ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​វៀតណាម​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក Blinken នៅ​វៀតណាម


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង​) និង​រដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Bui Thanh Son ជួប​នៅ​សណ្ឋាគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ​។ (AP Photo/Andrew Harnik, Pool)
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង​) និង​រដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Bui Thanh Son ជួប​នៅ​សណ្ឋាគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ​។ (AP Photo/Andrew Harnik, Pool)

៥០ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ចាកចេញ​ពី​វៀតណាម​ខាងត្បូង រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​សៅរ៍​បាន​សម្លឹង​ទៅ​រក​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​គូ​សត្រូវ​ចាស់​របស់​អាមេរិក​នេះ​នៅ​រដ្ឋធានី​ហាណូយ ស្រប​ពេល​ដែល​អាមេរិក​ស្វះស្វែង​ទប់ទល់​នឹង​ភាព​ក្អេងក្អាង​របស់​ចិន​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Blinken និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh បាន​ប្តេជ្ញា​បង្កើន​ទំនាក់​ទំនង​ឱ្យ​ដល់​កម្រិត​ថ្មី​មួយ នៅ​ពេល​លោក​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ត្រឹម​ពីរ​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​ខួប ៥០ ឆ្នាំ​នៃ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​វៀតណាម​ខាង​ត្បូង ដែល​ការ​ដក​កងទ័ព​នេះ​បាន​កំណត់​អំពី​ការ​បញ្ចប់​ការ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​របស់​យោធា​អាមេរិក​នៅ​វៀតណាម។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​លោក Blinken បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ថានទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​ប្រទេស​វៀតណាម ដែល​ត្រូវ​ចំណាយ​ថវិកា ១,២ ពាន់​លាន​ដុល្លារ និង​ជាគម្រោង​មួយ​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden សង្ឃឹម​ថា​នឹង​បង្ហាញ​អំពី​ការ​តាំងចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ពេល​ជិត ៣០ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩៥។

បើ​ទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​វៀតណាម​ក៏ដោយ ក៏​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មើល​ឃើញ​វៀតណាម​ថា​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​បាន​ស្វះស្វែង​ទាញ​ប្រយោជន៍​ពី​ជម្លោះ​រវាង​វៀតណាម​នឹង​ចិន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់។

លោក Blinken បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​លោក Chinh រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​លោក Bui Thanh Son និង​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong មក​ថា៖ «យើង​គិតថា​នេះ​ជា​វេលា​ដ៏​មហោឡារិក​ដើម្បី​លើក​កម្ពស់​ភាព​ជា​ដៃគូ​ដែល​មាន​ស្រាប់​របស់​យើង»។

លោក Chinh បាន​ថ្លែង​ថា៖ «នេះ​ជា​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​បំផុត​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​តទៅ​មុខ​ទៀត​យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ។ យើង​សម្ដែង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​តួនាទី​និង​ការ​ទទួល​ខុសត្រូវ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឬ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

លោក Chinh បាន​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម​ចង់ «លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​នេះ​ឱ្យ​ដល់​កម្រិត​ថ្មី​មួយ​ទៀត»។

រួម​ជាមួយ​នឹង​ប្រទេស​ជិតខាង​ដែល​តូច​ជាង​ចិន​មួយ​ចំនួន​ទៀត វៀតណាម​មាន​ជម្លោះ​ដែនទឹក​និង​ដែនដី​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ អាមេរិក​បាន​ឆ្លើយតប​ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ការទូត​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​នឹង​ហ្វីលីពីន​និង​កោះ​តៃវ៉ាន់។

លោក Blinken បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​បញ្ចប់​ការ​ផ្ទេរ​នាវា​ទី ៣ របស់​កង​ឆ្មាំ​សមុទ្រ​អាមេរិក​ទៅ​ឱ្យ​វៀតណាម ដែល​នឹង​បង្គ្រប់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ដែន​ទឹក​ដែល​មាន​ស្រាប់​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ឱ្យ​វៀតណាម​នូវ​នាវា​ល្បាត​ចំនួន ២៤ គ្រឿង​និង​ឧបករណ៍​និង​ការ​បណ្ដុះបណ្ដាល​នានា​តាំងពី​ឆ្នាំ ២០១៦ មក។

លោក Blinken បាន​ថ្លែង​ថា៖ «សមាសភាគ​ទាំង​អស់​នេះ​ពង្រឹង​សមត្ថភាព​វៀតណាម​ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព​និង​ស្ថិរភាព​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG