ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​​​ពិន័យ​ក្រុមហ៊ុន ​Meta​ ៨៤០​លាន​ដុល្លារ​ពី​បទ​រំលោភ​បំពាន​ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​ទំព័រ​ទិញលក់ Marketplace ​របស់​ Facebook


រូបឯកសារ - រូបសញ្ញារបស់ Meta ត្រូវបានគេមើលឃើញនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនៅទីក្រុង Menlo Park រដ្ឋ California ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ - រូបសញ្ញារបស់ Meta ត្រូវបានគេមើលឃើញនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនៅទីក្រុង Menlo Park រដ្ឋ California ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

គណៈកម្មការ​អឺរ៉ុប​បាន​ពិន័យ​ក្រុមហ៊ុន Meta កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ទឹក​ប្រាក់​ជាង​៨៤០​លាន​ដុល្លារ ពី​បទ​អនុវត្ត​ដោយ​បំពាន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទំព័រ​ទិញលក់ Marketplace​ របស់ Facebook។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដោយ​ផ្អែក​តាម​សេចក្ដី​ថ្លែងការណ៍​មួយ។​

គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា«‍គណៈកម្មការ​អឺរ៉ុប បាន​ពិន័យ​ក្រុមហ៊ុន​ Meta ពី​បទ​បំពាន​លើ​វិធាន​ស្តីពី​ការ​រំលោភ​សេចក្ដី​ទុក​ចិត្ត​របស់​សហភាព​អឺរ៉ុប ដោយ​ការ​ភ្ជាប់​កម្មវិធី​ផ្ដល់សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​តាម​អនឡាញ​របស់​ហ្វេសប៊ុក​ឈ្មោះ Marketplace ​ទៅ​នឹង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​ហ្វេសប៊ុក និង​ការ​ដាក់​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ដែល​មិន​យុត្តិធម៌​លើ​កម្មវិធីផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្មតាម​អនឡាញ​ផ្សេង​ទៀត»។

ក្រុមហ៊ុន Meta ថា​ខ្លួន​នឹង​ប្តឹង​ទាស់​ចំពោះ​ការ​សម្រេច​នេះ ប៉ុន្តែ​ទន្ទឹងពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុនMeta នឹង​អនុវត្ត​តាម​ ហើយ​ធ្វើ​ការ​យ៉ាង​រហ័ស​ក្នុង​ន័យ​ស្ថាបនា ដើម្បី​បង្កើត​ដំណោះស្រាយ​មួយ​ដែល​ឆ្លើយតប​ទៅ​នឹង​ចំណុច​នានា​ដែល​បាន​លើកឡើង។

វិធានការ​របស់​គណៈកម្មការ​អឺរ៉ុប​នេះ កើត​ឡើង​ ពីរ​ឆ្នាំ​ក្រោយ​ពី​គណៈកម្មការ​នេះ​ចោទ​ប្រកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក​ថា​បាន​កេង​ចំណេញ​ដោយ​អ​យុត្តិធម៌​លើ​កម្មវិធី​ផ្តល់​សេវា​ផ្សាយ​ពាណិជ្ជកម្ម​តាម​អនឡាញ Marketplace​ របស់​ហ្វេសប៊ុក ដោយ​ការ​រួម​សេវាកម្ម​ទាំង​ពីរ​បញ្ចូល​គ្នា។​

សហភាព​អឺរ៉ុប​បាន​បើក​ដំណើរការស៊ើបអង្កេត​ផ្លូវ​ការ​ទៅ​លើ​ការ​ប្រព្រឹត្តរបស់​ហ្វេសប៊ុក​ដែល​អាច​រំលោភ​លក្ខខណ្ឌ​ប្រកួតប្រជែង​នៅ​ខែ​មិថុនា​ឆ្នាំ ២០២១ និង​ហើយ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០២២ គណៈកម្មការ​នេះ​បាន​លើកឡើង​ពី​កង្វល់​ថា​ក្រុមហ៊ុន Meta ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​លេចធ្លោ​របស់​ខ្លួន​ជាមួយ​សេវា​ផ្សាយ​ពាណិជ្ជកម្ម​តាម​អនឡាញ​របស់​ខ្លួន។

ហ្វេសប៊ុក បើក​ដំណើរការ​ទំព័រ​ទិញលក់ Marketplace​នៅ​ឆ្នាំ​២០១៦ ហើយ១​ឆ្នាំ​ក្រោយ​មក​ បាន​ពង្រីក​សេវាកម្ម​នេះ​ចូល​ទៅ​ក្នុង​ប្រទេស​អឺរ៉ុប​ជាច្រើន។​

ការ​សម្រេច​របស់​សហភាព​អឺរ៉ុបអះអាង​ថា​ក្រុមហ៊ុន Meta បាន​ដាក់ទំព័រ​ទិញលក់ Marketplace ឱ្យអ្នក​ប្រើ​ហ្វេសប៊ុក ប្រើ​ប្រាស់​ជា​ការ​«‍ភ្ជាប់»ដែល​ខុស​ច្បាប់ តែ​ក្រុមហ៊ុន Meta​ ថា​អំណះអំណាង​នេះ មិន​បាន​មើល​ការ​ពិត​ដែល​ថា​អ្នក​ប្រើ​ហ្វេសប៊ុក អាច​ជ្រើសរើស​បាន​ថា​តើ​ពួកគេ​ចង់​ប្រើ Marketplace ឬ​អត់ ហើយ​ថា​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន មិន​បាន​ប្រើ​កម្មវិធី​នេះ​ទេ។​

ក្រុមហ៊ុន Meta ថា​គណៈកម្មការ​អឺរ៉ុប អះអាង​ថា​ទំព័រ​ទិញលក់ Marketplace អាច​ធ្វើ​ឱ្យរាំង​ស្ទះ​កំណើន​ទីផ្សារ​តាម​អនឡាញ​ដែល​មាន​ស្រាប់​ជាច្រើន​ក្នុង​សហភាព​អឺរ៉ុប តែ​មិន​អាច​រក​ភ័ស្តុតាង​អំពី​ផល​ប៉ះពាល់​ទៅ​លើ​គូ​ប្រកួតប្រជែង​បាន។

ក្រុមហ៊ុន​ប្រឈម​ពិន័យ​រហូត​ដល់​១០​ភាគរយ​នៃ​ប្រាក់​ចំណេញ​ទូទាំង​សកលលោក​របស់​ខ្លួន ចំពោះ​ការ​រំលោភ​បំពាន​លើ​សេចក្តី​ទុកចិត្តក្នុង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG