៉ាក្រូ​សេដ្ឋកិច្ច [ឬ​ក៏] ច្បាប់​ជាដើម។ នេះ​ជា​រឿង​ដ៏​អាក្រក់​មួយ ហើយ​ជា​រឿង​ដែល​គួ​ឱ្យ​អាម៉ាស់​សម្រាប់​ប្រជាជន​វៀតណាម»។

ឫសគល់​នៃ​ការ​ប្រឆាំង​អំពើ​ពុករលួយ

ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​របស់​លោក Thuong គឺ​ជា​លទ្ធផល​នៃ​យុទ្ធនាការ​បង្រ្កាប​អំពើ​ពុករលួយ «ដ៏​ក្តៅ​គគុក» ដែល​កំពុង​បន្ត​ធ្វើ ដែល​ឈាន​ទៅ​ដល់​ការ​ចាកចេញ​ពី​តំណែង​របស់​អតីត​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc ដែល​កាន់​តំណែង​មុន​លោក Thuong។


លោក Phuc ត្រូវ​បាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​កាលពី​ខែ​មករា​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​នេះ​ដែល​ធ្លាប់តែ​មាន​លំនឹង​ល្អ។ លោក Phuc ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ថា​បាន «រំលោភ​បំពាន​និង​ប្រព្រឹត្តិ​ខុស» ជុំវិញ​ការ​ពាក់ព័ន្ធ​របស់​គ្រួសារ​លោក​ជាមួយ​ការ​ដំឡើង​ថ្លៃ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Viet A របស់​វៀតណាម ដែល​បណ្ដាល​ឱ្យ​មាន​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​មូលនិធិ​របស់​រដ្ឋ​ចំនួន​រាប់​លាន​ដុល្លារ។

ស្ថិត​ក្នុង​វ័យ ៥២ ឆ្នាំ លោក Thuong គឺ​ជា​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បំផុត​កាន់​តំណែង​ក្នុង​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខ្ពស់​បំផុត​របស់​ប្រទេស​វៀតណាម។

លោក Nguyen Khac Giang អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak បាន​កត់​សម្គាល់​ថា អាជីព​របស់​លោក Thuong គឺ​ធ្វើ​ជា «មនុស្ស​របស់​បក្ស»។

លោក Thuong ធ្លាប់​បាន​សិក្សា​ពី​ទ្រឹស្តី​ម៉ាក្ស​លេនីន​នៅ​មហាវិទ្យាល័យ និង​ក្រោយ​មក​បាន​ក្លាយជា​ប្រធាន​នាយកដ្ឋាន​ឃោសនាការ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម លេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ប្រចាំ​ទីក្រុង​ហូជីមិញ និង​ជា​លេខាធិការ​គណៈកម្មាធិការ​បក្ស​ខេត្ត Quang Nga នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម។

បើ​ទោះបីជា​លោក Thuong ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​បី​នាក់​ដែល​អាច​ឈាន​ទៅ​ដល់​ការ​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ក៏ដោយ ក៏​កន្លង​មក​លោក​ធ្លាប់​មាន​អាជីព​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ។ ដោយ​មិន​មាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ វា​គឺ​ពិបាក​សម្រាប់​លោក Thuong ក្នុង​ការ​ឈាន​ទៅ​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​ផ្អែក​លើ​គុណសម្បត្តិ ហើយ​លោក​ខ្វះ​បុគ្គលិក​លក្ខណៈ​និង​បណ្ដាញ​ដ៏​ខ្លាំងក្លា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Giang។

បន្ថែម​ពី​លើ​នេះ​ទៀត លោក Giang បាន​អះអាង​ថា ប្រវត្តិ​របស់​លោក Thuong នៅ​ក្នុង​ទីក្រុង​ហូជីមិញ​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ដោយ​កិច្ចការ​របស់​លោក​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​កិច្ចការ​របស់​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​លោក Le Thanh Hai ដែល​ដឹកនាំ​ទីក្រុង​នេះ​ដូច​អ្វី​ដែល​គេ​បាន​ពណ៌នា​ថា​បែប «សក្តិភូមិ»។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Hai ថ្នាក់​ដឹកនាំ​កំពូល​របស់​ទីក្រុង​នេះ​មាន​ទស្សនៈ​ប្រហាក់ ប្រហែល​ទៅ​នឹង​ទស្សនៈ​របស់​លោក Hai និង​សម្ព័ន្ធ​មិត្ត​ដែរ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លួន​មាន​បាន​តាម​រយៈ​មុខ​ជំនួញ​អចលនទ្រព្យ។ ប៉ុន្តែ នៅ​ពេល​ដែល​កិច្ច​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក Trong កើន​សន្ទុះ​ខ្លាំង លោក Hai ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​និវត្តន៍។

