ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីវៀតណាមលាលែង​ពី​តំណែង មួយថ្ងៃ​មុន​​កិច្ច​ប្រជុំវិសាមញ្ញ​កម្រ​ដែល​គ្រោង​ទុក


រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ដើរកាត់ទង់ជាតិអាស៊ាន ពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា រដ្ឋាភិបាលវៀត​ណាម​បាន​និយាយ​នៅ​ថ្ងៃអង្គារ ទី១៧ ខែមករា ថា ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បាន​លាលែង​ពី​តំណែង​ បន្ទាប់​ពី​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាច​បានស្តី​បន្ទោស​លោក​ចំពោះ «ការបំពាន និងការធ្វើខុស» ដោយ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក។

លោក Nguyen Xuan Phuc ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ទទួល​ស្គាល់​ចំពោះ​ស្នាដៃ​ពន្លឿន​កំណែទម្រង់​ការគាំទ្រ​អាជីវកម្ម​ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​តាំងពីឆ្នាំ ២០២១ ហើយ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​យុទ្ធនាការ​បង្ក្រាប​អំពើ​ពុករលួយដ៏ខ្លាំងក្លា​របស់​បក្សកុម្មុយនិស្ត​វៀតណាម បាន​ផ្តោត​លើ។

ការ​លាលែង​ពីដំណែង​ប្រធានាធិបតី​របស់​ លោក Nguyen Xuan Phuc នេះ កើតឡើង​មួយ​ថ្ងៃ​មុនកិច្ច​ប្រជុំ​វិសាមញ្ញ​ដ៏​កម្រ​មួយរបស់​សភា​វៀតណាម ដែល​ប្រភព​ចំនួន​បី​ថា​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ដោយផ្តោតលើ​ការបន្ត​បង្រ្កាបអំពើ​ពុករលួយនៅក្នុង​ប្រទេស ​បន្ទាប់​ពី​ឧប​នាយករដ្ឋមន្ត្រី​ពីរ​រូប​ត្រូវបានបណ្តេញ​ចេញ​ក្នុង​ការ​ប្រជុំ​ស្រដៀង​គ្នា​មួយនា​កាលពី​ដើម​ខែ​នេះ។

កិច្ច​ប្រជុំ​របស់​រដ្ឋ​សភា​ជាតិ​វៀតណាម នឹងកើត​មានដោយសារ​ប្រទេស​កុម្មុយនីស្ត​នេះ​បន្តការ​បង្រ្កាប​អំពើ​ពុករលួយ​ដ៏​«ក្តៅ​គគុក​»​ដែល​បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន​មន្ត្រី​សុខាភិបាល​ម្នាក់​និង​ការ​ស៊ើប​អង្កេតមន្ត្រី​ជាន់​ខ្ពស់​រាប់រយ​នាក់​ទៀត។

​ប្រភព​ចំនួន​បី​ដែល​ដឹង​ច្បាស់​ពី​កិច្ច​ការ​សភា​និង​រដ្ឋាភិបាល ហើយ​បដិសេធ​មិនបង្ហាញ​អត្តសញ្ញាណ​ដោយសារតែ​ភាព​រសើប​នយោបាយ បាន​និយាយ​ថា​អង្គនីតិបញ្ញត្តិប្រហែលនឹង​ធ្វើ​សច្ចានុម័តការ​លាលែងពី​តំណែង​របស់​មន្ត្រី​ខ្ពស់​ៗ​បន្ថែម​នៅ​សប្តាហ៍​នេះ។

ការណ៍​នេះ​បង្ហាញ​ពី​ការ​រឹតបន្តឹង​កាន់​តែ​ខ្លាំង​ឡើង​លើ​ការ​បង្រ្កាប​អំពើ​ពុករលួយ​មួយ ​ទោះ​បី​ជា​មាន​ការ​បារម្ភ​កើនឡើង​ថា​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការ​វិនិយោគ​ក៏ដោយ។

មន្ត្រី​ព័ត៌មានរដ្ឋសភា​ជាតិ​បដិសេធ មិន​ផ្តល់​អត្ថាធិប្បាយ​លើ​កិច្ចប្រជុំ​ដែល​អាច​នឹង​កើត​ឡើង​នេះ។ មន្ត្រី​សភា​ពីរ​រូបផ្សេង​ទៀត​មិន​លើក​ទូរសព្ទ។

កិច្ច​ប្រជុំ​បែប​នេះ​គឺ​កម្រ​ណាស់នៅ​ប្រទេស​វៀតណាម​ដែលធាតុ​ពិត អង្គនីតិ​បញ្ញត្តិ​គ្មាន​អំណាច​ ហើយ​វា​ចម្លែក​សម្រាប់​កិច្ច​ប្រជុំ​ទាំងពីរ​ដែល​ត្រូវបាន​ធ្វើ​ឡើង​កៀកគ្នា​ ​ឬ​មុន​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​វៀតណាម​មកដល់​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏វែង​របស់​ប្រទេស​នេះ។​

សភា​វៀតណាមបាន​បោះឆ្នោត​កាលពី​ថ្ងៃចន្ទ ​ទី​៥ ឲ្យ​បណ្តេញ​ចេញ​ឧប​នាយក​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​នេះ​ពីរ​រូប​ ដែល​ប្រភព​បាន​និយាយ​ថា​ប្រហែល​ជា​ទាក់ទិន​នឹង​រឿង​អាស្រូវ​អំពើ​ពុករលួយ។​

ប្រទេស​វៀតណាម​គ្មាន​មេដឹក​នាំ​កំពូល​ទេ។ ប្រទេស​នេះ​ត្រូវបាន​ដឹក​នាំ​ជាផ្លូវការ​ដោយ«សសរ»បួន គឺ​មេដឹក​នាំ​បក្ស​កុម្មុនីស្ត​ដ៏មាន​អំណាច ប្រធានាធិបតី នាយករដ្ឋ​មន្ត្រី​ និងប្រធាន​សភា៕

ប្រែសម្រួល​ដោយ កញ្ញា ទុំ ម្លិះ

XS
SM
MD
LG