ភាគីកម្ពុជានិងវៀតណាមបានបន្តប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈមានដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាជាញឹកញាប់ទៅកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជា ភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តជួយមើលប្រជាជនវៀតណាមរស់ក្នុងប្រទេសកម្ពុជា និងអ្នកដែលត្រូវបានឧក្រិដ្ឋជនជួញដូរកម្លាំងពលកម្ម ដើម្បីបោកប្រាស់តាមបច្ចេកវិទ្យាឬហៅថា Scam។
ជាបន្តបន្ទាប់ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា រួមមានលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានធ្វើទស្សនកិច្ចទៅប្រទេសវៀតណាម។ ភាគីទាំងពីរបានចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាលំដាប់។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ការធ្វើទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្ហាញឱ្យឃើញពី«ស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿជាក់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង»។ សេចក្តីប្រកាសព័ត៌មានដដែលលើកឡើងថាភាគីទាំងពីរបានជំរុញសហប្រតិបត្តិការទៅលើវិស័យជាច្រើន ដូចជាការវិនិយោគ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស វិស័យកសិកម្ម វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងវិស័យការពារជាតិផងដែរ។ល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម តាមរយៈការអនុវត្តពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រាប់ឆ្នាំ២០២០-២០២៤ ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងអាហារូបករណ៍ប្រចាំឆ្នាំ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់១០,៥៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដែលកើនឡើង១០,៨៨% បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ប្រាក់ សុខុន ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Phạm Minh Chính ដោយនាយករដ្ឋមន្ត្រីរូបនោះបានស្នើឱ្យកម្ពុជាបង្កលក្ខខណ្ឌងាយស្រួលដល់ជនអន្តោប្រវេសន៍វៀតណាមដែលធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថាដំណើរទស្សនកិច្ចជាញឹកញាប់នេះ ដោយសារតែកម្ពុជាមានកិច្ចព្រមព្រៀងជាមួយវៀតណាម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមក។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលមិនឃើញមានបញ្ហាអី មានតែចំណុចវិជ្ជមានឆ្ពោះទៅរកការរីកចម្រើនទាំងអស់គ្នា មានទៅវិញទៅមក ហើយផលចំណេញ គឺថាផលចំណេញដល់មន្ត្រីយើងដើម្បីរៀនសូត្រពីរបៀបរបបការងារ រចនាសម្ព័ន្ធត្រូវធ្វើអីៗ អាហ្នឹងសុទ្ធតែចូលក្នុងកិច្ចសហប្រតិបត្តិការហ្នឹងហើយ»។
នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា នាសប្តាហ៍នេះ លោក Bùi Thanh Sơn រដ្ឋមន្ត្រីការបរទេសវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តសហការនៅក្នុងការដោះស្រាយបញ្ហាប្រជាជនវៀតណាមដែលចាញ់បោកគេ ហើយត្រូវបានបង្ខំឱ្យធ្វើការខុសច្បាប់នៅក្នុងកន្លែងកម្សាន្តនៅប្រទេសកម្ពុជា។ នេះបើយោងតាម Việt Nam News ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានឆ្លើយតបថាកម្ពុជាចាត់ទុកប្រជាជនវៀតណាមស្មើគ្នាដែលនៅក្នុងប្រទេសកម្ពុជាស្មើភាពគ្នាដូចទៅនឹងប្រជាជនប្រទេសដទៃទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជានិងវៀតណាមប្តេជ្ញាបង្កើនកិច្ចសហការដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ការងារ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍស្មុគស្មាញនៃបទល្មើស ហើយរួមទាំងជំរុញបើកដំណើរការច្រកព្រំដែនអន្តរជាតិឡើងវិញ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសីមាវិញ ការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាមនៅសល់១៦% ដែលមិនទាន់សម្រេចបាន ខណៈភាគីទាំងពីរប្តេជ្ញាសម្រេចឱ្យបានតាមដែលអាចធ្វើទៅបាន។
អ្នកវិភាគនិងអ្នកតាមដានបញ្ហាសង្គមធ្លាប់លើកឡើងថាទំនាក់ទំនងកម្ពុជានិងវៀតណាមបានឈានដល់ដំណាក់កាលល្អប្រសើរ ខណៈព្រមានពីទំនាក់ទំនងស្អិតរមួតរវាងកម្ពុជានិងប្រទេសចិនអាចត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសចិន ដែលអាចជាការគំរាមកំហែងដល់សន្តិសុខនៃប្រទេសវៀតណាម។
ប្រទេសចិននិងវៀតណាមកំពុងមានជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែទាំងស្រុងពីប្រទេសដែលមានជម្លោះជាមួយ ក្នុងនោះក៏មានប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដូចជា ហ្វីលីពីន និងព្រុយណេផងដែរ៕