ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​អឺរ៉ុប​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​កាត់​ផ្ដាច់​ឧស្ម័ន​រុស្ស៊ី​តាម​រយៈ​អ៊ុយក្រែន​នៅ​ដំណាច់​ឆ្នាំ​នេះ​ឬ​ទេ?


រូបឯកសារ៖ ស្លាកសញ្ញា​ព្រមាន​ត្រូវ​បាន​គេ​បង្ហោះ​នៅ​មុខ​ស្ថានីយ​បង្ហាប់​ឧស្ម័ន ដែល​ជា​​ផ្នែកបំពង់​បង្ហូរ Yamal របស់​​ប៉ូឡូញ​ ដែល​តភ្ជាប់​រុស្ស៊ី​ជាមួយ​អឺរ៉ុប​ខាង​លិច ហើយ​ជា​កម្មសិទ្ធិ​មួយ​ផ្នែក​ដោយ​ក្រុមហ៊ុន Gazprom នៅ ទីក្រុង Gabinek ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ស្លាកសញ្ញា​ព្រមាន​ត្រូវ​បាន​គេ​បង្ហោះ​នៅ​មុខ​ស្ថានីយ​បង្ហាប់​ឧស្ម័ន ដែល​ជា​​ផ្នែកបំពង់​បង្ហូរ Yamal របស់​​ប៉ូឡូញ​ ដែល​តភ្ជាប់​រុស្ស៊ី​ជាមួយ​អឺរ៉ុប​ខាង​លិច ហើយ​ជា​កម្មសិទ្ធិ​មួយ​ផ្នែក​ដោយ​ក្រុមហ៊ុន Gazprom នៅ ទីក្រុង Gabinek ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ទី​១​នៃ​ឆ្នាំ​២០២៥ កិច្ច​សន្យា​រវាង​អ៊ុយក្រែន​ជាមួយ​នឹង​ក្រុមហ៊ុន​ Gazprom របស់​រដ្ឋ​រុស្ស៊ី​នឹង​ឈាន​ដល់​ទី​បញ្ចប់ ដែល​នឹង​បិទ​ច្រក​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុប។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​រុស្ស៊ី​ថ្លែង​ថា​ខ្លួន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បន្ត​កិច្ច​ព្រមព្រៀង​នេះ ដោយ​ជំរុញ​ឱ្យ​អឺរ៉ុប​បញ្ចុះ​បញ្ចូល​ឱ្យអ៊ុយក្រែន​បន្ត​កិច្ច​សន្យា​ ប៉ុន្តែ​អ៊ុយក្រែន​ច្រានចោល។​

ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ជា​គ្រឹះ​ដ៏​សំខាន់​នៃ​សន្តិសុខ​ថាមពល​អឺរ៉ុប​នៅ​មុន​ការ​ឈ្លានពាន​ខែ​កុម្ភៈ ឆ្នាំ​២០២២ របស់​រុស្ស៊ី។ ពេល​នោះ​មាន​ការ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​៨០​ពាន់​លាន​ម៉ែត្រ​គូប​ទៅ​កាន់​អឺរ៉ុប ដើម្បី​ជា​ការ​ឆ្លើយតប​និង​ការ​តវ៉ា​លើ​ការ​ទូទាត់​ប្រាក់។​

ការ​ផ្ដាច់​កិច្ចព្រមព្រៀង​គឺ​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​នៅ​តែ​បន្ត​ប៉ះពាល់​ដល់​ឆ្នាំ​២០២៤។​ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។​

ទោះជា​យ៉ាង​នេះ​ក្តី​ តាំងពី​ឆ្នាំ​២០២១​មក អឺរ៉ុប​រក​បាន​អ្នក​ផ្គត់ផ្គង់​ផ្សេងទៀត​សម្រាប់​ឧស្ម័ន​ធម្មជាតិ ដែលការ​នាំ​ចូល​របស់​រុស្ស៊ី​តាម​រយៈ​អ៊ុយក្រែន​ធ្លាក់​ចុះ​ពី​១១ភាគរយ​ដល់​៥​ភាគរយ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Rystad Energy ដែល​ជា​ក្រុមហ៊ុន​វិភាគ​ថាមពល​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Oslo។

ពួក​អ្នក​សង្កេតការណ៍​ថ្លែង​ថា ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ចាត់​ទុក​រឿង​នេះ​ជា​រឿង​សំខាន់​ជាង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។ ឧទាហរណ៍​ អាល្លឺម៉ង់ សាធារណរដ្ឋ​ឆែក​ បាន​វិនិយោគ​ខ្លាំង​ទៅលើ​ឧស្ម័ន​ធម្មជាតិ​រាវ។​ នេះ​បើ​យោង​តាម​អ្នកស្រី Olga Khakova នាយិកា​រង​ផ្នែក​សន្តិសុខ​ថាមពល​អឺរ៉ុប​នៅ​ឯ​ក្រុមប្រឹក្សា​អាត្លង់ទិក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី Khakova​ ថ្លែង​ទៀត​ថា​ ​អ្នក​វិភាគ​ផ្សេង​ទៀត​ប្រកែក​ថា សហភាព​អឺរ៉ុប​គួរ​បញ្ជូន​សញ្ញា​ច្បាស់​មួយ​ទៅ​កាន់​ក្រុមហ៊ុន​នានា​ថា​ឧស្ម័ន​ថោក​របស់​រុស្ស៊ី​នឹង​មិន​មាន​ទៀត​នោះ​ទេ។ ជាមួយ​នឹង​គោលដៅ​ដែល​អាច​អនុវត្ត​បាន​ពី​សហភាព​អឺរ៉ុប​ដើម្បី​បញ្ឈប់​បំពង់​ឧស្ម័ន​រុស្ស៊ី ក្រុមហ៊ុន​ទាំងនោះ​នឹង​ត្រូវ​វិនិយោគ​ក្នុង​គម្រោង​ប្រកួតប្រជែង​ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​អឺរ៉ុប​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន៕

XS
SM
MD
LG