រដ្ឋសភាវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ។
នៅក្នុងសម័យប្រជុំវិសាមញ្ញ សមាជិកសភាបានអនុម័តយល់ព្រមលើបេក្ខភាពលោក Thuong ដែលមានអាយុ ៥២ ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានតែងតាំងលោកកាលពីថ្ងៃពុធជាប្រធានាធិបតី ដែលជាតួនាទីភាគច្រើនជានិម្មិតរូប ប៉ុន្តែជាមុខតំណែងនយោបាយកំពូលមួយក្នុងចំណោមទាំងបួននៅក្នុងប្រទេសវៀតណាម។
ការបោះឆ្នោតជ្រើសរើសលោក Thuong កើតឡើង បន្ទាប់ពីការបណ្តេញចេញភ្លាមៗនៅក្នុងខែមករានៃអ្នកកាន់តំណែងមុនរបស់លោកគឺលោក Nguyen Xuan Phuc ដែលត្រូវបានស្តីបន្ទោសដោយបក្សពីបទ «រំលោភបំពាន និងធ្វើខុសឆ្គង» ដោយមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់លោក នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាការកើនឡើងដ៏សំខាន់នៃការបង្រ្កាបប្រឆាំងអំពើពុករលួយរបស់ប្រទេស។
នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់រដ្ឋសភាក្នុងនាមជាប្រធានាធិបតីថ្មី លោក Thuong បាននិយាយថា លោកនឹង «តាំងចិត្ត» បន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក Thuong គឺជាសមាជិកក្មេងជាងគេនៃការិយាល័យនយោបាយមជ្ឈិមបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ប៉ុន្តែត្រូវបានចាត់ទុកថាជាអ្នកនយោបាយជើងចាស់ក្នុងគណបក្សនេះ ដោយសារលោកបានចាប់ផ្តើមអាជីពនយោបាយ តាំងពីនៅសាកលវិទ្យាល័យនៅក្នុងអង្គការយុវជនកុម្មុយនិស្ត៕