លោក Giang បញ្ជាក់​ដូច្នេះ​ថា៖ «ឧបសគ្គ​ចម្បង​ដែល​អាច​រារាំង​លោក Thuong មិន​ឱ្យ​ក្លាយជា​ប្រធាន​បក្ស​កុម្មុយនីស្ត​វៀតណាម​គឺ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ជាមួយ​នឹង​ក្រុម​បង​ធំ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។ ការ​ពាក់ព័ន្ធ​ភាគ​ច្រើន​បំផុត​របស់​លោក Thuong គឺ​រឿង​ទីក្រុង​ហូជីមិញ ដែល​នៅ​ទី​នោះ​មាន​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លាំងក្លា។ ...វា​ហាក់​ដូចជា​លោក​នឹង​មិន​ទំនង​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ដទៃ​ទៀត​ក្នុង​ជួរ​គណបក្ស​នោះ​ឡើយ»។

ស្រប​ពេល​ដែល​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​អំពី​អនាគត​នយោបាយ​របស់​លោក Thuong គេ​ឃើញ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សាធារណជន។

សកម្មជន​ទីក្រុង​ហូជីមិញ​មួយ​រូប​បាន​និយាយ​ថា លោក Thuong បាន​សន្យា​ខ្យល់​ជា​ច្រើន​អំពី​ការ​បើក​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​ជា​ចំហ នៅ​ពេល​លោក​បម្រើការ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​ដាក់​ពិន័យ​លើ​ក្រុម​អ្នក​រិះគន់​លើ​របប​ដឹកនាំ​របស់​វៀតណាម។

សកម្មជន​ទីក្រុង​ហូជីមិញ​រូប​នេះ​បាន​បន្ថែម​ថា៖ «លោក Thuong ធ្លាប់​បាន​និយាយ​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម​មិន​ខ្លាច​ពី​ការ​បើក​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​នោះ​ឡើយ ដោយសារតែ​តាម​រយៈ​ការ​ពិភាក្សា​គ្នា​នោះ​ហើយ​ដែល​យើង​អាច​រក​ឃើញ​ការ​ពិត​បាន។ ប៉ុន្តែ ការ​សន្យា​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​នេះ​មិន​ដែល​កើតឡើង​នោះ​ឡើយ ហើយ​អ្នក​ប្រឆាំង​ទំាំង​អស់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។ ខ្ញុំ​មិន​ដែល​មាន​ជំនឿ​ទៅ​លើ​ក្រុម​មន្ត្រី​កុម្មុយនីស្ត​ដូច​លោក Thuong ឬ​លោក Trong នោះ​ឡើយ។ ពួកគេ​មិន​ដឹង​អ្វី​ទាំង​អស់​ក្រៅតែ​ពី​រឿង​លទ្ធិ​កុម្មុយនីស្ត​មួយ​មុខ​នោះ»។

យុវតី​ជា​ពលរដ្ឋ​វៀតណាម​មាន​ដើម​កំណើត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ម្នាក់ ដែល​មាន​វ័យ​ខ្ទង់​ជាង ២០ ឆ្នាំ បាន​និយាយ​ថា នាង​ឃើញ​មាន​ចំណុច​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​ក្រោយ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ ដោយសារតែ​នាង​មិន​ឃើញ​មាន​ឱកាស​ណា​មួយ​ដែល​នាង​អាច​បញ្ចេញ​សំឡេង​របស់​នាង​បាន​ឡើយ។

នាង​បាន​បន្ថែម​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​មិន​ខ្វល់​អំពី​រឿង​នយោបាយ។ សម្រាប់​ផ្នែក​ភាគ​ច្រើន យើង​មិន​មែន​ជា​ផ្នែក​មួយ​នៃ​នយោបាយ​នោះ​ឡើយ។ វា​ជា​ប្រព័ន្ធ​មិន​ប្រែប្រួល។ ពួកគេ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​តែ​ប៉ុណ្ណោះ»។

ដោយ​ឡែក​យុវជន​វៀតណាម​ម្នាក់​ដែល​មាន​អាយុ ២៦ ឆ្នាំ ហើយ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ផង​ដែរ​នោះ មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​យុវតី​ខាង​លើ។

យុវជន​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿ​ថា លោក Vo Van Thuong ជា​មនុស្ស​ល្អ​ហើយ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវ ជា​ពិសេស​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាជន​វៀតណាម​ទាំង​មូល»។

យុវជន​រូប​នេះ​បាន​បន្ថែម​ថា៖ «វា​ច្បាស់​ណាស់​ថា លោក Thuong គឺ​ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ»៕


ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG