ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​បញ្ចេញ​មតិ​ចម្រុះ​លើ​មេរៀន​ដែល​កម្ពុជា​អាច​រៀន​ពី​វៀត​ណាម​ក្នុង​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច


រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken ជួប​រដ្ឋលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong ក្នុង​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​កាលពី​ថ្ងៃទី​១៥ មេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken ជួប​រដ្ឋលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong ក្នុង​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​កាលពី​ថ្ងៃទី​១៥ មេសា ឆ្នាំ២០២៣។

អ្នក​វិភាគ និង​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មាន​មតិ​ចម្រុះ​ទៅ​លើ​យុទ្ធ​សាស្ត្រ​ការ​ទូត​ដែល​កម្ពុជា​អាច​រៀន​សូត្រ​បាន​ពី​ប្រទេស​វៀត​ណាម​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុ​ល្យ​ភាព​នៃ​ចំណង​ការ​ទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច ដូច​ជា​ចិន​និង​សហ​រដ្ឋ​អា​មេរិក។

អ្នក​វិភាគ​ខ្លះ​ថា​វៀត​ណាម​អាច​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ពួក​មហា​អំណាច ដោយ​សារ​យុទ្ធ​សាស្ត្រ​ការ​ទូត​របស់​វៀត​ណាម​មា​ន​ភាព​ស្រទន់។ ចំណែក​ខ្លះ​ទៀត​យល់​ថាវៀត​ណាម​ស្ថិតនៅ​ក្នុង​ទី​តាំង​ភូមិ​សា​ស្ត្រា​ល្អ​ជាង​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken កាល​ពីថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣ បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​វៀត​ណាម ព្រមទាំងបាន​សម្លឹង​ទៅ​រក​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​គូ​សត្រូវ​ចាស់​របស់​ខ្លួន។

បន្ថែម​ពី​នេះ កាល​ពី​ថ្មី​ៗនេះ ប្រធាន​គណបក្ស​កុម្មុយ​នីស្ត​វៀតណាម​ លោក Nguyen Phu Trong គឺជា​មនុស្ស​ដំបូង​គេ ដែល​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន ក្រោយ​លោក​ប្រធានា​ធិ​បតី Xi Jingping ជាប់​ឆ្នោត​ជា​ប្រធាន​បក្ស​កុម្មុយ​នីស្ត​ចិន​ជាថ្មី។

ការណ៍​នេះ​នាំឱ្យអ្នក​តាមដាន​នយោបាយ​អន្តរ​ជាតិ​មើល​ឃើញ​ថា​វៀត​ណាម​កំពុង​តែ​ដើរ​នៅលើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​នៅ​ក្នុងការ​រក្សា​តុល្យ​ភាព​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ចិន និង​អាមេរិក។ នេះ​ចោទ​ជា​សំណួរ​ថា​តើ​កម្ពុជា​អាច​រៀន​សូត្រ​អ្វី​បាន​ខ្លះ​ពី​វៀត​ណាម​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ពួក​មហា​អំណាច?

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)
លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)


សា​ស្ត្រា​ចារ្យវិទ្យា​សាស្ត្រ​នយោ​បាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​មាន​យុទ្ធ​សាស្ត្រការ​ទូត​ទន់ភ្លន់ជា​មួយ​ប្រទេស​មហា​អំណាច​ជាង​កម្ពុជា ខណៈ​ថា​វៀត​ណាម​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អា​មេរិក ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​សន្តិសុខ ខណៈ​ខ្លួន​កំពុង​មាន​ជម្លោះ​ដែន​សមុទ្រចិន​ខាង​ត្បូង​ជា​មួយ​ប្រទេស​ចិន ហើយវៀតណាម​ក៏​ចង់​បាន​ប្រយោ​ជន៍​សេដ្ឋកិច្ច​ផង​ដែរ។

បើ​តាម​សាស្ត្រាចារ្យរូប​នេះ វៀតណាម​ហាក់​រៀង​ស្និទ្ធស្នាល​ជាមួយ​ចិន បើ​ទោះ​មាន​ជម្លោះ​ដែន​ទឹក ដោយ​សារតែ​វៀត​ណាម​អាច​ទាញ​បាន​ប្រយោជន៍​សេដ្ឋកិច្ចច្រើន​ពី​ចិន។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា​កម្ពុជា​មិន​អាច​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើយ ពី​ព្រោះ​ថា​កម្ពុជា​មិន​អនុវត្ត​បាន​ពេញ​លេញ​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុងរដ្ឋធម្មនុញ្ញ​របស់​ខ្លួន ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជាដើម។

លោក​បញ្ជាក់​ថា៖ «នេះ​ជា​កត្តា​ដែល​អ្នក​កាន់​អំណាច ឬ​ក៏​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​នេះ​មិន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ទេ។ អាហ្នឹង​គឺជា​បញ្ហា​ដែល​ថា​មិន​ជា​បញ្ហា​សំខាន់​ដែល​ឆ្លើយតប​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង​ទេ។ នេះ​យើង​គិត​ទៅ​ផល​ប្រយោ​ជន៍​របស់ក្រុម​បក្សអ្នក​កាន់​អំណាច​ជាងផលប្រយោ​ជន៍ជាតិ»។

នៅ​ពេល​សួរ​ថា​តើ​កម្ពុជា​គួរ​ធ្វើ​ដូច​ម្តេច ទើប​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហា​អំណាច​ទាំង​នោះ ដូច​វៀតណាម លោក ឯម សុវណ្ណារ៉ា យល់ថា​ការ​ប្រកាន់​ខ្ជាប់​ទៅ​តាម​រដ្ឋធម្មនុញ្ញ បូក​នឹង​ឆន្ទៈ​របស់​អ្នក​នយោបាយ​ គឺ​ជាវិធី​ឆ្ពោះ​ទៅ​មុខ។

លោក​ថ្លែង​ថា៖ «បើសិន​ជាកម្ពុជា​អាច​ធ្វើ​ទៅ​តាម​គោល​នយោបាយ​ឬក៏​រដ្ឋធម្មនុញ​របស់​កម្ពុជា និង​សន្ធិសញ្ញា​ដែល​កម្ពុជា​បាន​ឱ្យ​សច្ចាប័ន​ហ្នឹង​ ហើយ​នឹង​តម្ក​ល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ខ្ញុំគិត​ថា​បញ្ហា​ទាំង​អស់​ហ្នឹង យើង​អាច​ដោះ​ស្រាយ​បាន។ យើង​អាច​កសាង​ទំនាក់​ទំនង​ល្អជាមួយ​មហា​អំណាច​នានា​លើ​សកល​លោក​ហៅ​ថា​ពហុប៉ូល មិន​ឯក​ប៉ូល​ទៅ​លោក​ខាង​កើត ឬក៏​លោក​ខាង​លិច​ទេ»។

លោក​បន្ថែម​ថា៖«យើង​អាច​ទៅ​គ្រប់​ប៉ូល​ទាំង​អស់ ប៉ូល​ខាង​កើត ប៉ូល​ខាង​លិច ប៉ូលអឺរ៉ុប ប៉ូល​រុស្ស៊ី។ អា​នេះ​ជា​បញ្ហា​ដែល​អ្នក​នយោ​បាយ​ត្រូ​វមាន​ភាព​ទន់​ភ្លន់ ហើយ​និងចេះ​សម្រប​តាម​សភាព​ការណ៍​សាកល​លោក ដោយ​តម្កល់​ផល​ប្រយោ​ជន៍​ជាតិ​ជាធំ»។

​លោក រ៉ឹម សុខវី អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិ​ភាព ប្រាប់​វីអូអេ​ថា​វៀត​ណាម​ស្ថិត​នៅ​តំបន់ភូមិ​សាស្ត្រ​ល្អ​ជាង​កម្ពុជា ជាពិសេស​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន ហេតុ​នេះ​ប្រទេស​មួយ​នេះ​មាន​សារៈ​ប្រយោជន៍​ច្រើន​សម្រាប់​អាមេរិក ក៏​ដូចជា​ចិន​ផង​ដែរ។

អ្នកស្រាវជ្រាវ​រូប​នេះ​បន្ត​ថា​ អាមេរិក​តែង​តែ​មើល​រំលង​កម្ពុជា ដោយសារ​កម្ពុជា​មិន​សូវ​មាន​ប្រយោជន៍​សំខាន់​សម្រាប់​ប្រទេស​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «ខ្ញុំគិតថា​អាហ្នឹង​វាពាក់ព័ន្ធ​ជាមួយ​ភូមិសាស្ត្រច្រើន​ជាង​ ដែល​ថា​កម្ពុជា គឺវា​អត់​សូវ​មាន​សារៈ​សំខាន់​ចំពោះ​សហ​រដ្ឋ​អាមេរិក។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​តែង​តែ​មើល​រំលង​កម្ពុជា​រហូត​មក»។

លោក អ៊ា សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ​ Occidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)
លោក អ៊ា សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ​ Occidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)

លោក​បណ្ឌិត អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​នៃ​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​នៃ​សាកល​វិទ្យា​ល័យ ​Arizona State University ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា ​អាមេរិក និង​ចិន​ មិន​មាន​ព្រំ​ដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ឡើយ ខណៈ​ចិន​និងវៀត​ណាម​មាន​ព្រំ​ដែន​ជាប់​គ្នា ដែល​នេះ​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​វៀតណាម។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​កម្ពុជា​មិន​អាចមាន​ទំនាក់​ល្អ​ជាមួយ​អាមេរិក​ ដូច​វៀត​ណាម​មាន​ជាមួយ​អាមេរិក លោក អ៊ា សុផល កត់​សម្គាល់​ថា​ កម្ពុជា​តែង​តែសម្លឹង​មើល​ទៅ​លើ​ទឹក​លុយ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​រវាង​ចិន​និង​អាមេរិក និង​ថា​នៅ​ពេល​និយាយ​រឿង​លុយ​សម្រាប់​ហោ​ប៉ៅ​របស់​មន្ត្រី​មាន​ឥទ្ធិពល និង​ឱកញ៉ា​ខ្មែរ ចិន​តែង​តែ​នៅ​ជាមួយ​កម្ពុជា មិន​មែន​អាមេរិក​ឡើយ។

អ្នក​តាម​ដាន​ន​យោ​បា​យ​កម្ពុជា​រូបនេះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «មិន​មាន​នរណាស្នើ​កម្ពុជា​ឱ្យ​ឱប​ក្រសោប​សហរ​ដ្ឋ​អាមេរិក​ដូច​នៅ​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​នោះ​ទេ [ដែល​ដឹកនាំ​ដោយ​ លន់ នល់ និង​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក]។ អ្វី​ដែល​ត្រូ​វធ្វើ​នោះ​គឺ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង។ កម្ពុជា​ធ្លាក់​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​លុយ​របស់ចិន ហើយ​វៀត​ណាម​ដឹង​ច្បាស់​ណាស់​ថា​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។ នេះ​គឺជា​មេរៀន​ដ៏​សំខាន់​៖ សត្រូវ​អាច​ក្លាយ​ជាមិត្ត»។

​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបា​ល​កម្ពុជា​ លោក ផៃ ស៊ីផាន ប្រាវីអូអេ​ថា ​កម្ពុជា​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ​ឡើយ​ ខណៈ​ថា​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​បាន​ដើរ​ដល់​កម្រិត​កំពូល​ដូច​ទំនាក់​ទំនង​កម្ពុជា​ចិន​ដែរ។

លោក​បញ្ជាក់ថា​៖ «ចំណុចនេះ​គឺ​កម្ពុជា​ដើរ​តួ​គោរព​នូវ​គោលនយោបាយ​មួយ​យ៉ាង​សារៈ​សំខាន់​គឺ​ពហុប៉ូល​ ប៉ូលរបស់​សហរដ្ឋអាមេរិក ក៏ដូច​ជាប៉ូល​របស់​ចិន គឺ​ជា​ពហុប៉ូល​ កម្ពុជា​មិន​ដែ​ល​ឱ្យ​តម្លៃ​ទៅ​តែ​ប៉ូល​តែ​មួយ​នោះទេ គឺមិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ។ អាហ្នឹង​ជា​គោល​នយោ​បាយ​បរ​ទេស​របស់​កម្ពុជា»។

លោក លឹម ឆាយ អ្នក​ស្រាវ​ជ្រាវ​របស់មជ្ឈម​ណ្ឌល​សិ​ក្សា​អា​ស៊ី​អា​គ្នេយ៍​នៃ​សាក​លវិទ្យា​ល័​យភូមិ​ន្ទ​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ មិន​មានប្រ​ទេស​ណា​មួយ​នៅ​ក្នុងតំបន់​អាស៊ី អាគ្នេយ៍​ចង់​ជ្រើស​មហាអំណាច​ណាមួយ​ឡើយ​ បើ​ទោះ​ពេល​ខ្លះ​ស្ថានភាព​បង្ខំ​ក៏​ដោយ​ និង​ថា​ការធ្វើ​ឱ្យមាន​តុល្យភាព គឺ​ជា​យុទ្ធ​សាស្ត្រ​ការ​ទូត​ដ៏​ពិ​បាក នាពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​ការកើន​ឡើង​កម្តៅ​នៃ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច។

​បើ​តាម​អ្នកស្រាវជ្រាវរូបនេះ ប្រទេស​ផ្សេង​គ្នា​មាន​ផល​ប្រយោជន៍​ផ្សេង​គ្នា ហើយ​បែប​បទ​នៃ​គោល​នយោបាយ ក៏​មាន​ផ្សេងគ្នា​ផង​ដែរ។ លោក​បន្តថា​ កម្ពុជា និង​វៀតណាម​មាន​របៀប​វារៈ​គោល​នយោបាយ​ផ្សេងគ្នា​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​មហា​អំណាច​ទាំង​នោះ ដោយ​ស្រប​ទៅ​តាម​បរិបទ​របស់​ខ្លួន។

លោក​ប្រាប់​វីអូអេ​ជា​សារ​តាម​តេឡេក្រាម​ក្នុង​ន័យ​ដើម​ថា៖ «ដើម្បី​ធ្វើ​ឱ្យ​បង្កើន​ភាព ស្និទ្ធ​ស្នាល​នៃ​ទំនាក់​ទំនង​ជា​មួយ​មហា​អំណាច​ទាំង​ពីរ យើង​ត្រូវ​តែ​បន្ត​អនុវត្ត​ការ​ទូត​តុល្យ​ភាព រក្សា​ការ​ប្រា​ស្រ័យ​ជា​មួយ​គ្រប់​មហា​អំណាច​ ហើយ​ទ្វារ​សម្រាប់​កិច្ច​សន្ទនា ត្រូវ​តែ​បើក​ចំហរ ដើម្បី​បង្កើន​ការ​យល់​ពីគ្នា​ទៅ​វិញ​ទៅ​មក»៕

XS
SM
MD
LG